ជីវិតមនុស្សលោក សុខព្រោះលះបង់បាន
សូម្បីតែរបស់របរមិនប៉ុន្មានដុំផង ក៏មានសេចក្ដីសុខលើសលប់ ផ្ទុយពីមនុស្សដែលបានជួបប្រសព្វភាពជោគជ័យដល់ថ្នាក់កំពូលក្នុងផ្លូវលោក
មនុស្សបែបនេះកាន់តែមានបានប៉ុនណា សេចក្ដីសុខក្នុងជីវិតកាន់តែថយចុះប៉ុណ្ណោះ។
ប៉ុន្តែសេចក្ដីសុខតាមផ្លូវចិត្ត
ឬសេចក្ដីសុខក្នុងផ្លូវព្រះធម៌នោះ វាផ្ទុយពីសេចក្ដីសុខក្នុងផ្លូវលោកិយ
មនុស្សយើងជួបជាមួយសេចក្ដីសុខផ្លូវចិត្តបាន លុះត្រាតែចេះលះ ឬកាត់បន្ថយបាន។
វាចាប់ផ្ដើមចេញពីការលះបង់ ឬចេះឲ្យវត្ថុរបស់របរដែលខ្លួនមាន ដល់អ្នកដទៃ។
កាលបើយើងដាក់ទាន ឬបរិច្ចាគរបស់របរ លុយកាក់ជាដើម យើងរមែងមានបីតិរីករាយសោមនស្ស
ជាពិសេស នៅពេលដែលយើងឃើញអ្នកទទួលមានសេចក្ដីសុខ យើងក៏បណ្ដោយចិត្តរីករាយតាមផងដែរ។ មនុស្សដែលគិតពីខាងបានតែម្យ៉ាង
នឹងគ្មានថ្ងៃបានស្គាល់ពាក្យថា សេចក្ដីសុខប្រភេទនេះឡើយ ព្រោះត្រូវភាពអាត្មានិយមមកគ្របសង្កត់ចិត្តអស់រលីងហើយ។
ការឲ្យ
ឬការលះរបស់របរ ក្រៅពីការកាត់បន្ថយភាពអាត្មានិយម
ថែមទាំងជាការកាត់បន្ថយភាពប្រកាន់ហួងហែងក្នុងទ្រព្យសម្បត្តិផងដែរ។ វត្ថុទាំងនោះ
ជាវត្ថុដែលយើងស្រឡាញ់ ឬហួងហែងច្រើនប៉ុនណា ការលះបង់ចោលទៅ
កាន់តែធ្វើឲ្យការប្រកាន់មាំក្នុង “របស់អញ” ស្រាលឡើងច្រើនឡើងប៉ុណ្ណោះ។
នេះជាការហ្វឹកហាត់ចិត្តឲ្យចេះដាក់ចុះ
ទើបវាជួយឲ្យយើងមានសេចក្ដីសុខតាមផ្លូវចិត្តងាយស្រួលឡើង ព្រោះបើមានហេតុណាមួយ ត្រូវបាត់បង់
ឬបង់ខាតទ្រព្យសម្បត្តិ យើងក៏ត្រូវដាក់ចុះបានឆាប់រហ័ស មិនសោកស្ដាយ មិនសៅហ្មង ខូចចិត្ត
ឬមិនមានចិត្តអាឡោះអាល័យ ឬក៏កើតទុក្ខទោមនស្សទាំងពីរ មានទាំងបាត់អស់របស់របរហើយ
ថែមទាំងត្រូវខូចអារម្មណ៍ទៀតផងក៏សឹងមាន។
ក្រៅពីភាពប្រកាន់ហួងហែងលើទ្រព្យសម្បត្តិហើយ
ភាពប្រកាន់មាំដិតជាប់ក្នុងអារម្មណ៍ផ្សេងៗ ដូចជា សេចក្ដីក្រោធខឹង ស្អប់ខ្ពើម
ភាពចង្អៀតចង្អល់ចិត្ត ភាពតូចចិត្តតូចថ្លើម ក៏ជារឿងមួយត្រូវលះបង់ផងដែរ
ទើបនឹងធ្វើឲ្យយើងមានសេចក្ដីសុខពិតប្រាកដ។ ការកាត់បន្ថយនេះធ្វើមិនបានដោយការឲ្យទានទេ
ប៉ុន្តែត្រូវអាស្រ័យវិធីសាស្ត្រផ្សេងវិញ ដូចជាការគ្រប់គ្រងកាយ និងវាចា
មិនឲ្យធ្វើតាមអំណាចអារម្មណ៍ និងការហ្វឹកហាត់ចិត្តឲ្យមានឥស្សរៈ
ឬដាក់ចុះនូវអារម្មណ៍ទាំងនោះបាន។ វិធីសាស្ត្រដូចបានពោល គឺសំដៅយកសីល និងភាវនា។
យើងអាចយល់បានថា
ការប្រតិបត្តិព្រះធម៌ ឬធ្វើបុណ្យក្នុងព្រះពុទ្ធសាសនា
សុទ្ធតែប្រព្រឹត្តទៅដើម្បីការលះបង់ ឬដាក់ចុះនូវវត្ថុដែលជាការបង្កដល់ការថ្នាំងថ្នាក់
ឬរាំងស្ទះចិត្ត ដែលជាស្នូលត្រង់ការតោងប្រកាន់មាំចំពោះខ្លួន ឬតោងប្រកាន់មាំថា ជា “តួខ្លួនអញ
របស់អញ”។ ការប្រកាន់មាំ ដូចបានពោលសំដែងបង្ហាញអាការៈចេញមកក្នុងលក្ខណៈច្រើនយ៉ាងណាស់។
ដូចជាការចង់បានមិនចេះចប់
(តណ្ហា) ចង់បានជាធំលើសគេ (មានះ) និងការប្រកាន់មាំក្នុងភាពអាត្មានិយមរបស់ខ្លួន
(ទិដ្ឋិ)។ ដរាបណានៅមានការប្រកាន់មាំក្នុងខ្លួនខ្លាំង
ក៏ពិបាកនឹងមានសេចក្ដីសុខតាមផ្លូវចិត្តបានណាស់ ទុកណាមានអ្វីៗសព្វបែបយ៉ាងព្រម
និងមានអំណាចទល់មេឃក៏ដោយ។
ភាពជោគជ័យក្នុងផ្លូវលោកនោះ
សំដៅទៅលើការស្វែងរកវត្ថុផ្សេងៗ មកគ្រប់គ្រងឲ្យបានច្រើនបំផុតប៉ុណ្ណោះ
វត្ថុដែលតាមមកនោះគឺការប្រកាន់មាំក្នុងតួខ្លួនបន្ថែមទ្វេឡើង
ធ្វើឲ្យកើតមានចំណងចង់បានច្រើនឡើងជាងដើម មិនមានសេចក្ដីសុខ នៅជាមួយវត្ថុដែលខ្លួនមាន
ក្នុងដំណាលគ្នានោះ ការវង្វេង ការស្រវឹងក្នុងខ្លួនថា ពូកែ និងខ្ពស់ត្រដែត
រួមទាំងការប្រកាន់មាំក្នុងភាពអាត្មានិយមរបស់ខ្លួនបានស្អិតរមួតជាងដើម
ហើយវានឹងនាំទៅកាន់ការវិវាទ ទាស់ទែងគ្នានិងគ្នា។ ដូចនោះ
វាទើបមានរឿងក្ដៅក្រហាយចិត្តនៅជារឿយៗ សុខតែកាយ តែចិត្តមិនសុខឡើយ។
យ៉ាងណាក៏ដោយ
ពុំមែនថា អ្នកណាមកប្រតិបត្តិធម៌ហើយ នឹងជួបជាមួយសេចក្ដីសុខទាំងអស់ក៏រកមិនមាន
ដរាបណាអ្វីដែលបានពោលមិនបានជួយកាត់បន្ថយភាពប្រកាន់មាំក្នុងតួខ្លួន ឬតណ្ហា មានះ
និងទិដ្ឋិបាន ចិត្តក៏រមែងក្ដៅក្រហាយជាប់មិនដាច់ រកសេចក្ដីស្ងប់ត្រជាក់បានដោយក្រ។
មានមនុស្សច្រើនណាស់
កាលបើឲ្យទាន ចិត្តក៏មិនបានលះ ត្រឡប់បែរជាចង់បានច្រើនឡើង ដូចជា
ធ្វើបុណ្យថ្វាយសង្ឃទាន ក៏អធិដ្ឋានចិត្តសុំប្រាថ្នាឲ្យខ្លួនមានបាន មានលាភសំណាង
ឬក៏មិនចង់ប៉ាវប្រកាសឲ្យមហាជនដឹងឮថា ខ្លួនជាមនុស្សចិត្តបុណ្យ។
អ្នកខ្លះចូលចិត្តធ្វើបុណ្យ ប៉ុន្តែមិនចង់ឧទ្ទិសចំណែកបុណ្យទៅឲ្យអ្នកណាសោះ
ព្រោះខ្លាចក្រែងថាបុណ្យរបស់ខ្លួននឹងសល់តិច។
ចំណែកបុគ្គលដែលតឹងរ៉ឹងក្នុងសីល
ឬឧស្សាហ៍ធ្វើសមាធិភាវនាហើយ ក៏កើតការស្រវឹងនឹងខ្លួន មានអារម្មណ៍ថា
ខ្លួនឯងបរិសុទ្ធជាងអ្នកដទៃ ឬដោយការជាន់ឈ្លីពន្លិចអ្នកដទៃថា ថយថោកទាបជាងខ្លួន
យ៉ាងនេះក៏ពិបាកនឹងមានសេចក្ដីសុខចិត្តបានដែរ ព្រោះមានមានះរឹងត្អឹង និងតួខ្លួនធំឡើង
មិនប្រកាន់ថា មានភាពរីកចម្រើនក្នុងការប្រតិបត្តិ ព្រោះមិនធ្វើឲ្យកិលេសស្រកស្រុតចុះទៅទេ
បែរជាខំពូនប្ដុំឲ្យច្រើនឡើងទៅវិញ។ ព្រះពុទ្ធអង្គទ្រង់សំដែងថា
បុគ្គលដែលតឹងរ៉ឹងក្នុងសីលវត្ត ឬបានគុណវិសេសផ្លូវចិត្ត ដូចជាបានឈានសមាបត្តិ
ប៉ុន្តែបើសិនកើតអារម្មណ៍ទំនើងចិត្តថា ខ្ញុំជាយ៉ាងនេះយ៉ាងនោះ
ចំណែកឯអ្នកដទៃមិនបានដូចជាខ្ញុំ កើតមានអាការៈលើកកំពស់ខ្លួនឯងហើយ សុទ្ធតែជា “អសត្តបុរស”
ទាំងអស់ហ្នឹង។
ទាន
សីល និងភាវនានោះ ប្រៀបដូចជាគ្រឿងដុសខាតកិលេសចេញពីចិត្ត កាន់តែដុសខាត់ខ្លាំងប៉ុនណា
ចិត្តក៏នឹងស្អាតល្អបរិសុទ្ធខ្លាំងឡើងប៉ុណ្ណោះ មិនខុសពីថ្មធំដែលមានផ្ទៃគំពីកំពកទេ
កាលបើត្រូវជាងឆ្លាក់យកចំណែកកំពីកំពកចេញទៅអស់ វត្ថុដែលនៅសល់គឺតួអង្គព្រះបដិមាដ៏ស្អាតមួយអង្គ។
បើសិនឲ្យទាន
រក្សាសីល និងបំពេញភាវនាហើយ កិលេសមិនបានជ្រុះអស់ទេ
នៅមានការតោងប្រកាន់មាំក្នុងតួខ្លួនខ្លាំង ក៏សំដែងឲ្យឃើញថា ធ្វើខុសហើយ
ឬនិយាយឲ្យត្រឹមត្រូវជាងនោះគឺ “ធ្វើខុសក្នុងរឿងដែលត្រូវ” អំពើល្អនោះ បើសិនធ្វើមិនត្រូវ ដាក់ចិត្តមិនបាន វាក៏ជាទោសដល់ខ្លួនឯងបានណ៎ា
លោកគ្រូពុទ្ធទាសភិក្ខុទើបដាស់តឿនជារឿយៗថា ឲ្យប្រយ័ត្នកុំឲ្យអំពើល្អខាំស៊ីម្ចាស់ឯងវិញ។
ជ្រុលជាបានសាងអំពើល្អហើយ
ក៏គួរធ្វើក្នុងគោលបំណងកាត់បន្ថយ ឬទប់ស្កាត់ចំណែកលើសដែលរុំព័ទ្ធចិត្តនោះចោលចេញទៅ
ដូចជា ពេលវេលាធ្វើបុណ្យក៏ឲ្យនឹកដល់ប្រយោជន៍របស់អ្នកទទួលជារឿងសំខាន់
មិនឲ្យគិតប្រាថ្នាចង់បានអ្វីឲ្យខ្លួនឯង ឬបើសិននឹងតាំងចិត្តប្រាថ្នា ក៏សុំឲ្យកិលេសនោះថយចុះ
មានសេចក្ដីលោភលន់ស្រាលឡើង។
ក្នុងដំណើរនេះដូចគ្នា
កាលបើរក្សាសីល ក៏កុំទៅសំឡឹងរំពៃមើលទោស ឬទៅចាប់កំហុសរបស់អ្នកដទៃ
ប៉ុន្តែឲ្យបែរមកសំឡឹងមើលចិត្តរបស់ខ្លួនឯងថា កិលេស ឬមានះពូនម្ដុំឡើង ឬមិនអ៊ីចឹងទេ
កាលបើធ្វើសមាធិកុំរវល់តែប្រៀបធៀបខ្លួនឯងជាមួយអ្នកផ្សេង ទោះបីទទួលបានភាពស្ងប់
ក៏មិនគួរប្រមាទ ឬស្រវឹងនឹងអំពើល្អ ព្រោះអ្វីដែលសំខាន់ស្ថិតនៅត្រង់ថា សេចក្ដីតោងប្រកាន់មាំក្នុងតួខ្លួនរបស់យើងថយអស់នៅតែប៉ុណ្ណោះ
ឬមិនអ៊ីចឹងទេ បើសិនសេចក្ដីប្រកាន់មាំក្នុងខ្លួនមានច្រើនឡើង ក៏ប្រកាន់ថា
ថយក្រោយហើយ។
បុគ្គលដែលលះបង់សេចក្ដីតោងប្រកាន់មាំក្នុងខ្លួនបាន
វាថ្នាក់របស់ចិត្ត នឹងស្ងប់ត្រជាក់ កើតមានសេចក្ដីសុខដែលចេញមកពីខាងក្នុង ធ្វើឲ្យការពឹងពាក់លើវត្ថុ
ឬរឿងខាងក្រៅតិចចុះ ផលដែលបានទទួលតាមក្រោយគឺ រស់នៅងាយនិងហូបចុកងាយ។
បុគ្គលដែលបានលះបង់បាន ដោយអស់រលីងឆេញហើយ ទោះបីមានវត្ថុរបស់មិនប៉ុន្មានដុំ
ក៏មានសេចក្ដីសុខពេញលេញបរិបូណ៌ ផ្ទុយពីមនុស្សដែលជួបប្រសព្វនឹងភាពជោគជ័យដល់ថ្នាក់កំពូលក្នុងលោក
កាន់តែមានបានច្រើន សេចក្ដីសុខកាន់តែថយចុះ៕
សុខព្រោះលះ អត្ថបទពី ព្រះសាលវិសាលោ
No comments:
Post a Comment