មានឧបទ្ទវហេតុមួយកើតឡើងក្នុងកណ្ដាលទីក្រុង ដែលជាផែនការមួយត្រូវគេលួចដុតបំផ្លាញមជ្ឈមណ្ឌលពាណិជ្ជកម្មមួយ ដែលមានឈ្មោះដ៏ល្បី ហើយបានឆេះរាលដាលទៅសាខាផ្សេងទៀត ៤កន្លែង អ្នកគ្រប់គ្រងសាខា និងបុគ្គលិកគ្រប់រូបមានការខឹងសម្បា និងសោកស្ដាយខ្លាំងណាស់ តែធ្វើចិត្តមិនឲ្យកើតទុក្ខឡើយ។
ពេលនាយកគ្រប់គ្រងបានជ្រាបបញ្ហារឿងនេះ ក៏និយាយលួងលោមចិត្តកូនចៅថា “មិនថ្វីទេ យើងនៅសល់៣២០សាខាទៀត” និយាយរួចក៏ញញឹម ដោយមិនមានការបង្ហាញឥរយាបថណាមួយកើតទុក្ខក្រៀមក្រំឡើយ ហាងទំនិញ៤ត្រូវបានគេដុតបំផ្លាញ វាមិនមែនជារឿងធម្មតាពិតមែន ប៉ុន្តែសម្រាប់នាយកស៊ីអ៊ីអូម្នាក់នេះ គិតថាជារឿងតូចតាចណាស់ បើប្រៀបធៀបជាមួយសាខាដែលនៅសល់ច្រើនទៀត។
ពេលណាបាត់លុយកាក់ ឬទ្រព្យសម្បត្តិដែលមានទៅ មនុស្សភាគច្រើនកើតទុក្ខ ដល់ភ្លេចអស់រលីងទៅថា ខ្លួនឯងនៅមានទ្រព្យសម្បត្តិជាច្រើនទៀត អាចមានចំនួនរាប់រយលានច្រើនជាងទ្រព្យដែលបានបាត់បង់ទៅនោះ ជំនួសឲ្យការគិតសោកស្ដាយរឿងដែលបាត់ទៅ តែបើយើងងាកបែរមកយកចិត្តទុកដាក់ជាមួយទ្រព្យសម្បត្តិដែលយើងមានវិញ មិនល្អជាងឬ?
អ្នកមានម្នាក់ត្រូវបានគេបោកប្រាស់លុយទៅរាប់រយលាន នាងខូចចិត្តត្រឹមតែពីរបីថ្ងៃ តែក្រោយពីនោះនាងក៏អាចញញឹមចេញមកបាន មិត្តភក្ដិនាងមានមានមន្ទិលសង្ស័យថា មូលហេតុអ្វីបានជាមិនខូចចិត្តចំពោះរឿងនេះ នាងឆ្លើយថា “ខ្ញុំបែរមកគិតថា ក្នុងពេលដែលខ្ញុំនៅមានអាហារឆ្ងាញ់ញ៉ាំ មានផ្ទះនៅដេកស្រួល តើនឹងទៅកើតទុក្ខធ្វើអ្វីទៅ”។ វត្ថុដែលបានបាត់បង់ទៅ ពុំមែនអ្វីដទៃ ក្រៅពីរឿងដែលកន្លងហួសទៅហើយ ហេតុអ្វីយើងត្រូវទៅហួងហែងទាមទារវា ប្រកាន់មាំជាមួយរឿងដែលកន្លងទៅហើយនោះទៀត? វាជារឿងអតីតហើយ ជំនួសនូវការយកចិត្តទុកដាក់
ឬផ្ដល់គុណតម្លៃជាមួយរឿងល្អៗ ដែលយើងនៅមានក្នុងបច្ចុប្បន្ននេះវិញ។
យើងគ្រាន់តែទម្លាក់ចោលនូវអតីតកាល បែរមកឲ្យគុណតម្លៃ ឬសរសើររឿងដែលកំពុងមានក្នុងបច្ចុប្បន្ននេះវិញ យើងនឹងមានសេចក្ដីសុខ មិនមែនជារឿងអ្វីត្រូវពិបាកទេ យើងមានការបាត់បង់អ្វីៗទៅច្រើនប៉ុនណា ក៏មិនសំខាន់ស្មើនឹងយើងមានអ្វីៗក្នុងបច្ចុប្បន្ននេះដែរ បើសិនជាយើងឲ្យភាពសំខាន់ជាមួយរឿងល្អៗដែលមានក្នុងខណៈនេះ យើងនឹងរកឃើញថា សេចក្ដីសុខនៅជុំវិញខ្លួនរបស់យើង។
ត្រង់ចំណុចនេះពុំមែនផ្ដោតទៅលើតែទ្រព្យសម្បត្តិប៉ុណ្ណោះទេ តែរួមទាំងសុខភាពផ្លូវកាយផងដែរ កុនកាក់វ៉ាន់ កើតរោគថាឡាស៊ិកមៀតាំងពីកំណើត ទើបមានរាងកាយក្រិនក្រែះ ឆ្អឹងពុក(ស្រួយ) និងត្រូវប្តូរឈាមជាប្រចាំ ពេទ្យធ្វើការប៉ាន់ស្មានថា នាងនឹងរស់មិនដល់ ២០ឆ្នាំទេ ប៉ុន្តែឥឡូវនេះ នាងមានអាយុជិត៣០ឆ្នាំហើយ ទោះបីជីវិតនាងមិនដូចមនុស្សធម្មតាក៏ដោយ តែនាងជាមនុស្សម្នាក់ ដែលមានសេចក្ដីសុខ។ នាងផ្ដល់ហេតុផលថា “ឈាមយើងអាចនឹងថយចុះ នឹងយ៉ាប់បន្តិច តែយើងក៏មានភ្នែកទុកមើលរឿងស្អាតៗ មានច្រមុះស្រួមក្លិនក្រអូបៗ មានមាត់ទុកញ៉ាំអាហារឆ្ងាញ់ៗ ហើយមានរូបកាយនៅល្មមធ្វើអ្វីបានច្រើនយ៉ាងទៀត ប៉ុណ្ណេះគឺវាគ្រប់គ្រាន់ហើយ សម្រាប់យើងមានសេចក្ដីសុខនោះ។
ជនពិការ មួយចំនួនគេមានសេចក្ដីសុខបាន ព្រោះគេមិនគិតរវល់ខូចចិត្ត ទួញយំសោកជាមួយដៃជើដែលបានបាត់បង់ទៅ (ឬមិនធ្លាប់មាន) ហើយចេះប្រើប្រាស់វត្ថុដែលមាននោះឲ្យកើតជាប្រយោជន៍យ៉ាងពេញលេញ និងមានអវៈយវៈ ឬខួរក្បាល ហើយនឹងចិត្តដែលនៅធ្វើការបានដូចជាមនុស្សធម្មតា។
ស្វាង
ថងឌី អ្នកជិះកង់ដ៏លំបាក ឆ្លងដែន និយាយពីបទពិសោធគ្រាមួយ ដែលបានទៅឡើងជួរភ្នំហិម៉ាឡៃ និងភ្នំអេវើរេសថា គេមានអារម្មណ៍ភ័យខ្លាច ដែលបានឃើញមិត្តរួមដំណើរច្រើននាក់ មានជំងឺមះរែញក្នុងរយៈពេលចុងក្រោយនេះ អ្នកខ្លះក៏ដាច់ដៃដាច់ជើង ប៉ុន្តែពួកគេអាចរុករុលទៅដល់ដែនដីដ៏គ្រោះថ្នាក់មួយនេះបាន សូម្បីតែមនុស្សធម្មតាធ្វើបានដោយលំបាក។ អ្នកជំងឺ និងជនពិការទាំងនោះធ្វើបានយ៉ាងម៉េចទៅ ក្នុងទីបំផុតគេក៏បានរកឃើញចម្លើយថា “ បើគិតនឹងបោះជំហានទៅមុខហើយ ចូរកុំគិតដល់រឿងដែលយើងមិនមាន ឬភាពខ្វះខាតរបស់ខ្លួនឯង តែចូររកមើលថា តើយើងមានអ្វីនៅជាប់ខ្លួនខ្លះ ការធ្វើក្ដីសុបិនឲ្យក្លាយជាការពិតបាននោះ វាអាស្រ័យលើថា តើយើងប្រើប្រាស់វត្ថុដែលយើងមានបានដល់កម្រិតណាប៉ុណ្ណោះ”។
ពេលជួបប្រទះនូវភាពបង់ខាត កុំរវល់តែអង្គុយទួញយំសោកជាមួយវត្ថុដែលបានបាត់បង់ទៅនោះ ព្រោះនោះវាអាចធ្វើឲ្យយើងភ្លេចអស់នូវវត្ថុល្អៗជាច្រើនទៀត ដែលយើងនៅមានសល់ និងវៀរបង់ប្រយោជន៍ដែលបម្រុងទទួលបានពីវត្ថុនោះ បើសិនជាយើងលិចលង់កប់នៅជាមួយភាពសោយសោកខូចចិត្តនោះ យើងអាចលែងទទួលបានផលប្រយោជន៍ពីវត្ថុជាច្រើនយ៉ាងទៀត ។
នោះគឺជាមេរៀនដែលបានបង្រៀនពីការបាត់បង់។ ការបាត់បង់គ្រប់ពេល សុទ្ធតែបានប្រាប់ដល់យើងថា គ្មានអ្វីជាកម្មសិទ្ធិរបស់យើងពិតប្រាកដទេ គ្រប់យ៉ាងកើតឡើងហើយ ក៏រលត់ទៅវិញ មានការព្រាត់ប្រាសគ្នាទៅជារឿងធម្មតា។ ការបាត់បង់ទៅម្ដងៗ ប្រៀបដូចជាភ្លើងសញ្ញាប្រាប់ដាស់តឿនយើងថា នឹងមានការបាត់បង់ដ៏ធំជាងហ្នឹង អាក្រក់ជាងហ្នឹង នឹងកើតឡើងនៅពេលខាងមុខ ដូចនោះ បើយើងធ្វើចិត្តមិនបាន ជាមួយនឹងការបាត់បង់ដែលកើតឡើងពេលនេះទេ តើយើងនឹងទៅតស៊ូទប់ទល់ជាមួយការបាត់បង់ដ៏ធំជាងនោះបានយ៉ាងដូចម្ដេចកើត?
ពិតឬមិនពិតទេថា ថ្ងៃណាមួយ មនុស្សដែលខ្លួនស្រឡាញ់ នឹងត្រូវស្លាប់ទៅ ហើយក្នុងនៅទីបំផុត ខ្លួនឯងក៏ត្រូវចាកចេញពីលោកនេះទៅដែរ បើមិនចង់មានទុក្ខវេទនាធ្ងន់ធ្ងរ ពេលថ្ងៃនោះមកដល់ ក៏ត្រូវត្រៀមចិត្តទុកឲ្យហើយក្នុងខណៈដែលនៅមានពេល។ ការបាត់បង់បន្ដបន្ទាប់កើតឡើងក្នុងជីវិតប្រចាំថ្ងៃ ពុំមែនអ្វីដទៃឡើយ គឺរបៀបហ្វឹកហាត់ដើម្បីឲ្យយើងធ្វើចិត្តឲ្យបាន ត្រៀមលក្ខណៈសម្រាប់ហេតុការណ៍ដ៏ធំក្នុងពេលអនាគត។ យើងគ្រប់គ្នាកើតមកខ្លួនទទេរ ដល់ពេលដែលត្រូវចាកចេញពីលោកនេះទៅក៏ខ្លួនទទេរ អ្វីៗដែលខ្លួនរកបាន ក៏យកទៅមិនបាន សូម្បីតែបន្តិច ក្នុងពេលអ្វីៗត្រូវបាត់បង់ស្រាប់ទៅហើយ បើត្រូវបាត់បង់ក្នុងថ្ងៃនេះ ស្អែកនេះ ឬដល់ពេលនោះ វាក៏មិនខុសគ្នាពីពេលនេះដែរ៕
No comments:
Post a Comment