ក្នុងសម័យ ដែលព្រះពុទ្ធអង្គ ទ្រង់គង់ព្រះធរមាននៅ គង់ក្នុងព្រះជេតវ័ន ជិតក្រុងសាវត្ថី ក្នុងកោលសរដ្ឋ បានមានបុគ្គលម្នាក់ក្នុងជនបទទៅស្ដីដណ្ដឹងធីតារបស់ត្រកូលមួយក្នុងក្រុងសាវត្ថី ឲ្យដល់បុត្តរបស់ខ្លួន យល់ព្រមព្រៀងគ្នាកំណត់ថ្ងៃប្រកបវិធីមង្គលរៀបរយហើយ។
អាជីវកខឹងសម្បាថា មិនសាកសួរខ្លួនមុនសិនទេ កំណត់ថ្ងៃគ្នាស្រេចហើយមកសួរ ទើបពោលថា ថ្ងៃនេះឫក្សមិនល្អទេ កុំធ្វើមង្គលឡើយ បើនៅតែធ្វើ នឹងកើតមហាវិនាស។
ពួកគេក៏នាំគ្នាជឿស្ដាប់ ពេលដល់ថ្ងៃកំណត់ក៏មិនទៅ ព្រោះខ្លាចកើតមហាវិនាស។
ចំណែកឯខាងកូនក្រមុំ ដែលបានរៀបចំគ្រឿងមង្គលការទាំងពួងទុកស្រេច រង់ចាំមិនឃើញភាគីកូនកម្លោះមក ក៏នាំគ្នាខឹងក្រោធ ព្រោះបានយល់ព្រមព្រៀងគ្នាទុក បានទាំងត្រៀមវត្ថុមង្គលការទាំងឡាយទាំងពួងអស់ហើយដែរ ថែមទាំងបាក់មុខមាត់ដល់ភាគីកូនក្រមុំ ទើបបានលើកធីតាឲ្យដល់កូនកម្លោះក្នុងត្រកូលដទៃ ដែលជាបុគ្គលអ្នកសុំជំនួស ប្រកបវិធីមង្គលការ ដែលបានរៀបចំហើយជាស្រេចរៀបរយក្នុងថ្ងៃនោះឯង។
ថ្ងៃស្អែកឡើង ពួកភាគីកូនកម្លោះដែលទៅស្ដីដណ្ដឹងទុកមុន ទើបនាំគ្នាទៅ ក៏ត្រូវភាគីកូនក្រមុំជេរស្ដី បណ្ដេញឲ្យចេញទៅវិញ។ ពួកខាងកូនកម្លោះក៏ជេរតប កើតវិវាទគ្នានិងគ្នាឡើង តែក៏មិនបានកូនក្រមុំមក ព្រោះគេលើកឲ្យអ្នកដទៃបាត់ទៅហើយ ត្រូវនាំគ្នាត្រឡប់មកវិញ។
ដំណឹងអាជីវកនោះ ធ្វើការទោះទាយកើតគ្រោះថ្នាក់ដល់មង្គលប្រាកដ ផ្សព្វទៅពេញនគរ រហូតជ្រាបដល់ពួកភិក្ខុ។
ព្រះពុទ្ធជាម្ចាស់ទ្រង់ជ្រាបពីពួកភិក្ខុ
ក៏បានត្រាស់និទានរឿងក្នុងដំណើរដូចគ្នា ដែលកើត
ព្រោះប្រកាន់ឫក្សពលាខុស ក្នុងអតីតកាលដល់ពួកភិក្ខុទាំងឡាយ
ហើយទ្រង់ត្រាស់ប្រទានឱវាទ ប្រែជាសេចក្ដីថា
“ ប្រយោជន៍ហួសអស់ មនុស្សល្ងង់ បុគ្គលប្រកាន់យកឫក្ស”
ប្រយោជន៍ជាឫក្សរបស់ប្រយោជន៍ តើតារាទាំងឡាយនឹងធ្វើអ្វីបាន?”
តាមព្រះពុទ្ធឱវាទនេះសម្ដែងថា
“ឫក្សល្អនោះ គឺជាប្រយោជន៍ដែលគប្បីបាន
បើបង់ប្រយោជន៍ ក៏ឈ្មោះថាខូចឫក្ស”។
ដូច្នោះ តាមពិត ប្រយោជន៍ទើបជាឫក្សរបស់ប្រយោជន៍ពុំមែនដួងតារាឯណាទេ
ចំណែកការណ៍ដែលមានជំនឿលើដួងតារាទៅដោយការវង្វេង រហូតដល់នាំគ្នាខូចបង់ប្រយោជន៍ផ្សេងៗ
ជួនកាលអ្នកទោះទាយផ្ទាល់ ក៏ត្រូវគេចាប់ទៅដាក់ទោស
នេះឯងហៅថា ឫក្សមិនល្អ ឬថាឫក្សមហាវិនាស។
ព្រះពុទ្ធជាម្ចាស់ទ្រង់បានត្រាស់ទុកក្នុងទីដទៃទៀត ដោយសេចក្ដីថា
“ធ្វើល្អពេលព្រឹក ជាឫក្សល្អពេលព្រឹក
ធ្វើល្អពេលថ្ងៃ ពេលល្ងាច
ជាឫក្សល្អពេលថ្ងៃ ពេលល្ងាច” ជាដើម។
សរុបសេចក្ដីទៅ ខាងព្រះពុទ្ធសាសនាប្រកាន់ថា
“ប្រយោជន៍ជាឫក្សរបស់ប្រយោជន៍ដោយពិត”៕
------------------------------------------
ស្រង់ចេញពីសៀវភៅ
រឿងវិធីសាស្ត្ររបស់ពុទ្ធជាម្ចាស់ (ប្រធានបទ វិធីលាងបាបរបស់ព្រះពុទ្ធ)
និ. ព្រះញាណសំវរ ព.ស ២៥៣២ ទំ.៨០-៨១ (ថៃ)
No comments:
Post a Comment