Saturday, March 18, 2017

ភាពត្រឹមត្រូវនៃការមានធម្មៈ មានសាសនាគឺអស់ភាពអាត្មានិយម និងស្រឡាញ់អ្នកដទៃ


ពួកអ្នកជំទាស់ប្រឆាំង ឬអ្នកស្រវឹងតក្កវិទ្យាស្អីគេនោះ វាក៏នឹងសួរឡើងថា ដូចម្ដេចហៅថាភាពត្រឹមត្រូវ? នឹងមិនព្រមទទួលភាពត្រឹមត្រូវ គ្នាងាយៗឡើយ យើងក៏ប្រាប់ថា ភាពត្រឹមត្រូវក្នុងទីនេះរបស់ធម្មៈ របស់សាសនាគឺ ការបំផ្លាញភាពអាត្មានិយម អញនិយម អារម្មណ៍ ដែលមានអាត្មានិយមនោះចោលចេញទៅបាន នោះឯងគឺជាភាពត្រឹមត្រូវរបស់អ្នកប្រតិបត្តិ។


ភាពអាត្មានិយម អញនិយមធ្វើឲ្យកើតសេចក្ដីលោភ សេចក្ដីក្រោធខឹង និងសេចក្ដីវង្វេង នេះក៏ល្មមនឹងមើលឃើញបាន មិនចាំបាច់ទៅ បកស្រាយពន្យល់ក៏បាន។ ភាពអាត្មានិយមធ្វើឲ្យមានសេចក្ដីលោភ ពេលវាមិនបាន ដូចអ្វីដែលអាត្មានិយមចង វាក៏ខឹង ហើយវាក៏វង្វេង ក្នុងសភាវៈដូច្នេះស្រាប់ហើយ។ ភាពអាត្មានិយមធ្វើឲ្យមានសេចក្ដីលោភលន់ សេចក្ដីខឹងក្រោធ និងសេចក្ដីវង្វេង ពេលណាវាអស់ភាព អាត្មានិយម វាក៏អស់សភាវៈដូច្នេះទៅ។ វាពិសោធបានពីភាពមានប្រយោជន៍គឺថា វាចេះ ស្រឡាញ់អ្នកដទៃ

សូមមេត្តាចងចាំពាក្យបីមាត់នេះទុកផងថា ស្រឡាញ់អ្នកដទៃ, បីមាត់នេះឯង វាជាបទពិសោធនៃភាពត្រឹមត្រូវ នៃភាពមានសាសនា ឬមានធម្មៈ។ បើសិនគ្មានធម្មៈ មិនមានសាសនាពិតប្រាកដទេ នឹងមិនមានសេចក្ដីស្រឡាញ់អ្នកដទៃទេ អាត្មាភាពសូមអះអាងថា មាន មនុស្សដប់សិបនាក់ មួយរយនាក់ដែលអង្គុយក្នុងទីនេះ តើប៉ុន្មាននាក់ ទៅស្វែងរកអាភាពស្រឡាញ់អ្នកដទៃ ក្នុងចិត្តរបស់ខ្លួនមើលទេថា តើវាមាននៅកន្លែងណាខ្លះ?

ស្រឡាញ់ដទៃនេះ មិនមែនស្រឡាញ់ប្រពន្ធប្ដី ស្រឡាញ់កូន ស្រឡាញ់មិត្តតៀមស្រា ស្រឡាញ់មិត្តលេងល្បែងស៊ីសង ស្រឡាញ់មិត្ត លេងកូនគោល ស្រឡាញ់មិត្តចេះពុករលួយនុ៎ះទេ យ៉ាងនេះឯង នោះមិនមែនជាការស្រឡាញ់អ្នកដទៃ។ អាមនុស្សទាំងនោះ វាមាន ចំណែករបស់គេ វាមាន ចំណែករបស់ខ្លួនយើង ដើម្បីនឹងរកប្រយោជន៍រួមគ្នា នោះមិនមែនជាអ្នកដទៃ ដូច្នោះការស្រឡាញ់អ្នកដទៃ មិនមែនជាការស្រឡាញ់ ប្រពន្ធ ប្តី កូន មិត្តប្រមឹក មិនលេងល្បែង មិត្តអ្វីក៏ដោយចុះ វាមិនមែនជាអ្នកដទៃ វាត្រូវមានអ្នកដទៃ ក៏ពិតមែនហើយ។

ដូចបទសូត្រទុកត្រង់ថា សត្វទាំងឡាយជាមិត្ត កើត ចាស់ ឈឺ ស្លាប់ជាមួយគ្នាទាំងអស់គឺជាជីវិតទាំងឡាយដទៃ ជាមិត្តកើត ចាស់ ឈឺ ស្លាប់ជាមួយគ្នាទាំងអស់ហ្នឹងណ៎ា ហ្នឹងឯងគឺជាន័យនៃពាក្យថាស្រឡាញ់អ្នកដទៃ ម្លោះហើយវាស្រឡាញ់ទាំងអស់គ្មានអ្នកចំពោះ មុខ មិនចំពោះមុខអ្នកណាមួយឡើយ ហើយថែមទាំងសត្វតិរច្ឆានផងដែរ ព្រោះថាសត្វតិរច្ឆានក៏មានជីវិត វាក៏មានការកើត ចាស់ ឈឺ ស្លាប់ដូចៗគ្នា ដូចនោះ ក៏តោងអារម្មណ៍ស្រឡាញ់ទៅដល់សត្វតិរច្ឆាន នេះឯងគឺហៅថា ស្រឡាញ់អ្នកដទៃ

ពេលណាមានសេចក្ដីស្រឡាញ់អ្នកដទៃ ហ្នឹងឯងគឺជារឿងពិសោធដ៏ច្បាស់លាស់ មិនមានផ្លូវខុសភ្លាត់បានថា មានធម្មៈខ្លួនពិត សាសនាខ្លួនពិត នៅក្នុងចិត្តរបស់បុគ្គលនោះហើយ៕

អប់រំដោយ
ពុទ្ធទាសភិក្ខុ

No comments:

Post a Comment