Monday, March 27, 2017

សុខក្នុងវត្ថុណា ក៏ទុក្ខក្នុងវត្ថុនោះ


ជីវិតរបស់មនុស្សបុថុជ្ជនរមែងស្វែងរកវត្ថុផ្សេងៗ ដើម្បីញ៉ាំងជីពជន ពេលមាន បាន កើតក្នុងវត្ថុដែលជាទីចូលចិត្ត ក៏ស្រវឹងវង្វេង សប្បាយរីករាយ ពេញចិត្ត មានសេចក្ដីសុខជាមួយវត្ថុនោះ ដោយមិនមានសេចក្ដីត្រិះរិះថា សេចក្ដីសុខក្នុងវត្ថុដែលបាននោះ នឹងនាំ សេចក្ដីទុក្ខមកឲ្យជាខាងក្រោយឡើយ។


តើហេតុអ្វីទើបប្រព្រឹត្តទៅដូច្នោះ?

ទាំងនេះព្រោះវត្ថុផ្សេងៗ រមែងប្រែប្រួលផ្លាស់ប្តូរ ប្រព្រឹត្តទៅតាមហេតុបច្ច័យ និងធ្វើដំណើរទៅកាន់ភាពចាស់ជរា គ្រាំគ្រាទ្រុឌទ្រោម បែក ធ្លាយរលាយសាបសូន្យរូបរាងកាយ អាយុជីវិត និងព្រាត់ប្រាស់ទៅក្នុងទីបំផុត មិនថាវត្ថុនោះ នឹងជាបុគ្គល ឬវត្ថុប្រើប្រាស់ដែលខ្លួនមាន ទេ សុទ្ធតែធ្លាក់ចុះចូលទៅក្នុងច្បាប់ធម្មជាតិនេះទាំងអស់។

អាស្រ័យដោយហេតុនេះ បើយើងនៅតោងប្រកាន់មាំ ចងកួចភ្ជាប់ជាមួយវត្ថុដែលត្រេកអររីករាយពេញចិត្ត ឬមានសេចក្ដីសុខនោះច្រើន ប៉ុណ្ណា ដល់ពេលមានវិបត្តិ ឬមួយព្រាត់ប្រាស់ពីវត្ថុនោះទៅ ក៏ដល់នូវសេចក្ដីទុក្ខ មិនសុខចិត្ត ជាមួយវត្ថុនោះ កាន់តែស្រឡាញ់ កាន់តែ កើតទុក្ខ នេះជាសច្ចភាពក្នុងជីវិតរបស់សត្វលោក។

ក្នុងជីវិតរស់នៅប្រចាំថ្ងៃ យើងម្នាក់ៗនឹងបាន-នឹងអស់ទៅជាមួយវត្ថុផ្សេងៗ ដែលឆ្លងចូលមកយ៉ាងច្រើន បើសិនវត្ថុនោះជាទីត្រូវចិត្តខ្លាំង ក៏មានអារម្មណ៍រំភើបរីករាយ មានសេចក្ដីសុខជាមួយនឹងការបានមកនោះ។ ពេលប្រើទៅ ឬសេពទៅច្រើនថ្ងៃ ក៏កើតនូវភាពច្រំដែលសាំ មានអារម្មណ៍ធុញទ្រាន់នឿយណាយ អស់ចំណង់ បើមានអ្នកមកសុំ ក៏លើកឲ្យទៅ ឬយកទៅបរិចាគទានដាក់ឲ្យដល់មនុស្សទុគ៌ត ក៏មាន ដើម្បីនឹងបានលេសទិញរបស់ថ្មីផ្សេងទៀតមកជំនួស។

ប៉ុន្តែបើវត្ថុនោះនៅស្រឡាញ់ និងនៅហួងហែងក៏មិនព្រមលះបង់ឲ្យអ្នកណា បើខូចក៏រកជាងឲ្យមកជុសជុលកែខៃ ពេលមានវិបត្តិ មានការព្រាត់ប្រាស់ទៅ ក៏មានចិត្តសោកស្ដាយអាឡោះអាល័យ ស្រណោះស្រណោក ខ្លោចផ្សា ឈឺចាប់ ចង់ឲ្យវត្ថុនោះវិលត្រឡប់ មកដូចដើមវិញ ព្រោះតែខ្លួននូវតោងប្រកាន់មាំចំពោះវត្ថុនោះៗ។

វិស័យរបស់បុថុជ្ជននោះ ពេលស្រឡាញ់ប្រាថ្នាចង់បាន ពេញចិត្តក្នុងវត្ថុណា ក៏ចង់បានវត្ថុនោះគង់រក្សាសភាព ឬមានទ្រង់ទ្រាយ ដូចនេះជានិរន្តរ៍ មិនចង់ឲ្យមានការផ្លាស់ប្តូរទៅក្នុងផ្លូវពុកផុយ ឬមានវិបត្តិព្រាត់ប្រាស់ទៅឡើយ ប៉ុន្តែធម្មជាតិរបស់វត្ថុទាំងឡាយ រមែងផ្លាស់ប្តូរទៅតាមច្បាប់អនិច្ចំ មិនអាចគង់ធន់នៅក្នុងសភាពដើមបានទេ។

បុគ្គលដែលមិនចង់ឲ្យវត្ថុដែលខ្លួនស្រឡាញ់ផ្លាស់ប្តូរទៅនោះ ជាបុគ្គលដែលប្រកាន់យកតម្រូវការរបស់ខ្លួននៅលើច្បាប់ធម្មជាតិ ភាព តម្រូវការ ដូចនេះ នឹងត្រូវខកបំណងយ៉ាងពិតប្រាកដ។

ការផ្លាស់ប្ដូរនោះ បើប្រព្រឹត្តទៅក្នុងផ្លូវដែលខ្លួនគាប់ចិត្ត ក៏ប្រកាន់ថា ជាសេចក្ដីសុខ បើប្រព្រឹត្តទៅក្នុងផ្លូវដែលខ្លួនមិនគាប់ចិត្ត ក៏ប្រកាន់ ថា ជាសេចក្ដីទុក្ខ សូម្បីតែផ្លាស់ប្តូរទៅក្នុងផ្លូវដែលធ្វើឲ្យខ្លួនជាសុខ វត្ថុនោះក៏នឹងផ្លាស់ប្តូរតទៅទៀត មិនឈប់ឈរនឹងន ក្នុងទីនៃការ ផ្លាស់ប្តូរនៃវត្ថុមានជីវិត មិនថាមនុស្សឬសត្វ ដែលខ្លួនសម្ពន្ធជាមួយទេ ចំណុចបញ្ចប់គឺសេចក្ដីស្លាប់ ចំណែកសម្បត្តិវត្ថុប្រើប្រាស់ ទាំងឡាយ ដែលខ្លួនគ្រប់គ្រងនៅ ទីបំផុតក៏គង់នឹងផ្លាស់ប្តូរទៅកាន់សភាពចាស់ទ្រុឌទ្រោមគ្រាំគ្រា និងក្លាយទៅជាការបែកធ្លាយក្នុង ទីបំផុត។

មនុស្សខ្លះមានសេចក្ដីសុខ នៅជាមួយការមានគ្រួសារដ៏កក់ក្ដៅ ដូចជា មានកូន មានស្វាមី មានភរិយា និងមានឪពុកម្ដាយដែលខ្លួន ស្រឡាញ់ ជាមួយនឹងមនុស្សដែលខ្លួនស្រឡាញ់ តែងតែព្រួយបារម្ភជាធម្មតាទៅហើយ។ មនុស្សជាច្រើនព្រួយបារម្ភអនាគតរបស់កូន បារម្ភសុវត្ថិភាពរបស់កូន បារម្ភពីការប្រព្រឹត្តរបស់កូន ស្រឡាញ់កាន់តែខ្លាំង បារម្ភកាន់តែខ្លាំង។ ការបារម្ភសុទ្ធតែនាំមកនូវសេចក្ដីទុក្ខ មកឲ្យ ទើបនឹងបានឃើញច្បាស់ថា សេចក្ដីសុខដែលមានចំពោះកូននោះ មួយខាងទៀតក៏មានសេចក្ដីទុក្ខនុ៎ះឯង។

មនុស្សភាគច្រើនសម្លឹងមើលវត្ថុផ្សេងៗ មិនបានសព្វគ្រប់ ដូចជា ស្រឡាញ់ចូលចិត្តវត្ថុណា ក៏ថាវត្ថុនោះល្អ ស្អប់រឿងណាក៏ថា រឿងនោះ មិនល្អ ទើបមិនឃើញការពិតក្នុងរឿងនោះៗ បានគ្រប់សព្វ ព្រោះក្នុងល្អក៏មានខូច ក្នុងល្អក៏មានអាក្រក់ ក្នុងអាក្រក់ក៏មានល្អ ឬមិនមាន ទាំងល្អ និងអាក្រក់ ធ្វើឲ្យដាក់ចិត្តមិនស្រុះស្រួលជាមួយការពិត ដែលមាននៅក្នុងបុថុជ្ជន ទើបច្រើនដោយអគតិ។

ក្នុងដំណើរដូចគ្នាដែរ មនុស្សដោយទូទៅឃើញថា កាក់មានត្រឹមតែពីរផ្នែក គឺមួយផ្នែកមុខ និងផ្នែកក្រោយ បើដាក់កាក់ទុកលើផ្ទៃ ក៏នឹងឃើញត្រឹមតែមួយផ្នែក ពេលផ្ងារត្រឡប់ម្ខាងក៏ឃើញមួយម្ខាងទៀតដូចគ្នា យើងចូលចិត្តផ្នែកណា ក៏មើលតែផ្នែកនោះ។

ការពិតទៅ កាក់មានបីផ្នែកក្រៅពី ផ្នែកមុខ ផ្នែកក្រោយ ហើយនៅមាន ផ្នែកក្រាសត្រង់កណ្ដាលតភ្ជាប់កាក់ទាំងពីរផ្នែក បើសិនយក ផ្នែកក្រាសរបស់កាក់តាំងទុក យើងក៏នឹងមើលឃើញកាក់ទាំងបីផ្នែកបាន ដោយមិនមានផ្នែកណាមួយ ទៅបាំងមួយផ្នែកទៀតទេ។

ការឃើញនិងយល់ថា កាក់មានបីផ្នែកអប់រំចិត្តយើងបានយ៉ាងណា ក្នុងអតីតយើងម្នាក់ៗប្រាថ្នា សេចក្ដីសុខ និងព្យាយាមប្រឹងននៀល ប្រវេប្រវា ដើម្បីស្វែងរកសេចក្ដីសុខ នោះស្មើនឹងថា យើងកំពុងប្រវេប្រវារសេចក្ដីសុខជាមួយផង ព្រោះសុខជាមួយទុក្ខ នៅរួមគ្នាដូចមុខ និងក្រោយនៅក្នុងកាក់ដូចគ្នា។

បើយើងដាក់ចិត្តនៅជាមួយផ្នែកក្រាសរបស់កាក់ ផ្នែកជាកណ្ដាលផងដែរ ចិត្តដែលត្រង់កណ្ដាល សុខក៏មិនត្រូវស្វែងរក ទុក្ខក៏មិនត្រូវ ស្វែងរក មានជីវិតរស់នៅដើម្បីធ្វើតួនាទីតាមបទបាឋដែលខ្លួនសម្ពន្ធឲ្យត្រឹមត្រូវតាមដំណើរគន្លងធម្មៈ  សូម្បីតែវត្ថុដែលបានជាសុខក្ដី ជាទុក្ខក្ដី បានក្ដី បាត់បង់ក្ដី ក៏ប្រព្រឹត្តទៅតាមហេតុបច្ច័យ ស្ថិតនៅលើទង្វើរបស់ខ្លួន និងបរិស្ថានដែលចំណែកពាក់ព័ន្ធ ដោយផល ចេញមក ក៏ដាក់ចិត្តជាកណ្ដាល ឬឧបេក្ខាព្រមទទួលយកវាឲ្យបាន។

ព្រមទទួលយកក្នុងផលដែលបានកើតឡើង ប៉ុន្តែមិនព្រមចុះចាញ់ចំពោះបញ្ហាឧបសគ្គរបស់ជីវិត បើផលចេញមិនល្អ ក៏យកជាថ្មី បើមិន បានសម្រេច ក៏ធ្វើជាថ្មី ធ្វើតួនាទីនេះដោយមានក្ដីសង្ឃឹម ព្រមទាំងធ្វើចិត្តមិនកើតទុក្ខ។

សុខ ឬការសម្រេច បើមាន បាន កើត ក៏មិនប្រកាន់មាំក្នុងផ្លូវវង្វេង ស្រវឹង បាត់បង់ទៅក៏មិនតោងប្រកាន់ ត្រូវអាឡោះអាល័យ ទុក្ខក៏មិន តោងប្រកាន់ឲ្យត្រូវថ្នាំងថ្នាក់អាក់អន់ស្រពន់ចិត្ត សៅហ្មងចិត្ត ឈឺចិត្ត ឆ្អែតចិត្ត សូម្បីតែក្ដីទុក្ខកន្លងផុតទៅ ក៏មិនត្រូវលោតពុះកញ្ជ្រោល ចិត្ត នៅជាមួយផ្នែកក្រាសរបស់កាក់ ដោយដាក់ចិត្តឲ្យនៅជាកណ្ដាល គឺធ្វើចិត្តជាឧបេក្ខានុ៎ះឯង។

ពេលកើតមានដូច្នេះ សុខឬទុក្ខ ដែលកន្លងចូលមកក្នុងជីវិត ទើបមិនអាចធ្វើបាបចិត្តរបស់យើងបាន។ មានជីវិតត្រឹមតែធ្វើតួនាទីឲ្យត្រឹម ត្រូវល្អប្រពៃតាមគន្លងព្រះធម៌ដែលព្រះសម្មាសម្ពុទ្ធ ព្រះទ្រង់សម្តែងទុកមក។ តួនាទីដ៏សំខាន់ក្រៃលែង គឺការអភិវឌ្ឍខ្លួនឲ្យខ្ពង់ខ្ពស់ឡើង  ដោយប្រើប្រាស់គោលធម៌អភិវឌ្ឍចិត្តឲ្យកើតមានបញ្ញាសម្មាទិដ្ឋិ ឬការឃើញត្រូវ។

កាលណាចិត្តមានការឃើញត្រូវ នឹងធ្វើរឿងណាក៏ត្រូវទៅតាមផងដែរ។ ដូចមេក្បូនដំណើរការនៃមគ្គរត់ត្រង់ហើយ ក៏នឹងនាំមគ្គអង្គដទៃៗ ទៅក្នុងផ្លូវត្រង់បាននុ៎ះឯង។ នៅទីបំផុតលើវិថីនៃអរិយមគ្គ ក៏សម្រេចបាននៅគោលដៅនៃអរិយផល ដោយមិនចាំបាច់សង្ស័យឡើយ៕


អប់រំដោយ
តេ.អធិប្បញ្ញោ


No comments:

Post a Comment