Thursday, March 9, 2017

ស្រឡាញ់កូន៣បែប ដែលនាំកូនមានទម្លាប់អាក្រក់


 កូន ប្រៀបបានដូចជាកែវភ្នែក បេះដូងថ្លើមប្រមាត់ ដែលឪពុកម្ដាយស្រឡាញ់ថ្នាក់ថ្នមបំផុត។ ការយកចិត្តយកថ្លើមមើល ថែទាំ រក្សា និងបីប៉មថ្នមថ្នាក់ ពោរពេញទៅដោយ ក្ដីស្រឡាញ់ ដែលជាវត្ថុដ៏មានឥទ្ធិពលលើការអភិវឌ្ឍ និងការរីកចម្រើនធំធាត់របស់កូន។ ការដែលឪពុកម្ដាយស្រឡាញ់កូនខ្លាំងពេក អាចក្លាយជាក្ដីស្រឡាញ់កូនបែបខុសទំនង ដែលមានផលប៉ះពាល់អាក្រក់បំផ្លាញកូនបាន ដោយមិនដឹងខ្លួនបាន។

ការចិញ្ចឹមកូន ដែលធ្វើឲ្យកូនមានអារម្មណ៍កក់ក្ដៅ និងមានក្ដីសុខ នឹងជះផលឲ្យដល់ខួរក្បាលឆ្លាត់វៃដូចជាការហូរមកនូវសារ Endorphin ឬសារដែលនាំឲ្យក្មេងមានក្ដីសុខ ហុចផលឲ្យកូនមានអារម្មណ៍ល្អ ញ៉ាំងឲ្យខួរក្បាលរបស់ក្មេងៗចម្រើនធំធាត់បានល្អ មានការចងចាំបានល្អ និងអាចរៀនដឹងអ្វីៗផ្សេងបានយ៉ាងឆាប់រហ័ស។ ប៉ុន្តែសេចក្ដីស្រឡាញ់របស់ឪពុកម្ដាយ ដែលធ្វើឲ្យកូនព្រម ត្រូវមានភាពគ្រប់គ្រាន់ និងសក្ដិសម នៅមានសេចក្ដីស្រឡាញ់ច្រើនបែបយ៉ាងទៀត ដែលបំផ្លាញកូន ដែលឪពុកម្ដាយទាំងឡាយ គ្រប់រូបគួរឈ្វេងយល់។


# ស្រឡាញ់កូនបែបថ្នាក់ថ្នមជ្រុលពេក
ជាក្ដីស្រឡាញ់ ដែលឪពុកម្ដាយ ស្ទើរតែគ្រប់គ្នាបានប្រគល់ឲ្យកូនយ៉ាងពេញទី ប៉ុន្តែការការពារ ថ្នាក់ថ្នមបីត្រកងកូនជ្រុលពេក មិនហ៊ាន បណ្ដោយឲ្យកូនបាន ទៅសាកល្បងធ្វើអ្វីដោយខ្លួនឯង ព្រោះខ្លាចកូនមានគ្រោះថ្នាក់ ឬខ្លាចកូនលំបាក ដូចជា កូនប្រើស្លាបព្រាដួស បាយញ៉ាំខ្លួនឯងបានហើយ ក៏នៅចាំបញ្ចុកបានកូន ឬហាមកូនធ្វើនោះធ្វើនេះគ្រប់សព្វសារពើ។

ការចិញ្ចឹមកូនបែបធ្វើឲ្យគ្រប់យ៉ាង និងចាត់ចែងជីវិតកូនគ្រប់រឿងទាំងអស់ សេចក្ដីស្រឡាញ់បែបនេះ នឹងធ្វើឲ្យកូនខ្វះទស្សនវិស័យ ក្នុងការជួយសង្រ្គោះខ្លួនឯង ខ្វះទំនុកចិត្តលើខ្លួនឯង មិនមានភាពក្លាហាន ត្រង់ការសម្រេចចិត្ត កា្លយជាក្មេងពូកែខ្លាច ចាំតែឲ្យឪពុក ម្ដាយធ្វើឲ្យគ្រប់យ៉ាងគ្រប់រឿង ទាល់តែក្លាយជាទម្លាប់ជាប់ខ្លួនដល់ធំ។ បើសិនជាក្មេងប្រុស កូនអាចមានទម្លាប់ពូកែខ្មាស ពូកែខ្លាច ខ្វះភាពជាអ្នកដឹកនាំ បើសិនជាក្មេងស្រីវិញ មានទម្លាប់អាត្មានិយម ចូលចិត្តឲ្យអ្នកដទៃ យកចិត្តយកថ្លើម ហើយជាមនុស្សដែល គ្មានស្ថេរភាពក្នុងអារម្មណ៍បាន។


# ស្រឡាញ់កូនតាមចិត្តកូនគ្រប់យ៉ាង
ព្យាយាមរកគ្រប់យ៉ាង ដែលកូនចង់បានមកឲ្យកូន មិនថារឿងនោះមានតម្លៃថ្លៃ ឬរកមកបានដោយសេចក្ដីលំបាកកម្រិតប៉ុនណាទេ ឬការយកចិត្តយកថ្លើមកូន មិនស្ដីថា មិនហ៊ានប្រៀនប្រដៅកូន សូម្បីតែដឹងថា កូនធ្វើខុសហើយក៏ដោយ ទាល់តែធ្វើឲ្យក្មេងមិនដឹងថា ប្រព្រឹត្តិកបែបណាមួយ ហៅថាត្រឹមត្រូវ និងក្លាយជាក្មេងទំនើង។ ក្រៅពីនេះ ការតាមចិត្តកូនជ្រុលពេក សរសើរកូនគ្រប់រឿង នឹងធ្វើឲ្យ កូនមានទម្លាប់លង់នឹងខ្លួនឯង ហើយមានអារម្មណ៍ថា ខ្លួនឯងល្អជាងអ្នកដទៃជានិច្ច ដល់ក្លាយជាមនុស្សចូលចិត្តមើលងាយមើលថោក លើអ្នកដទៃ។ ពេលធ្វើខុសឆ្គង ក៏មិនបានគិតថា ខ្លួនឯងធ្វើខុស តែបែរជាទៅបន្ទោសដាក់អ្នកដទៃវិញ។ បើសិនឪពុកម្ដាយផ្ដល់ ក្ដីស្រឡាញ់បែបនេះ ទាល់តែធ្វើឲ្យកូនមានទម្លាប់ នឹងក្លាយជាមានបញ្ហាចំពោះការចូលក្នុងសង្គមរបស់កូន បានក្នុងនាពេលអនាគត។


# ស្រឡាញ់កូនបែបអគតិ
ក្ដីស្រឡាញ់កូនបែបនេះ នឹងកើតឡើងក្នុងក្រុមគ្រួសារដែលមានកូនពីរនាក់ឡើងទៅ ជាក្ដីស្រឡាញ់ ដែលឪពុកម្ដាយសម្ដែងឲ្យឃើញ ចំពោះការស្រឡាញ់កូនមិនស្មើគ្នា ដូចជា ស្រឡាញ់កូនប្រុសច្រើនជាងកូនស្រី  ស្រឡាញ់កូនដែលរៀនពូកែច្រើនជាង មិនសូវយកចិត្ត ទុកដាក់កូនកណ្ដាល។ល។ ប្រព្រឹត្តិកម្ម ដែលបានសម្តែងឲ្យឃើញក្នុងក្ដីស្រឡាញ់ ដែលមានភាពលំអៀងរបស់ឪពុកម្ដាយ នឹងមាន ផលប៉ះពាល់អាក្រក់ចំពោះកូន ដែលមិនទទួលបានក្ដីស្រឡាញ់បានច្រើន។ ការទទួលបានក្ដីស្រឡាញ់មិនស្មើគ្នា ពីឪពុកម្ដាយ នឹងធ្វើឲ្យ កូនក្លាយជាក្មេងទទួលសំពាធ ពូកែតូចចិត្ត  គិតច្រើនខឹងច្រើន និងមិនមានការស្អប់ខ្ពើមចំពោះបងប្អូន អ្នកដទៃ ហើយអារម្មណ៍បែបនេះ នឹងមានផលប៉ះពាល់ចំពោះក្មេងក្នុងថ្ងៃអនាគត ពេលគេធំឡើង ក្លាយជាមនុស្សចាស់ទុំ ក្លាយជាមនុស្សពូកែច្រណែនឈ្នានីស ពេល ឃើញមានអ្នកណាល្អជាង ហើយនឹងព្យាយាមតាមបន្ទុចបង្អាក់ យកឈ្នះអ្នកដទៃ ដើម្បីឲ្យគេមើលឃើញថា ខ្លួនឯងល្អជាង ដែលជា ការបណ្ដោយឲ្យខ្លួនឯងឥតមានក្ដីសុខ។

ក្ដីស្រឡាញ់ ដែលឪពុកម្ដាយមានផ្ដល់ឲ្យកូន មិនមែនជារឿងអ្វីខុសឆ្គងទេ ប៉ុន្តែគួរជាក្ដីស្រឡាញ់ ដែលមិនលើសលុប ហួសហេតុពេក និងមានបរិមាណដ៏សមរម្យ ដែលធ្វើឲ្យកូនទទួលដឹង មានអារម្មណ៍ល្អៗ បានពីក្ដីស្រឡាញ់របស់ឪពុកម្ដាយ ទើបនឹងបានមកព្រមជាមួយក្ដីសុខ និងការរីកចម្រើនធំធាត់ដ៏ល្អ របស់កូនបន្តទៅថ្ងៃអនាគត ស្រឡាញ់កូនឲ្យត្រូវគន្លងណ៎ា!

ប្រភព៖ www.thaihealth.or.th
ប្រែ.ចាន់

No comments:

Post a Comment