Monday, February 13, 2017

តោះ! នាំចិត្តយើងទៅផ្ទះវិញ


កាលពីមុន ដែលខ្លួនមិនទាន់បានចូលមកប្រតិបត្តិព្រះធម៌ ស្មេរជាមនុស្សម្នាក់ ដែលមានចិត្តក្ដៅ បើត្រូវការអ្វីណានីមួយហើយ ចង់តែបានឲ្យដូចចិត្ត លឿនឆាប់ដូចចិត្ត បើចាំរៀងយូរបន្តិចមិនបានឡើយ តប់ប្រម៉ល់ភ្លាមៗ។ ពេលដើរទៅណា មកណាឆ្ងាយៗ មានអារម្មណ៍ធុញទ្រាន់ គិតថាខាត់ពេលវេលាទទេៗ។ ខណៈពេលណា ដែលមានអារម្មណ៍មួម៉ៅ ឬក៏ធុញទ្រាន់កើតឡើង ពេលនោះមិនដឹងទេថា យើងកំពុងតែសាងទុក្ខ មកដាក់លើខ្លួនឯង នាំឲ្យចិត្តរបស់យើងពិបាកឡើង ទឹកមុខ និងឥរិយាបថក៏មានសភាពទៅតាមនោះដែរ។
ត្រង់វាកើតមានសភាពដូចនេះ ក៏ព្រោះតែយកចិត្តរបស់យើង ទៅចងភ្ជាប់ជាមួយរឿង ដែលសង្ឃឹមថាបាន ដែលយើងរង់ចាំ ឬគោលដៅ។ ពេលណាវាមិនបាន សមតាមប្រាថ្នាចិត្តចង់បាន ក៏មានអារម្មណ៍តប់ប្រម៉ល់ ធុញទ្រាន់តាមនោះដែរ។ វាធ្វើឲ្យអារម្មណ៍ខូច ទាល់តែក្លាយជាទម្លាប់មួយ នាំយកទុក្ខមកដាក់លើខ្លួនឯង។
ពេលស្មេរបានដើរឆ្លងកាត់ នូវការប្រតិបត្តិព្រះធម៌ បានល្មមបង្គួរហើយ ស្មេរបានបំលាស់ប្តូរនៃការគិត ជ្រុងនៃការមើល  ហើយដាក់កម្មវិធីចិត្តសាជាថ្មី ជំនួសនូវការយកចិត្តទៅចងអោបជាប់ ជាមួយរឿង ដែលកំពុងរង់ចាំ គឺថាយកចិត្តឲ្យមកនៅក្នុងកាយរបស់ខ្លួនឯង។ កាយនោះជាផ្ទះរបស់ចិត្តយើងនេះឯង ព្រោះជាទីកន្លែងមួយ ដែលចិត្តស្នាក់អាស្រ័យនៅ។ ពេលណាយកចិត្តមកឲ្យនៅក្នុងកាយ ក៏ដូចជាឲ្យចិត្តនៅក្នុងផ្ទះ ពេលណាដែលចិត្តគិតដល់រឿងផ្សេងៗ វាក៏មិនទទួលដឹងឮកាយ ស្មើនឹងថា ចិត្តយើងបានបោះប៉ង់កាយនេះ ទៅដើរលេងខាងក្រៅផ្ទះបាត់ហើយ។ តាមសភាពពិតទៅ ចិត្តចូលចិត្តគេចវេស ចេញទៅដើរលេងខាងក្រៅផ្ទះ ជារឿយៗ មិនសូវនៅក្នុងផ្ទះប៉ុន្មានទេ។
នៅខាងក្រៅផ្ទះ មានភ័យគ្រប់សព្វបែបយ៉ាង ចិត្តចូលចិត្តគេចចេញទៅដើរលេងខាងក្រៅផ្ទះ ទើបបានទទួលគ្រោះភ័យ អន្តរាយផ្សេងៗ ធ្វើឲ្យចិត្តមានទុក្ខទោសនោះ នៅជាប្រចាំ។
ក្នុងផ្ទះមានកិច្ចការឲ្យធ្វើ មានរឿងដែលត្រូវដឹងច្រើនយ៉ាង។ បើយើងត្រូវត្រាំត្រែងជាមួយកិច្ចការយូរពេក សាកអង្គុយចុះ ហើយសង្កេតពិនិត្យតាមដានមើលថា រាងកាយរបស់យើង មានសភាពយ៉ាងម៉េចកំពុងកើតឡើង  ហត់នឿយ ហិតហៃ ញ័រដៃញ័រជើង រឹងណែនតឹង នៅបរិវេណផ្នែកណាមួយ នៃរាងកាយ ឬមិនអ៊ីចឹងទេ សង្កេតពិនិត្យដោយការយកចិត្តទុកដាក់ មើលឲ្យឃើញ និងទទួលស្គាល់ការពិតថា មានអារម្មណ៍ដូចអ្វី ដែលបានពោលមកឬក៏អត់ទេ បើរកឃើញថា មានអារម្មណ៍ដូចបានពោលមកនេះ នៅលើផ្នែកណាមួយ ក៏ទទួលស្គាល់ដោយចិត្តជាកណ្ដាល កុំទៅមានអគតិ ទៅសោមនស្សទោមនស្ស ចំពោះរឿងហ្នឹង វាធ្វើឲ្យចិត្តស្រាលសប្បាយ ក្នុងខណៈ ដែលបានសង្កេតពិនិត្យអារម្មណ៍ ដែលកើតឡើងឲ្យច្បាស់នោះ ទៅជារឿយៗ ហើយយើងនឹងមើលឃើញពីសភាពបំប្រែបំប្រួល របស់អារម្មណ៍នោះ រួចធ្វើឲ្យចិត្តសប្បាយ ក្នុងខណៈដែលសង្កេតពិនិត្យមើល អារម្មណ៍ ដូចអ្វីដែលបានពោល មិនថា អារម្មណ៍ហត់នឿយ រមេសដៃជើង រមួលក្រពើ រួបរឹតតឹងណែន ក៏នឹងធូរស្រាលបន្តិចម្ដងៗ ក្នុងផ្នែកមួយស្រាលសប្បាយ ស្មើនឹងថា សប្បាយកាយ និងសប្បាយចិត្ត។ បើមិនមានអារម្មណ៍ហត់នឿយ រសេះរសោះដៃជើង រួបរឹតតឹងណែន ក្នុងបរិវេណណានីមួយ នៃរាងកាយទេ ក៏ឲ្យសង្កេតតាមដានមើលថា មានអារម្មណ៍ផ្សេង ដែលកើតមានឡើងក្នុងបរិវេណណាមួយ នៃរាងកាយ ឬក៏អត់។ អារម្មណ៍មានច្រើនប្រការ ច្រើនប្រភេទ ដូចជា បែកញើស ហូរសើមៗ (ធាតុទឹក) ឬក្ដៅៗស្ទេញៗ (ធាតុភ្លើង) ធ្ងន់ៗ ណែនៗ (ធាតុដី) កាយដែលមិននឹងនក្នុងផ្នែកណាមួយ នៅមានចលនា សូម្បីតែស្រាលៗ (ធាតុខ្យល់) មិនត្រឹមតែប៉ុណ្ណោះទេ អារម្មណ៍ផ្សេងៗ ក៏មានច្រើនយ៉ាងទៀត បានដល់ ឈឺ រមេះរមៃ អស់កម្លាំង ធ្ងន់  ធូររលង់ ចន្លោះប្រហោង ស្រាល សប្បាយ ស្ពឹកស្រពន់ ត្រជាក់ តឹងតែង រួបរឹត ប៉ោងកន្ទួល រមាស់ ដូចជាមានសត្វល្អិតរត់ពេញខ្លួន វារស្រាលលើដងខ្លួន ឬដូចជាមានកម្លាំងចលករអ្វីមួយ នៅក្នុងកាយជាដើម។
          ការមានអារម្មណ៍នៅគ្រប់ផ្នែក នៃរាងកាយ ព្រោះតាមធម្មជាតិនោះ រាងកាយប្រកបដោយធាតុ ៤ ហើយអនុភាគរបស់ធាតុទាំង៤ នឹងកើត-រលត់យ៉ាងឆាប់រហ័ស គ្រប់ពេលវេលា។ ការកើត-រលត់បង្កឲ្យកើតមានអារម្មណ៍ ដ៏ល្អិតសុខុម ព្រោងព្រាតហូរទៅសព្វនៃសាព៌ាង្គកាយ។ ក្រៅពីនេះ អារម្មណ៍ដឹងរបស់ចិត្ត ក៏នឹងហុចផលជះត្រឡប់ចេញមក ជាអារម្មណ៍របស់កាយផងដែរ ដោយមូលហេតុថា ខណៈពេលខឹងក្រោធ សាច់ដុំនឹងកន្រ្ដាក់ឡើង ផ្ទៃពោះតឹង បេះដូងលោតញាប់ខ្លាំង សម្ពាធឈាមនឹងខ្ពស់ឡើង ផ្ទៃមុខខ្មូរខ្មួត ជាដើម។ 
បរិស្ថាននៅខាងក្រៅ ក៏មានផលប៉ះពាល់ ដល់អារម្មណ៍ ចំពោះរាងកាយដែរ ដូចជា អាកាសធាតុចុះត្រជាក់ នឹងរងា បើត្រជាក់ខ្លាំង នឹងញាក់ញ័រ។ អាកាសធាតុក្ដៅ បែកញើសហូរញើសចេញមក ក្នុងដំណើរនេះក៏ដូចគ្នា។ ក្លិនម្យ៉ាង ក៏មានផលប៉ះពាល់ ចំពោះអារម្មណ៍ផ្នែករាងកាយ ក៏ដូចគ្នា ជាអាថ៌ថា ក្លិនផ្សែងធូប បើវាច្រើន នឹងហុយចូលភ្នែក ធ្វើឲ្យភ្នែកឡើងផ្សាក្រហាយ ហៀរទឹកភ្នែក អារម្មណ៍មួម៉ៅ ដកដង្ហើមមិនសូវបានស្រួល។ សម្លេង ក៏មានផលប៉ះពាល់ចំពោះអារម្មណ៍ផ្នែកខាងរាងកាយ ដូចជា សំឡេងធុងប៉ាស់ ដែលលាន់ឮខ្លាំងៗ នឹងហឹងត្រចៀកស្ដាប់អ្វីលែងឮ  ចូលទៅញ័រដើមទ្រូង ធ្វើឲ្យរាងកាយ មិនសូវស្រួល តានតឹង សុខភាព និងការត្រាំត្រែងកិច្ចការ ក៏មានផលប៉ះពាល់ចំពោះអារម្មណ៍ នៃរាងកាយ ដូចជា បើមិនសប្បាយ នឹងធ្វើឲ្យរាងកាយ ហិតហៃ ចុករោយ រមេស គ្មានកម្លាំងកម្ហែង ធ្វើការមកច្រើន នឹងមានអារម្មណ៍ហត់នឿយ ចុកសៀត ឈឺចាប់ ជាដើម។
ការណ៍ដែលចិត្ត ត្រឡប់ចូលមកក្នុងផ្ទះវិញ មកសង្កេតមើលអារម្មណ៍ផ្សេងៗ ដែលវាមានក្នុងរាងកាយ ជាអាថ៌ថា ឲ្យចិត្តមកនៅជាមួយការពិត បានរៀនដឹងស្គាល់ពីការពិត ដែលជាសច្ចធម៌ និងមានតម្លៃដល់ការចេះរៀន បានដល់គឺ៖
          ក) ការបានរៀនដឹងថា អារម្មណ៍ផ្សេងៗ ដែលកើតមានឡើង ប្រព្រឹត្តទៅតាមធម្មជាតិរបស់វា ដោយយើងមិនអាចបង្គាប់បញ្ជាអ្វីវាបាន ថាសុំឲ្យអារម្មណ៍ដូចនេះ (តាមដែលយើងចូលចិត្ត) កើតមានឡើង និងនៅបានយូរអង្វែងចុះ ឬអារម្មណ៍ដូចនោះ (ដែលយើងមិនចូលចិត្ត) កុំគប្បីកើតមានឡើងឡើយ ឬបើកើតឡើងហើយ ក៏សុំឲ្យរលត់រលាយបាត់ទៅវិញឲ្យបានឆាប់ កុំគប្បីត្រឡប់មកកើតមានឡើងម្ដងទៀតអី ប៉ុន្តែតាមការពិតទៅ អារម្មណ៍ទាំងឡាយ កើតឡើង តាំងនៅ និងរលត់ទៅតាមហេតុបច្ច័យរបស់វា។
ខ) រៀនហ្វឹកហាត់ចិត្តនៅជាមួយនឹងការពិត ទទួលស្គាល់ការពិត និងព្រមទទួលយកការពិត ដែលកើតឡើង ព្រោះអារម្មណ៍ដែលកើតឡើងជាមួយកាយ សុទ្ធតែជាការពិតទាំងអស់ វាផ្ទុយគ្នាជាមួយគំនិត ដែលចិត្តចូលចិត្តតាក់តែង ឲ្យមានរឿងរ៉ាវផ្សេងៗច្រើនណាស់។ គំនិតទាំងនោះមានការពិតតិចតូច ស្រមើស្រមៃ និងអណ្ដែតអណ្ដូងមានចំណែកច្រើន។
គ) រៀនហ្វឹកហាត់ចិត្តឲ្យទទួលស្គាល់ អារម្មណ៍ដោយគ្មានអគតិ ទាំងខាងផ្លូវដែលចូលចិត្ត និងស្អប់ សាងប្រតិកម្មរបស់ចិត្ត ឲ្យមានភាពធម៌ទៀង មានសភាវៈជាឧបេក្ខា ប្រកបដោយការយល់ថា គ្រប់អារម្មណ៍ផ្លូវកាយ (កាយប្រសាទ) ប្រព្រឹត្តទៅតាមហេតុបច្ច័យ កើតឡើងហើយ រលត់ទៅវិញ មួយគ្រាមួយខណៈ កើតមានជាធម្មតា មិនគួរទៅសោមនស្សទោមនស្សចំពោះវាឡើយ។ ហើយរឿងនេះ ទៅតោងប្រកាន់មាំថា វាមានសារៈសំខាន់ខ្លាំងជាង ការអភិវឌ្ឍផ្នែកខាងផ្លូវចិត្តទៅវិញ។
ខណៈពេលដែលយើងនាំយកចិត្ត វិលត្រឡប់ទៅផ្ទះវិញ ឲ្យមកចាំនៅជាមួយប្រាកដការណ៍ខាងក្នុងផ្ទះ ក្នុងពេលនោះ បានកាត់ផ្ដាច់ក្រសែការតាក់តែងរបស់ចិត្ត ដែលទៅចងជាប់ជាមួយការរង់ចាំ ដែលជាហេតុឲ្យតប់ប្រម៉ល់ មួហ្មង នាំឲ្យកើតទុក្ខ  ការបំពេញកិច្ចការដែលរង់ចាំក៏សម្រេច  ជួនកាល ពេលខ្លះយើងត្រឡប់បែរជាមានអារម្មណ៍ថា សម្រេចលឿនពេកណាស់ មិនទាន់បានត្រួតពិនិត្យការប្រព្រឹត្តទៅខាងក្នុងផ្ទះ ឲ្យសព្វគ្រប់ឡើយ។
បើសិនត្រូវធ្វើដំណើរទៅឆ្ងាយ យើងក៏មានពេលពិនិត្យពិច័យ ផ្ទះ ឲ្យគ្រប់មុំគ្រប់ជ្រុង ដោយសព្វគ្រប់បាន ដោយមានអារម្មណ៍សប្បាយៗ រំភើបរីករាយចិត្ត ចំពោះការបានទទួលដឹង អំពីអារម្មណ៍ផ្សេងៗ និងធម្មជាតិរបស់អារម្មណ៍នោះៗ ជំនួសឲ្យ នឹងមានអារម្មណ៍ធុញទ្រាន់ ចំពោះការធ្វើដំណើរ ដូចដែលធ្លាប់មានមកហើយ។ ក្រៅពីនេះ ថែមទាំងជួយឲ្យរាងកាយស្រស់ស្រាយ ស្រាលខ្លួន មិនសូវហត់នឿយ រសេះរសោះឡើយ។
ការប្រតិបត្តិដូចនេះ ធ្វើឲ្យកិលេសថ្មី មិនអាចជ្រៀតចូលមកបាន ខណៈពេលដំណាលគ្នានោះ វាក៏ជួយកាត់បន្ថយកម្លាំងរបស់កិលេសចាស់ ដែលមានស្រាប់ហើយនោះ ឲ្យទន់ខ្សោយចុះ។ ប្រិយមិត្តអ្នកអាន ជាទីរាប់អាន អ្នកអាចសាកល្បងនាំយកទៅ ប្រតិបត្តិលោមើលបាន អាចនឹងឲ្យចិត្តចុះត្រជាក់ មានសេចក្ដីសុខច្រើនឡើង។
វិធីសាស្ត្រដូចអ្វី ដែលបានពោលមក ជាការប្រតិបត្តិ ក្នុងវិបស្សនាកម្មដ្ឋាន ដោយការពិចារណាផ្ដោតទៅលើ កាយានុបស្សនាសតិប្បដ្ឋាន និងវេទនានុបស្សនាសតិប្បដ្ឋាន ក្នុងពេលជាមួយគ្នាបាន៕



1 comment:

  1. អត្ថបទល្អយ៉ាងនេះហេតុអ្វីមិនសូវមានអ្នកអាន

    ReplyDelete