ក្នុងលោកនេះ ប្រហែលជាគ្មានអ្នកណាមួយ មិនធ្លាប់ខុសទេមើលទៅ បើសិនអ្នកណាមួយ ធ្លាប់ធ្វើឲ្យកើតមានកំហុសម្ដងហើយម្ដងទៀត ហើយចង់មានបំណងចាប់ផ្ដើមជីវិតសាជាថ្មី ចង់គេចចេញពីគន្លងវិថីចាស់ តែគ្មានកម្លាំងរុញច្រានខ្លួនឯង ឲ្យចេញផុតពីគន្លងចាស់នោះ គោលគំនិតល្អដើម្បីជីវិត សូមណែនាំគោលគំនិតក្នុងបំលាស់ប្ដូរជីវិតរបស់អ្នកបាន ដូចខាងក្រោមនេះ៖
១) សាកបិទភ្នែករកនឹករឿងក្នុងអតីតកាល ដែលវាកន្លងផុតទៅ អស់ពេលមួយឆ្នាំមកហើយថា តើវាចំណេញឬក៏ខាត សាកថ្លឹងថ្លែងលោមើលថា ខាងណាធ្ងន់ជាងខាងណា? ការបិទភ្នែករំលឹកដល់ខ្សែជីវិតបែបនេះជាប្រចាំរាល់ថ្ងៃ ពុំមែនព្រោះតែចូលឆ្នាំថ្មី នឹងធ្វើឲ្យអ្នក អាចផ្លាស់ប្តូរកែលំអជីវិតបានដោយគ្មានការលំបាកទេ។ ការណ៍ដែលមិនធ្លាប់អង្គុយបិទភ្នែកសញ្ចឹងគិតនឹកដល់អតីតកាល គិតតែសម្លឹងរំពៃនឹកតែអនាគត វានឹងធ្វើឲ្យអ្នកជួបប្រទះជាមួយបញ្ហាបានងាយ ទាំងរឿងខ្លះមិនសមគួរនឹងកើតមានឡើងក៏កើតមានឡើង ព្រោះតែអារម្មណ៍ដែលបានលាក់បាំងទុក បញ្ហាឧបសគ្គតូចមួយ ពេលកើតឡើងរឿងដដែលៗ ប្រមូលមូលផ្ដុំផ្សំផ្គុំគ្នាក្លាយជារឿងធំ ដូច្នោះសូមឲ្យរកពេលអង្គុយបិទភ្នែកទាំងទ្វេ រំលឹកនឹកដល់អតីតកាលឲ្យបានរាល់ថ្ងៃ ពេលព្រឹក៣នាទី ពេលថ្ងៃត្រង់៣នាទី និងមុនពេលចូលដេក៣នាទី។
២) រៀនហាត់អានសៀវភៅដែលមានពាក្យអប់រំល្អៗ ត្រូវចិត្ត មានប្រយោគខ្លីៗ មានអត្ថន័យចាក់ចំដួងចិត្ត រំលឹកសាចុះសាឡើង ធ្វើការវិភាគ ធ្វើវិនិច្ឆ័យលើអត្ថន័យ រក្សាទុកសៀវភៅមួយក្បាលនេះនៅក្បែរខ្លួន ទុកជាប់តាមខ្លួន ទុកលើក្បាលគ្រែដេក អានហើយអានទៀតមុនដេក ដើម្បីឲ្យពាក្យអប់រំទូន្មាន ពាក្យស្លោកពាក្យជ្រៅត្រូវចិត្តទាំងនោះ ធ្វើជាល័ក្ខគោលជីវិតរបស់អ្នក ក្នុងពេលអ្នកដេកលង់លក់ទៅ។ ប្រការនេះមានសារៈសំខាន់ណាស់ ពីព្រោះវាជាហេតុធ្វើឲ្យអ្នកមានជំនួយការឲ្យកើតមានសតិស្មារតីបានលឿនឆាប់ ក្នុងខណៈដែលចិត្តខ្វល់ខ្វាយ មានបញ្ហាស្មុគស្មាញ ដោះស្រាយមិនចេញ ប៉ុន្តែយើងនៅមានពាក្យស្លោកទាំងនេះជួយដាស់តឿនកើនរំលឹកចិត្តយើងបានជានិច្ច។
៣) រៀនហាត់គិតដល់មនុស្សដែលមានជីវភាពលំបាកជាងយើង យកមកប្រៀបធៀបគ្នា ដើម្បីឲ្យកើតកម្លាំងបណ្ដាលចិត្ត និងមានមោទនភាពចំពោះខ្លួនឯងថា យើងជាមនុស្សម្នាក់ដែលមានសំណាងល្អប៉ុនណាទៅ ដែលមានជីវិតមកដល់ថ្ងៃនេះ ដើម្បីកុំឲ្យកើតចិត្តថ្នាំងថ្នាក់ អាក់អន់ស្រពន់ចិត្ត តូចចិត្តតូចថ្លើម កើតទុក្ខបានងាយ កើតសុខបានលំបាក បើអ្នកយកខ្លួនទៅប្រៀបធៀបជាមួយអ្នកដែលគេល្អជាងគ្រប់ពេល អ្នកនឹងជួបភាពកង្វះខាត មិនមានមោទនភាពក្នុងជីវិតខ្លួនឯងឡើយ។
គោលគំនិតទាំងបីប្រការនេះ នឹងបានជាគោលគំនិតក្នុងការផ្លាស់ប្តូរជីវិតដ៏ធំ ធ្វើឲ្យដូចជាផែនដីដ៏មានជីវជាតិ ដកដើមឈើគឺកិលេស ភាពខ្ជិលច្រអូសចេញ ជំរះជីវិតគ្មានគោលដៅចេញ រួចហើយបែរមកសាងគោលដៅដ៏ល្អឲ្យដល់ជីវិត មានក្ដីសង្ឃឹមដ៏ធំមហិមា៕
No comments:
Post a Comment