Saturday, March 18, 2017

វិធីចម្រើនមរណានុស្សតិងាយៗ ៥ជំហាន ហ្វឹកហាត់ស្លាប់មុនដេក


មានមនុស្សជាច្រើនណាស់ក្នុងលោកនេះ ដែលមានការភ្លើតភ្លើនជាមួយសេចក្ដីសុខក្នុងជីវិត រហូតដល់ភ្លេចអស់រលីងអំពីសច្ចៈមួយថា មនុស្សគ្រប់រូបសុទ្ធតែត្រូវស្លាប់ទាំងអស់ វាស្ថិតនៅលើស្លាប់មុន និងក្រោយ ឆាប់ ឬយូរប៉ុណ្ណោះ។ ការនឹកគិតដល់សេចក្ដីមិនទៀងទាត់ នៃជីវិត ទើបជារឿងដែលគ្រប់គ្នា គួរចាប់ផ្ដើមធ្វើ ចាប់ផ្ដើមចម្រើនពេលនេះ ថ្ងៃនេះទៅ ព្រោះបើថ្ងៃនោះមកដល់ពិតមែន ចិត្តរបស់យើង នឹងមិនកើតទុក្ខខូចចិត្តខ្លាំង ឬមិនចាំបាច់ព្យាយាមរត់គេចពីសេចក្ដីស្លាប់ ព្រោះតែហួងហែងសេចក្ដីសុខដែលខ្លួនធ្លាប់សន្សំទុកមកនោះ ទេ។  គោលគំនិតល្អដើម្បីជីវិត សូមនាំយកវិធីជាគន្លឹះក្នុងការជួយឲ្យលោកអ្នកអានហ្វឹកហាត់ស្លាប់ ឬចម្រើនមរណានុស្សតិ ក្នុងពេល មុនចូលដេកមកឲ្យអាន ហ្វឹកហាត់ធ្វើញយៗបានច្រើនប៉ុនណា កាន់តែល្អជាមួយខ្លួនឯងច្រើនប៉ុណ្ណោះ។


ជំហានទី១ ត្រៀមលក្ខណៈខ្លួនចូលដេកទុកជាលើកចុងក្រោយ

តេជគុណ ផៃសាល វិសលោ លោកបានណែនាំថា ឥរិយាបថដែលសក្ដិសមចំពោះការចម្រើនមរណានុស្សតិ គឺដេករាបជាមួយផ្ទៃ កម្រាល សាកល្បងដេករាប់ស្មើនឹងផ្ទៃគ្រែ យកដៃមកដាក់ផ្អិបនឹងដងខ្លួន បន្ធូរបន្ថយរាងកាយគ្រប់ផ្នែកតាំងពីក្បាលរហូតដល់ចុងជើង កុំឲ្យផ្នែកណាមួយប្រឹងរឹង ដកដង្ហើមតាមសម្រួលរបស់វា ទំនេរគិតដែលជាការរំខានដល់ខួរក្បាល ទាំងរឿងដែលកន្លងផុតក្នុងអតីត កាល រួមទាំងរឿងដែលមិនទាន់កើតឡើងក្នុងអនាគតផងដែរ។ ក្រៅពីនោះក៏បង្អោនចិត្តយកមកទុកត្រង់ចុងច្រមុះ តាមដានសង្កេតមើល ខ្យល់ដង្ហើមចេញ និងចូលរបស់ខ្លួនឯង។ ពេលណាចិត្តចាប់ផ្ដើមស្ងប់ចុះហើយ សាកល្បងគិតនឹកភ្នកថា យើងកំពុងតែចូលដល់សេចក្ដី ស្លាប់ ការដេកនេះ ជាការដេកលើកចុងក្រោយហើយ មិនមានថ្ងៃស្អែកសម្រាប់យើងតទៅទៀតទេ។

ជំហានទី២ ពិចារណាមើលពីភាពមិនទៀងទាត់របស់រាងកាយ

សាកល្បងគិតពិចារណាមើលរាងកាយរបស់យើងត្រង់ផ្នែកនីមួយៗថា ពេលសេចក្ដីស្លាប់មកដល់ បេះដូងរបស់យើងឈប់លោត ខ្យល់ ដង្ហើមយើងបានផុតរលត់ មិនមានខ្យល់ចេញចូលដូចឥឡូវនេះ ផ្ទៃពោះដែលកំពុងប៉ោងឡើងផតចុះក្នុងខណៈនេះក៏លែងមានចលនា ដងខ្លួនដែលធ្លាប់មានកំដៅ ក៏ចុះត្រជាក់ស្រេប ផ្នែកផ្សេងៗដែលយារធ្លាក់ ក៏រឹងតឹងណែនដូចជាអង្កត់អុសដែលគ្មានប្រយោជន៍ ទឹងរងៃ ក៏ចាប់ផ្ដើមហូរចេញមកតាមដងខ្លួន។ ការពិចារណាពីភាពមិនទៀងទាត់របស់រាងកាយដូច្នេះ វានឹងជួយឲ្យយើងធូរស្រាលពីការប្រកាន់ មាំចំពោះរូបរាងកាយមួយនេះ។
  
ជំហានទី៣ ទំនេរពីមនុស្សជាទីស្រឡាញ់ និងរបស់ដែលខ្លួនហួងហែង

សាកល្បងរើសបុគ្គល សត្វ ឬរបស់របរដែលយើងស្រឡាញ់ ចង់សម្ព័ន្ធ ហើយគិតថា មានភាពសំខាន់បំផុតមក៥យ៉ាង ក្រៅពីនោះ សាកល្បងសួរខ្លួនឯងថា ក្នុងបណ្ដារបស់៥យ៉ាងនោះ បើសិនជាមានវត្ថុមួយដែលយើងត្រូវបានបាត់បង់ទៅ តើអ្វីដែលអាចឲ្យយើង កាត់ចិត្តបាន? សាកល្បងរៀបលំដាប់លំដោយរបស់ ដែលអាចកាត់ចិត្តបានងាយបំផុត ទៅរកពិបាកបំផុត។ បើសិនរកឃើញថា ខ្លួនឯងនៅមានរឿងដែលខ្លួនកាត់ចិត្តបានពិបាកច្រើនប្រការ ឲ្យសាកល្បងព្យាយាមដាស់តឿនខ្លួនឯងជារឿយៗថា បើសិនយើងត្រូវ ស្លាប់ពិតមែន ទ្រព្យសម្បត្តិទាំងអស់ ដែលយើងមានទាំងប៉ុន្មាន ដែលយើងព្យាយាមស្វែងរក និងសន្សំមកនឹងលែងជារបស់យើងត ទៅទៀតហើយ កេរ្ដិ៍ឈ្មោះ កិត្តិយស អំណាច ឋានៈតួនាទី មុខមាត់ ការងាររបស់យើង ដែលកំពុងប្រព្រឹត្តទៅដោយស្រួលក៏ដូចគ្នា ថ្ងៃស្អែកតំណែនឋានៈតួនាទីរបស់យើង នឹងក្លាយជារបស់អ្នកដទៃបាត់ទៅហើយ ក្រៅពីនេះយើងក៏លែងមានឱកាសបានជួបមុខ មនុស្សជាទីស្រឡាញ់ និងក្រុមគ្រួសារជាទីកក់ក្ដៅតទៅទៀតដែរ បើសិនយើងនៅហួងហែងអាឡោះអាល័យ ព្រោះរឿងដែលខ្លួនធ្វើ មិនទាន់ហើយ ក៏ប្រញាប់ប្រញាល់ធ្វើរឿងនោះឲ្យចប់សព្វគ្រប់ទៅ។

ជំហានទី៤ គិតនឹកស្រមៃដល់បុណ្យសពរបស់ខ្លួនឯង

សាកល្បងគិតនឹកស្រមៃថា ខណៈនោះយើងកំពុងដេកស្ដូកក្នុងការក្លាម្ឈូសក្នុងបុណ្យសពរបស់យើងខ្លួនឯង សាកល្បងនឹកមើលថា ញាតិមិត្ត មិត្តស្និតស្នាល មិត្តរួមអាជីព ឬអ្នកណាមួយដែលមកបុណ្យសព្វរបស់យើង តើពួកគេនឹងនិយាយដល់យើងយ៉ាងម៉េចខ្លះ? សាកល្បងរំលឹក និងសួរខ្លួនឯងថា ជីវិតដែលកន្លងផុតមក យើងមានអំពើល្អអ្វីខ្លះទុកឲ្យពួកគេនិយាយដល់ មានរឿងអ្វីដែលគួរមាន តម្លៃដល់ការលើកសរសើរ យើងប្រើជីវិតសក្ដិសមតម្លៃជាមួយនឹងបានកើតមកជាមនុស្សឬនៅ មានអ្វីខ្លះដែលយើងមិនបានចាប់ផ្ដើមធ្វើ។ ពេលគិតរំលឹកបានដូច្នេះ ក៏បានដាស់តឿនខ្លួនឯងថា គួរប្រើពេលវេលាដែលនៅសេសសល់គ្រប់វិនាទី ឲ្យបានជាប្រយោជន៍ពេញ បរិបូណ៌។

ជំហានទី៥ ផ្កាប់កែវទទេទុកក្បែរគ្រែដេក

ក្រោយពិចារណាមើលខ្លួនឯងដល់គ្រប់ទាំងបួនជំហានហើយ ក៏ឲ្យត្រៀមខ្លួនចូលដេក ដោយមុនដេក ឲ្យលើកយកកែវទឹកដែលតាំង ទុកលើក្បាលគ្រែឡើងមក ហើយឲ្យយកទឹកក្នុងកែវទៅចាក់ចោលចេញឲ្យអស់ បន្ទាប់ពីនោះ ផ្កាប់កែវទទេរទុកក្បែរគ្រែ។ វិធីនេះជា ឧបាយកលដាស់តឿនចិត្តដល់សេចក្ដីស្លាប់ ដែលលោកគ្រូកម្មដ្ឋានជនជាតិទីបេនាំគ្នាប្រើ ដើម្បីហ្វឹកហាត់ដាស់តឿនចិត្តខ្លួនឯងថា ថ្ងៃស្អែកយើងអាចលែងមានឱកាសបានក្រោកឡើង មកផឹកទឹកមួយកែវនេះទៀតហើយ។ ការធ្វើដូច្នេះជារៀងរាល់ថ្ងៃ នឹងជួយដាស់តឿន ចិត្ត ឲ្យយើងព្យាយាមនឹកដល់ភាពមិនឋិតថេររបស់ជីវិត។

តេជ.ផៃសាល វិសាលោក លោកធ្លាប់មានថេរដីកាទុកថា ក្នុងពេលយើងត្រូវជួបសេចក្ដីស្លាប់ពិតមែន ជំនួសក្នុងការរត់គេចពីសេចក្ដី ស្លាប់ដោយគ្មានផល យើងគួរបែរមកត្រៀមចិត្តទប់ទល់ជាមួយសេចក្ដីស្លាប់ ដូចគ្នានឹងទស្សនវិទូបារាំងពោលទុកថា យើងមិនដឹងថា សេចក្ដីស្លាប់ នឹងចាំយើងនៅទីណាទេ ដូចនោះ សូមឲ្យយើងចាំសេចក្ដីស្លាប់គ្រប់ច្រកវិថី




No comments:

Post a Comment