Saturday, April 1, 2017

ត្រូវរៀនពិចារណាឱ្យច្រើន ដើម្បីកាត់បន្ថយនូវការខឹងក្រោធ


*ត្រូវរៀនពិចារណាឱ្យច្រើន ដើម្បីកាត់បន្ថយនូវការខឹងក្រោធ
ដូចជា៖

១- ព្រោះកិលេសដែលសន្សំក្នុងសន្ដានខ្លួនឯងមកទេទើបចេះ
ទាស់ចិត្តជាមួយអ្នកដទៃ។

២- ព្រោះបដិឃនិមិត្តគឺសេចក្ដីសំគាល់ក្នុងអារម្មណ៍ ថាគួរ
ឱ្យថ្នាំងថ្នាក់កើតក្នុងចិត្តខ្លួនឯងតែប៉ុណ្ណោះ បើមិនមានបដិឃ-
និមិត្តទេនោះ តើនៅក្នុងលោកនេះមានអ្វីដែលសម្រាប់ឱ្យទាស់
ចិត្ត។

៣- មិនមែនអ្នកដទៃធ្វើកម្ម ខ្លួនយើងជាអ្នកទទួលផលកម្ម ដែល
អ្នកដទៃធ្វើនោះទេ គួរចម្រើន កម្មស្សកតាបញ្ញា គឺបញ្ញាដឹងផល
កម្មផ្សេងៗ ដែលខ្លួនឯងបានធ្វើទុកមកឱ្យបានរឿយៗ។

៤- ធម៌ទាំងឡាយកើតអំពីហេតុ កុសលកម្មកើតអំពីអលោភៈ
អទោសៈ អមោហៈ ចំណែក អកុសលកម្មកើតអំពីលោភៈ
ទោសៈ មោហៈ ជាឫសគល់ គួរពិចារណា ធម៌ទាំងពួងជា
អនត្តា ឱ្យបានរឿយៗផងដែរ។

៥- អារម្មណ៍ក្នុងលោកទោះបីប្រណីតឬក៏ថោកទាប វាត្រឹម
តែជាអារម្មណ៍ដែលវេទនាសោយតែប៉ុណ្ណោះ មិនចាំបាច់បាន
នូវអារម្មណ៍ដទៃផ្សេងទៀតឡើយ ឱ្យតែបានដឹងថា ការសោយ
អារម្មណ៍នេះវាមិនមែនជាយើង ការសោយអារម្មណ៍ឯណាមួយ
ការសោយអារម្មណ៍នោះគឺជាទុក្ខ។

៦- វិញ្ញាណទេតើ ដែលដឹងអារម្មណ៍ ការមានបញ្ញាចម្រើនរឿយៗ
ឃើញវិញ្ញាណមិនមែនខ្លួនយើង រមែងមិនប្រាថ្នាអ្វីអំពីលោកនេះ
ចិត្តក៏ត្រជាក់។

៧- ជាធម្មតារបស់ភ្លើង វាត្រូវតែក្ដៅ ដូច្នេះដើម្បីកុំឱ្យភ្លើងរលាក
គេមិនបន់ស្រន់ឱ្យភ្លើងក្លាយទៅជាត្រជាក់ទេ គេគ្រាន់តែមិនចាប់
វាប៉ុណ្ណោះ យ៉ាងណាមិញ ជាធម្មតានៃរូបវាតែងមានរោគ ជាធម្មតា
នៃលោក វាតែងមានទុក្ខ ការមិនប្រកាន់គឺជាទីពឹងដ៏ប្រសើរ។

៨- មិនចាំបាច់កែប្រែរបស់ខាងក្រៅ តម្រូវតាមចិត្តរបស់ខ្លួន
ឡើយ ប៉ុន្តែគួរអប់រំចិត្តឱ្យចេះព្រមល្មម ជាមួយរបស់ខាងក្រៅ
វិញ គួររៀនហ្វឹកហាត់អប់រំចិត្តឱ្យឆ្លាត ចេះទទួលស្គាល់ការ
ពិតក្នុងជីវិត។

៩- ជាធម្មតាផែនដី តែងតែទទួលការធ្លាក់ចុះនូវរបស់គ្រប់យ៉ាង
ទោះបីស្អាតឬស្មោកគ្រោកក៏ដោយ យ៉ាងណាមិញជាធម្មតានៃ
ជីវិតសត្វលោក តែងតែទទួលការធ្លាក់ចុះនូវលោកធម៌គ្រប់យ៉ាង
មានលាភអត់លាភ មានយសអត់យស សរសើរនិន្ទា សុខទុក្ខ
ក៏យ៉ាងនោះដែរ គួរសិក្សាឱ្យបានចេះដឹងច្រើនឡើងៗនូវវិជ្ជាជីវិត។

១០- គួរសង្វេគខ្លួនឯងដែលច្រើនទៅដោយកិលេស ឈ្នះអ្នក
ដទៃបានប្រយោជន៍អ្វី ត្រូវរៀនយកការស្ងប់ស្ងាត់តាមផ្លូវចិត្ត
វិញ ទើបជាការប្រពៃ។

================================
(ស្រង់ពីសៀវភៅ ជំនួយសតិ ៥ ដោយ
លោកគ្រូអគ្គបណ្ឌិត ប៊ុត សាវង្ស)

================================

No comments:

Post a Comment