Saturday, March 11, 2017

ចាប់ផ្ដើមគិត ចាប់ផ្ដើមធ្វើ ចាប់ផ្ដើមមាន


អ្វីមួយដែលអ្នកមានធ្វើ គឺគិតខុសពីអ្នកដទៃ។ បើអ្នកគិតដូចអ្នកដទៃគិត នោះអ្នកក៏ធ្វើដូចពួកគេធ្វើ តែគួរស្តាយដែលមនុស្សភាគច្រើនគិតត្រឹមតែរឿងស្វែងរកការងារធ្វើ ដើម្បីប្រាក់ខែតែប៉ុណ្ណោះ។
បើចង់ប្ដូរពីនិយោជិត ទៅធ្វើជំនួញអ្វីដែលត្រូវប្តូរពិតប្រាកដ គឺមិនមែនប្តូរទង្វើនោះទេ តែត្រូវផ្លាស់ប្តូរវិធីគិត ពេលណាផ្លាស់ប្តូរវិធីគិត ទង្វើក៏ផ្លាស់ប្តូរដោយស្វ័យប្រវត្តិ ពេលនោះអ្នកក៏ដឹងថា អ្នកត្រូវធ្វើអ្វីខ្លះហើយ។

“ចាប់ផ្ដើមមាន” ដូចជា មានរូបរាងស្អាត មានលុយច្រើន មានសុខភាពមាំមួន មានកេរ្តិ៍ឈ្មោះ ពេលដាក់ផែនការរួចហើយ មនុស្សភាគច្រើន ក៏កត់ត្រារបាយការណ៍ដែលត្រូវធ្វើ ដើម្បីឲ្យបានសម្រេចគោលដៅ។
ឧទាហរណ៍ៈ គោលដៅចង់ឲ្យមានរូបរាងល្អ អ្វីដែលត្រូវធ្វើ គឺចាប់ផ្ដើមអត់អាហារ ចាប់ផ្ដើមហាត់ប្រាណ... ពេលធ្វើបានត្រឹមតែពីរបីសប្ដាហ៍ ស្រាប់តែម្ចាស់ផែនការត្រឡប់មកធ្វើដដែលដូចមុនទៀត។ គឺចាប់ផ្ដើមហូបចំណីចំណុកច្រើនឡើង គេងមើលទូរទស្សន៍ ជំនួសការចេញទៅហាត់ប្រាណទៅវិញ។ អ្វីទាំងនេះ គឺជាទង្វើដែលមិនបានគិត ហើយទោះបីជាមានវិធីសម្រកទម្ងន់រាប់រយវិធីក៏ដោយ ក៏ពុំសំខាន់ស្មើនឹងវិធីគិត ដែលវាមានឥទ្ធិពលដល់អ្វី ដែលអ្នកកំពុងមាននោះទេ។ ហេតុនេះ ប្រសិនបើចង់មាន ត្រូវប្តូរវិធីគិត និងផ្លាស់ប្តូរខ្លួនឯងឲ្យខាងតែបាន ជាមុនសិន។
ពេលចាប់ផ្ដើមមានសេចក្ដីស្នេហា យើងតែងតែចង់ជួបនឹងគូព្រេងក្នុងក្ដីសុបិន ជាស្រ្តីដែលមានរូបរាងស្រស់ស្អាត ឆ្លាត មាន រៀនបានខ្ពស់ ជាកូនអ្នកមានកិត្តិយសថ្លៃថ្នូរក្នុងសង្គម ឬជាបុរសដែលមានរូបសង្ហា មាន ឆ្លាត ពូកែ។ល។ បន្ទាប់មក យើងក៏ចេញដំណើរស្វែងរកនៅតាមផ្សារទំនើប ភោជនីយដ្ឋាន បណ្ណាល័យ វិទ្យាល័យ ឬសាកលវិទ្យាល័យជំនួសឲ្យការដើរស្វែងរក ហេតុអ្វីយើងមិនធ្វើខ្លួនយើងឲ្យក្លាយជាមនុស្សសង្ហា ឬស្រស់ស្អាត មនុស្សឆ្លាត និងអ្នកមានខ្លួនឯងតែម្ដងទៅ។
តួយ៉ាងដែលជួបច្រើនបំផុតគឺ ការប្រើជីវិតគូ ស្វាមីឬភរិយាជាច្រើន តែងតែទាមទារឲ្យម្នាក់ទៀតកែប្រែ ទីបំផុតក៏ក្លាយទៅជាការឈ្លោះប្រកែកគ្នា។ ហេតុនេះជំនួសឲ្យការទាមទារ ឲ្យម្នាក់ទៀតត្រូវកែប្រែ យើងកែប្រែខ្លួនឯងតែម្ដងទៅ វាមិនងាយជាងទេឬ? ប៉ុន្តែភាគច្រើនមនុស្សដែលចង់ប្រែប្រួល តែក៏ត្រូវបរាជ័យ ព្រោះគេចង់ប្រែប្រួលមនុស្សគ្រប់គ្នា​ជុំវិញខ្លួន តែមិនដែលនឹងគិតចង់ប្រែប្រួលខ្លួនឯង ម្ដងណាសោះ។
រឿងលុយ ក៏ដូចគ្នានេះដែរ មនុស្សខ្លះចង់មាន ក៏សម្រេចចិត្តលក់ដី ហើយជ្រើសរើសធ្វើត្រាប់តាមអ្នកមាន ដោយព្យាយាមមានអ្វីៗដូចអ្នកមានមាន គឺទិញឬសង់ផ្ទះធំៗ ទិញសម្ភារៈប្រើប្រាស់ទំនើបៗ ដើម្បីឲ្យមើលទៅដូចអ្នកមាន អ៊ីចឹងដែរ។ ប៉ុន្តែតាមពិត វិធីនេះ វាមិនមែនជាវិធីអ្នកមានប្រើនោះទេ។
មនុស្សខ្លះគិតថា ខំធ្វើការឲ្យបានលុយច្រើន ដើម្បីអាចទិញរបស់ថ្លៃៗ ហើយក៏ធ្វើឲ្យខ្លួនគេក្លាយជាអ្នកមាន តែផ្ទុយទៅវិញ របស់ទាំងអស់នេះ បែរជាធ្វើឲ្យគេកាន់តែហត់នឿយជាងមុន ដោយសារតែរូបគេ គិតចង់មានដូចអ្នកដទៃ ទៅវិញទេ។
មនុស្សខ្លះគិតថា បើចង់មានត្រូវធ្វើដូចអ្នកមានធ្វើ មានអ្វីៗដូចដែលអ្នកមានមាន តែតាមពិត ការធ្វើត្រាប់តាមអ្នកមាន ដោយខ្លួនឯងនៅមិនទាន់បានប្តូរវិធីគិតនោះ វាមិនមែនជាវិធីដែលត្រឹមត្រូវនោះឡើយ៕

“ត្រូវធ្វើចិត្តឲ្យត្រជាក់ គិតឲ្យច្បាស់ បើកចិត្តឲ្យទូលាយ ឈានទៅមុខ សុំប្រឹក្សាអ្នកដែលគេធ្លាប់ធ្វើរួចមកហើយ និងជឿជាក់លើខ្លួនឯង”

ស្រ.ស. ចិត្តប៉ងផ្សងធ្វើជំនួញ
ប្រែ.ច័ន្ទ ឫទ្ធី

No comments:

Post a Comment