Sunday, April 30, 2017

គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៧៩)




កូនអើយ... ពេលណាដែលឪពុកម្ដាយចូលដល់វ័យចាស់ជរាខ្លាំងឡើង រូបកាយរបស់គាត់រមែងមានជំងឺដង្កាត់មកបៀតបៀនច្រើនឡើង ភាពរឹងមាំ ភាពស្វាហាប់នៃរូបកាយដែលគាត់ធ្លាប់មាន ក៏បានបាត់បង់អស់ទៅ ពូកែឆាប់អាក់អន់តូចចិត្ត ភាពចងចាំដែលមានក៏លែងចងចាំបាន ពូកែភ្លេចពូកែវង្វេង ចិត្តក៏បានបាត់បង់អស់ក្ដីសុខ។

ទុកណាជាពួកអ្នកចាំនឹងយកចិត្តទុកដាក់ មើលថែរក្សាដិតដល់ប៉ុនណាក៏ដោយ ក៏មិនបានជួយអ្វីឲ្យឪពុកម្ដាយរបស់អ្នកមានសេចក្ដីសុខបានពេញលេញដែរ ព្រោះអ្នក ម្នាក់ៗក៏មានតួនាទី ត្រូវទទួលខុសត្រូវ ពួកអ្នកបានត្រឹមតែជួយឲ្យលោកបានសុខ ក្នុងការទទួលទានអាហារបាយទឹកនំចំណីត្រីសាច់ និងការរស់នៅដេកពួន ដែលជាសេចក្ដីសុខតាមរយៈផ្លូវកាយប៉ុណ្ណោះ តែចិត្តរបស់លោករកសេចក្ដីសុខរីករាយសប្បាយបានដោយក្រ។

អ្នកត្រូវចាំទុកថា ការផ្ដល់ឲ្យសេចក្ដីសុខដល់ឪពុកម្ដាយយ៉ាងពិតប្រាកដនុ៎ះ គឺការផ្ដល់ឲ្យនូវធម្មៈ ដោយការអប់រំគោលធម្មៈងាយៗដល់ឪពុកម្ដាយរបស់អ្នក ដឹកនាំលោកទៅធ្វើបុណ្យដាក់ទានជាដើម។ ការអប់រំលោកឲ្យចេះប្រតិបត្តិពុទ្ធបូជា ធម្មបូជា សង្ឃបូជា មានសូត្រធម៌ ចម្រើនភាវនា ផ្សព្វផ្សាយមេត្តាចិត្ត ឲ្យធម្មៈស្ថិតនៅក្នុងចិត្តរបស់លោកឪពុកអ្នកម្ដាយអ្នកគ្រប់ភពជាតិកំណើត អាចចាត់ទុកបានថា ជាការតបស្នងសងគុណដ៏ឧត្តម ដូចនៅក្នុងមង្គលសូត្រព្រះពុទ្ធបរមគ្រូជាម្ចាស់នៃយើង ព្រះអង្គទ្រង់ត្រាស់សម្ដែងទុកថា ការបម្រើនូវមាតាបិតាជាមង្គលដ៏ឧត្តម៕

No comments:

Post a Comment