Sunday, April 30, 2017

គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៨០)




“... អ្នកប្រតិបត្តិធម្មៈត្រូវហ៊ានស្លាប់។ ស្លាប់ពីកិលេស ស្លាប់ពីសញ្ញាចាស់ ស្លាប់ពីចំណេះដឹងចាស់ ទើបនឹងបានកើតទៅជាមនុស្សថ្មី ត្រូវកើតមកជាថ្មី។ ចុះយើងនឹងហ៊ានធ្វើទេ? វាជារឿងគួរឲ្យភ័យខ្លាច តែបើមិនហ៊ានធ្វើ នឹងមិនបានជួបរបស់ថ្មី ជីវិតនឹងមានតែ ថ្ងៃក្រៀមក្រំស្វិតស្រពោន តែបើហ៊ានធ្វើវិញនោះ នៅក្នុងលោកដែលជាសច្ចភាពមួយនេះ ចិត្តនឹងរីកស្រស់បំព្រងរីកស្គុះស្គាយ បានពិតមែន។

ព្រះពុទ្ធបរមគ្រូជាម្ចាស់នៃយើង ព្រះអង្គទ្រង់ត្រាស់សម្ដែងទុកថា ភាវៈនៃចិត្តរបស់បុគ្គលដែលស្លាប់ពីរបស់ចាស់ហើយ ស្លាប់ពីវត្ថុគ្មានខ្លឹមសារហើយ គឺការដឹង ការភ្ញាក់ឡើង ការរីករាយ និងជាសិទ្ធិរបស់មនុស្សគ្រប់គ្នា ដែលបានចូលដល់ភាវៈមួយនេះ។ សូមកុំដេកលក់សង្កត់លើសិទ្ធិនេះទុកឲ្យសោះ សូមតាំងចិត្តឲ្យបានមុតមាំ សូមឆក់យកឱកាស ដែលបានកើតមកជាមនុស្ស ដែលបានកើតមកទាន់ព្រះពុទ្ធសាសនា ដែលបានក្លាយខ្លួនជាពុទ្ធសាសនិក និងបានកើតមកមានសាច់មានឈាមជ័រជាខ្មែរ។ បើសន្មតថា យើងបានកើតនៅប្រទេសអ៊ីរ៉ាក អ៊ីរ៉ងវិញ ក្រនឹងមានឱកាសបានមកអង្គុយស្ដាប់ធម្មទេសនា ឬមកអង្គុយធ្វើសមាធិឡើយ ប៉ុន្ដែយើងមានបុណ្យព្រេងវាស្នាខ្ពស់ណាស់ ដែលបានកើតមកចំប្រទេសជាតិ ដែលអ្នកគោរពរាប់អាន ស្រឡាញ់ព្រះពុទ្ធសាសនាមួយនេះ។

ពាក្យអប់រំរបស់ព្រះពុទ្ធបរមគ្រូនៃយើង ប្រៀបបានដូចជាថ្នាំឱសថរក្សារោគ ព្រះអង្គស្វែងរកឃើញថ្នាំឱសថព្យាបាលរោគ ហើយយកមកដាក់នៅចំពោះមុខយើង ប្រកបទៅដោយព្រះមហាករុណាទិគុណ ប៉ុន្តែព្រះអង្គទ្រង់មិនបង្គាប់បញ្ជា បង្ខិតបង្ខំយើងឲ្យទទួលទានឡើយ នោះជាតួនាទីរបស់យើងម្នាក់ៗ។ តែគួរឲ្យសោកស្ដាយណាស់ថា ពួកយើងជាមនុស្សដែលចូលចិត្តមានក្ដីប្រមាទ ឬរវល់តែអានស្លាក និងទន្ទេញចាំតែគុណសម្បត្តិរបស់ថ្នាំនិងវិធីធ្វើរបស់វា។ អ្នកខ្លះយកដបថ្នាំនេះទៅចងក ចងដៃ ចងចង្កេះទៅវិញ តាមពិតទៅ ថ្នាំជាវត្ថុត្រូវតែទទួលទាន ដើម្បីព្យាបាលរោគ បំបាត់រោគ រក្សាការពាររោគ។ យើងគ្រប់គ្នាមានរោគម្យ៉ាងគឺរោគកិលេស។ ថ្នាំក៏មានរៀបរយស្រេចបាច់អស់ហើយ នៅឡើយតែយើងទាំងអស់គ្នាមិនទាន់បានលេបវាចូលទៅ។ តើហេតុអ្វី បានជាយើងគ្រប់គ្នាមិនទទួលទានវាទៅ? សូមយកពាក្យនេះ មកដាស់តឿនចិត្តខ្លួនឯងឲ្យបានជានិច្ចណ៎ា។

សូមឲ្យពួកយើងមានសេចក្ដីអត់ធ្មត់ខ្ពស់។ ភាពអត់ធ្មត់នេះឯងជាគ្រឿងដុតបំផ្លាញកិលេសដ៏ប្រសើរមួយ នាំគ្នាបែរមុខ ចូលមកធ្វើកម្មដ្ឋាននៅទីនេះបានហើយ តែភាពអត់ធ្មត់មួយនេះ នឹងបានអ្វីគ្រប់យ៉ាង បានផលចំណេញដ៏មហាសាល តែបើមិនបានដូចនោះទេ យ៉ាងហោចណាស់ យើងក៏បានឃើញខ្លួនឯង ស្គាល់ខ្លួនឯងបានច្រើនឡើង ស្គាល់ពីធម្មជាតិចិត្តរបស់ខ្លួនយើងច្រើនឡើង។ ពេលណាយើងបានស្គាល់ពីធម្មជាតិចិត្តរបស់ខ្លួនឯងហើយ យើងក៏រមែងបានស្គាល់ពីធម្មជាតិចិត្តរបស់អ្នកដទៃផងដែរ ព្រោះចិត្តរបស់មនុស្សយើងមានប្រហាក់ប្រហែលគ្នាទាំងអស់ ការយល់ដឹងពីធម្មជាតិចិត្តមួយនេះគឺជាបញ្ញា...”៕

អប់រំដោយ
ព្រះគ្រូ ជយសារោ
ប្រភព៖ Worachak wareewanich

No comments:

Post a Comment