Saturday, March 11, 2017

ជំហានដំបូង ជំហានកូនក្មេង ក្នុងការធ្វើជំនួញ


រាល់ការធ្វើដំណើរ ទោះជាជិតឬឆ្ងាយប៉ុនណា ក៏ត្រូវតែចាប់ផ្តើមពីជំហានដំបូងជានិច្ច គ្រាន់តែមនុស្សខ្លះ ចូលចិត្តចាប់ផ្ដើមដោយការលោតផ្លោះ ជំនួសឲ្យការធ្វើសន្សឹមៗ តួយ៉ាងដូចជា អ្នកខ្លះចង់សម្រកទម្ងន់ក្នុងរយៈពេលខ្លី ដោយចាប់ផ្ដើមពីការអត់អាហារ ហាត់ប្រាណមួយថ្ងៃពីរបីម៉ោងរាល់ថ្ងៃ តែក្នុងមួយសប្ដាហ៍ប៉ុណ្ណោះ ស្រកទម្ងន់ តែរាងកាយទ្រុឌទ្រោមមិនបានស្អាត បែរជាទ្រមទៅវិញ ឬក៏ធុញខ្លួនឯង ទីបំផុតក៏ហូបច្រើនជាងមុន ព្រោះបាត់បង់កម្លាំងចិត្តអស់ទៅហើយ។

ដូចនេះ ជំនួសឲ្យការហក់លោតផ្លោះទៅឆ្ងាយ យើងគួរតែចាប់ផ្ដើមដោយជំហានខ្លីៗ ដូចជាក្មេងទើបតែរៀនដើរអ៊ីចឹងដែរ ព្រោះភាពជោគជ័យខាងហិរញ្ញវត្ថុ ពុំបានវាស់ពីចម្ងាយនោះទេ តែវាស់ពីចំនួនជំហាន និងទិសដៅដែលអ្នកនឹងត្រូវទៅ ទៅវិញទេ។ ប៉ុន្តែជាធម្មតា បញ្ហារឿងលុយ មនុស្សភាគច្រើនតែងតែចូលចិត្តហក់លោត ហើយក៏រអិលផ្លាតដួល។ ជាពិសេស បើកាន់តែស្ថិតនៅក្នុងពេលមានទុក្ខលំបាក ឬខ្វះខាតលុយខ្លាំង ក៏មុខជាមិនចង់ឈានខ្លីៗនោះទេ។

ចាប់ផ្ដើមមុន អាចដល់ទីមុន ឬសត្វណាចេញចាប់ចំណីមុន នឹងបាប់បានចំណីច្រើន

ឧបសគ្គដែលធ្វើឲ្យយើងមិនអាចធ្វើជំនួញបាន គឺការខ្លាចខុស ខ្លាចមិនបានជោគជ័យ ខ្លាចទិន្នន័យមិនទាន់គ្រប់គ្រាន់ ឬសួរថា ជួយប្រាប់សៀវភៅល្អៗ ឲ្យខ្ញុំស្ដាប់ផងបានទេ។ ការខ្លាច ការមិនប្រាកដក្នុងចិត្ត ធ្វើឲ្យយើងមិនហ៊ានចាប់ផ្ដើមធ្វើជំនួញ...

ការដាក់ផែនការរយៈពេលវែង និងមានជំនឿជាក់ថា ទីបំផុតពិតជាអាចទទួលបានជោគជ័យ ដោយប្រកាន់មាំលើក្ដីស្រមៃ និងមានចក្ខុវិស័យទូលាយ ហើយរីករាយលះបង់ក្នុងរយៈពេលខ្លី ដើម្បីជោគជ័យរយៈពេលវែង ដោយការចាប់ផ្ដើមធ្វើតាមជំហានកូនក្មេង លុះពេលវេលាកន្លងទៅ ការចាប់ផ្ដើមឈ្វេងយល់ ក៏អាចផ្ដល់ចំណេះដឹង ដែលមានតម្លៃដល់យើង។ ប៉ុន្តែ បើយើងមិនចាប់ផ្ដើមជំហានដំបូងទេ នោះអ្នកក៏ពុំមានចំណេះដឹង មិនមានបទពិសោធឡើយ។

មនុស្សខ្លះបានត្រឹមតែសាកសួររកចម្លើយ ដោយគិតថាមានអ្នកណាសរសេរក្នុងសៀវភៅណាមួយ ឬបានស្រាវជ្រាវរួចហើយ ដែលវាជំងឺម្យ៉ាង ហើយច្រើនតែកើតមានចំពោះមនុស្ស ដែលមានការសិក្សាខ្ពស់ៗផង។ តាមពិតការឈ្វេងយល់ អាចធ្វើទៅបានតាមរយៈការសាកល្បងខុស សាកល្បងត្រូវ ឲ្យបានច្រើនបំផុត។ សាកល្បងនឹកគិតទៅអតីតកាល ហើយសួរខ្លួនឯងថា កាលពីនៅតូច យើងរៀនដើរដោយការសាកល្បងធ្វើ តើមែនទេ? ហើយបើកាលនោះ រូបយើងមិនព្រមចាប់ផ្ដើមរៀនដើរទេ ម្ល៉េះសមពេលនេះ យើងពិតជាមិនចេះដើរដែរនោះទេ។ យ៉ាងណាមិញ ការធ្វើជំនួញ ក៏ដូចគ្នានឹងការរៀនដើរនេះដែរ។

ទោះជាយ៉ាងនេះក្ដី ត្រូវស្រមៃឲ្យខ្ពស់... គិតឲ្យឆ្ងាយ... ធ្វើឲ្យតិច... ហើយចាប់ផ្ដើមឈ្វេងយល់ពីអ្វីដែលប្រថុយ និងអ្វីដែលគួរប្រថុយ ហើយចងចាំថា អនាគតរបស់អ្នកទៅជាបែបណា វាអាស្រ័យលើពាក្យ ដែលអ្នកជ្រើសរើសប្រើ និងមនុស្សដែលអ្នកជ្រើសរើសស្គាល់។ ម្យ៉ាងទៀត អ្នកអាចមានលទ្ធភាពប៉ុនណា គឺវាអាស្រ័យលើចំណេះដឹង និងដែនកំណត់នៃគំនិតរបស់អ្នក។ ដូចនេះ គួរចាប់ផ្ដើមធ្វើជំនួញក៏អត់ គឺជាការសម្រេចចិត្តរបស់អ្នកផ្ទាល់តែម្ដង៕[edit]
          “អ្នកជំនួញ តែងតែចេះរង់ចាំភាពជោគជ័យ ដែលស្ថិតនៅខាងមុខ”។
------------------------------------
ស្រ.ស. ចិត្តប៉ងផ្សងធ្វើជំនួញ
ប្រែ.ច័ន្ទ ឫទ្ធី


No comments:

Post a Comment