Saturday, April 1, 2017

អត្ថន័យ ដែលខ្ញុំស្រឡាញ់អ្នក


ខ្ញុំស្រលាញ់អ្នក មានន័យថា ខ្ញុំព្រមទទួលយកអ្វីដែលអ្នកមាន ហើយខ្ញុំនឹងមិនព្យាយាមកែប្រែផ្លាស់ប្តូរអ្នកតាមអ្វី ដែលខ្ញុំចង់បានឡើយ អ្វីដែលខ្ញុំចង់ឃើញគឺក្ដីសុខ ហើយអ្វីដែលខ្ញុំចង់ផ្ដល់ឲ្យគឺស្នាមញញឹម។

ខ្ញុំស្រលាញ់អ្នក មានន័យថា ខ្ញុំនៅតែឈរក្បែរអ្នក នៅជាមួយអ្នកមិនថាពេល ដែលអ្នកស្ថិតនៅក្នុងស្ថានភាពលំបាកយ៉ាងណាក៏ដោយ។

ខ្ញុំស្រលាញ់អ្នក ខ្ញុំតែងប្រាប់ខ្លួនឯងថា ខ្ញុំនឹងមិនចាកចេញពីអ្នកទេ បើដង្ហើមរបស់ខ្ញុំនៅតែមាន....... ខ្ញុំនឹងលួងលោមអ្នក នៅពេលដែលអ្នកមានអារម្មណ៍ឯកា ខ្វះភាពកក់ក្តៅ និងស្មុគស្មាញ...... ខ្ញុំនឹងសើចជាមួយអ្នកនៅពេលឃើញអ្នកសប្បាយចិត្ត........... ខ្ញុំនឹងលើកទឹកចិត្តអ្នកគ្រប់ពេលដែលអ្នកចង់ឈានទៅមុខ។

ខ្ញុំស្រលាញ់អ្នក គឺខ្ញុំមិនដែលគិតចង់យកឈ្នះអ្នកម្ដងណាឡើយ ចាញ់អ្នកហើយអាចឃើញអ្នកញញឹមបានខ្ញុំចាញ់១០០ដងគឺ កើតសេចក្តីសុខក្នុងចិត្ត១០០ដង ព្រោះសេចក្តីសុខរបស់ខ្ញុំកើតឡើងពេលដែលខ្ញុំឃើញមនុស្ស ដែលខ្លួនឯងស្រលាញ់មានសេចក្តីសុខនុ៎ះឯង។

ខ្ញុំស្រលាញ់អ្នក ខ្ញុំមិនសន្យាថា ស្រលាញ់អ្នកឲ្យយូរច្រើនឆ្នាំ ច្រើនខែ ច្រើនថ្ងៃនោះទេ តែខ្ញុំសន្យាថានឹងស្រលាញ់អ្នកមួយជីវិត។ មួយជីវិតរបស់ខ្ញុំអាចមិនលើសពីមួយថ្ងៃផងក៏ថាបាន។

ខ្ញុំស្រលាញ់អ្នក បើអ្នកមិនស្រលាញ់ខ្ញុំវិញក៏មិនអីដែរ តែត្រូវសន្យា ធ្វើជាមនុស្សដែលចេះស្រលាញ់ខ្លួនឯង ឲ្យតម្លៃខ្លួនឯង ហើយស្មោះត្រង់នឹងខ្លួនឯងជានិច្ច មើលថែខ្លួនឯងឲ្យបានល្អ។

តម្លៃអប់រំ៖ នៅពេលយើងស្រលាញ់មនុស្សម្នាក់ អ្វីដែលចាំបាច់ត្រូវធ្វើគឺការលះបង់។ ការលះបង់ដោយគ្មានការទាមទារ ដោយគ្មានការរំពឹងត្រឡប់មកវិញ គ្មានការសង្ស័យ គ្មានគំនិតគុំគួន តែជាការផ្ដល់ឲ្យដោយគ្មានលក្ខខណ្ឌអ្វីទាំងអស់។ ដូចកាលដែលឪពុកម្ដាយយើងស្រលាញ់យើង ក្ដីស្រលាញ់នោះគឺវាពិតជាមានអត្ថន័យខ្លាំង ហើយជាក្ដីស្រលាញ់ដែលបរិសុទ្ធបំផុត៕

ដ.ស. សៀវភៅជីវិត
Cr. ហ្វេសប៊ុក ដ. វរលក្ខណ៍

No comments:

Post a Comment