Saturday, March 11, 2017

ការអភិវឌ្ឍចិត្ត តាមវិធី២យ៉ាង ដែលព្រះពុទ្ធជាម្ចាស់ទ្រង់បានបង្រៀន


ពេលណាមានការប្រយុទ្ធគ្នា រវាងអំពើល្អ និងអំពើអាក្រក់ ធម៌ជាមួយអធម៌ ហេតុផលជាមួយនឹងអារម្មណ៍។ សួរថា តើមួយណាជា ភាគីឈ្នះក្នុងរឿងនេះ?

មនុស្សភាគច្រើន នឹងឆ្លើយថា អំពើល្អឈ្នះអំពើអាក្រក់ ធម៌ឈ្នះអធម៌ ត្រូវឈ្នះខុស ហេតុផលឈ្នះអារម្មណ៍។


នោះជាចម្លើយបែបគតិនិយមរបស់មនុស្សទូទៅ ការពិតទៅ នៅមិនទាន់ឆ្លើយបានទេថា ភាគីណាឈ្នះ ភាគីណាចាញ់បាននៅឡើយទេ ទម្រាំតែដឹងថា ភាគីណាមានកម្លាំងច្រើនជាង ភាគីនោះឯង ជាភាគីឈ្នះ នេះជាច្បាប់របស់ធម្មជាតិ។

ពាក្យថា កម្លាំងច្រើនជាង ក្នុងទីនេះពុំបានមានន័យថា ភាគីដែលមានចំនួនច្រើនជាង ឬមានពលៈ កម្លាំងច្រើនជាង ប៉ុន្តែត្រឹមតែម្យ៉ាង នៅមានន័យរួមដល់ មានសក្ដានុពលខ្ពស់ជាង  មានសតិបញ្ញាក្លៀវក្លាជាង មានឧបាយកលលើជាង បូករួមបញ្ចូលគ្នា។

បើសិនផ្នែកណាមួយមានអង្គប្រកបរបស់គុណសម្បត្តិគ្រប ដូចអ្វីដែលបានពោលខាងលើ ភាគីមួយទៀត ដែលជាភាគីខ្ពស់ជាង គឺជាអ្នកឈ្នះ។

ដោយហេតុនេះ អំពើអាក្រក់ នឹងឈ្នះអំពើល្អ អធម៌អាចនឹងឈ្នះធម៌ ខុសអាចនឹងឈ្នះត្រូវ អារម្មណ៍អាចនឹងឈ្នះហេតុផលក៏អាចថាបាន បើសិនភាគីនោះមានកម្លាំងច្រើនជាង។ នៅក្នុងជីវិតប្រចាំថ្ងៃ រឿងទាំងអស់នេះ ក៏មានឃើញជារឿយៗផងដែរ។

បើសិនភាគីអាក្រក់ឈ្នះភាគីល្អ អធម៌ឈ្នះធម៌ ខុសឈ្នះត្រូវ អារម្មណ៍ឈ្នះហេតុផល តើមានអ្វីនឹងកើតឡើង?

បើសិនវាកើតឡើងជាមួយបុគ្គលណា បុគ្គលនោះក៏ដល់នូវការអាប់អោន បើសិនវាកើតឡើងជាមួយអង្គភាពណា សង្គមណា អង្គភាព នោះ សង្គមនោះក៏អាប់អោន ព្រោះនឹងព្រមឲ្យអំពើអាក្រក់ រហូតដល់ឲ្យអារម្មណ៍ជាធំ លើអំពើល្អ និងហេតុផល ហើយខុសប្រាសចាក គន្លងធម៌។ ភាគីអាក្រក់ នឹងចូលមក មានឥទ្ធិពលគ្របសង្កត់ចិត្តមនុស្ស ដែលដឹកនាំវិថីជីវិតរបស់បុគ្គល តម្លៃនិយមរបស់សង្គមរមៀល ចុះកាន់ទីទាបហើយ។

សួរថា តើអំពើអាក្រក់ អធម៌ វត្ថុដែលខុស និងអារម្មណ៍មកពីណា នៅត្រងណា?

ចម្លើយគឺ មកពីមនុស្សនោះ នៅត្រង់ម្នាក់នោះ ឬមកពីចិត្តរបស់មនុស្ស នៅត្រង់ចិត្តរបស់មនុស្ស។

អំពើអាក្រក់មិនបានស្ថិតនៅលើវត្ថុរបស់របរ មិនបានស្ថិតនៅលើលុយកាក់ មាសប្រាក់ អាវុធ នយោបាយ អំណាច តំណែងឋានៈតួនាទី ស្រា បៀរ បន កច្ឆា បារី គ្រឿងញៀនឲ្យទោស។ វត្ថុទាំងអស់នេះ វានៅអាស្រ័យតាមសភាវៈរបស់វាធម្មតាៗ ទៅធ្វើបាបនរណាមិនបាន ឡើយ មានតែមនុស្សចូលទៅគ្រប់គ្រង ចូលទៅប៉ះពាល់ត្រូវជាមួយវា ហើយនាំយកវត្ថុទាំងនេះ ទៅប្រើប្រាស់ក្នុងផ្លូវខុស ប្រកបដោយ ចិត្តដែលមានការយល់ឃើញខុស ទើបមកធ្វើបាបខ្លួនឯងជាខាងដើម និងមកបៀតបៀនអ្នកដទៃទៅជាមួយខាងក្រោយផងដែរ។

ក្នុងដំណើរនេះដូចគ្នា គុណធម៌ អំពើល្អ ភាពគតិយុត្ត មានហេតុផលក៏មិនបានស្ថិតនៅលើវត្ថុសម្ភារៈ មាសប្រាក់ អំណាចបុណ្យសក្ដិ ឋានៈតួនាទីមុខមាត់ ផ្នែកនយោបាយ សេដ្ឋកិច្ច និងសង្គម ប៉ុន្តែវាអាស្រ័យលើបុគ្គល ពេលចូលទៅប៉ះត្រូវជាមួយវត្ថុសម្ភារៈទាំងអស់នោះ ប្រកបដោយចិត្តយល់ឃើញថាត្រូវ ទើបអាចនឹងនាំវត្ថុសម្ភារៈទាំងនោះ ដូចបានពោលខាងដើម ទៅប្រើប្រាស់ក្នុងផ្លូវដ៏ត្រឹមត្រូវបាន កើតបានជាប្រយោជន៍ ជួយសង្គ្រោះទាំងខ្លួនឯង និងអ្នកដទៃ។

ចិត្តដែលឃើញត្រូវ ឬសម្មាទិដ្ឋិនេះឯង ជាគុណសម្បត្តិដ៏សំខាន់ ដែលនឹងនាំបុគ្គលនោះ ឲ្យតាំងនៅក្នុងអំពើល្អ វៀរបង់នូវអំពើអាក្រក់ ចោល។

អំពើល្អ និងអំពើអាក្រក់ ដែលដេកត្រាំនៅក្នុងខន្ធសន្ដានរបស់មនុស្សគ្រប់រូប និងមានឥទ្ធិពលគ្របសង្កត់លើជីវិតរបស់មនុស្សម្នាក់ៗ មកយូរណាស់មកហើយ រាប់ភពជាតិកំណើតរាប់មិនអស់ ទាំងគូភាគីធ្វើការប្រណាំងប្រជែងគ្នាគ្រប់ពេលរហូតមក រុញច្រានគ្នាចាញ់ រុញច្រានគ្នាឈ្នះ មនុស្សគ្រប់គ្នាទើបធ្លាប់ធ្វើទាំងអំពើល្អផង និងអំពើអាក្រក់ផង។

ខណៈណាដែលអំពើល្អមានកម្លាំងរឹងមាំ ក៏នឹងយកឈ្នះអំពើអាក្រក់ មិនទៅធ្វើអំពើអាក្រក់ ប៉ុន្តែខណៈណាដែលអំពើអាក្រក់ មានកម្លាំងខ្លាំងជាងអំពើល្អ ក៏នឹងទៅប្រព្រឹត្តធ្វើអំពើអាក្រក់ ទាំងដឹងថាវាជាអំពើអាក្រក់ ដោយមិនមានការខ្មាសអៀន ខ្លាចអំពើបាប មិនកោតក្រែងខ្លាចចំពោះផលអាក្រក់ ដែលហុចផលឲ្យមកតាមក្រោយ។

រាល់ពេលដែលអំពើល្អយកឈ្នះអំពើអាក្រក់ ក៏នឹងបង្កើនកម្លាំងរឹងមាំ ដល់អំពើល្អដែលមាននៅក្នុងចិត្ត ប៉ុន្ដែពេលណាអំពើអាក្រក់ យកឈ្នះអំពើល្អបាន កម្លាំងរបស់អំពើអាក្រក់ ក៏នឹងមានច្រើនឡើង ស្របពេលគ្នានេះដែរ វាកាត់បន្ថយកម្លាំងរបស់អំពើល្អ ឲ្យមានកម្លាំងចុះខ្សោយ។

ពេលកើតមានដូចនេះ មនុស្សដែលរក្សាចិត្តឲ្យតាំងមាំក្នុងអំពើល្អបាន ពេលមានអំពើអាក្រក់ផុសឡើងមក ក្នុងក្រសែនៃគំនិត កម្លាំងអំពើល្អដែលមានប្រៀបជាង ក៏នឹងយកឈ្នះកម្លាំងអំពើអាក្រក់បាន មិនធ្វើឲ្យភ្លាំងភ្លាត់ទៅប្រព្រឹត្តធ្វើអំពើអាក្រក់ មនុស្សល្អ ទើបធ្វើល្អបានដោយងាយ ធ្វើអាក្រក់បានដោយលំបាក។

ផ្ទុយគ្នានឹងមនុស្សដែលប្រព្រឹត្តធ្វើតែអំពើអាក្រក់ មានទម្លាប់និស្ស័យទាល់តែអំពើអាក្រក់ មានកម្លាំងបៀបជាងអំពើល្អ។ អំពើអាក្រក់ ទើបអួសទាញនាំជីវិតទៅធ្វើរឿងអាក្រក់គ្រប់ប្រការជានិច្ច ព្រះពុទ្ធបរមគ្រូជាម្ចាស់នៃយើង ទ្រង់ត្រាស់ថា មនុស្សអាក្រក់ធ្វើល្អបាន ដោយលំបាក ធ្វើអាក្រក់បានដោយងាយ។

មនុស្សយើងមានទាំងចំណុចខ្សោយ និងចំណុចខ្លាំង ជាមួយនឹងអំពើល្អអាក្រក់មិនដូចគ្នាទេ សូម្បីតែមនុស្សម្នាក់ដូចគ្នា ក្នុងពេល និងក្នុងទីកន្លែងផ្សេងគ្នា ក៏នៅមានអភ័យឯកសិទ្ធិជាមួយអំពើល្អ អំពើអាក្រក់ផ្សេងគ្នាដែរ។ ស្ថានការណ៍ខ្លះ យើងទប់ស្កាត់ជាមួយអំពើ អាក្រក់បាន ប៉ុន្តែស្ថានការណ៍ខ្លះ ទោះបីជាអំពើអាក្រក់ ជារឿងដូចគ្នា យើងបែរជាទប់ស្កាត់មិនបានទៅវិញ មនុស្សដែលមានឱកាសធ្វើ អាក្រក់ ប៉ុន្តែមិនធ្វើវិញ អាចចាត់ទុកបានថា មានស្ថេរភាពក្នុងចិត្ត ដែលមិនទៅប្រព្រឹត្តធ្វើអំពើអាក្រក់ ទាំងក្នុងទីកំបាំង និងមិន ទីកំបាំង។

បុគ្គលដែលនៅជាបុថុជ្ជននៅឡើយ ចាត់ទុកថា ជាគុណធម៌របស់ចិត្ត នៅមិនទាន់ឋិតថេរ បើសិនប៉ះផ្ទប់ជាមួយរឿងរ៉ាវដែលចំលើ ចំណុចខ្សោយ ក៏អាចទៅប្រព្រឹត្តធ្វើអាក្រក់បាន។ ចំណែកឯបុគ្គលដែលជាអរិយជន (ព្រះសោតាប័ន ព្រះសកទាគាមី ព្រះអនាគាមី និងព្រះអរហន្ត) នឹងមិនធ្វើអាក្រក់ ខុសសីល ដែលជាគ្រឿងអបាយមុខបាបធម៌ឡើយ។

មនុស្សគ្រប់គ្នាចង់ក្លាយជាមនុស្សល្អ មិនមានអ្នកណាមួយចង់ក្លាយជាមនុស្សអាក្រក់ឡើយ តែដែលធ្វើល្អបានលំបាកធ្វើអាក្រក់ បានងាយ ក៏ព្រោះខ្វះការហ្វឹកហាត់ចិត្ត ឬខ្វះការអភិវឌ្ឍសមថៈរបស់ចិត្ត ឲ្យអំពើល្អមានកម្លាំងរឹងមាំឡើង កាត់បន្ថយកម្លាំងអាក្រក់ ឲ្យចុះខ្សោយ។

តើយើងអភិវឌ្ឍសមថៈរបស់ចិត្តបានដូចម្ដេច?

ព្រះពុទ្ធបរមគ្រូជាម្ចាស់នៃយើង ទ្រង់បានបង្រៀនអំពី វិធីអភិវឌ្ឍចិត្តទុក២យ៉ាងគឺ៖

វិធីដំបូងគឺ ការធ្វើសមាធិ ឬសមថកម្មដ្ឋាន មានន័យថា ការធ្វើសមាធិ ដើម្បីឲ្យចិត្តបានសម្រាក ពីការគិតជ្រួលច្រាលច្របូកច្របល់ ទៅក្នុងរឿងផ្សេងៗ ដែលជាប្រព្រឹត្តិកម្មរបស់ចិត្ត ដែលថ្នឹកនៅក្នុងវិថីជីវិត ធ្វើឲ្យចិត្តខ្វះសេចក្ដីស្ងប់សុខ(សន្តិ) ហិតហៃ មិនមានកម្លាំង កំហែង។ ក្រៅពីនេះ ថែមជាច្រកផ្លូវឲ្យកិលេសតណ្ហា ចូលទៅគរពួនផ្ដុំនៅក្នុងចិត្ត។ វិធីធ្វើសមាធិមានច្រើនយ៉ាងច្រើនបែប ប៉ុន្តែគេ និយមធ្វើតគ្នាមកតាំងពីសម័យពុទ្ធកាលគឺ ការធ្វើចិត្តឲ្យមានសតិ ដឹងជាមួយនឹងខ្យល់ដង្ហើមចេញ-ចូលៗ ឬដែលបំលែងប្រតិបត្តិ តគ្នាក្នុងសម័យបច្ចុប្បន្ននេះ ដែលគេហៅវិធីនេះថា ពុទ្ធោ។

វិធីទីពីរគឺ ការធ្វើវិបស្សនា ឬវិបស្សនាកម្មដ្ឋាន មានន័យថា ការហ្វឹកហាត់ចិត្តឲ្យកើតបញ្ញា ដឹង ឃើញវត្ថុទាំងឡាយទាំងពួងតាម សច្ចភាព តាមច្បាប់របស់ធម្មជាតិគឺ មានសភាពជាអនិច្ចំ (មិនទៀង ទុក្ខំ(ធុននៅក្នុងសភាពដើមមិនបាន) និងអនត្តា(សភាពមិន មែនខ្លួនប្រាណ មិនស្ថិតនៅក្នុងអំណាចខ្លួន មិនបង្គាប់បញ្ជាវាបាន) ដើម្បីឲ្យចិត្តដកចេញពីការប្រកាន់មាំ ប្រកាន់ខុស ដែលយល់ ឃើញថា ខ្លួនអញ វត្ថុដែលមាននៅទាំងឡាយជារបស់អញ ដែលជាហេតុនាំក្ដីទុក្ខមកឲ្យ និងជាឡេនដ្ឋានឲ្យកិលេសតណ្ហា មានកម្លាំងរឹងមាំនៅក្នុងចិត្ត។

សមថ-វិបស្សនា នឹងធ្វើការរួមគ្នា ដើម្បីសមត្ថៈរបស់ចិត្ត ជម្រះបក្សពួកកិលេស ដែលកើតពីកិលេសតណ្ហាដែលករពួននៅក្នុងចិត្ត ឲ្យជ្រះ ស្រឡះក្នុងពេលជាមួយគ្នា ហើយក៏បន្ថែមកម្លាំងរបស់បក្សពួកកុសល ក្នុងចិត្តឲ្យរឹងមាំស្វាហាប់ឡើង ជួយឲ្យយកឈ្នះ អំពើអាក្រក់ ឲ្យមានស្ថេរភាព នៅតែអំពើល្អ។ វិធីនេះជាវិធីតែមួយគត់ ដែលនឹងជួយជម្រះមន្ទិលចិត្តឲ្យស្អាតផូរផង់រួចផុត ពីកងកិលេសគ្រឿង សៅហ្មងទាំងឡាយទាំងពួងបាន។

សូមឲ្យប្រិយមិត្តអ្នកអានទាំងឡាយ តម្កល់ចិត្តខ្លួន ឲ្យនៅក្នុងសេចក្ដីមិនប្រមាទ ព្រោះថាជីវិតមានទុក្ខ មានភ័យនៅជុំវិញទាំងអស់ គួររកឱកាសចូលអប់រំ ប្រតិបត្តិធម៌ ដើម្បីអភិវឌ្ឍចិត្ត ឲ្យកើតមានសន្តិ(ស្ងប់ចិត្ត) ជាទីពឹងពំនាក់របស់ជីវិតបានដោយសុវត្ថិភាព កុំមានលេសថា មិនមានពេលឡើយ យើងយកពេលរបស់ជីវិតទៅឲ្យអ្នកដទៃ និងវត្ថុដទៃច្រើនជ្រុលហួសហេតុពេកហើយ ត្រូវតែ យកត្រឡប់មកសងឲ្យជីវិតយើង មុននឹងអស់ពេលក្នុងលោកមួយនេះ៕
--------------------------- 
បទវិភាគធម៌
ដោយព្រះគ្រូអធិប្បញ្ញោ
ប្រែ.ចាន់

No comments:

Post a Comment