អានហើយគិត
ជីវិតនឹងផ្លាស់ប្តូរៈ បេះដូងសត្វឥន្ទ្រី
…………………………………………………………………………………………………………….
កាលពីព្រេងនាយដ៏យូរលង់ណាស់មកហើយ
មានកសិករម្នាក់ដើរលេងនៅឯជើងភ្នំ… កសិករម្នាក់នោះក៏ប្រទះឃើញ
“ពងរបស់សត្វឥន្ទ្រី” មួយគ្រាប់ធ្លាក់ពីសំបុកលើផ្ទាំងថ្មដា
គេយល់ថា
ពង់នោះមិនទាន់បែក… គេទើបរើសយកទៅឯចំការ
រួចហើយនាំយកទៅដាក់ឲ្យ
“មេមាន់”
ដែលកំពុងភ្ញាស់ពងរបស់វាឲ្យភ្ញាស់លោមើល…។
ក្នុងពេលមិនយូរ… មេមាន់ក៏ភ្ញាស់ចេញជាកូនសត្វឥន្ទ្រី
ព្រមជាមួយនឹងកូនៗរបស់វា ដែលជាកូនមាន់…
កូនសត្វឥន្ទ្រី ទើបធំឡើងព្រមជាមួយនឹងពួកកូនមាន់
វាដើរតាមមេមាន់
និងព្យាយាមបញ្ចេញសំឡេងយំឲ្យដូចជាកូនមាន់
ប៉ុន្តែវាធ្វើមិនល្អឡើយ…
វាដើរយឺតយ៉ាវ
ព្រោះតែខ្លួនរបស់វាធំ
ហើយសំឡេងយំរបស់វាក៏ធំរៀងភ្លាវ… មិនពិរោះដូចជាបងប្អូនរបស់វា
វាទើបព្យាយាមហាត់កកាយដីចាប់ចំណីស៊ី
ដូចជា ពពួកសត្វល្អិត និងជន្លេន ប្រើជីវិតទៅតាមទម្លាប់សត្វមាន់…។
ថ្ងៃមួយ… ក្នុងខណៈដែលកូនសត្វឥន្ទ្រី
និងបងប្អូនមាន់ កំពុងកកាយរកចំណីស៊ីនោះ
មេមាន់ក៏ស្រែកយំដាស់តឿនឲ្យពួកកូនៗរបស់វា ឲ្យប្រញ៉ាប់ចូលមកត្បុលជ្រកក្រោមស្លាបរបស់វា
ដើម្បីគេចពីគ្រោះភ័យដែលអាចនឹងកើតឡើង។
ពេលវាសម្លឹងមើលទៅលើផ្ទៃមេឃ…
វាក៏ឃើញ… បក្សីខ្លួនធំ បក្សីមួយក្បាលនោះ
ពិតជាស្អាតសង្ហា និងមុះមុតក្លាហានខ្លាំងណាស់
វាហើរបោះពួយ… ហើយមើលរំពែរំពៃនៅលើអាកាសវេហាពណ៌ខៀវស្រងាត់…
“ម៉ែ!…
នោះជាសត្វអ្វីហ្នឹងម៉ែ? … មើលទៅពិតជាស្អាតសង្ហានិងមុះមុតណាស់”
មេមាន់
ទើបនិយាយថា
“ កូនអើយ… នោះគឺជាម្ចាស់អាកាសវេហា
… ឬស្ដេចឥន្ទ្រី
កូនកុំទៅបង្ហាញខ្លួនឲ្យវាឃើញជាដាច់ខាត
ព្រោះក្រៅពីរូបស្អាតសង្ហាហើយ
វានៅមានក្រចក និងមានចំពុះដ៏មុតទៀត
ដែលអាចចាប់ខាំហែកសាច់របស់កូនចេញជាចំរៀកៗបានយ៉ាងងាយ”។
ពេលចាប់ផ្ដើមធំពេញរូបពេញរាង
ពួកបងប្អូនរបស់វាដែលធំឡើងមកជាមាន់ពេញក្រមុំកម្លោះអស់ហើយ
សុទ្ធតែមានភាពរហ័សរហួនរវាសរវៃណាស់
ខុសពីកូនសត្វឥន្ទ្រី
ដែលមើលទៅធាត់ និងដើរទទីទទាសដូចដើម
ដែលនាំមកនូវភាពគួរឲ្យខ្នារខ្នាញ់ដល់សត្វមាន់ទាំងឡាយ
និងត្រូវធ្វើត្រាប់តាមមិនសូវលោះ
វាទើបនឹកក្នុងចិត្តថា…
“វាមានសំណាងអាក្រក់ពិតមែន
ដែលកើតមកធំជាងសត្វមាន់ដទៃ
ខ្លួនរបស់វាធំជិតប៉ុននឹងសត្វឥន្រ្ទីទៅហើយ
តែបែរជាគ្មានតម្លៃបន្តិចសោះ… កាលបើប្រៀបជាមួយម្ចាស់វេហាមួយក្បាលនោះ
ប្រសិនបើវាជាសត្វឥន្ទ្រីពិតមែននុ៎ះ
ប្រហែលជាល្អហើយមើលទៅ
ព្រោះតែបណ្ដាលសត្វមាន់ទាំងឡាយនឹងមិនបានសើចចំអក់ដាក់ដូចនេះ”។
ក្នុងទីបំផុត… សត្វឥន្ទ្រីមួយក្បាលនោះ
ក៏ប្រើខ្សែជីវិតទៅដូចជាសត្វមាន់អប្បលក្ខណ៍មួយក្បាល
ធំឡើង
ចាស់ទៅ និងស្លាប់ទៅ ដោយសង្ឃឹម និងអធិដ្ឋានដែលគួរអាណិតអាសូរមុនស្លាប់ថា…
” “បើសិនមានជាតិមុខទៀត សូមឲ្យកើតជាសត្វឥន្ទ្រីទៅចុះ”។
++++++++++++++++++++++++++++++++++
យើងកើតជាអ្វីមិនសំខាន់
រឿងដែលសំខាន់មិនមែនឋិតនៅលើរូបអប្បលក្ខណ៍ខាងក្រៅទេ
ប៉ុន្តែវាឋិតនៅត្រង់បេះដូងរបស់យើង
បេះដូងដែលត្រូវមានជំនឿជាក់លើខ្លួនរបស់យើងផ្ទាល់ប៉ុណ្ណោះ។
ឧទាហរណ៍
ដូចជា កូនសត្វឥន្ទ្រី ទោះបីមានរូបសម្បត្តិខាងក្រៅរបស់វា នឹងជាស្ដេចឥន្ទ្រី
ដ៏ធំក៏ដោយ
ប៉ុន្ដែពេលវាគ្មានបេះដូងរបស់សត្វឥន្ទ្រីហើយ
វាក៏រមែងមិនមានថ្ងៃក្លាយជាសត្វឥន្ទ្រី
ម្ចាស់លើអាកាសវេហាបាន។
រឿងដែលវាអាក្រក់ជាងហ្នឹងគឺ…
នៅពេលបេះដូងរបស់កូនសត្វឥន្ទ្រីព្រមទទួលយកខ្លួនវាថា
ជាសត្វមាន់អប្បលក្ខណ៍ហើយ
វាក៏មិនមានថ្ងៃនឹងផ្លាស់ប្តូរអ្វីផ្សេងដទៃទៀតបាន
វាទើបត្រូវក្លាយជាមាន់អប្បលក្ខណ៍អស់មួយជីវិត។
មនុស្សយើងក៏ដូចគ្នា
មិនមានអ្នកណាអាចជួយសង្គ្រោះយើងឲ្យជាមនុស្សជោគជ័យបានឡើយ។
ការពិតគឺ យើងមានរូបសម្បត្តិ មិនខុសពីមនុស្សជោគជ័យដទៃទេ
រឿងដែលនៅខ្ពស់
ត្រឹមតែយើងមានបេះដូងរបស់មនុស្សជោគជ័យប៉ុណ្ណោះ
បេះដូងដែល… មានជំនឿជាក់លើខ្លួនរបស់យើងដោយមិនញាប់ញ័រឃ្លេងឃ្លោង
បេះដូងដែល.… ជឿថា
យើងគឺជាមនុស្សជោគជ័យ
យើងគឺស្ដេចឥន្ទ្រីដ៏ធំ
មិនមែនសត្វមាន់អប្បលក្ខណ៍ឡើយ។
ខ្ញុំចង់ប្រាប់ដល់អ្នករាល់គ្នាថា…
“យើងជាស្ដេចឥន្ទ្រី មិនមែនជាសត្វមាន់ទេ
ចូរស្ដាងស្លាបហើយហោះទៅលើផ្ទៃមេឃដ៏ធំល្វឹងល្វើយមួយនេះ”
ទើបនាំភាពជោគជ័យ
និងសេចក្ដីសុខមកឲ្យ៕
…………………………………………………….
ប្រែ.ភិ.សុវណ្ណបញ្ញា
No comments:
Post a Comment