យើងអាចសង្កេតមើលឃើញថា
ស្ទើរតែគ្រប់គ្រួសារ មានមនុស្សចាស់ៗ ដូចជា ឪពុក ម្ដាយ អ៊ុំប្រុស អ៊ុំស្រី លោកតា
លោកយាយ គ្រួសារខ្លះទៀតមានរហូតដល់យាយទួត តាទួត ដែលកំពុងរស់នៅជាមួយគ្រួសាររបស់ខ្លួន។
ពេលខ្លះ ចាស់ៗ មួយចំនួនមិនមែនជាការងាយស្រួល ក្នុងការមើលថែប៉ុន្មានទេ។
កាលបើនិយាយទៅដល់ការមើលថែឪពុកម្ដាយ
តាយាយចាស់ៗ
អាចធ្វើឲ្យមនុស្សជាច្រើនក្រវីក្បាល និងមានអារម្មណ៍ថា ហេតុអ្វីការមើលថែចាស់ៗ
វាជារឿងពិបាកដល់ថ្នាក់នេះ?
ប៉ុន្តែអ្នកដឹងទេ តាមការពិតទៅ ការមើលថែចាស់ៗ
ពុំមែនជារឿងអ្វីដែលត្រូវពិបាកឡើយ អ្នកគ្រាន់តែមានទិចនិចល្អៗបន្ដិចបន្តួចប៉ុណ្ណោះ។
តោះនាំគ្នាមកមើលទិចនិច ក្នុងការមើថែចាស់ៗ ឲ្យមានសេចក្ដីសុខទាំងពួក ទាំងពួកយើង
ហើយគោលគំនិតល្អដើម្បីជីវិត ថ្ងៃនេះបានលើកយកទិចនិចអ្វីខ្លះ មកចែករំលែកនោះ
បើចង់ជ្រាបច្បាស់ក្នុងរឿងនេះ សូមចុចអានដូចខាងក្រោម៖
ធ្វើការយល់ចិត្ត
ជាការពិតមែនហើយ
ការមើលថែរក្សាចាស់ៗ មិនមែនជារឿងអ្វីពិសេសខ្លាំងជាង “ការធ្វើសេចក្ដីយល់” នោះទេ ជានិច្ចកាលមនុស្សដែលយើងមើលថែ អាចធ្វើអ្វីដែលមិនសមហេតុសមផលខ្លះ
ប៉ុន្តែបើសិនជាយើងយល់ជាមួយទង្វើទាំងនោះ វាធ្វើឲ្យយើងធូរស្រាលពីបញ្ហាស្ត្រេសទាំងនេះបាន។
ធ្វើដោយការពេញចិត្ត
ធ្វើកិច្ចការអ្វីៗដោយការពេញចិត្ត
រមែងនាំមកនូវផលល្អជានិច្ច បើសិនជាយើងមើលថែចាស់ៗដោយការពេញចិត្តពេញថ្លើម និងដោយគ្មានគំនិតថា
រឿងដែលកំពុងធ្វើនេះ ធ្វើទៅព្រោះជាតួនាទី ចិត្តរបស់យើងនឹងមានភាពល្អប្រសើរឡើង
ហើយលទ្ធផលដែលទទួលបានគឺ ការមើលថែចាស់ៗដោយការពេញចិត្ត។
មើលលោកនេះក្នុងផ្លូវល្អ
យើងយល់ថា
ការមើលថែចាស់ៗ ជារឿងមួយពិបាក ដោយយុគសម័យ និងវ័យដែលខុសគ្នា តម្រូវការមានច្រើនប្រការខុសៗគ្នា
ធ្វើឲ្យការគិតឃើញ ឬមានទង្វើខ្លះមិនសូវស្របគ្នា ហើយជាប្រភពនៃបញ្ហាផ្សេងៗ ប៉ុន្តែបើសិនជាយើងសាកល្បងផ្លាស់ប្ដូរជ្រុងថ្មី
មើលលោកនេះក្នុងផ្លូវល្អវិញនុ៎ះឲ្យបានច្រើនឡើង បន្ថែមការយល់ចិត្តយល់ថ្លើម
យកចិត្តគេមកដាក់ចិត្តយើង យើងក៏នឹងអាចកាត់បន្ថយបញ្ហានៅត្រង់នេះបានយ៉ាងមិនគួរឲ្យជឿ។
ចាំផ្ដល់កម្លាំងចិត្តចាស់ៗ កាលបើអាយុកាន់តែច្រើនឡើង
រូបកាយរមែងចាស់ទ្រុឌទ្រោមគ្រាំគ្រាខុសពីសភាពដើម
ទៅតាមកាលវេលា។ ចាស់ខ្លះ នៅមិនទាន់យល់ដល់ចំណុចនេះ
ទើបធ្វើឲ្យកើតមានអារម្មណ៍តូចចិត្តតូចថ្លើម អាក់អន់ ថ្នាំងថ្នាក់ចិត្ត
ខកចិត្តចំពោះខ្លួនឯង ទាំងពីមុនធ្លាប់ដើរហើរទៅណាមកណាបានស្រួល ធ្វើអ្វីច្រើនយ៉ាងបាន
ដោយភាពរហ័សរហួន រវាសរវៃ ពេលណាអាយុកាន់តែចាស់ទៅ ក៏មិនអាចធ្វើអ្វីបានដូចមុន។ ដូចនោះ
មនុស្សដែលត្រូវមើលថែ គួរផ្ដល់កម្លាំងចិត្តជានិច្ច
ចាំធ្វើការពន្យល់បកស្រាយអំពីហេតុផលផ្សេងៗ ឲ្យពួកលោកបានទទួលដឹងឮត្រឹមប៉ុណ្ណេះ។
ការមើលថែនេះ មិនមែនជារឿងអ្វីត្រូវពិបាកតទៅទៀតទេ។ ដូចពាក្យមួយគេលើកឡើងថា “ជំងឺបាក់ទឹកចិត្តជាជំងឺដ៏កាចសាហាវបំផុត
ដែលពិបាករកថ្នាំព្យាបាល”។
និយាយឲ្យយឺតៗ មួយៗ ច្បាស់ៗ
ប្រាកដណាស់ថា
ពេលចូលដល់វ័យចាស់ ប្រព័ន្ធរាងកាយមានសភាពចាស់ទ្រុឌទ្រោមគ្រាំគ្រាចុះខ្សោយ
ដូចនោះការដែលយើងនិយាយប្រាស្រ័យទាក់ទងជាមួយចាស់ៗ
គួរដល់ការកាត់បន្ថយល្បឿនក្នុងការនិយាយស្ដី បន្ថែមសំឡេងឲ្យខ្លាំងឡើង
បើសិនចាស់មិនយល់ក្នុងរឿងដែលអ្នកនិយាយនេះទេ កុំយល់ថា ជារឿងគួរឲ្យធុញថប់
ប៉ុន្តែឲ្យរកពាក្យនិយាយ ឬវិធីសាស្ត្រការនិយាយឲ្យស្ដាប់ហើយងាយ បន្តការយល់
ព្រោះយុគសម័យដែលបំលាស់ប្ដូរនេះ អាចធ្វើឲ្យចាស់ៗជាច្រើន នៅមិនទាន់យល់ដល់វាក្យស័ព្ទនៃវ័យដូចជាយើងនេះក៏ថាបាន។
ស្ដាប់ឲ្យបានច្រើនឡើង
មានជំនឿមួយរយភាគរយថា
ការនិយាយជាមួយចាស់ៗ រមែងមានតែរឿងរ៉ាវក្នុងអតីតកាល ប៉ុន្តែសុំឲ្យអ្នកចាំទុកថា
ការដែលចាស់ៗបាននិយាយប្រាប់អំពីវ័យអតីតកាលរបស់ខ្លួននោះគឺ ពួកគាត់កំពុងមានសេចក្ដីសុខ
ឬកំពុងចង់ចែករំលែករឿងរ៉ាវផ្សេងៗ ឲ្យអ្នកណាម្នាក់មកទទួលដឹងឮ តួនាទីរបស់អ្នក
មានត្រឹមតែអ្នកស្ដាប់ដោយការយកចិត្តទុកដាក់ប៉ុណ្ណោះ ទោះបីរឿងដែលអ្នកបានឮ ធ្លាប់បានស្ដាប់រាប់សិបដងមកហើយក៏ដោយ។
ដោយ
KIMBEEL
ប្រែ.ចាន់
No comments:
Post a Comment