សត្វកង្កែបដែលយើងបានឃើញតាមផ្លូវក្នុងចំការ ឬកន្លែងដែលមានភាពត្រជាក់សើមជោកពាក់កណ្ដាលអាធ្រាត្រ មើលសើរៗហាក់ដូចជាវាលង់លក់ ព្រោះនឹងនមិនរើបំរះ ប៉ុន្តែភាពជាក់ស្ដែងវាមានការដឹងខ្លួនជានិច្ច បើមានសត្វល្អិតណាហោះហើរក្បែរជិតខ្លួន វា នឹងក្រលាស់អណ្ដាតចាប់សត្វល្អិតចង្រៃនោះ មកដាក់ចូលក្នុងមាត់វាភ្លាម រួចក៏នៅស្ងៀមដូចដើមវិញ មិនបង្ហាញភាពលោតកញ្ឈីងដូចជាសត្វស្វាសូម្បីតែបន្តិច។
សភាពបែបនេះ អាចផ្ទុយពីការយល់របស់មនុស្សច្រើនគ្នា ដែលមើលឃើញថា អ្នកប្រតិបត្តិធម៌ដ៏ល្អ ត្រូវយឺតយ៉ាវ ព្រោះជានិមិត្តសញ្ញានៃការស្ងប់សង្រួម បើធ្វើអ្វីលឿនរហ័សក៏មិនបានល្អ លោកឪឆា សុភត្តោ ក៏ធ្លាប់យល់បែបនេះ ក្នុងសម័យលោកនៅវ័យក្មេង ឃើញព្រះគ្រូ ថងរតន៍ កន្ដសីលោ សិស្សលោកឪប៊ូ ឆាន់បង្ហាន់លឿនពេក ធ្វើអ្វីៗក៏រហ័សទាំងអស់ តែត្រឡប់ជាអប់រំសិស្សគណឲ្យឆាន់យឺត លោកទើបខ្នើសចិត្តណាស់ ប៉ុន្តែក្រោយមកទើបដឹងថា ព្រះគ្រូថងរតន៍នោះជាបុគ្គលដែលនៅដឹងច្បាស់ និងមានសតិគ្រប់ពេលវេលា។
បុគ្គលមានសតិដឹងនោះ ក្នុងពេលធ្វើការងារ ខាងក្រៅមើលទៅរហ័សរហួន មិននៅស្ងៀម តែខាងក្នុងនោះនឹងនស្ងប់ចិត្ត មិនញាប់ញ័រ ក្រៅពីពីគ្មានកង្វល់ជាមួយរឿងដែលនៅមិនទាន់មកដល់ និងដាក់ចុះរឿងដែលវាកន្លងផុតទៅ រក្សាចិត្តមិនឲ្យឡើងចុះតាមអារម្មណ៍ ដែលមកប៉ះទង្គិច ពេលស្រេចកិច្ច ក៏ស្ងប់ទាំងខាងក្នុង និងខាងក្រៅបានប្រកបដោយចិត្តជាសុខ។
មនុស្សសាមញ្ញធម្មតាទូទៅនឹងនបានដោយលំបាក ទុកណាកាយនឹងន តែចិត្តជ្រួលច្រាល ជ្រួលច្របល់ ច្របូកច្របល់ ចុងក្រោយក៏នឹងនបានមិនយូរ ត្រូវចេញទៅរកអ្នកផងនិយាយជាមួយ មើលភាពយន្ត ស្តាប់ចម្រៀង ដើរលេង សេពទទួលអារម្មណ៍ប្លែកៗ ដែលនាំឲ្យដុតរោលចិត្ត យ៉ាងហោចណាស់ ក៏សុំឲ្យមានអ្វីធ្វើម្យ៉ាង កុំឲ្យនៅស្ងៀមក៏បានហើយ។ អាកប្បកិរិយាទាំងនេះមើលហាក់ដូចជា កំពុងស្វែងរកសេចក្ដីសុខ ប៉ុន្តែតាមការពិតគឺការគិចចេញពីសេចក្ដីទុក្ខទៅវិញទេ។
មនុស្សម្នាដែលប្រើប្រាស់ជីវិតនៅជាមួយការដើរលេងត្រេតត្រតសប្បាយៗ ស្វែងរកវត្ថុសេពប្លែកៗ ជារឿយៗ សម្លឹងមើលពីសំបកក្រៅទៅ ហាក់ដូចជាគេមានសេចក្ដីសុខ តែភាពពិត ព្រោះគេត្រូវសេចក្ដីទុក្ខគ្របសង្កត់ទៅវិញទេ ទើបនៅស្ងៀមមិនកើត ចាំបាច់ត្រូវបញ្ចេញប្រព្រឹត្តិកម្មយ៉ាងនោះ។
រឿងដែលគេហៅថា សេចក្ដីសុខនោះ តាមពិតគឺ ផុតពីសេចក្ដីទុក្ខបណ្ដោះអាសន្នប៉ុណ្ណោះ បើនិយាយទៅ សេចក្ដីសុខរបស់មនុស្សភាគច្រើនគឺមានដូច្នោះឯង។ ដោយហេតុនេះ ទីកន្លែងដែលប្រើប្រាស់រួចផុតទុក្ខ យើងទើបហៅថា “បន្ទប់សុខា”។ សព្វថ្ងៃនេះ មនុស្សគ្រាន់តែនៅស្ងៀមក៏កើតទុក្ខបាត់ទៅហើយ សូម្បីតែនៅក្នុងទីកន្លែងដែលមានភាពស្រួលសប្បាយ មានអាហារហូបចុកគ្រប់គ្រាន់ក៏ដោយ។
មូលហេតុដែលបណ្ដាលឲ្យកើតមានដូច្នោះ ក៏ព្រោះធុញទ្រាន់ មានអារម្មណ៍នឿយណាយ មិនពេញចិត្តក្នុរឿងដែលមាន ដែលកើតឡើង នឹងមើលឲ្យជ្រៅបន្តិច នឹងមានកម្លាំងរុញច្រាន ឲ្យត្រូវចេញទៅសេពទទួលយកអារម្មណ៍ប្លែកៗ ឬមានអ្វីដែលខុសពីមុន បើរកមិនបាន ក៏នឹងអន្ទះអន្ទែងចិត្ត ពេលបានប្តូរទី ប្ដូរផ្លូវ ឬរួចពីសភាពដើម ទើបទទួលអារម្មណ៍ជាសុខ ប៉ុន្តែតាមការពិតទៅ វាគ្រាន់ត្រឹមតែការបន្ធូរបន្ថយ ធូរស្រាលពីសេចក្ដីទុក្ខនោះប៉ុណ្ណោះ មិនខុសអីពីមនុស្សដែលអង្គុយ ឬនៅក្នុងឥរិយាបថណាយូរ ច្បាស់ជាមានឫកពារប្ដូរផ្លាស់ ដែលខ្លួនគិតថាសប្បាយបំផុតហើយ តែមិនយូរទេ ក៏មានអារម្មណ៍ធុញទ្រាន់ ធ្វើឲ្យមានការផ្លាស់ប្តូរឥរិយាបថ ពេលបានផ្លាស់ប្តូរឥរិយាបថសមចិត្តហើយ ក៏មានអារម្មណ៍សុខស្រួលសប្បាយ តែបើមើលទៅឲ្យកាន់តែច្បាស់ វាកើតមានព្រោះតែភាពឈឺចាប់រៀងធូរស្រាលទៅវិញទេ។
យ៉ាងណាក៏ដោយ ភាពឈឺចាប់នឹងកើតមានក្នុងគ្រាបណ្ដោះអាសន្នប៉ុណ្ណោះ បើសិនផ្លាស់ប្តូរឥរិយាបថហើយ នៅក្នុងឥរិយាបថនោះយូរ វាក៏ត្រឡប់មករកឥរិយានោះទៀត ក៏ត្រូវផ្លាស់ប្ដូរឥរិយាបថនោះទៀត កើតមានដូច្នេះជារឿយៗទៅ មែនឬមិនមែនថា ការស្វែងរកសេចក្ដីសុខរបស់មនុស្សផងទាំងឡាយក៏ដូចគ្នាគឺ ជាការគេចចេញពីទុក្ខមកដើម្បីជួបទុក្ខទៀត រួចហើយក៏ត្រូវគេចបន្ត សូម្បីតែការសេពអារម្មណ៍ដែលគួរជាទីពេញចិត្ត បានគ្រប់គ្រងវត្ថុដែលបានសមតាមប្រាថ្នា តែមិនយូរមិនឆាប់ ក៏នឹងមានអារម្មណ៍នឿយណាយធុញទ្រាន់ កើតកម្លាំងរុញច្រានចេញពីខាងក្នុងឲ្យនៅស្ងៀមមិនបាន ត្រូវខ្វល់ខ្វាយចិត្តទៅរកអារម្មណ៍ ឬវត្ថុសេពប្លែកថ្មីៗ គ្រាន់តែដើម្បីជួបជាមួយសេចក្ដីនឿយណាយធុញទ្រាន់ទៀត រួចហើយក៏ត្រូវរើបំរះចេញទៅស្វែងរកវត្ថុថ្មីៗ ដោយមិនចេះចប់។
ជីវិតដែលគិតចេញពីទុក្ខ រមែងជាជីវិតដែលរកសេចក្ដីសុខបានដោយលំបាក ព្រោះក្រៅពីនឹងធុញទ្រាន់នឿយណាយជាមួយការស្វែងរកផ្លូវគេចចេញពីទុក្ខហើយ ថែមទាំងត្រូវគេចចេញពីទុក្ខដោយមិនចេះឈប់ឈរ ទាល់តែស្លាប់។ មិនល្អជាងឬ? ប្រសិនបើយើងងាកមកប្រឈមមុខជាមួយទុក្ខ បែរមកទប់ទល់ជាមួយកម្លាំងរុញច្រានពីខាងក្នុង ដែលវាធ្វើឲ្យយើងត្រូវរើបំរះមិនឈប់មិនឈរ ជាពិសេសភាពធុញទ្រាន់ ភាពជ្រួលច្រាល ភាពច្របុកច្របល់ រួមទាំងភាពចង់បានល្អទាំងឡាយ។
សាកល្បងត្រឡប់បែរមកមើលចិត្តខ្លួនឯងវិញ និងដឹងទាន់អាការៈផ្សេងៗដែលកំពុងកើតឡើង ឃើញវាប្រកបដោយចិត្តជាឧបេក្ខា មិនរុញមិនច្រាន មិនសង្កត់សង្កិន
មិនទប់ស្កាត់
ក៏នឹងជួបថា អារម្មណ៍ទាំងនេះប្រៀបដូចជាក្រសែវាយោ
មកហើយក៏កន្លងផុតទៅ ទីបំផុតយើងក៏បានជួបជាមួយសេចក្ដីស្ងប់ត្រង់ចិត្ត ដែលអាចនាំសេចក្ដីសុខមកចិញ្ចឹមចិត្តរបស់យើងបាន ដោយមិនចាំបាច់ ទៅស្វះស្វែងរកសេចក្ដីសុខពីវត្ថុដទៃណាទាំងអស់។
អ្នកប្រាជ្ញចិន ជួងជឺ ក្នុងសម័យកាល ២,៣០០ឆ្នាំកន្លងផុតទៅ និយាយថា មានបុរសម្នាក់ ធុញធប់នឹងស្រមោលខ្លួនឯងណាស់ ថែមទ្រាំធន់នឹងស្នាមជើងរបស់ខ្លួនឯងមិនបានទៀត គេទើបព្យាយាមរត់គេចពីរឿងទាំងពីរនេះ តែមិនថារត់គេចទៅទីណា ស្រមោល និងស្នាមជើងក៏នៅតែជាប់តាមគេដដែល។ គេគិតថា គេរត់គេចមានល្បឿនយឺតនៅឡើយ ទើបខំប្រឹងបន្ថែមល្បឿនឡើងមិនឈប់ រត់ហើយរត់ទៀត ក្នុងទីបំផុតក៏អស់កម្លាំងដួលប្រូស រួចហើយក៏ស្លាប់ទៅ។ ហើយ ជួងជឺវាយតម្លៃថា “គេរកមិនឃើញទេថា បើសិនត្រឹមតែគេចូលម្លប់ ស្រមោលក៏នឹងរលាយបាត់ទៅ ចុះបើគេអង្គុយនៅស្ងៀមៗទៅ ក៏នឹងមានដានជឿងមកពីទីណា”។
មនុស្សក្នុងពេលបច្ចុប្បន្ននេះ មិនខុសពីបុរសគេចពីស្រមោល និងដានជើងឡើយ ពួកគេព្យាយាមធ្វើគ្រប់យ៉ាងដើម្បីគេចចេញពីសេចក្ដីទុក្ខ ដោយគិតថា ជាសេចក្ដីសុខ តែទុក្ខក៏នៅតែតាមមក មិនចេះឈប់។ ពួកគេរកមិនឃើញទេថា សេចក្ដីទុក្ខនឹងអស់ទៅ ពេលណាពួកគេងាកបែរមុខចូលរកម្លប់ព្រះធម៌ និងធ្វើចិត្តឲ្យស្ងប់រម្ងប់ ដល់ទីបំផុតទៅ អ្នកណានឹងមានសេចក្ដីសុខ ឬមិនមានសេចក្ដីសុខ មិនអាស្រ័យត្រង់ថា ពួកគេចេញទៅដួសដង ស្វែងរកទ្រព្យសម្បត្តិ និងកិត្តិយសកេរ្ដិ៍ឈ្មោះ បានជោគជ័យ ឬបរាជ័យទេ តែវាអាស្រ័យត្រង់ពួកគេមានសេចក្ដីស្ងប់បានច្រើនតិចប៉ុនណាទៅវិញទេ។
------------------------------------------------------------------------
អត្ថបទ៖
ព្រះមហាវិសាលោក
ប្រភព៖ Joyful Life & Peaceful
Death ឬទស្សនាវដ្ដី Secret
No comments:
Post a Comment