Monday, May 22, 2017

៣ជំហាន កាត់ចិត្តពីស្នេហ៍ចាស់ បានផលគាប់ប្រសើរ


ស្នេហាចាស់ ទុកណាជាកន្លងផុតទៅ ក្លាយជារឿងអតីកាលក៏ដោយ វាក៏អាចធ្វើឲ្យចិត្តបេះដូងទន់ជ្រាយ ឬវាធ្វើឲ្យយើងស្រក់ទឹកភ្នែកបាន ទាំងដឹងហើយថា ការលិចកប់នៅតែជាមួយរឿងរ៉ាវដែលវាកន្លងផុតទៅ វាមិនអាចជួយអ្វីឲ្យប្រសើរឡើងបានទេ ប៉ុន្តែយើងនៅតែទាញខ្លួនឯងឲ្យចេញពីអន្លងទុក្ខនេះមិនបានដដែល ព្រោះតែហេតុនេះ គោលគំនិតល្អដើម្បីជីវិត ទើបនាំយកវិធីសាស្ត្រសម្រាប់ កាត់ចិត្តពីស្នេហ៍ចាស់ បានផលគាប់ប្រសើរ ហើយចង់ខ្សិបប្រាប់ថា ទាំង៣ជំហាននេះបានផលណាស់ សម្រាប់អ្នកណាដែលទើបនឹងបែកបាក់គ្នាថ្មីៗ។


ជំហានទី១ យំចេញមកឲ្យអស់ៈ អ្នកមិនចាំបាច់ទៅបង្ខំចិត្តខ្លួនឯង ដោយការធ្វើខ្លួនជាមនុស្សរឹងប៉ឹង ដើម្បីបិទបាំងក្រសែភ្នែកអ្នកផង ឲ្យគេមើលមកអ្នកថា ជាមនុស្សរឹងប៉ឹងដល់ថ្នាក់នោះពេកទេ យើងក៏នៅតែជាមនុស្សមានអារម្មណ៍ចេះឈឺចាប់ ចេះទួញយំ ចេះសោកសៅ។ ដូច្នោះ អ្នកត្រូវតែយំចេញមកឲ្យអស់ នឹងបន្ទោសជោគជតាវាសនារបស់ខ្លួន នឹងសាកសួរអ្វីដែលមានការទាក់ទងកន្លងមក ឬនឹងចាប់ផ្ដើមបន្ត រង់ចាំសុំឱកាសជានាជាមួយគ្នាម្ដងទៀត ក៏ធ្វើបានតាមសប្បាយ។

ពេលណាអ្នកទួចយំសោកដល់ចំណុចមួយហើយ អ្នកនឹងដឹងខ្លួនឯងដោយស្វ័យប្រវត្តិថា រឿងដែលអ្នកកំពុងគិតរវើរវាយ ក្រវល់ក្រវាយ ត្រម៉ងត្រមោច កណ្ដោចកណ្ដែង រែងចំបែងចិត្ត អស់ជាច្រើនថ្ងៃមកនោះ វាគ្មានបានអ្វីមកទេ មានតែធ្វើឲ្យសភាពរូបកាយទ្រុឌទ្រោម ចិត្តគ្មានកម្លាំងប៉ុណ្ណោះ ដល់ពេលនោះ អ្នកត្រូវបញ្ឈប់ និងជូតទឹកភ្នែកឲ្យស្ងួតបានហើយ។

ជំហានទី៣ ព្រមទទួលយកការពិតៈ ការព្យាយាមឈប់គិត នឹកដល់ស្នេហ៍ចាស់ ដោយរករឿងអ្វីមួយមកជំនួសវិញ ដូចជា រកអ្នកថ្មីមកជំនួសអ្នកចាស់ ឬធ្វើសកម្មភាពផ្សេងៗមកជំនួស ដើម្បីកុំឲ្យខ្លួនឯងទំនេរ នាំឲ្យចិត្តគិតដល់រឿងនោះ វាមិនមែនជាមធ្យោយបាយដ៏ល្អទេ បើថ្ងៃណាមួយរឿងរ៉ាវ ឬហេតុការណាមួយមកដាស់ភ្ញោចភាពចង់ចាំក្នុងអតីតកាលរបស់យើង អារម្មណ៍ដើមនោះក៏ត្រឡប់ជាកើតឡើងមកដូចដើម បើតាមពិតទៅ អារម្មណ៍របស់យើងមិនបានបាត់បង់ទៅណាឡើយ អារម្មណ៍នោះគ្រាន់តែយើងសង្កត់ទុក ឬលាក់ទុកវាបានបណ្ដោះអាសន្នប៉ុណ្ណោះ។

មធ្យោយបាយដោះស្រាយដ៏ល្អបំផុត គឺព្រមហ៊ានទទួលយកការពិតនោះឲ្យបាន ស្នេហារបស់យើងបានកន្លងផុតទៅហើយ រឿងណាដែលធ្លាប់ធ្វើបាបចិត្តយើង ក៏សូមទម្លាក់វាចោលទៅ រើសប្រមូលរឿងណាដែលល្អៗដែលទាក់ទងជាមួយរឿងអតីតកាល វាក៏មិនអាចធ្វើឲ្យចិត្តយើងទន់ជ្រាយបានដូចមុនដែរ។

ជំហានទី៣ បែរមកស្រឡាញ់ខ្លួនឯងវិញៈ ក្នុងពេលដែលធ្លាប់មានអ្នកស្រឡាញ់ រូបអ្នកបានបាត់បង់ម្ចាស់ការលើខ្លួនឯងអស់ទៅយូរប៉ុនណា មានរឿងណាដែលអ្នកចង់ធ្វើ តែគ្មានឱកាសបានធ្វើប្រើឱកាសនេះទៅទាមទារវាត្រឡប់មកវិញទាំងអស់។

ចាប់ផ្ដើមចេញទៅខាងក្រៅផ្ទះ ទៅស្រូបយកខ្យល់អាកាសដ៏បរិសុទ្ធនៅពេលព្រឹកព្រហាម ញ៉ាំអាហារដែលខ្លួនចូលចិត្ត មានប្រយោជន៍ ជួបជុំមិត្តភក្ដិដែលបានបែកគ្នាយូរមកហើយ ចូលរួមធ្វើសកម្មភាពផ្សេងៗ ចូលវគ្គធ្វើសមាធិ រៀនហាត់គុនការពារខ្លួន ដើរលេងលំហែកាយ ជួយកសាងសមិទ្ធផលនានាៗទុកសម្រាប់សាធារណៈ ចូលវត្តប្រតិបត្តិធម៌ដើម្បីអប់រំចិត្តខ្លួន ឬបើអ្នកណាចង់ចាប់ឱកាសនេះផ្លាស់ប្តូរមើលថែខ្លួនឯងក៏បាន សាករុះរើឈុតចាស់ៗក្នុងទូចេញមកចែកឲ្យគេឯង ហើយទៅទិញសម្លៀកបំពាក់ថ្មីៗមកដាក់វិញ ចូលស្ប៉ា លាបថ្នាំក្រចក ធ្វើសក់ តុបតែងពណ៌លោមឆោមខ្លួនឯងឲ្យស្អាតខ្ញង់លោមើល។

គោលគំនិតល្អដើម្បីជីវិត មិនអាចប្រាប់បានទេថា តើត្រូវចំណាយពេលយូរប៉ុនណា ទើបអាចរួចផុតពីស្រមោលអតីតកាលមួយនេះ បានសម្រេចទេ? មានអ្នកខ្លះអាចចំណាយពេលវេលាឆាប់បំផុតត្រឹមតែ៣ថ្ងៃ អ្នកខ្លះអាចចំណាយពេលមួយខែ ឬអ្នកខ្លះទៀតអាចចំណាយពេលធ្វើចិត្តអស់រយៈពេលមួយឆ្នាំ តែទោះជាយ៉ាងនេះក្តី គោលគំនិតល្អដើម្បីជីវិត មានជំនឿថា មនុស្សគ្រប់គ្នាអាចធ្វើបានសូមចូលរួមធ្វើជាកម្លាំងចិត្តជាមួយផងណា!៕

No comments:

Post a Comment