Wednesday, June 7, 2017

អវិជ្ជមានលើអវិជ្ជមាន អត្ថបទសម្រាប់មនុស្សចូលចិត្តគិតពីភាពអវិជ្ជមាន



អវិជ្ជមានលើអវិជ្ជមាន ជាជំនឿមួយដែលបែកសាយចូលក្នុងក្រុមមនុស្សមួយចំនួនតូច ដូចគ្នាទៅនឹង វិជ្ជមានលើវិជ្ជមាន ដែរ។ ជំនឿដូចដែលបានពោលមកខាងលើ មានមូលន័យតិចតូចណាស់ បើថា អវិជ្ជមាន ពាក្យដំបូងនោះមានន័យថា ជាអារម្មណ៍អវិជ្ជមាន ដូចជា ខឹងក្រោធ ស្អប់  ការភ័យខ្លាច  និងមានមន្ទិលសង្ស័យ ជាដើម។

មានកម្មវិធីស្រាវជ្រាវជាច្រើនបានចង្អុលបង្ហាញថា អារម្មណ៍អវិជ្ជមាននោះ ធ្វើឲ្យមានការឈឺចាប់បានដោយងាយឡើង ដូចជា កាលពីឆ្នាំទៅ មានការសិក្សាស្រាវជ្រាវរកឃើញថា ការក្រោធខឹងយ៉ាងខ្លាំង ធ្វើឲ្យមានឱកាសនឹងកើតជំងឺគាំងបេះដូងក្នុងពីរម៉ោង បន្ដថែមទៅជា ៨.៤ ម៉ោងត្រឹម។ អ្វីដែលគួរឲ្យចាប់អារម្មណ៍គឺ កម្មវិធីស្រាវជ្រាវរបស់ពួកជំនាញសាធារណសុខសាស្ត្រ នៃមហាវិទ្យាល័យយេល កាលពីពេលថ្មីៗនេះ បានសន្និដ្ឋានសរុបថា មនុស្សវ័យ ៤០ឆ្នាំ ដែលមានគំនិតអវិជ្ជមានចំពោះវ័យចាស់ជរា (ដូចជាយល់ឃើញថា មនុស្សចាស់ជាពួកមនុស្សរហ័សភ្លេច រៀនដឹងរឿងថ្មីៗចាំបានដោយក្រ)។ ពេលកន្លងផុតទៅ ២៥ ឆ្នាំ មនុស្សទាំងនេះ នឹងមានការបាត់បង់សាច់ខួរក្បាលផ្នែកខ្លះៗ (ហិបបូខែមបាស) ច្រើនជាង រួមទាំងមានកំណកឈាមច្រើនជាង ហើយសុទ្ធតែតួអង្គបង្កនៃការកើតជំងឺបាត់បង់ការចងចាំ។ ការធ្វើតេស និងការស្រាវជ្រាវមុននេះបញ្ជាក់ថា មនុស្សដែលមានអគតិចំពោះវ័យចាស់ជរា នឹងមានឱកាសកើតជំងឺបេះដូងច្រើនឡើង ក្នុង៤០ ឆ្នាំក្រោយ។

ទិន្នន័យដូចបានពោលខាងលើបង្ហាញថា អវិជ្ជមានលើអវិជ្ជមាន នោះ ជួនកាលវាក៏ហុចផលឲ្យភ្លាមៗ គឺត្រឹមតែមិនប៉ុន្មានម៉ោងប៉ុណ្ណោះ ជួនកាលក៏ប្រើរយៈពេលយូរ តែយូរឬឆាប់ ក៏សុទ្ធតែមានហេតុផលត្រូវបក់ស្រាយបាន មិនមែនជារឿងដែលកើតឡើងគ្មានមូលហេតុទេ។

ក្នុងជីវិតប្រចាំថ្ងៃរបស់យើង នឹងមើលឃើញថា គំនិតអវិជ្ជមាននោះ រមែងនាំរឿងអវិជ្ជមាននោះមកឲ្យយើងជានិច្ច ប៉ុន្តែអាចស្ដែងឡើងតាមបែបមនុស្សច្រើនជាងរូបភាព គឺកើតឡើងមកដោយមិនមានទីទៅមក ឬព្រោះសក្ដានុពលម្យ៉ាង ដែលយល់បានដោយលំបាក តែកើតពីហេតុបច្ច័យដែលបានមកពីគំនិតអវិជ្ជមាននុ៎ះឯង។

ស្រីផន កើតមកក្នុងត្រកូលដែលមានឪពុកម្ដាយមានការតំឡើងសំឡេងដាក់គ្នាជាប្រចាំ នាងច្រើនតែឮឪពុកជេរម្ដាយ ជួនកាលក៏ប្រើអំពើហិង្សាដាក់ម្ដាយ ទើបនាងមានគំនិតអគតិចំពោះឪពុក ព្រមទាំងស្អប់ប្រុសៗ ដែលចូលចិត្តប្រើកម្លាំងបាយដាក់ប្រពន្ធ។ ក្រោយពេលនាងពេញក្រមុំ បានលង់ស្នេហ៍ជាមួយប្រុសម្នាក់ ទើបនាងរៀបការជាមួយគេ ប៉ុន្តែញឹកញាប់ណាស់ រូបភាពដែលកប់នៅក្នុងចិត្តកាលពីនៅវ័យកុមារ ធ្វើឲ្យនាងមានការភ័យខ្លាចថា ប្ដីរបស់នាងនឹងមានចរឹកដូចជាឪពុករបស់នាង។ ភាភភ័យខ្លាចនុ៎ះឯង ធ្វើឲ្យនាងចេះតែទាស់សម្ដី និងអារម្មណ៍របស់ប្ដីនាង។

ទោះបីប្ដីនាងជាមនុស្សទន់ភ្លន់ ស្រឡាញ់គ្រួសារក៏ដោយ តែជួនកាលក៏កើតជំងឺស្ត្រេស ពេលនៅជាមួយនាង និយាយចាក់ដោតនាង។ ទោះបីរឿងបែបនេះមិនសូវកើតឡើងតិចជាងភាពល្អូកល្អើន ដែលប្ដីនាងមានឲ្យនាងក្ដី ក៏ប៉ុន្តែនាងច្រើនគិត ច្រើនតែចាំសម្ដីដែលជាអវិជ្ជមានរបស់ប្ដីនាងជានិច្ច។ ពេលណាមានការប៉ះពាល់ត្រូវជាមួយការចងចាំសកម្មភាពអាក្រក់ៗ ដែលឪពុកធ្លាប់បានធ្វើ អគតិរបស់នាងដែលមានចំពោះគាត់ ក៏ត្រូវបុកចំចំណុចខ្សោយរបស់នាងឡើង។ លទ្ធផលគឺ នាងមានអារម្មណ៍អវិជ្ជមានចំពោះស្វាមីច្រើនឡើងជាលំដាប់ សេចក្ដីស្រឡាញ់ចាប់ផ្ដើមថយចុះ សេចក្ដីខឹងក្រោធ និងភាពភ័យខ្លាចក៏ចាប់ផ្ដើមមកជំនួសភ្លាម។

អគតិ និងអារម្មណ៍អវិជ្ជមាន ធ្វើឲ្យនាងមានប្រព្រឹត្តិកម្មអវិជ្ជមានចំពោះប្ដីទ្វេឡើង ដូចជា ជេរស្តីដាក់ប្ដីដើម្បីបន្ធូរអារម្មណ៍ និយាយរកឈ្លោះថា គេមិនស្រឡាញ់នាង ពីនោះក៏លើកយកទម្លាប់ផ្សេងៗរបស់គេមកនិន្ទា ដូចជា ខ្ជិល មិនចាប់អារម្មណ៍កូន នាងមានរឿងស្ដីបន្ទោសមូលបង្កាច់ទម្លាក់ទោសឲ្យគេជាប្រចាំ។ ពេលជួបបញ្ហាបែបនេះមួយថ្ងៃហើយមួយថ្ងៃទៀត ទីបំផុតទៅ ប្ដីរបស់នាងទប់អារម្មណ៍លែងបាន ក៏ស្រែកគំហកដាក់នាង និងប៊ិសតែប្រើកម្លាំងបាយមកលើរូបនាង។

ករណីបែបនេះមើលពីសំបកក្រៅទៅ ក៏សន្និដ្ឋានបានងាយៗថា កើតព្រោះអារម្មណ៍អវិជ្ជមានដែលមានចំពោះឪពុកនាង ទើបបានជាប្ដីនាងមានចរឹកដូចជាឪពុករបស់នាង (ឬទាញមនុស្សឲ្យមានចរឹកដូចជាឪពុក មកជាប្ដីរបស់នាង) ប៉ុន្តែបើពិចារណាឲ្យបានស៊ីជម្រៅ នឹងរកឃើញថា ការដែលប្ដីមានចរឹកដូចបានពោលខាងលើ ពុំមែនកើត ព្រោះតែចរឹកដើមរបស់គេមានយ៉ាងនោះទេ តែជាលទ្ធផលបានមកពីការធ្វើរបស់ខ្លួននាងជាប្រពន្ធជាចំណុចសំខាន់ គឺចំណុចចាប់ផ្ដើមពីការគិតអវិជ្ជមាន (ថាប្តីរបស់នាងមិនខុសពីឪពុករបស់នាង) ធ្វើឲ្យនាងមើលឃើញភាពអវិជ្ជមាន (ឃើញតែរឿងមិនល្អពីប្តី) ធ្វើឲ្យមានអារម្មណ៍អវិជ្ជមាន (ក្រោធខឹង និងសង្ស័យប្តី) ប្រកបព្រមដោយប្រព្រឹត្តិកម្មអវិជ្ជមាន (ជេរថា ពោលមូលបង្កាច់គេ) ចុងបញ្ចប់ក៏ធ្វើឲ្យប្ដីនាងតបតនាងដោយអារម្មណ៍ និងប្រព្រឹត្តកម្មអវិជ្ជមានដែរ។ បើនិយាយម្យ៉ាងទៀតថា គំនិតអវិជ្ជមានរបស់នាងដាស់ភ្ញោចអារម្មណ៍គេ ឲ្យមានប្រព្រឹត្តិកម្មអវិជ្ជមានមកលើរូបនាង។

 អវិជ្ជមានលើអវិជ្ជមាន បើនិយាយទៅ មិនខុសអីពីច្បាប់កម្មប៉ុន្មានទេ យើងធ្វើអ្វី ក៏បានផលយ៉ាងនោះ ដូចសំនួនមួយលើកឡើងថា ឲ្យទុក្ខដល់លោក ទុក្ខនោះនឹងដល់ខ្លួនវិញប៉ុន្តែរឿងដែលយើងធ្វើនោះ នឹងជារឿងវិជ្ជមាន ឬអវិជ្ជមាន គឺវាអាស្រ័យត្រង់ថា គិតឃើញ ឬមានអារម្មណ៍យ៉ាងម៉េច បើគិតបែបអវិជ្ជមាន និងឃើញបែបអវិជ្ជមាន មានអារម្មណ៍អវិជ្ជមាន ក៏រមែងធ្វើរឿងអវិជ្ជមាន ដែលស្មើនឹងការដាស់ភ្ញោចឲ្យអ្នកដទៃ កើតអាការៈបដិកិរិយាជាបែបអវិជ្ជមាន និងជះផលអវិជ្ជមានមកដល់យើងវិញ។

ផ្ទុយទៅវិញ បើខ្លួនមានបំណងចង់បានភាពវិជ្ជមាន ក៏ត្រូវចាប់ផ្ដើមពីការគិតវិជ្ជមាន ជួនកាលត្រឹមតែគិតវិជ្ជមានក៏កើតផលវិជ្ជមានបាត់ទៅហើយ (ដូចជា មានសុខភាពផ្លូវចិត្តល្អ សុខភាពផ្លូវកាយដើរបានស្រួល ចៀសឆ្ងាយពីជំងឺគាំងបេះដូង និងជំងឺបាត់បង់ការចងចាំ) ប៉ុន្តែមានច្រើនប្រការទៀត ដែលគិតវិជ្ជមានមិនទាន់បានគ្រប់ជ្រុងជ្រោយ ត្រូវធ្វើជាវិជ្ជមានប្រកបផង ទើបនឹងបានផលវិជ្ជមានមកដល់យើង។

វិជ្ជមានរមែងទាញចូលទៅរកវិជ្ជមាន បើថា វិជ្ជមានជាតួអង្គដំបូងនោះ មានន័យថា ការគិតល្អ និងធ្វើល្អ ហើយរឿងល្អៗ ក៏នឹងកើតមានតាមក្រោយ ដូចជា សេចក្ដីស្រឡាញ់  ការជួយជ្រោមជ្រែងពីសំណាក់មនុស្សដទៃ និងសេចក្ដីសុខផ្លូវចិត្ត។ តែបើគិតពីមាសប្រាក់ និងភាពជោគជ័យ ហើយឈប់ទ្រឹងត្រង់នោះ កម្រមាសប្រាក់ និងភាពជោគជ័យនឹងកើតឡើងណាស់៕

----------------------------------------------
ប្រភព៖  Joyful life & Peaceful Death
ក្នុងទស្សនាវដ្ដី Secret
ស. ព្រះមហាវិសាលោ
ប្រែ.ព្រះមហាសុវណ្ណបញ្ញា

 

 

No comments:

Post a Comment