Sunday, February 12, 2017

ពិតដែរទេ! ៩ ចំណុច របស់មនុស្សដែលគួរឲ្យស្រឡាញ់តាមល័ក្ខគោលព្រះពុទ្ធសាសនា




បើតាមល័ក្ខគោលក្នុងព្រះពុទ្ធសាសនា អ្នកដែលគួរឲ្យស្រឡាញ់ គួរឲ្យពេញចិត្តនៃមនុស្សម្នាផងទាំងឡាយ និយាយជារួមមានលក្ខណៈ៩ចំណុច បានដល់៖

១) មិនមែនជាមនុស្សមានអំណួតក្នុងអំពើល្អ
          >>អ្នកណាក៏ដោយ បើចូលចិត្តធ្វើជាមនុស្ស ដែលមានអំណួតអួតអំពើល្អ ដូចជា អួតពីភាពមានបាន អួតពីភាពពូកែ អួតពីតំណែង ឋានៈតួនាទី យសសក្ដិ ទាល់តែញ៉ាំងឲ្យអ្នកដទៃ ឲ្យគេជិនណាយ ជ្រក់ជ្រេញ ធុញទ្រាន់លែងចង់ស្តាប់ លែងចង់ឮ និងមានអារម្មណ៍ក្នាក្នាញ់ ជិនឫក។ មនុស្សរបៀបនេះ ទោះបីជាខ្លួនមានគុណសម្បត្តិ ឬអំពើល្អពិតមែនក៏ដោយ ក៏មានត្រឹមតែជាទីសម្អប់ និងជិនណាយធុញទ្រាន់របស់មនុស្សផងទាំងឡាយ។ មនុស្សដែលមាននិស្ស័យល្អ ដែលគួរឲ្យស្រឡាញ់ពេញចិត្តនោះ ពួកគេមិនមានអំណួតអួតអាងអ្វីទាំងអស់ សូម្បីតែមានអំពើល្អអួតក៏ដោយ ប៉ុន្តែជាមនុស្សទន់ភ្លន់ដាក់បន្ទាប់ខ្លួន និងជួនកាលថ្នាក់ដល់ទៅបិទបាំង ពីគុណសម្បត្តិទាំងនេះរបស់ខ្លួនទៅទៀត។ បើអ្នកណាចង់ឈ្វេងយល់ នឹងដឹងដោយខ្លួនឯង។

២) មិននិយាយច្រើនពេកដល់គេធុញទ្រាន់
>>អ្នកណាក៏ដោយ បើមិនចេះប្រមាណខ្លួន ក្នុងការពោលនិយាយ និយាយប៉ាតណាប៉ាតណី និយាយពាក្យរោយរាយឥតប្រយោជន៍ ឬក៏និយាយច្រើនហួសហេតុពេក មនុស្សរបៀបនេះ ទោះបីជា នឹងមានពុទ្ធិចំណេះចេះដឹងល្អក៏ដោយ ក៏រកសេចក្ដីស្រឡាញ់មិនកើត រកជាទីគោរពរបស់មនុស្សផងទាំងឡាយ ក៏មិនបានដែរ។ មនុស្សឆ្លាត និងគួរឲ្យស្រឡាញ់ ទើបគួរនិយាយល្មមប្រមាណ មិននិយាយច្រើនពេក ដល់ថ្នាក់ធ្វើឲ្យគេធុញទ្រាន់ ហើយពេលនិយាយ និយាយតែរឿងណា ដែលបានត្រិះរិះគិតទុកជាមុន ហើយទើបនិយាយ។

៣) ជាមនុស្សទន់ភ្លន់ដាក់ខ្លួន
          >>អ្នកដែលគួរឲ្យស្រឡាញ់នោះ រមែងមានភាពទន់ភ្លន់ ចេះដាក់បន្ទាបនូវខ្លួន មាននិស្ស័យមានគារវតា ចេះគោរពឱនលំទោន មិនរឹងត្អឹង ចំពោះជនផងទាំងឡាយ។

៤) ចេះសម្រាក់វែងខ្លី
>>អ្នកលេងបង្ហោះខ្លែង បើលេងកើត ខ្លែងក៏មិនធា្លក់ចុះ និងជក់ខ្យល់បានល្អ គឺពេលណាខ្យល់ខ្លាំង ក៏ពន្លាខ្សែអំបោះឲ្យវែងទៅ ព្រោះបើទាញជាប់ ខ្សែអំបោះនឹងដាច់ នាំឲ្យខ្លែងធ្លាក់ចុះមកវិញ ឬពេលខ្យល់តិចពេក ក៏ព្យាយាមប្រឹងទាញ់ខ្សែអំបោះនោះឲ្យជាប់ ខ្លែងក៏មិនជក់ខ្យល់បានល្អ និងមិនធ្លាក់ចុះមកវិញ។ ដំណើរការទ្រទ្រង់ជីវិត ក៏មានដំណើរការ តាមរបៀបលេងបង្ហោះខ្លែងនេះដូចគ្នា បើចង់រីករាយសប្បាយជាមួយវា យើងក៏ត្រូវចេះសម្រាក់ពេលណាវែង ពេលណាខ្លី ដែលឋិតនៅក្នុងការប្រឈមមុខជាមួយបញ្ហាឧបស័គ្គផ្សេងៗ។

៥) សម្ដីវាចា ផ្អែមពីរោះ
>>ការនិយាយស្ដី ផ្អែមពិរោះជាមន្ដស្នេហ៍មួយប្រការ ដែលទាក់ទាញទឹកចិត្ត របស់មនុស្សផងទាំងឡាយឲ្យជាប់បាន។ អ្នកដែលពោលនិយាយស្ដី ឲ្យគេចង់ស្ដាប់ចង់ឮ អ្នកដែលនិយាយមិនគួរឲ្យចង់ស្ដាប់ និយាយបែបខ្វះគារវតា និយាយមិនដឹងខ្ពស់ មិនដឹងទាប ឬនិយាយបញ្ចើចបញ្ចើ ផ្ចាលផ្ចាញ់ ស៊កសៀតចាក់ដោតគេ រមែងជាទីស្អប់ខ្ពើមរបស់មនុស្សផងទាំងឡាយ។

៦) ជាមនុស្សចេះលះបង់(បរិច្ចាគ)
>>ការឲ្យ រមែងចងមេត្រីភាពជាប់បាន ហើយអ្នកឲ្យ រមែងជាទីស្រឡាញ់របស់មនុស្សផងទាំងឡាយ ក្រៅពីលះបង់ហើយ មនុស្សដែលគួរឲ្យស្រឡាញ់ មិនយកប្រៀបលើអ្នកដទៃផងដែរ គឺមិនមែនជាមនុស្សអាត្មានិយម ឬក៏សោយសុខសប្បាយតែម្នាក់ឯងក៏ទេដែរ។

៧) ជាមនុស្សមានកតញ្ញូកតវេទី
>>កតញ្ញូ មានន័យថា ដឹងគុណដល់អ្នកដទៃ ដែលធ្លាប់បានធ្វើអ្វីមួយមកលើខ្លួនមុន ដូចជា ធ្លាប់បានចិញ្ចឹមបីបាច់ ថែរក្សា ឬក៏ជួយសង្រ្គោះដល់ខ្លួន ជាដើម ទោះជាមិនទាន់បានធ្វើការតបស្នងសងគុណវិញក៏ដោយ ប៉ុន្តែបើខ្លួនដឹងគុណូបការៈ ដែលអ្នកដទៃធ្លាប់បានធ្វើដល់ខ្លួន ក៏អាចចាត់ទុកថា ជាមនុស្សមានកតញ្ញូដែរ។ ចំណែក កតវេទី នោះមានន័យថា ការធ្វើតបស្នងសងគុណ ដែលគេធ្លាប់បានធ្វើល្អ ដល់យើងកន្លងមកហើយ ដូចជា មានឧបការៈ បានចិញ្ចឹមមើលថែ លោកឪពុក អ្នកម្ដាយ ឬចំពោះមនុស្សណាដែលធ្លាប់ឧបត្ថម្ភគាំពារខ្លួន ជាដើម។

៨) ជាមនុស្សមិនទៅច្រណែនឈ្នានីស បៀតបៀនអ្នកដទៃ
          >>ភាពឫស្យា ច្រណែនឈ្នានីស ជាថ្នាំពិសចំពោះចិត្តរបស់បុគ្គលឫស្យា ច្រណែន ឈ្នានីស គឺញ៉ាំងចិត្តខ្លួនឲ្យឆេះរោលរាល ក្ដៅក្រហាយ នៅមិនសុខ នៅមិនស្រួល ចេះតែរសាប់រសល់គ្រប់ពេលវេលា ជួនកាលមិនមែនមានចិត្តច្រណែនឈ្នានីសតែម្យ៉ាងទេ ថែមទាំងមានទម្លាប់ចាក់រុកអុចអាលអ្នកដទៃទៀតផង គឺពេលធ្វើ ឬពេលនិយាយ វានាំឲ្យប៉ះទង្គិចផ្លូវចិត្តអ្នកដទៃ ឲ្យគេទទួលរងនូវការឈឺចាប់ ដោយសារតែធន់ទ្រាំ ជាមួយសេចក្ដីសុខចម្រើន របស់អ្នកដទៃមិនបាននុ៎ះឯង។

៩) ជាមនុស្សមាននិស្ស័យសុខុម ហ្មត់ចត់ មិនលើកខ្លួនឯងអង្អាប់គេ
>>ការលើកខ្លួនឯង ទៅបន្តុះបង្អាប់គេ ច្រើនតែសាងភាពរំខាន់ដល់ចិត្ត ឲ្យដល់មនុស្ស ដែលនៅជុំវិញខ្លួន ជានិស្ស័យដែលបំផ្លាញសម្ព័ន្ធភាព អាចបង្កទៅជាជម្លោះ កង្កទៅជាមានសត្រូវបានដែរ។

>>>>បើចង់ធ្វើជាមនុស្ស ដែលគួរឲ្យស្រឡាញ់ មានមនុស្ស គេស្រឡាញ់រាប់អានច្រើន ត្រូវបំពេញលក្ខខណ្ឌទាំង៩ ចំណុចនេះ ដែលបានសរសេរបរិយាយ ខាងលើហើយ ទើបនឹងមានឈ្មោះថា “មនុស្សគួរឲ្យស្រឡាញ់ មនុស្សមានធម្ម”៕
-----------------------------------------
អរគុណទិន្នន័យ
ពីពេទ្យគ្លីនិចសុខភាពផ្លូវចិត្ត
ដុកទ័រ ជេស្ដា
ប្រភព៖ winne.ws
ប្រែ.ចាន់


No comments:

Post a Comment