Tuesday, February 21, 2017

ហ្វឹកហាត់ស្វែងរកសេចក្ដីសុខ តាមល័ក្ខគោល៥ប្រការ


១) ហ្វឹកហាត់មើលខ្លួនឯងឲ្យទាប ឬតូច មានន័យថា ចូរធ្វើខ្លួនឯងឲ្យតូចទាប កុំតំកើងខ្លួនធំពេក ចូរធ្វើជាមនុស្សសាមញ្ញធម្មតា កុំធ្វើជាមនុស្សសំខាន់។ ពេលមានអ្វីកើតឡើងដល់យើង កុំទៅផ្ដល់ឲ្យសារៈសំខាន់ ដល់ខ្លួនឯងច្រើនជ្រុលហួសហេតុពេក។

       ២) ហ្វឹកហាត់ខ្លួនឯង ឲ្យជាអ្នកមិនសន្សំ មានន័យថា ការសន្សំអ្វីម្យ៉ាងនោះ ជាភារៈ មិនមានអ្វីដែលយើងសន្សំហើយ មិនមានភារៈទេ វៀរលែងតែអំពើល្អ ក្រៅពីនោះ សុទ្ធតែជាភារៈទាំងអស់ បើមិនច្រើន ក៏តិចដែរ។

៣) ហ្វឹកហាត់ខ្លួនឯង ឲ្យជាមនុស្សសប្បាយៗ មានន័យថា កុំទៅឆ្កួតវង្វេងជាមួយភាពសប្បូរបែប ព្រោះភាពសំបូរបែប វាគ្មានរូបរាងពិតប្រាកដទេ មានតែមនុស្សល្ងង់ប៉ុណ្ណោះ ដែលមើលឃើញថា មានភាពសប្បូរបែប មានពិត។

៤) ហ្វឹកហាត់ខ្លួនឯង ឲ្យជាមនុស្សនឹងន ឬមិនអ៊ីចឹងទេ និយាយក្នុងរឿងល្អៗ មានន័យថា បើសិនអ្វីមិនល្អ កុំទៅនិយាយច្រើន មិនថា រឿងនោះ នឹងត្រឹមត្រូវ ឬខុសឆ្គងទេ ប៉ុន្តែបើសិនវាអាក្រក់ អាចប្រព្រឹត្តទៅបានក្នុងការនិយាយ ក៏មិនចាំបាច់និយាយវាចេញមកដែរ ព្រោះការនិយាយ ឬរិះគន់ក្នុងផ្លូវវិនាសនោះ មានតែធ្វើឲ្យចិត្តខ្លួនឯងធ្លាក់ចុះទាប និងល្អក់កករតែប៉ុណ្ណោះ។

៥) ហ្វឹកហាត់ខ្លួនឯង ឲ្យស្គាល់ពីដំណើររបស់ធម្មជាតិថា អ្វីៗ ក៏វាកន្លងផុតទៅជាដរាប មានន័យថា ពេលមានសេចក្ដីសុខ ក៏ឲ្យដឹងថា បន្តិចទៀត សេចក្ដីសុខ វានឹងកន្លងផុតទៅ ពេលមានសេចក្ដីទុក្ខ ក៏ឲ្យដឹងថា តិចទៀត សេចក្ដីទុក្ខ វាក៏កន្លងផុតទៅ ពេលជួបជាមួយនឹងស្ថានការណ៍ពិបាកៗកើតឡើង ក៏ឲ្យដឹងទាន់ថា រឿងរ៉ាវទាំងអស់នេះ វាមិនអាចស្ថិតនៅជាមួយយើងដល់ថ្ងៃមរណាទេ។

          យើងគ្រប់គ្នា ត្រូវដឹងថា អ្វីៗគ្រប់យ៉ាងនៅក្នុងលោកមួយនេះ វាមានសភាពមិនទៀង វាមានលក្ខណៈជាអនិច្ចំ មិនដាក់ខ្លួនទៅតោងប្រកាន់មាំ គម្បីសម្លឹងរំពៃមើលពីទោសខ្លួនឯង មិនគប្បីសម្លឹងរំពៃមើលពីទោសអ្នកដទៃ  មិនរកត្រូវ រកខុស ចូលចិត្ត មិនចូលចិត្ត យកមិនយក ឲ្យវាមកនៅត្រង់អារម្មណ៍ខ្លួនឯង ទោះបីអ្វីជាអ្វី ឬអ្វីជាមួយអ្វីក៏ដោយ ស្រេចតែវាទៅចុះ៕
--------------------
អប់រំដោយ
តេ. សុវណ្ណោ

1 comment: