Tuesday, August 15, 2017

១០ ប្រការសញ្ជឹងគិត មុននឹងប្រកែកជាមួយអ្នកម្ដាយ


ការប្រកែកជាមួយអ្នកមានគុណនេះ សឹងកូនគ្រប់គ្នា ធ្លាប់បានធ្វើជាមួយគាត់ បើមិនច្រើនក៏តិចដែរ ឲ្យអត់ប្រហែលជាមិនមានទេ។ ដូចនេះ ការប្រកែកនេះទៀតសោត របស់កូនៗជាមួយអ្នកម្ដាយ ជួនកាលមកពីកត្តាកូនផ្ទាល់ ដោយពុំសូវយកចិត្តទុកដាក់ក្នុងការជួយធ្វើកិច្ចការងារផ្ទះ កិច្ចការសាលា ឬធ្វើដែរ ប៉ុន្ដែគ្មានសណ្ដាប់ធ្នាប់ គ្មានវិន័យក្នុងការរស់នៅជាដើម។ ជួនកាលមកពីកត្តាអ្នកម្ដាយដែលពុំសូវបានរៀនសូត្រ គាត់មិនសូវបានសិក្សាពីសង្គមដូចកូនៗ ម្លោះហើយទង្វើខ្លះ អាចធ្វើតាមទម្លាប់យល់ឃើញរបស់គាត់ និងពូជអំបូររបស់គាត់ពីមុន ដែលគាត់យល់ថាល្អ ជាដើម។

ដោយអាស្រ័យហេតុនេះ គោលគំនិតល្អដើម្បីជីវិត ទើបចង់ឲ្យអ្នកគ្រប់គ្នាបានអានរឿងរ៉ាវមួយនេះ គ្រាន់ទុកជាការដាស់តឿនចិត្តខ្លួនឯង និងបានជាប្រទីបក្នុងការអប់រំកូនៗឲ្យដឹងថា ម៉ែគឺមនុស្សជាទីស្រឡាញ់ និងមានចេតនាបំណងល្អ ដោយសុខចិត្តលះបង់អ្វីៗគ្រប់យ៉ាងចំពោះកូនៗបានដល់កម្រិតណាទៅ។ មុននឹងអ្នកទៅប្រកែកជាមួយគាត់ (ម៉ាក់) ឬតំឡើងសំឡេងដាក់គាត់នោះ បើអ្នកបានអានរួចហើយ ចូរសញ្ជឹងគិតមើលដោយខ្លួនឯងថា តើអ្នកមានគុណសម្បត្តិទាំង១០នេះគ្រប់គ្រាន់ហើយឬនៅ?
………………………………………………
នៅពេលល្ងាចមួយ កូនប្រុសក្នុងវ័យមធ្យម ត្រូវបានអ្នកម្ដាយរបស់គេរអ៊ូរអំពីរឿងមិនព្រមរៀបចំបន្ទប់ដេក ញ៉ាំបាយមិនគោរពពេល ចេញទៅណាមកណាមិនប្រាប់ដំណឹងមុន។ល។ កម្លោះរូបនេះស៊ូទ្រាំស្ដាប់មិនបាន ព្រោះគិតថា ម្ដាយរបស់គេពូកែរអ៊ូររទាំរឿងផ្ទាល់ខ្លួនរបស់គេ ម្លោះហើយគេក៏ប្រកែកជាមួយម្ដាយគេ ដោយតំឡើងសំឡេងខ្លាំងៗ ធ្វើឲ្យអ្នកម្ដាយកាន់តែខឹងខ្លាំងឡើង ដែលកូនប្រុសមិនចេះស្ដាប់បង្គាប់ខ្លួន។

ឪពុករបស់គេមើលឃើញថា សភាពរៀងមិនសូវស្រួលហើយ ម្លោះហើយក៏នាំកូនប្រុសចេញទៅដើរលេងខាងក្រៅបាត់។ ឪពុកកូនដើរបណ្ដើរគ្នាទៅរៀងយូរបន្តិច ឪពុកទើបនិយាយជាមួយនឹងកូនប្រុសខ្លួនថា ការដែលកូនប្រុសចង់ប្រកែកជាមួយម៉ែកូនបាននោះ កូនត្រូវដឹងអំពីគុណសម្បត្តិ១០យ៉ាងនេះសិន បើកូនធ្វើបានក្នុង១០ប្រការនេះ កូនទើបមានគុណសម្បត្តិ អាចប្រកែកជាមួយម៉ែកូនបាន។

តើមានអ្វីខ្លះ? ក្មេងកម្លោះនោះសួរឪពុករបស់ខ្លួន

អ៊ីចឹងតាំងចិត្តស្ដាប់ណ៎ា កូនប្រុស!

១. ម្ដាយកូនបានក្អួតចង្អោរក្រោយញ៉ាំអាហាររាល់ពេល អស់រយៈពេល៣ខែ (ចាញ់កូន)
២. ក្បាលដោះម្ដាយកូនត្រូវបានកូនខាំ តែត្រូវស៊ូទ្រាំមិនហ៊ានវាយ ឬទះ( ពេលធ្មេញរបស់កូនដុះឡើងថ្មីៗ)
៣) យកប៉ាល់មកដាក់ក្នុងពោះ និងបន្ថែមទំហំឲ្យធំឡើងៗរឿយៗរាល់ខែ អស់ពេល១០ខែ (តាំងគត៌)។
៤) ពើតឈើចុកចាប់ ដូចត្រូវគេវាយដំអស់ពេល២៤ម៉ោង (ពេលសម្រាលកូន ឬឆ្លងទន្លេ)។
៥) តមទឹកកក់ តែ កាហ្វេ  និងរបស់ចូលចិត្ត ដែលមានផលប៉ះពាល់អាក្រក់ចំពោះកូនក្នុងគត៌អស់រយៈពេល១០ខែ
៦) ពេលវេលាដេកតែផ្អៀងខ្លួនអស់ពេលប្រាំខែ
៧) អត់បានដើរលេង អត់បានលោតរាំរែកដូចគេ អស់ពេល១០ខែ
៨) ហាមឈឺជាដាច់ខាតអស់ពេល១០ខែ ទោះជាឈឺក៏លេបថ្នាំបដិជីវៈមិនបាន
៩) បញ្ចុកបាយទឹកនំចំណី ជួតម៉ូតលាមកកំអួត ប្ដូរកន្ទប់រាប់សិប លាងគូថ ងូតទឹកឲ្យអស់ជាច្រើនឆ្នាំ
១០) ពាក់កណ្ដាលអធ្រាតត្រូវភ្ញាក់រាល់ពីរម៉ោងម្ដង  ប្រើពេលម្ដងៗប្រមាណ១០នាទី ប្រមាណជា៣ខែ។

ឪពុកកូនបណ្ដើរនិយាយគ្នារហូតមកដល់ផ្ទះ ឪពុកទះស្មាកូនប្រុសខ្លួនហើយនិយាយថា
តោះចូលផ្ទះទៅកូន ហើយផ្ដល់កិត្តិយសចំពោះម្ដាយរបស់កូនផងណ៎ា

ហា!ៗបាទពុក ពីនេះតទៅមុខ កូននឹងផ្ដល់កិត្តិយសអ្នកម្ដាយឲ្យបានច្រើនបំផុត តាមដែលអាចធ្វើទៅបាន។ ពេលកូនប្រុសដើរចូលទៅក្នុងផ្ទះ ត្រង់ទៅឱប និងសុំទោសអ្នកម្ដាយរបស់ខ្លួន។


បើមានកន្លែងណាខ្វះខាត ក្នុងបញ្ហានេះ អាចជួយចេញជាមតិយោបល់បាន

No comments:

Post a Comment