Monday, March 27, 2017

គោលដៅជីវិតនៃពុទ្ធសាសនិក


យើងគ្រប់គ្នាកើតមកដើម្បីធ្វើនូវព្រះនិព្វានឲ្យជាក់ច្បាស់ នេះគឺជាគោលដៅជីវិតរបស់ពុទ្ធបរិស័ទគ្រប់រូប មិនមែនផ្ដាច់មុខចំពោះតែអ្នក បួស មានភិក្ខុ សាមណេរប៉ុណ្ណោះទេ ប៉ុន្តែជារបស់មនុស្សគ្រប់គ្នា ដែលមានជីវិតរស់នៅក្នុងលោកមួយនេះ។

វាមានន័យថា គ្រប់ជាតិសាសន៍ គ្រប់ភាសា គ្រប់ពូជអម្បូរ ដែលបានឈ្មោះថាជាមនុស្ស។ គោលដៅនៃការកើតមក គឺការធ្វើនូវព្រះ និព្វានឲ្យជាក់ច្បាស់តែម្យ៉ាងគត់ ក្រៅអំពីនោះយ៉ាងហោចណាស់ ក៏ដើម្បីមកកសាងបំពេញបុណ្យបារមី ត្រូវចាប់លក្ខគោលនេះឲ្យបាន ច្បាស់ណ៎ា។ បើចាប់យកលក្ខគោលត្រង់នេះបានហើយ ក៏យករួចខ្លួនផុតបាន។

មនុស្សគ្រប់រូបមានវត្ថុបំណងនៃការកើតមកដើម្បីកិច្ចការនេះ មិនមែនដើម្បីធ្វើរឿងដទៃឡើយ។ ការរកស៊ីលក់ដូរជួញប្រែ តម្រូវការត្រឹមតែ បច្ច័យបួន យកមកចិញ្ចឹមជីវិត ហើយនឹងយកមកសាងបំពេញបុណ្យបារមី ដើម្បីបានរួចផុតពីបញ្ហាកម្លាំងសម្ពាធ ដែលយើងខ្វះបច្ច័យ បួន ចិត្តនឹងបានរីករាយសប្បាយ ស្វែងរកមគ្គផលនិព្វាន ដែលមាននៅក្នុងខ្លួនរបស់យើងបានងាយស្រួល ក្នុងការរកស៊ីលក់ដូរជួញប្រែ មានវត្ថុបំណងដូច្នេះឯង។

ចំណែកការសប្បាយភ្លើតភ្លើននោះ មិនយកសម្រាប់សម្រាកលំហែកាយារម្មណ៍ឡើយ។ ពេលយើងមិនដឹងថា គោលដៅរបស់ជីវិតទៅជា យ៉ាងម៉េច យើងនឹងរកវិធីបំបាត់ភាពតានតឹង ម្លោះហើយយើងក៏ថាតាមគ្នាទៅតាមបែបការពេញនិយមចូលចិត្ត ទៅព្រៃ ទៅភ្នំ ទៅជ្រលង ត្រពាំង បឹងបួរ ទន្លេ សមុទ្រ ទៅបា ទៅក្លឹប ទៅចែចង់នេះ ចែចង់នោះគ្រប់សព្វសារពើ។ល។ ទៅតាមការពេញនិយមរបស់គេ ព្រោះមិន ដឹងថា តើកើតមកដើម្បីធ្វើអ្វីខ្លះ? ម្លោះហើយវាប្រើវិធីសម្រាកបំបាត់ភាពតានតឹង ទៅតាមវិធីសាស្ត្រដូច្នោះឯងទៅ៕

លោកគ្រូតូច


No comments:

Post a Comment