Saturday, August 26, 2017

៥ជំហាន បញ្ឈប់ជីវិតដ្ត្រាម៉ា ហើយត្រឡប់ជារឹងប៉ឹងម្ដងទៀត


៥ជំហាន បញ្ឈប់ជីវិតដ្រាម៉ា ហើយត្រឡប់ជារឹងប៉ឹងម្ដងទៀត

កុំនៅលិចលង់ផុងខ្លួននៅជាមួយនឹងភាពអស់សង្ឃឹម ភាពបរាជ័យ ដែលវាបានកន្លងផុតទៅជាយូរមកហើយ ។ ការបានឈប់ពីជីវិតដ្រាម៉ា នោះ ហើយយកដៃជួតទឹកភ្នែករបស់អ្នក និងបន្តដំណើរទៅមុខទៀត ដោយផ្អែកលើគោលគំនិតទាំងប្រាំប្រការខាងក្រោមនេះ អាចល្មមនឹងជួយដោះស្រាយបញ្ហាទាំងនេះបាន ។


១) ចេញទៅរកការងារផ្សេងៗធ្វើ
ពេលណាដែលអ្នកកំពុងប្រឈមមុខជាមួយនឹងការអស់សង្ឃឹម ភាពបរាជ័យ សោកសៅ ខូចចិត្ត កុំនៅអង្គុយយំធ្វើបាបខ្លួនឯងឡើយ ។ អ្នកគួរចេញទៅរកអ្វីម្យ៉ាងធ្វើវិញល្អជាជាង អាចទៅធ្វើការងារស្ម័គ្រចិត្ត ដាំកូនឈើ ឬក៏ទៅហាត់ប្រាណដើម្បីឲ្យមានសុខភាពល្អ ក៏ជាវិធីបញ្ចៀសភាពដ្រ្ដាម៉ាក្នុងជីវិតបាន ដែលអ្នកអាចនឹកស្មានមិនដល់ ព្រោះវាធ្វើឲ្យចលនារាងកាយ នឹងជួយបញ្ចេញចោលនូវសារធាតុអេនដ្រូហ្វិន ដែលអាចជួយឲ្យអ្នកមានសុខល្អទាំងផ្លូវកាយនិងផ្លូវចិត្តបាន ។ ក្រៅពីជួយបន្ធូបន្ថយសម្ពាធតានតឹងអារម្មណ៍ហើយ ថែមទាំងទទួលបានរូបរាងកាយរឹងមាំស្វាហាប់ផងដែរ ។ កុំភ្លេចសោះថា ចិត្តដែលរឹងប៉ឹង រមែងស្ថិតនៅក្រោមរូបរាងកាយដ៏រឹងមាំ ។ វិធីសាស្ត្រនេះ អាចមើលទៅ ហាក់ដូចជាការរត់គេចពីបញ្ហាដ្រ្ដាម៉ាក្នុងជីវិតដែរ  ក៏ប៉ុន្តែការពិតទៅ ការធ្វើខ្លួនឲ្យសប្បាយៗ នឹងជួយឲ្យយើងមានអារម្មណ៍ធូរស្រាលពីភាពតានតឹងផ្សេងៗ បានល្អប្រសើរ ។ 

២) បើដួលហើយឲ្យរហ័សក្រោកឡើង
រាល់ពេលដែលអ្នកដួល អ្នកអាចអនុញ្ញាតឲ្យខ្លួនឯងយំសោកសៅបាន តូចចិត្តបាន ប៉ុន្តែមានប្រការខ្លះដែលថា ត្រូវផ្ដល់ពេលជាមួយនឹងភាពតូចចិត្តត្រឹមតែមួយរយៈពេលខ្លីប៉ុណ្ណោះ មិនត្រូវដាក់ឃុំខ្លួនឯងឲ្យស្ថិតនៅក្នុងសភាពដុនដាបហួសហេតុពេកទេ  ព្រោះបើអ្នកលិចលង់ផុងខ្លួនកប់ជ្រៅទៅក្នុងសភាពដុនដាបនោះខ្លាំង និងយូរ អារម្មណ៍ដុនដាប នឹងបន្ថែមបន្ទុកកាន់តែធ្ងន់ទៅរឿយៗ អាចទៅជាទ្វេគុណ ហើយរឹងរឹតតែពិបាកក្នុងការទាញខ្លួនចេញមកវិញបាន ។ មធ្យោបាយដ៏ល្អ អ្នកត្រូវតាំងសតិឲ្យបានលឿនបំផុត និងឲ្យគិតថា  បញ្ហាដែលអ្នកកំពុងប្រឈមមុខនៅពេលនេះ វាជាឱកាសមួយ ដែលអាចជួយឲ្យអ្នកធំធាត់ រីកចំរើនឡើងបានដោយខ្លួនឯង។

៣) ឈប់គិតអ្វីដែលអ្នកគ្រប់គ្រងមិនបាន
មនុស្សដែលរស់នៅលើលោកមានពីរប្រភេទ ។ ប្រភេទទី១ គឺជាមនុស្សដែលយល់ឃើញថា ខ្លួនធ្វើអ្វីៗមានស្ដង់ដាក្នុងការទ្រទ្រង់ជីវិត ហើយមនុស្សមួយប្រភេទទៀតដែលយល់ឃើញថា អ្នកដទៃធ្វើអ្វីៗហើយ ធ្វើឲ្យចូលធ្លុងជាមួយគ្នាបាន បើសិនយើងចង់បញ្ឈប់ជីវិតដុនដាប(ដ្រាម៉ា) ជារឿងដែលគួរធ្វើបំផុតគឺ ឈប់គិតយកចិត្តទុកដាក់អ្វីៗ ដែលយើងមិនអាចគ្រប់គ្រងវាបាន ដូចជា អ្នកដទៃនឹងធ្វើអ្វី នឹងគិតយ៉ាងម៉េច ស្រេចទៅលើគេធ្វើ គេគិតទៅចុះ ហើយយើងបែរត្រឡប់មកធ្វើរឿងដែលខ្លួនឯងត្រូវធ្វើ ដោយមិនចាំបាច់គិតខ្វល់ថា នឹងមានសម្ដីបែបនេះសម្ដីបែបនោះកើតឡើងតាមក្រោយខ្នងយើងឡើយ គ្មានអ្នកណាដឹងច្បាស់ជាងខ្លួនរបស់យើងថា ខ្លួនយើងបានធ្វីអស់ពីសមត្ថភាព និងអស់ពីលទ្ធភាពហើយឬនៅតែប៉ុណ្ណោះ ។

៤) នៅឲ្យឆ្ងាយពីមិត្តផុងខ្លួនក្នុងស្ថានភាពដ្រាម៉ា
តើអ្នកធ្លាប់បានសង្ស័យទេថា ចុះហេតុអ្វីបានជីវិតអ្នកមិនជួបបញ្ហាអាក្រក់ផង តែមួយថ្ងៃៗ អ្នករកសេចក្ដីសុខមិនជួបសោះ មានអារម្មណ៍តឹងចង្អៀតខ្លាំងណាស់ ហាក់ដូចជាពិភពលោកនេះ មានភាពអយុត្តិធម៌ សាកបែរមកមើលជុំវិញខ្លួនអ្នកសិនមើលថា អ្នកអាចរកឃើញអ្នកណាម្នាក់កំពុងផុងខ្លួនក្នុងដ្រ្ដាម៉ា ពូកែតូចចិត្តតូចថ្លើម ពូកែរអ៊ូរទាំ អ្នកអាចកំពុងទទួលបានឥទ្ធិពលភាពអវិជ្ជមាននេះក៏ថាបាន ដឹងទេថា ការនៅរួមជាមួយមនុស្សទាំងនេះ ជាញឹកញាប់ញឹកញយ អាចធ្វើឲ្យអ្នកក្លាយជាមនុស្សមើលលោកនេះក្នុងផ្លូវអវិជ្ជមានបានដោយមិនបានដឹងខ្លួន ។ មធ្យោបាយដ៏ល្អជាងនេះ បើសិនអ្នកមិនចង់ឲ្យកម្លាំងអវិជ្ជមានទាំងនោះ មកលួចទំពារស៊ីសេចក្ដីសុខរបស់អ្នកទេនុ៎ះ អ្នកគួរធ្វើខ្លួនយ៉ាងណា កុំឲ្យនៅជិតមនុស្សពួកនេះឲ្យសោះ។

៥) ផ្លាស់ប្ដូរវិធីថ្មីក្នុងការមើលខ្លួនឯង
រឿរ៉ាងជាច្រើនដែលបានកំពុងកើតឡើងក្នុងជីវិតមនុស្សយើង សុទ្ធសឹងជាផលបានមកពីគំនិតរបស់យើងទាំងអស់ ។ បើសិនជាអ្នកយល់ឃើញថា ជីវិតខ្លួនឯងពិតជាអាក្រក់ កម្មក្រាស ទន់ជ្រាយ អ្នកអាចនឹងមានចំណុចខ្សោយណាមួយពិតប្រាកដ ចូរប្ដូរផ្លាស់វាជាថ្មី ចាប់ផ្ដើមមើលខ្លួនឯងថា ជាមនុស្សដែលមានសេចក្ដីសុខ ពោរពេញទៅដោយថាមពលវិជ្ជមាន និងរឹងមាំហ៊ានពុះពារបញ្ហាឧបសគ្គ ធ្វើបានប៉ុណ្ណោះ ក៏អាចជួយបញ្ឈប់ភាពដ្រាម៉ា ដែលបានកើតឡើងក្នុងថ្ងៃអនាគតបានហើយ ៕


>> Stop Drama, Start Strong Life <<

No comments:

Post a Comment