Wednesday, March 29, 2017

១០ទិចនិកអប់រំកូនឲ្យជាក្មេងដឹងគុណ


គោលគំនិតល្អដើម្បីជីវិត សូមសម្ដែងនូវការកោតសរសើរក្នុងសភាវៈជា កូនដឹងគុណរបស់មួយ កៀក ដែលមានចំពោះអ្នកម្ដាយ។ រឿងនេះមានការចែករំលែកពាសពេញក្នុងសង្គមលោក ពេលកន្លងមក ថ្នាក់ដល់រូបភាពជាប់ចិត្តដិតអារម្មណ៍ ដែលម្ដាយមួយ កៀក ថតក្នុងឥរិយាបថស្លៀកពាក់ឯកសណ្ឋានជាគ្រូ ក្រាបសំពះបាទាអ្នកម្ដាយ។ តោះ នាំគ្នាបែរក្រឡេកមកមើលទិចនិក ដែលនឹងបង្រៀន ដល់កូនៗ របស់យើងឲ្យមានកតញ្ញូការដឹងគុណចំពោះខ្លួន ថាតើមានអ្វីខ្លះ?។

កូនដឹងព្រះគុណ

តើការដឹងគុណគឺជាអ្វី?

ការដឹងគុណ គឺជាការចាប់ភ្លឹកនឹករលឹកដឹងនូវគុណបុណ្យ ដោយការសម្ដែងសេចក្ដីគោរព រាប់អាន ស្ដាប់បង្គាប់  និងជួយឈឺឆ្អាលក្នុង កិច្ចការងារទាំងឡាយទាំងពួង ធ្វើឲ្យអ្នកដែលមានការដឹងគុណមានសេចក្ដីសុខ មានសេចក្ដីចម្រុងចម្រើនរុងរឿង និងមានសិរីមង្គល ដល់ជីវិត និងការងារ។

តើការដឹងគុណមានលក្ខណៈយ៉ាងណា?

ការដឹងគុណលក្ខណៈជាទូទៅ គឺការតបស្នងសងព្រះគុណ ក្មេងនឹងព្រមទទួលយកថា អ្នកណាដែលមានព្រះគុណចំពោះខ្លួន ពេលពួកគេ ធ្វើអ្វីឲ្យខ្លួនតែប៉ុណ្ណោះ ដូចជា ព្រមទទួលយកឪពុកម្ដាយថា មានព្រះគណ ព្រោះបានចិញ្ចឹមមើលថែទាំរក្សា បីបាច់ថ្នាក់ថ្នមបំពេរ, ព្រម ទទួលយកជាគ្រូថា ព្រោះតែបានបង្រៀន អប់រំប្រៀនប្រដៅណែនាំ ទូន្មានឲ្យមានចំណេះចេះដឹង, ព្រមទទួលជាញាតិថា មានព្រះគុណ ព្រោះធ្លាប់បានផ្ដល់ចំណីនំ គ្រឿងអាស្រ័យផ្សេងៗ។ល។ ការដឹងគុណថ្នាក់ឧត្តម គឺការដឹងនូវគុណធម៌ អំពើល្អដែលមានក្នុងបុគ្គល ជាការសម្រេចចិត្តដោយអំពើល្អ ហើយធ្វើខ្លួនតាមបែបយ៉ាង ដែលល្អពីគេនោះឯង។

១០ទិចនិកអប់រំកូនឲ្យជាក្មេងដឹងគុណ

១) បង្រៀនតាំងពីនៅតូចៗ
ការបង្រៀនឲ្យកូនដឹងគុណឪពុកម្ដាយ។ ឪពុកម្ដាយគឺជាអ្នកដែលធ្វើឲ្យកូនមានឱកាសកើតឡើង បើកភ្នែកមើលពិភពលោកមួយនេះ ឲ្យជីវិត និងជាគំរូផ្នែកខាងរាងកាយដល់កូន អប់រំប្រៀនប្រដៅទូន្មានកូនឲ្យធ្វើជាមនុស្សល្អ ចេះទទួលខុសត្រូវ ដឹងល្អ ដឹងអាក្រក់ និង គាំទ្រឲ្យកូនបានសិក្សរៀនសូត្រ។

២) ធ្វើជាគំរូកូនដែលល្អ
ការ អប់រំឲ្យកូនចេះដឹងជ្រោតជ្រាបចំពោះគុណឪពុកម្ដាយ មនុស្សដែលធ្វើជាឪពុក ធ្វើជាម្ដាយគេ នឹងត្រូវសម្តែងភាពកតញ្ញូដឹងគុណ ឲ្យពួកគេមើលជាឧទាហរណ៍ ជាគំរូដើម ដោយការសម្ដែងភាពកតញ្ញូចំពោះលោកតាយាយ ជីដូនជីតាឲ្យកូនៗបានឃើញជាមុនសិន។

៣) នាំទៅមើលគំរូល្អៗ
នាំកូនៗទៅមើលគំរូល្អៗពីមនុស្សជិតខាងរបង់ជាមួយ ដែលគេមានកូនចេះដឹងគុណ ចំពោះមាតាបិតា ឲ្យកូនឃើញជាឧទាហរណ៍ ផងដែរ។

៤) បង្រៀនកូនឲ្យធ្វើពិត
ការហ្វឹកហាត់កូនតូចៗឲ្យចេះដឹងគុណតាំងពីនៅតូចៗ ដូចជា នាំកូនទៅក្រាបសំពះលោកតាលោកយាយ មុននឹងទទួលទានអាហារ យកអាហារទៅជូនលោកតាលោកយាយសិន ធ្វើឲ្យកូនបានមើលឃើញតាំងពីគេនៅតូចៗ។

៥) កោតសរសើរអ្នកដែលមានការដឹងគុណឲ្យកូនឃើញ
ចូរនិយាយអំពីមនុស្សណា ដែលមានការដឹងគុណឲ្យកូនៗ បានស្ដាប់ថា គេនោះល្អដូចម្ដេចខ្លះ ដូចជា គេដាក់បាត្រលោក ជួនពរទិវា បុណ្យមាតាបិតា តបស្នងសងព្រះគុណលោក ដោយការជួយធ្វើការងារផ្ទះ តបស្នងសងព្រះគុណលោក ដោយការធ្វើជាក្មេងល្អរបស់ ឪពុកម្ដាយ ប៉ុន្តែមិនគួរដាក់សម្ពាធកូនៗ ឲ្យដឹងគុណនោះទេ។

៦) កោតសរសើរពេលកូនសម្ដែងនូវការដឹងគុណ
ពេលកូនសម្ដែងនូវការដឹងគុណ កុំភ្លេចនិយាយពោលសរសើរកូនៗ ដើម្បីបានជាកម្លាំងចិត្ត ក្នុងការសម្ដែងនូវការដឹងគុណរបស់កូន ឲ្យគេមានមោទនភាពក្នុងការដឹងគុណ ដូចជា ពេលគេធ្វើជាកូនល្អ ជួយធ្វើការងារផ្ទះរបស់ឪពុកម្ដាយ មិនយំរំអុករំអ៊ួយ ឬយកតែចិត្ត ខ្លួនឯង។

៧) បញ្ជ្រាបចំណេះដឹងទាក់ទងនឹងរឿងដឹងគុណក្នុងប្រពៃណីផ្សេងៗ
ការបង្រៀនកូនឲ្យស្គាល់អំពីវប្បធម៌ដ៏ផូរផងល្អស្អាតរបស់ខ្មែរយើង ដែលគេបានបញ្ជ្រាបចូលទៅក្នុងរឿងការដឹងគុណ ដូចជា ការធ្វើ បុណ្យឧទ្ទិសមគ្គផលកុសលផលបុណ្យ ជួនមនុស្សដែលបានស្លាប់បាត់បង់អាយុជីវិតទៅហើយ ការបួសជាសាមណេរ ដើម្បីឲ្យលោក ឪពុកអ្នកម្ដាយ បានតោងជាយស្បងស្បៃត្រៃចីវរ ដែលជ្រលក់ដោយទឹកអម្ចត់ បុណ្យចូលឆ្នាំ បុណ្យភ្ជុំបិណ្ឌ បុណ្យចូលព្រះវស្សា បុណ្យ ចេញព្រះវស្សា បុណ្យកឋិនទាន បុណ្យមាឃបូជា វិសាខបូជា។ល។

៨) បង្រៀនឲ្យកូនចេះដឹងគុណចំពោះធនធានធម្មជាតិ
ការបង្រៀនកូនឲ្យរលឹកនឹងគុណដល់ ទឹក ដី ភ្លើង ខ្យល់ ព្រៃឈើ  វាលស្រែចំការ ស្ទឹង ទន្លេ ស្រះ ត្រពាំង បឹងបួរ សមុទ្រសាគរ និង ផ្លូវ វត្ថុសាធារណប្រយោជន៍ ដែលយើងនាំគ្នាប្រើប្រាស់ប្រចាំរាល់ថ្ងៃ បង្រៀនកូនឲ្យចេះអភិរក្ស ទំនុកបម្រុងរក្សាចំពោះវត្ថុទាំងនេះឲ្យគង់ នៅជាមនុស្សជាតិតទៅ។

៩) បង្រៀនកូនឲ្យស្គាល់អំពីប្រយោជន៍នៃការដឹងគុណចំពោះសង្គម
ការដឹងគុណ ធ្វើឲ្យស្ថាប័នគ្រួសារមានស្ថិរភាព ធ្វើឲ្យកូនៗចេះការទទួលខុសត្រូវ ចំពោះតួនាទីរបស់ខ្លួនឯង ឪពុកម្ដាយ និងដល់បញ្ហា សង្គម ដូចជា មនុស្សចាស់ជរា មិនមានអ្នកចិញ្ចឹមមើលថែ ភ្លើងសង្រ្គាម កម្លាំងជម្រុញ នយោបាយ។ល។ ជាដើម។

១០) បង្រៀនឲ្យកូនស្គាល់ប្រយោជន៍នៃការដឹងគុណចំពោះបរិស្ថាន
ការដឹងគុណ ធ្វើឲ្យសភាវបរិស្ថានមិនត្រូវបានគេបំផ្លិចបំផ្លាញ ព្រោះមនុស្សគ្រប់គ្នាជួយគ្នាអភិរ័ក្ស ថែទាំបំប៉នបម្រុង រក្សាបរិស្ថានឲ្យ គង់វង់នៅ ហើយគ្រប់គ្នាក៏នឹងមានសេចក្ដីសុខ ក្នុងការប្រើប្រាស់ជីវិត ក្នុងបរិស្ថានដែលល្អស្អាត  ហើយនឹងមានសុខមាលភាពរាងកាយ រឹងមាំ។

កុំភ្លេចរង់ចាំអាន ៣ទិចនិកអប់រំកូនឲ្យយល់ព្រះធម៌

ប្រភព៖ A. Baby &Kids
Cr. ហ្វេសប៊ុក មួយ កៀក, kalyanamitra.org, taamkru.com

No comments:

Post a Comment