Tuesday, February 7, 2017

រៀនគិត ៩វិធី អំពីមនុស្សដែលស្លាប់ទៅ តើគិតយ៉ាងម៉េច កុំឲ្យចិត្តកើតទុក្ខសៅហ្មង?


តទៅនេះគឺជា របៀបនៃការគិតវិជ្ជមានដែលគួរនឹងល្មមជួយស្ដារស្ថានភាពចិត្ត ដល់មនុស្សដែលកំពុងប្រឈមមុខជាមួយការបាត់បង់ និងព្រាត់ប្រាសនិរាសចាកចេញពីគ្នា ដោយមានទុក្ខជាទម្ងន់ ធ្ងន់ទាំងកាយ និងធ្ងន់ទាំងចិត្ត។ 

កាលណាយើងត្រូវប្រឈមមុខ ជួបជាមួយការព្រាត់ប្រាស ក្នុងន័យមួយថា គ្មានថ្ងៃវិលត្រឡប់មកវិញបាន របស់មនុស្សជាទីស្រឡាញ់ ជាទីបណ្ដូលចិត្ត ជាទីសំណប់ចិត្តរបស់យើង ដែលរាប់ថា ជាសេចក្ដីទុក្ខដ៏ធំក្រៃលែង ធ្ងន់ទាំងកាយ ពិបាកទាំងចិត្ត ទាំងខ្លួន រួមទាំងសាច់ញាតិផងនោះ ដែលជាទុក្ខដ៏ធ្ងន់ពន់ប្រមាណ ជាទុក្ខលំដាប់លេខមួយ របស់មនុស្សលោកយើងក៏ថាបាន។ ក្នុងយន្ដការនៃការចាត់ការជាមួយសេចក្ដីខូចចិត្ត សោកសៅចិត្ត ក្រៀមក្រំចិត្តពីសេចក្ដីព្រាត់ប្រាសមួយនេះ គំនិត ជារឿងមួយដែលអាចកើតឡើងបានជាប្រក្រតី តែបើគំនិតនោះនាំមកនូវអារម្មណ៍ដុនដាបយ៉ាងខ្លាំង និងចាប់ផ្ដើមហុចផលចំពោះដំណើរការជីវិតប្រចាំថ្ងៃ វាមានចំណុចមួយក្នុងចំណោមវិធីទាំងនេះ វាអាចជួយឲ្យចិត្តរបស់យើង ល្មមធន់នៅបាន ដោយមិនចាំបាច់កើតទុក្ខខ្លាំងជ្រុលពេក គឺការប្រើ គំនិតវិជ្ជមាន ក្នុងរបៀបផ្សេងៗបាន។

គ្លីនិចសុខភាពផ្លូវចិត្ត ដោយដុកទ័រចេស្ដា បានណែនាំអំពីវិធី “របៀបនៃការគិតវិជ្ជមានដែលអាចល្មមនឹងជួយស្ដារចិត្តប្រសើរឡើងវិញ ដល់អ្នកដែលកំពុងជួបប្រទះជាមួយការបាត់បង់ និងការព្រាត់ប្រាសគ្នា ដែលមានសេចក្ដីទុក្ខជាទម្ងន់ដូចខាងក្រោមនេះ៖   

វិធីទី១ គិតដល់រឿងល្អរបស់គេ
អរគុណគ្រប់ពាក្យគ្រប់ម៉ាត់ដ៏មានខ្លឹមសារ មានអត្ថរស អត្ថន័យ គ្រប់ទង្វើដ៏ល្អ និងអ្វីៗគ្រប់បែបយ៉ាង ដែលគេបានសាងឡើង ឬទុកបន្សល់ឲ្យយើង។

វិធីទី២ គិតថា គេកំពុងដេកលក់ស្រួលសប្បាយហើយ
គេមិនចាំបាច់ឈឺចាប់វេទនា មិនចាំបាច់អស់សង្ឃឹមតទៅទៀតទេ គេទៅនៅក្នុងឋានទេវលោកហើយ ទៅដោយស្រួលហើយ គេអស់ការព្រួយប្រារម្ភ អស់ទុក្ខកង្វល់ហើយ។

វិធីទី៣ គិតដើម្បីបង្រួមសេចក្ដីទុក្ខ
នៅមានមនុស្សដែលកំពុងកើតទុក្ខ ដូចខ្ញុំ។ នៅមានមនុស្សដែលសោកសៅ និងការបាត់បង់ច្រើនជាងខ្ញុំ។ ខ្ញុំមិនមែនជាមនុស្សម្នាក់ឯងឯណា ដែលកំពុងជួបបញ្ហាបែបនេះនុ៎ះ។

វិធីទី៤ នៅមានរឿងច្រើនទៀតក្នុងជីវិតខ្ញុំ
ខ្ញុំនៅមានគ្រួសារ ដែលនៅក្បែរខ្លួនខ្ញុំ, ខ្ញុំនៅមានមិត្តភក្រ្ដិដែលពួកគេស្រឡាញ់ខ្ញុំ។

វិធីទី៥ គិតដល់ច្បាប់ធម្មជាតិ
ការព្រាត់ប្រាសគ្នា គឺជារឿងមួយសាមញ្ញធម្មតារបស់លោកិយយើងនេះទៅ។ នៅថ្ងៃណាមួយ មនុស្សគ្រប់គ្នា គ្រប់រូបត្រូវប្រឈមមុខជាមួយវា ព្រោះថា សេចក្ដីស្លាប់ គឺជារឿងមួយដែលធ្វើឲ្យជីវិតនោះពេញលេញបរិបូណ៌។

វិធីទី៦ គិតដល់អារម្មណ៍របស់អ្នកស្លាប់ទៅ
សាកល្បងសួរខ្លួនឯងថា តើក្នុងថ្ងៃនេះ គេនឹងប្រាប់ឲ្យយើងធ្វើអ្វី? គេចង់ឲ្យយើងបានយ៉ាងម៉េច និងមានអារម្មណ៍យ៉ាងណា ប្រសិនបើយើងកើតទុក្ខនៅបែបនេះ?

វិធីទី៧ គិតដល់រឿងល្អៗក្នុងចិត្តយើង
ផ្នែកមួយរបស់គេ (ដែលជាចំណែកមួយដ៏ល្អ) កំពុងស្ថិតនៅក្នុងចិត្តយើង ដែលគិតដល់ ក៏ព្រោះតែសេចក្ដីស្រឡាញ់ដ៏បរិសុទ្ធនោះឯង។

វិធីទី៨ គិតដល់ថ្ងៃស្អែកនេះ គិតដល់ការបន្ត
ខ្ញុំនឹងបន្តការតាំងចិត្តរបស់គេ, ខ្ញុំចាំធ្វើក្ដីសុបិនរបស់គេឲ្យក្លាយជាពិត, ខ្ញុំនឹងបន្តរឿង ដែលល្អៗរបស់គេតទៅទៀត។

វិធីទី៩ គិតដល់ការកែលំអ
ខ្ញុំនឹងដោះស្រាយនូវនិស្ស័យមិនល្អរបស់ខ្លួនឯង, ខ្ញុំនឹងកែលំអនូវប្រការខ្វះខាតរបស់ខ្លួនឯង ដើម្បីឲ្យគេសប្បាយចិត្ត និងមានក្ដីសុខជានិច្ច។
ក្នុងបទសូត្រធ្វើវត្តប្រតិបត្តិពេលល្ងាចៗ ក្នុងមួយខណៈៗថា
សព្វេហិ មេ បិយេហិ មនាបេហិ នានាភាវោ វិនាភាវោ។
យើងនឹងត្រូវព្រាត់ប្រាសពីរបស់ជាទីស្រឡាញ់ ជាទីពេញចិត្តដូចគ្នាទាំងអស់ហ្នឹង។

នោះគឺគ្រប់យ៉ាងក្នុងលោក រមែងមានពេលវេលាក្នុងការជួប ពេលវេលាក្នុងការតាំងនៅ និងការព្រាត់ប្រាសគ្នា។ អ្នកដែលចាកចេញទៅ គឺជាការអស់នូវទុក្ខកង្វល់ក្នុងភពនេះហើយ ឬការចាកចេញទៅនោះ គឺជាការអស់កម្មរបស់គេនិងយើង ហើយអ្នកនៅរស់ នឹងរៀនធ្វើចិត្តជាមួយការព្រាត់ប្រាសទៅបាន នោះវាអាស្រ័យទៅលើកម្មខ្លួនឯងហើយ។ បើកម្មក្រាស ទុក្ខក៏ធ្ងន់យូរទៅ បើកម្មនោះស្រាល ឬតិច ទុក្ខក៏តិចទៅ ព្រោះគ្រប់យ៉ាងមានពេលកំណត់របស់វា បើយល់ក្នុងរឿងទាំងអស់នេះ សេចក្ដីទុក្ខដែលកើតមានឡើង ក៏ថមថយចុះទៅវិញ។
--------------------------------------------- 
អរគុណទិន្នន័យ គ្លីនិចសុខភាពផ្លូវចិត្ត
http://winne.ws/n12064
ប្រែ.ចាន់


1 comment:

  1. Thank you for this article.

    វិធីទី២ គិតថា គេកំពុងដេកលក់ស្រួលសប្បាយហើយ
    គេមិនចាំបាច់ឈឺចាប់វេទនា មិនចាំបាច់អស់សង្ឃឹមតទៅទៀតទេ គេទៅនៅក្នុងឋានទេវលោកហើយ ទៅដោយស្រួលហើយ គេអស់ការព្រួយប្រារម្ភ អស់ទុក្ខកង្វល់ហើយ។

    វិធីទី៣ គិតដើម្បីបង្រួមសេចក្ដីទុក្ខ
    នៅមានមនុស្សដែលកំពុងកើតទុក្ខ ដូចខ្ញុំ។ នៅមានមនុស្សដែលសោកសៅ និងការបាត់បង់ច្រើនជាងខ្ញុំ។ ខ្ញុំមិនមែនជាមនុស្សម្នាក់ឯងឯណា ដែលកំពុងជួបបញ្ហាបែបនេះនុ៎ះ។

    វិធីទី៤ នៅមានរឿងច្រើនទៀតក្នុងជីវិតខ្ញុំ
    ខ្ញុំនៅមានគ្រួសារ ដែលនៅក្បែរខ្លួនខ្ញុំ, ខ្ញុំនៅមានមិត្តភក្រ្ដិដែលពួកគេស្រឡាញ់ខ្ញុំ។

    វិធីទី៥ គិតដល់ច្បាប់ធម្មជាតិ
    ការព្រាត់ប្រាសគ្នា គឺជារឿងមួយសាមញ្ញធម្មតារបស់លោកិយយើងនេះទៅ។ នៅថ្ងៃណាមួយ មនុស្សគ្រប់គ្នា គ្រប់រូបត្រូវប្រឈមមុខជាមួយវា ព្រោះថា សេចក្ដីស្លាប់ គឺជារឿងមួយដែលធ្វើឲ្យជីវិតនោះពេញលេញបរិបូណ៌។

    ReplyDelete