Thursday, February 23, 2017

ភាពច្របូកច្របល់នៃកម្ម


ការសរសេរអក្សរ ដោយប៊ិក ឬខ្មៅដៃលើក្រដាស់មួយសន្លឹក សរសេរលើដំបូង អាចនៅអានបានងាយ អានយល់បានងាយ តែបើសរសេរលើគ្នាទៅច្រើនដងច្រើនសា ដដែលជាដដែល នៅលើក្រដាសមួយសន្លឹកនោះ តួអក្សរដាមលើគ្នាទៅច្រើនដង ការអានកាន់តែពិបាកឡើងៗ រហូតដល់អានមិនចេញ មើលមិនឃើញថា អក្សរណាជាអក្សរណាឡើយ មើលឃើញតែស្នាម គំនូសទឹកប៊ិក និងខ្មៅដៃត្រួតលើគ្នាទៅមកៗ ឲ្យជ្រាបយល់ត្រឹមហ្នឹងបានថា មានការសរសេរលើ ក្រដាសមួយសន្លឹកនោះ រកអានមិនដឹងរឿង និងមិនដឹងថា បានសរសេរអ្វីមុន សរសេរអ្វីក្រោយឡើយ។

ការសាងកម្ម ឬធ្វើអំពើល្អអាក្រក់ ក៏មានដំណើរទំនងដូចគ្នាដែរ ម្នាក់ៗបាននាំគ្នាសាងមករាប់កំណើតជាតិភព រាប់មិនអស់មកហើយ ច្រើនជាង ការសរសេរអក្សរត្រួតលើគ្នា ទាល់តែអានមិនដាច់ មើលមិនយល់ មិនអាចដឹងថា សរសេរអ្វីមុន អ្វីក្រោយ ដូចគ្នានឹងការធ្វើ កម្មអ្វីទុកខ្លះ ក៏មិនដឹងថា កម្មអ្វីហ្ន៎បានធ្វើមុន កម្មអ្វីហ្ន៎បានសាងក្រោយ មិនអាចញែកដាច់ចេញពីគ្នាបាន មិនដឹងថាខ្លួនធ្វើល្អ អាក្រក់អ្វីមកខ្លះ ធ្វើអាក្រក់អ្វីខ្លះ ធ្វើល្អអ្វីខ្លះពីមុនៗមក និងក្រោយៗមកនោះទេ វាមិនអាចបែងចែកញែកដាច់ពីគ្នាបានឡើយ។  យើងធ្វើកម្មតិចក្ដី ច្រើនក្ដី ស្រាលក្ដី ធ្ងន់ក្ដីយ៉ាងម៉េចនោះ វាច្របូកច្របល់របស់កម្ម ដែលបានសាងទុក ទាល់តែមិនអាចញែកចេញ ដូចជាការសរសេរអក្សរ រកមិនដឹងថា ពាក្យណាសរសេរមុន ពាក្យណាសរសេរក្រោយបានឡើយ។

ការច្របូកច្របល់របស់កម្ម ផ្ទុយគ្នាពីការច្របូកច្របល់របស់តួអក្សរ ត្រង់តួអក្សរ។ ពេលណាសរសេរជាន់ត្រួតលើគ្នាច្រើនទៅៗ រមែងមិនមានផ្លូវដឹងថា សរសេររឿងល្អ ឬរឿងអាក្រក់យ៉ាងណានីមួយ ប៉ុន្តែកម្មនោះ ទុកណាជាធ្វើច្របូកច្របល់ច្រើនខ្លាំងប៉ុនណា ឬធ្វើកម្មល្អអាក្រក់ទុកមកតិចច្រើនប៉ុនណាក៏ដោយ អាចមានផលប្រាកដឡើងរបស់កម្មនោះ ជាគ្រឿងជំនួយបញ្ជាក់បង្ហាញថា៖

ជីវិត ឬជាតិនេះ របស់មនុស្សគ្រប់រូប គ្រប់ជាតិកំណើត មិនដូចគ្នាទេ ជាខ្មែរក៏មាន ជាចិនក៏មាន ជាចាមក៏មាន ជាយួនក៏មាន ជាថៃក៏មាន ជាលាវក៏មាន ជាដើម មានជាតិត្រកូលមិនដូចគ្នា មានវណ្ណក្សត្រក៏មាន មានវណ្ណអភិជនក៏មាន មានវណ្ណសេដ្ឋីក៏មាន មានវណ្ណៈឧកញ្ញាក៏មាន មានមធ្យមក៏មាន ខ្សត់ខ្សោយក៏មាន និងសុំទានគេក៏មាន ជាដើម។ សតិបញ្ញា មានមិនដូចគ្នា ល្ងង់ក៏មាន ឆ្លាតក៏មាន ពាលក៏មាន បណ្ឌិតក៏មាន​ជាដើម។ ប្រការផ្សេងៗទាំងអស់នេះ សុទ្ធតែជាគ្រឿងបញ្ជាក់ ជាទឡ្ហីករណ៍ឲ្យអ្នកមានជំនឿ លើកម្ម និងផលរបស់នៃកម្ម ឃើញពីភពជាតិកំណើតក្នុងអតីត របស់ជីវិតនីមួយៗ នៅក្នុងបច្ចុប្បន្នជាតិ ដែលកើតមកមាន សភាពផ្សេងគ្នា ក្នុងជាតិនេះ ព្រោះតែបានសាងកម្មទុកមកផ្សេងគ្នា ក្នុងអតីតកាល។

ភាពខុសៗគ្នានៃជីវិត ដែលសំខាន់បំផុត ត្រង់ការបង្ហាញបញ្ជាក់ឲ្យឃើញអំពីអំណាចដ៏ក្រែលែងរបស់កម្ម គឺភាពបានជាតិកំណើត របស់មនុស្ស ជាមួយភាពបានជាតិកំណើតរបស់សត្វ ជាដើម សូម្បីតែទេវតាក៏ដោយ ក៏អាចមកកើតជាមនុស្សបាន ជាសត្វបាន។ មនុស្សក៏អាចកើតជាទេវតា ជាសត្វបាន។ សត្វក៏អាចកើតជាទេវតាបាន ជាមនុស្សបាន ដោយអំណាចដ៏ក្រៃលែងរបស់កម្ម ដែលនាំឲ្យកើតនោះឯង៕


អប់រំដោយ
តេ. ញាណសំវរ


No comments:

Post a Comment