Thursday, August 24, 2017

ឲ្យទានយ៉ាងណា ទើបជាការឲ្យ “ទានពិត” ពុំមែនត្រឹមជាការបណ្ដាក់ទុនមួយប្រភេទ?



ប្រិយមិត្តអ្នកអាន អាចទទួលបានចម្លើយរឿងការឲ្យ ទានពិតពីតេជគុណ វ.វជិរមេធី

ក្នុងអតីតកាលកន្លងទៅដ៏យូរលង់ណាស់មកហើយ មានមាណពម្នាក់ បានចូលទៅស្ដាប់ធម៌នៅឯវត្ត ។ គ្រានោះបុរសកម្លោះម្នាក់នោះ បានឃើញព្រះអគ្គសាវកគង់នៅខាងស្ដាំនៃព្រះពុទ្ធអម្ចាស់ ហើយបានប្រកាន់យល់ថា ជាមេទ័ពនៃកងទ័ពធម៌របស់ព្រះសម្មាសម្ពុទ្ធជាអម្ចាស់កំពុងថ្វាយការងារ ក្រោយពីបានឃើញព្រះអគ្គសាវកអង្គនោះហើយ ធ្វើឲ្យបុរសនោះកើតកម្លាំងបណ្ដាលចិត្តថា ខ្លួនក៏ចង់បានជាបែបនេះដែរ ។ បុរសនោះទើបតាំងសច្ចាប្រណិធានចិត្តអធិដ្ឋានថា សាធុ ដោយទានដែលកូនបានធ្វើនេះ ទៅកើតជាតិមុខយ៉ាងណាមួយ សូមឲ្យកូនបានធ្វើជាអគ្គសាវករបស់ព្រះសម្មាសម្ពុទ្ធជាអម្ចាស់ផងចុះ។ 


ការតាំងចិត្តអធិដ្ឋាននេះ ពុំមែនកើតពីកម្លាំងទាញចិត្តពីសេចក្ដីលោភទេ ប៉ុន្តែកើតចេញពីការអធិដ្ឋានដើម្បីស្ថាបនាខ្លួនឯងឲ្យបានជាអគ្គសាវក របស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់អង្គណាមួយ ជាការអធិដ្ឋានដើម្បីបង្កើនចលនាគុណភាពចិត្តរបស់ខ្លួនឲ្យខ្ពស់ឡើងពីបុថុជ្ជន ឲ្យទៅជាព្រះអរិយជន ជាការអធិដ្ឋានដើម្បីឲ្យខ្លួនបានបំពេញប្រយោជន៍ដល់មនុស្សជាតិ ។ ការអធិដ្ឋានចិត្តយ៉ាងនេះ កើតឡើងពីធម្មឆន្ទៈ ដែលប្រកាន់យកថា ជាកម្លាំងទាញចិត្តប្រាថ្នាកសាង ជាកម្លាំងទាញចិត្តក្នុងផ្លូវវិជ្ជមាន ជាកម្លាំងទាញចិត្តដ៏ត្រឹមត្រូវ ។ ផលនៃការអធិដ្ឋាននេះ នឹងធ្វើឲ្យបុរសនោះបានកើតមកជាធម្មសេនាបតីសារីបុត្តត្ថេរ ដែលជាអគ្គសាវកស្ដាំនៃព្រះសម្មាសម្ពុទ្ធជាម្ចាស់អង្គសមណគោតមក្នុងពេលបច្ចុប្បន្នយើងនេះ ។

ព្រះអគ្គសាវកមួយអង្គទៀត ដែលបានតាំងសច្ចាអធិដ្ឋានហើយ បានសម្រេចសមតាមប្រាថ្នារបស់ខ្លួនគឺ ព្រះអញ្ញាកោណ្ឌញ្ញៈ ។ ក្នុងអតីតជាតិនោះ ពេលលោកធ្វើបុណ្យហើយ លោកបានសច្ចាអធិដ្ឋានថា សូមឲ្យខ្ញុំម្ចាស់បានធ្វើជាអគ្គសាវកមុនគេ នៃព្រះសម្មាសម្ពុទ្ធជាម្ចាស់អង្គណាមួយ។ មានហេតុផលក៏ព្រោះថា លោកបានថ្វាយកំពូលចង្ហាន់អង្ករស្រូវថ្មី ។ បើនិយាយឲ្យងាយស្ដាប់ទៅថា ពេលរួចរាល់ពីរដូវធ្វើស្រែហើយ បាននាំយកអង្ករស្រូវដែលបានមកថ្មីៗ គាត់ហៅថាជាស្រូវដ៏លើស នៅភូមិភាគខាងជើង នៅមានការប្រកាន់ប្រពៃណីនេះ គេហៅប្រពៃណីនេះថា ថ្វាយចង្ហាន់អង្ករស្រូវថ្មី (ទានអង្ករស្រូវថ្មី) គឺពេលចប់រដូវធ្វើស្រែហើយ អ្នកភូមិមិនបានយកអង្ករស្រូវនោះមកដាំបាយទទួលទានដើម្បីខ្លួនឯងទេ ប៉ុន្តែយកអង្ករស្រូវថ្មីនោះមកដាំធ្វើជាចង្ហាន់ ហើយយកបាយអង្ករស្រូវខ្សាយថ្មី បាយដំណើបអង្ករស្រូវថ្មី ដែលជាបាយចានដំបូង ដុំបាយដំបូង បាយបំពងដំបូង ដែលបានពីការធ្វើស្រែក្នុងឆ្នាំនោះៗ ទៅបង្អោនចុះដាក់ប្រគេនចំពោះព្រះភិក្ខុសង្ឃ ហើយឧទ្ទិសមគ្គផលចំណែកនៃបុណ្យកុសលនោះដល់បុព្វបុរស ហៅថាប្រពៃណីទានបាយអង្ករស្រូវថ្មី ។ ទានក្នុងទីនេះគឺ ប្រគេនហ្នឹងឯង ប្រពៃណីប្រគេនបាយអង្ករស្រូវថ្មីនោះ មានន័យដល់របស់ល្អបំផុត អង្ករស្រូវល្អបំផុត ខ្លួនឯងនៅមិនទាន់បានទទួលទាន បើមិនទាន់បានប្រគេនថ្វាយដល់ព្រះភិក្ខុសង្ឃទេនោះ ។

នៅក្នុងអតីកាលនេះផងដែរ ព្រះអញ្ញាកោណ្ឌញ្ញៈបានថ្វាយចង្ហាន់អង្ករស្រូវថ្មីបែបនេះឯង ហើយតាំងចិត្តអធិដ្ឋានថា ក្រៅពីចង្ហាន់អង្ករស្រូវថ្មីដែលបានប្រគេនថ្វាយជាចង្ហាន់ដ៏លើស ជាចង្ហាន់ដុំដំបូង ជាចង្ហាន់បរិសុទ្ធដំបូងដែលបានពីស្រែ ដែលដាក់កម្លាំងទុន កម្លាំងធ្វើមកដោយបែកញើសហូរញើសខ្ចាយ ជាថាមពលដ៏បរិសុទ្ធ ដោយហេតុត្រង់ៗថា ខ្ញុំម្ចាស់បានបង្អោនចុះមកប្រគេនថ្វាយចង្ហាន់ដ៏ថ្លៃថ្លា ដ៏ប្រសើរលើស ជាកំពូល សូមឲ្យកុសលផលបុណ្យនេះ សូមឲ្យមានជោគមានជ័យឲ្យខ្ញុំម្ចាស់ បានក្លាយជាអគ្គសាវកមួយអង្គនៃព្រះសម្មាសម្ពុទ្ធជាម្ចាស់ក្នុងអនាគតដ៏វែងផងចុះ ។

ប្រាកដណាស់ថា ដោយទានប្រភេទនេះ ឬដោយកម្លាំងប្រាថ្នានេះ បានជាលោកក្លាយជាបឋមសាវក មានន័យថា សាវកទីមួយដែលបានត្រាស់ដឹងតាមព្រះសម្មាសម្ពុទ្ធជាម្ចាស់ពិតមែន ។ ព្រោះហេតុដូច្នោះ មនុស្សក្នុងសម័យបុរាណកាល ពេលលោកធ្វើបុណ្យដាក់ទាន លោកអធិដ្ឋានប្រាថ្នារកគុណភាពជិវិត តាំងចិត្តអធិដ្ឋានដើម្បីជាការស្ថាបនាអភិវឌ្ឍខ្លួនឯងឲ្យក្លាយជាមនុស្សដ៏ប្រសើរខ្ពង់ខ្ពស់ ។ ការអធិដ្ឋានដោយកម្លាំងទាញចិត្ត ដែលជាបុណ្យជាកុសល មិនមែនអធិដ្ឋានប្រកបដោយសេចក្ដីលោភ ដូចជា សាធុ សូមឲ្យមានរថយន្តស៊េរីខ្ពស់ ដ៏ប្រណីតមួយគ្រឿង សូមឲ្យបានគ្រប់គ្រងយន្ដហោះប៊ូអ៊ិញមួយគ្រឿង ឬសាធុ សូមឲ្យបានកើតជាអ្នកមានលុយរាប់ពានលាន មួយឆ្នាំៗឲ្យមានលុយកាក់មាសប្រាក់ហូរចូលរាប់លានផងចុះ ។

ការអធិដ្ឋានចិត្តយ៉ាងនេះ ប្រកាន់ថា ជាការអធិដ្ឋានប្រកបដោយអំណាចនៃលោភមូលចិត្ត ក្លាយជាការយកកិលេសខ្ចី ធ្វើទៅឲ្យកិលេសចាស់ ធ្វើឲ្យទានដែលបានមក ធ្វើមិនបានបរិសុទ្ធ កើតមានត្រឹមការបណ្ដាក់ទុនផ្លូវចិត្តវិញ្ញាណមួយប្រភេទប៉ុណ្ណោះហ្នឹងឯង ។

មនុស្សបុរាណនោះ ពេលធ្វើបុណ្យរួចរាល់ហើយ លោកច្រើនតែតាំងចិត្តអធិដ្ឋានថា សាធុ ព្រះគុណម្ចាស់ឃើញធម៌ណា សូមឲ្យទូលបង្គំបានឃើញធម៌នោះ ដូចគ្នាទៅនឹងគុណម្ចាស់ផងចុះ

នេះគឺជាការអធិដ្ឋានចិត្ត ដើម្បីឲ្យបានកែវភ្នែកឃើញធម៌ ឬអធិដ្ឋានចិត្តដើម្បីឲ្យបានជាព្រះអរិយបុគ្គល មានសោតាបន្ន ជាដើម ។ នេះគឺជាវិធីអធិដ្ឋានដ៏ត្រឹមត្រូវ មិនដូចជាក្នុងសម័យនេះ ធ្វើបុណ្យម្យ៉ាង តាំងចិត្តអធិដ្ឋានសូមពររាប់រយពាន់ពរ រឹតតែអធិដ្ឋាន ឲ្យសេចក្ដីលោភនោះរឹតតែពូនគរឡើង ច្រើនឡើង កាន់តែចូលវត្តកិលេសកាន់តែក្រាស់ឡើង ច្រើនឡើង ។ កិលេសនោះមិនបានស្រកស្រុត សេចក្ដីលោភមិនបានកាត់បន្ថយចុះ ។  ការឲ្យទានទើបជាការបណ្ដាក់ទុនផ្លូវចិត្តវិញ្ញាណមួយប្រភេទប៉ុណ្ណោះ ។ ដូចនោះ បើសិននឹងឲ្យទាន ជាពិសេសវត្ថុទានឲ្យត្រឹមត្រូវ យើងត្រូវឲ្យដើម្បីកំចាត់បង់នូវសេចក្ដីកំណាញ់ស្វិត តាំងចេតនារម្មណ៍ ផ្គងចិត្តឲ្យជាបុណ្យជាកុសលហើយឲ្យទាន ។

បើសិនធ្វើតាមរបៀបនេះបាន នេះឯងគឺជាការធ្វើទានដ៏ត្រឹមត្រូវ ។ ពេលធ្វើបុណ្យត្រូវហើយ ទោះបីវត្ថុទាននោះតិចក្ដី តែអាចឲ្យផលសម្រេចដ៏ធំក្រៃលែងបាន ៕

ប្រែ.ចាន់

ប្រិយមិត្តអ្នកអាន អាចបញ្ចេញមតិយោបល់ក្នុងអត្ថបទដែលចុះផ្សាយនេះបាន បើមានត្រង់ចំនុចណាមួយមិនសមស្រប មិនសូវទំនង មិនសូវស៊ីសេចក្ដី ឬខុសឆ្គាំឆ្គង ឃ្លោងឃ្លា ល្បះប្រយោគណាមួយនោះ ស្មេរសូមទទួលយកការរិះគន់ កែលំអរនេះ ដោយក្ដីរីករាយបំផុត។






No comments:

Post a Comment