សំនួរៈ
តើហេតុអ្វីយើង បង្គាប់ចិត្តខ្លួនឯងពិបាកម្លេះ ចង់នៅទំនេរ តែនៅតែគិត
ចង់រក្សាសីលប្រាំឲ្យបានគ្រប់ តែក៏មានហេតុផលមកពិសោធន៍ជានិច្ច រឿងងាយស្រួល
ដែលចង់ធ្វើឲ្យបានរាល់ថ្ងៃ គឺសូត្រធម៌ថ្វាយបង្គំព្រះរតនត្រ័យ មានព្រះពុទ្ធជាដើម
តែក៏ធ្វើមិនបានសម្រេច សរបញ្ជាក់ឲ្យឃើញថា ចិត្តយើងកំពុងចាញ់កិលេសមែនទេ? ផ្ទុយទៅវិញយើងធ្វើបានដោយលំបាកណាស់
ចង់ឲ្យចិត្តទៅជាយ៉ាងនេះ ធ្វើយ៉ាងនោះ តែធ្វើមិនបានសោះ តើមានវិធីអ្វីខ្លះទេ
ដែលអាចធ្វើឲ្យចិត្តយើងឈប់រឹងរុស?
ម្ចាស់គណនីហ្វេសប៊ូកធនាគារសុភមង្គល
(Happiness Bank) ឆ្លើយតបនឹងបញ្ហាខាងលើនេះថា៖
ប្រសិនបើវាងាយៗដល់ម្លឹងនុ៎ះ
ម្លេះពិភពលោកនេះ មានសុទ្ធតែមនុស្សមានសីលធម៌អស់បាត់ទៅហើយ
តែតាមការពិតយើងបានឃើញទស្សនីយភាពនេះស្រាប់ហើយមិនអ៊ីចឹង ព្រោះការកំចាត់ចោលកិលេស
ប្រៀបដូចជាអ៊ុំទូកបញ្រ្ចាសទឹកហូរដូច្នោះដែរ ត្រង់នឿយហត់ និងមិនសូវមានអ្នកណាចង់ធ្វើ
តែត្រូវតែធ្វើ បើមិនធ្វើ ក៏ត្រូវក្រសែលោកនេះបក់បោកយកទៅបាត់ហើយ។
ព្រះពុទ្ធជាម្ចាស់ព្រះអង្គទ្រង់ត្រាស់ថា
អំពើល្អ មនុស្សល្អធ្វើបានដោយងាយ មនុស្សអាក្រក់ធ្វើបានដោយលំបាក តែអំពើអាក្រក់ណ៎ា
មនុស្សអាក្រក់ធ្វើបានដោយងាយ មនុស្សល្អធ្វើបានដោយលំបាក។
សម្រាប់អ្នកថ្មី
មិនទាន់ថ្នឹក ក៏មានអារម្មណ៍ពិបាកជាធម្មតាក្នុងរយៈពេលដំបូង តែបើធ្វើទៅដល់ថ្នឹក
យើងក៏មានអារម្មណ៍ថា វាងាយឡើង រឿងពិបាកក៏ថយចុះ ព្រោះតែភាពស៊ាំ វាក៏នឹងផ្លាស់ប្ដូរពីហូរតាមបណ្ដោយក្រសែទឹក
ទៅជាបញ្ច្រាសក្រសែទឹកវិញបាន។
យើងម្នាក់ៗសុទ្ធតែធ្លាប់ជិះទូកដែលប្រើកម្លាំងមនុស្សអ៊ុំ
គេអ៊ុំបណ្ដើរ ជើងគេបង្គាប់ក្រសៃទូកបណ្ដើរ មើលហើយជាវិធីសាស្ត្រដែលត្រូវប្រើភាពជំនាញណាស់
ឲ្យយើងទៅអ៊ុំវិញ ប្រហែលជាមិនងាយ ប៉ុន្តែបើយើងហ្វឹកហាត់ មានពេលហ្វឹកហាត់ អាចប្រើពេលមួយសប្ដាហ៍
យើងអាចនឹងអ៊ុំវាបាន ហ្វឹកហាត់រហូតដល់មួយខែ ប្រហែលជាជំនាញ
និងជំនាញខ្លាំងឡើងរើយៗតាមកាលវេលាដែលបានហ្វឹកហាត់នោះៗ។
ភាពជំនាញដែលនិយាយមកខាងលើ
មកព្រមជាមួយនឹងភាពស៊ាំដែលនឹងធ្វើអ្វីម្យ៉ាង ភាពស៊ាំដែលនឹងធ្វើរឿងល្អហ្នឹងឯង
លោកហៅថា “បារមី” ។ បារមីជារឿងដែលមានថាមពលបាន
ព្រោះវាអាចអភិវឌ្ឍពីអាសវៈ គឺភាពស៊ាំដែលបានហូរតាមក្រសែល័ក្ខរបស់លោក។
មច្ឆាដែលហែរបញ្ច្រាសក្រសែទឹកបាន
ទើបជាមច្ឆាដែលរឹងមាំ ដោយមិនចាំបាច់មានអ្នកណាបង្គាប់បញ្ជា ឬមានអ្នកធ្វើឲ្យ។
ព្យាយាមចាប់ផ្ដើមពីរឿងតូចៗ
សិន ដូចជា សុំត្រឹមប្រាំនាទីជារៀងរាល់ថ្ងៃ ក្នុងការចាប់ផ្ដើមអង្គុយសមាធិ សូត្រធម៌ថ្វាយបង្គំព្រះរតនត្រ័យ
ឬដើរចង្ក្រម តែធ្វើរហូតដល់ទម្លាប់ ដល់អារម្មណ៍ដែលអាចធ្វើបាន
ក៏ចង់ធ្វើបង្កើនពេលខ្លួនឯង កុំទៅចាប់ផ្ដើមដោយការធ្វើមួយថ្ងៃមួយម៉ោងឡើយ ព្រោះវានឹងធ្វើឲ្យយើងកើតមានជំងឺធុញទ្រាន់
សម្រាប់អ្នកថ្មីថ្មោងដែលមិនទាន់ស៊ាំ ពេលណាធ្វើមិនបានហើយ អារម្មណ៍ល្អៗដែលចង់ធ្វើ
វានឹងរលាយបាត់អស់ទៅវិញ។
ការភាវនា
ឬប្រតិបត្តិធម៌ត្រូវធ្វើប្រកបទៅដោយសេចក្ដីសុខ លោកថា
ការចម្រើនភាវនាជាកិច្ចការប្រណិតដូចជាកិច្ចការសិល្បះដែរ ត្រូវរៀនធ្វើសន្សឹមៗ យើងបង្គាប់ចិត្តឲ្យស្រួល
ដូចជាចិត្ត ក្នុងបណ្ដាលឲ្យមិនបានទេ បើបង្គាប់វាបាន បង្គាប់ចិត្តនោះឲ្យសម្រេចព្រះអរហត្តផលជាព្រះអរហន្ដទៅយូរបាត់ហើយ។
ព្រោះអ្វី? ព្រោះចិត្តជាអនត្តតា
មិនមែនជាអត្តា ចិត្តមិនមែនជាតួខ្លួន យើងត្រូវបង្គាប់បញ្ជាឲ្យទៅជាយ៉ាងនេះ យ៉ាងនោះ
តាមសេចក្ដីប្រាថ្នាចង់បានចូលចិត្តរបស់យើងមិនបានឡើយ
ប៉ុន្តែទុកណាជាបង្គាប់បញ្ជាចិត្តមិនបានក៏ដោយ ចិត្តក៏អាចហ្វឹកហាត់ដំពត់លុតដំបាន
អភិវឌ្ឍឡើងបានដោយសតិ ដូចអ្វីដែលបានប្រាប់ខាងលើ
ឲ្យព្យាយាមហ្វឹកហាត់បន្ដិចម្ដងៗជារៀងរាល់ថ្ងៃឲ្យបានសិន។
ពេលចាប់ផ្ដើមអនុវត្តលើកិច្ចការនេះ
មិនថាអ្វីក៏ដោយ កុំធ្វើដើម្បីយកអ្វីឡើយ ឲ្យដាក់ចិត្តថា
យើងធ្វើដើម្បីបូជាដល់ព្រះពុទ្ធជាម្ចាស់ បូជាចំពោះឪពុកម្ដាយ គ្រូឧបជ្ឈាយាចារ្យយើង
យកប្រការនេះជាឆន្ទៈជាតួនាំ កុំយកតួលោភៈជាតួនាំឲ្យសោះ។
បើនឹងសូធ្យធម៌ថ្វាយបង្គំព្រះ
ក៏សូធ្យដោយមានសតិ មិនមែនថា ទទ្ទេញសូធ្យឲ្យចប់ៗទៅទេ
សូធ្យប្រកបដោយចិត្តតាំងក្នុងបទសូធ្យគ្រប់ពាក្យ គ្រប់ឃ្លា គ្រប់ប្រយោគក៏ដឹង
ចិត្តមានផាសុកភាពក៏ដឹង ចិត្តច្រួលច្រាលក៏ដឹង។ ពេលធ្វើបានហើយ នៅទីណាក៏អាចធ្វើបាន
ជិះទូកក្ដី ជិះឡានក្ដី ជិះយន្តហោះក្ដី និងជិះរថភ្លើងក្ដី ក៏អាចធ្វើកិច្ចកម្មនេះបានដែរ មិនលំបាកឡើយ
គឺធ្វើទុកក្នុងចិត្តយើងហ្នឹងឯង។
បើដើរចង្រ្កមក៏ដើរដោយសតិ
ចាំមានសតិដឹងដល់រូបកាយដែលកំពុងដើរ ប្រែថា ពេលណាដែលមានការដើរ ប្រកបដោយសតិ ដឹងខ្លួន
ឃើញរូបកាយកំពុងដើរ មានចិត្តជាអ្នកដឹង មានចិត្តជាអ្នកមើល នោះគឺជាការដើរចង្រ្កមភាវនាហើយ។
ចំណែកសមាធិនេះវិញ
យើងត្រូវប្រុងប្រយ័ត្នបន្តិច មនុស្សភាគច្រើន ហ្វឹកហាត់សមាធិធ្ងន់ ឬបែបបែកធ្វេង ទៅសាកល្បងសង្កេតមើលថា
ធ្វើសមាធិចេញមកហើយ ចិត្តធ្ងន់ ឬស្រាល ចិត្តទន់ភ្លន់ រវាសរវៃរហ័សរហួនគួរដល់ធ្វើកិច្ចកម្ម
ឬធ្ងន់ក្ដុកៗ។
បើធ្វើសមាធិហើយ
ចិត្តធ្ងន់ ណែន ក្រាស
ដល់ថ្នាក់នឹងនក៏ដោយ ក៏ជាមិច្ឆាសមាធិ
ឲ្យសាកល្បងកែតម្រូវដោយធ្វើសមាធិក្នុងជីវិតប្រចាំថ្ងៃជំនួសវិញ ដូចជា ពេលណាដែលចិត្តផ្ដោតអារម្មណ៍លើអ្វីម្យ៉ាង
ដោយជាប់មិនដាច់ ហើយចិត្តមានសេចក្ដីសុខជាមួយអ្វីនោះ ហ្នឹងឯងសមាធិនឹងកើតមានឡើង។
ចិត្តប្រព្រឹត្តទៅយ៉ាងណា ដឹងថាយ៉ាងនោះ ល័ក្ខគោលការមានប៉ុណ្ណេះឯង៕
ចិត្តប្រព្រឹត្តទៅយ៉ាងណា ដឹងថាយ៉ាងនោះ ល័ក្ខគោលការមានប៉ុណ្ណេះឯង៕
No comments:
Post a Comment