Friday, July 28, 2017

ពាក្យថា “ឲ្យពរ”


ពរដែលមនុស្សជួនឲ្យគ្នា ឬព្រះសង្ឃឲ្យ គ្រាន់តែការសំដែងសេចក្ដីល្អ ឬសំដែងសេចក្ដីមេត្តាល្អចំពោះគ្នា ឬជាការអនុមោទនាបុណ្យកុសល ដូចជាព្រះយថាសម្ភី (យថាសម្ពី) ឲ្យពរតាមសេចក្ដីពិត ដែលកើតពីហេតុ គឺកម្មល្អរបស់បុគ្គលអ្នកធ្វើ អ្នកសាង ដូចមានបទអនុមោទនា ដែលមានសេចក្ដីថា

ធម៌គឺពរទាំងឡាយ ៤ប្រការ គឺអាយុ១ ពណ៌សម្បុរកាយ១ សេចក្ដីសុខ១ និងកម្លាំង១ រមែងចំរើនអស់កាលជានិច្ចដល់អ្នក ដែលមានសេចក្ដីឱនកាយថ្វាយបង្គំ ដល់ព្រះរតនត្រ័យជាប្រក្រតី និងអ្នកដែលមានសេចក្ដីគោរពកោតក្រែងដល់បុគ្គល ដែលជាអ្នកមានសេចក្ដីចំរើនដោយគុណ មានសីលគុណ ជាដើម ឬចំរើនដោយវ័យគឺ ចាស់ព្រឹទ្ធាចារ្យមកប៉ុណ្ណេះ។

ដូច្នោះ ទើបគួរហាត់គិត ត្រង់ការប្រព្រឹត្តខ្លួនក្នុងផ្លូវល្អ ចេះគោរពឱនលំទោនដល់បុគ្គលដែលមានគុណធម៌ទាំងឡាយ មានសីលជាដើម ជាពិសេសចាស់ៗ ដែលមានអាយុច្រើនជាងយើង ដែលជាហេតុបាននូវពរផ្សេងៗតាមសេចក្ដីប្រាថ្នារបស់ខ្លួន គឺរៀនហាត់គិត ត្រង់នឹងការប្រតិបត្តិក្នុងហេតុដែលល្អ ពុំមែនចេះតែចង់បានផលល្អ ដោយមិនបានធ្វើអ្វីសោះនោះទេ រៀនហាត់ឲ្យកើតមានគំនិតថា ផលមិនសំខាន់ សំខាន់ត្រង់ធ្វើហេតុ ដែលគួរនឹងធ្វើ និងចាប់ផ្ដើមធ្វើតាំងពីពេលនេះ ថ្ងៃនេះ ឥឡូវនេះតែម្ដង។

អប់រំដោយ
ព្រះញាណសំវរ

No comments:

Post a Comment