Monday, August 28, 2017

គ្មានមនុស្សណាម្នាក់អាចគេចរួចផុតពីក្រញ៉ាំមច្ចុរាជបានឡើយ


គ្មានមនុស្សណាម្នាក់អាចគេចរួចផុតពីក្រញ៉ាំមច្ចុរាជបានឡើយ

យើងបានដឹងច្បាស់គ្រប់គ្នាអស់ហើយថា មនុស្សទាំងអស់ដែលកើតឡើងមកក្នុងលោកនេះហើយ ត្រូវតែស្លាប់ក្នុងចុងទីបំផុត គ្មានបុគ្គលណាមួយអាចគេចផុតពីក្រញ៉ាំមច្ចុរាជនេះបានឡើយ ហើយមនុស្សយើងគ្រប់គ្នា តែងមានអារម្មណ៍មួយនេះទុកដិតដាមជាប់ចិត្តជាប់ប្រាណរហូតមកដែរ។

ប៉ុន្តែមនុស្សគ្រប់គ្នា ក៏សឹងតែបំភ្លេចចោលនូវអារម្មណ៍មួយនេះអស់ទៅហើយ  ដោយមិនបានមើលឃើញពីតម្លៃ មិនបានមើលឃើញពីប្រយោជន៍របស់អារម្មណ៍មួយនេះឡើយ ហើយក៏មិនបានយកចិត្តទុកដាក់សមគួរដល់ការនេះដែរ និងលែងបណ្ដោយឲ្យទៅតាមកាលវេលារបស់វាអស់ដឹងដូចជាមិនដឹង ឃើញដូចជាមិនឃើញ ឮដូចជាមិនឮ រឿងដែលមានប្រយោជន៍ដូចជារឿងដែលគ្មានប្រយោជន៍ រឿងដែលមានតម្លៃដូចជាគ្មានតម្លៃអីណាបន្តិចសោះ។


ដូចនេះ យើងត្រូវសួរខ្លួនឯងថា តើយើងទាំងអស់បានអ្វីពីលោកនេះខ្លះ? ឬគ្រាន់តែកើតមកជាមនុស្ស ដែលធំធាត់មានសាច់មានឈាម តាំងជីវិតរស់នៅមួយៗថ្ងៃ គ្រាន់តែទំពាស៊ីនូវអ្វីគ្រប់យ៉ាង ដែលខ្លួនប្រាថ្នាចង់បានប៉ុណ្ណោះចឹងឬ? ដោយមិនបានទាញអ្វីពីលោកនេះ ក្នុងនាមជាអ្នកបានជួបបានស្គាល់ និងបានសិក្សាទ្រឹស្ដីរបស់ព្រះពុទ្ធសាសនា ដែលព្រះពុទ្ធលោកនាថ ព្រះអង្គ ទ្រង់សំដែងឲ្យយើងបំពេញប្រយោជន៍គ្រប់យ៉ាង ដោយសេចក្ដីមិនប្រហែសធ្វេសឡើយ។

ព្រោះយើងម្នាក់ៗបានយកពាក្យអប់រំរបស់ព្រះពុទ្ធមកទុកក្នុងចិត្ត ដើម្បីឲ្យជីវិតមានតម្លៃ សម្រាប់លោកនេះ និងសម្រាប់លោកខាងមុខផង។ ការបានកើតមកក្នុងលោកនេះ សុទ្ធសឹងជាអ្នកមានបុណ្យច្រើនដែលខ្លួនធ្លាប់សាងមក។ បុណ្យដែលយើងធ្លាប់សន្សំមកនេះ ប្រៀបដូចជា ទ្រព្យដែលយើងខិតខំធ្វើការរកស៊ីសន្សំទុកសម្រាប់ទុកប្រើប្រាស់ឆ្នាំក្រោយៗទៀតអ៊ីចឹងដែរ។

កើតមកជាមនុស្សនេះ អស្ចារ្យណាស់ ដែលចេះមានឧត្តមគតិ ចេះគិតគូរការណាមានប្រយោជន៍ ការណាឥតប្រយោជន៍ និងចេះថ្លឹងថ្លែងគិតពិចារណា នូវអ្វីសម្រាប់ជីវិតបច្ចុប្បន្ន និងសម្រាប់អនាគតរបស់ខ្លួន។ ការកើតឡើងមកនេះ ប្រាកដណាស់ថា យើងនឹងស្លាប់ តែស្លាប់ក្នុងទីនេះ ស្លាប់ក្នុងការបែកធ្លាយធាតុ៤ ខន្ធ៥ ប៉ុណ្ណោះ យើងមិនត្រូវឲ្យសេចក្ដីល្អស្លាប់ទៅទេ ។

បើយើងឲ្យសេចក្ដីល្អយើងស្លាប់ នោះមានន័យថា យើងបានកាត់ផ្ដាច់ពូជមនុស្ស ពូជទេវតា ពូជព្រហ្ម និងក្រសែព្រះនិព្វានហើយ ។  ហើយយើងបានទៅចាប់យកពូជសត្វនរក ប្រេត តិរច្ឆាន និងអសុរកាយជំនួសឲ្យខ្លួនឯងវិញ។ ដូចនេះ ការឃើញសេចក្ដីស្លាប់ក្នុងអារម្មណ៍ គឺជាការត្រៀមលក្ខណៈចាប់យកអ្វីមួយជាប្រយោជន៍។ យើងមិនអាចឃាត់ការកើតឡើងបាន ប៉ុន្តែយើងអាចនឹងជ្រើសរើសកន្លែងកើតបាន តាមរយៈអំពើរបស់ខ្លួន។ អំពើអាក្រក់ក្ដី អំពើល្អក្ដី សុទ្ធជាអ្នកដឹកនាំយើងទៅកើតទាំងអស់។ ដោយហេតុនេះ ​យើងអាចជ្រើសរើសកន្លែងកើតបាន តាមសក្ដានុពលបុណ្យ និងបាប ដែលខ្លួនយើងម្នាក់ៗបានប្រកបធ្វើក្នុងឋានៈមនុស្សនេះ។

ការរស់នៅ ស៊ី ដេកស្រួល ក្នុងគំនរទ្រព្យនេះ ទទួលបានតែក្នុងអត្ថិភាពជាមនុស្សនេះទេ។ បើស្លាប់ពីមនុស្សនេះទៅ មិនប្រាកដថា បានរស់នៅ ហូបចុក ដេកស្រួលលើគំនរទ្រព្យសម្បត្តិដែលខ្លួនយើងកំពុងមាននេះឡើយ។ បើចង់ឲ្យខ្លួនជោគជ័យសម្រាប់អនាគតទៅជាតិមុខទៀតនុ៎ះ មានតែយើងម្នាក់ៗចេះលៃលកធនធានដែលគ្មានខ្លឹមសារ ធ្វើឲ្យជារបស់មានខ្លឹមសារ ដែលអាចយកជាប់តាមខ្លួនទៅជាតិមុខបាន។ ព្រោះថាទ្រព្យសម្បត្តិដែលយើងកំពុងប្រើនេះជារបស់មានរូប ហើយយើងមិនអាចយករបស់មានរូបជាប់ទៅបានឡើយ ទាល់តែយើងចេះបំលែងទ្រព្យដែលមានរូបនេះ ធ្វើឲ្យទៅជារបស់អរូបជាមុនសិន ទើបអាចយកទៅបាន។ ចុះអ្វីទៅជារបស់អរូប? អរូប ជានាមធម៌ ដែលយើងស្គាល់គ្រប់គ្នាអស់ហើយៗប្រហែលជាបានកំពុងប្រព្រឹត្តទៅរឿយៗ ជាប់មិនដាច់ផងក៏មិនដឹង។ អរូបធម៌ក្នុងទីនេះសំដៅយក អំពើ ជាចេតនាល្អ ដែលកើតឡើងតាមរយៈកាយក្ដី វាចាក្ដី និងចិត្តក្ដី ហៅថាអរូបទាំងអស់។

ជាទីបញ្ចប់សេចក្ដីនេះ មានតែពាក្យមួយថា "មនុស្សសត្វទាំងឡាយ ទៀងតែនឹងស្លាប់គ្រប់ៗគ្នា ព្រោះថា ជីវិតរបស់មនុស្សសត្វទាំងឡាយ សុទ្ធតែមានសេចក្ដីស្លាប់នៅខាងចុងបំផុតគ្រប់ៗប្រាណ ម្យ៉ាងទៀត មនុស្សសត្វទាំងឡាយ រមែងកាន់យកនូវផលបុណ្យផលបាប ហើយនឹងទៅតាមយថាកម្ម គឺទៅតាមគួរដល់អំពើល្អ និងអាក្រក់ដែលខ្លួនបាន អ្នកដែលបានធ្វើបាប តែធ្លាក់ទៅសោយទុក្ខក្នុងនរក ចំណែកខាងអ្នកធ្វើបុណ្យ តែងឡើងទៅកាន់សុគតិភព។

ព្រោះហេតុដូច្នោះហើយ សាធុជនអ្នកមានចំណង់ចង់បានសេចក្ដីសុខដល់ខ្លួន គួរប្រញាប់ប្រញាល់ធ្វើអំពើបុណ្យដែលជាគុណ គឺអ្នកប្រាជ្ញតែងរាប់អានឲ្យបានជានិច្ច គឺខ្លួនត្រូវកសាងសន្សំ គ្រាន់នឹងបានជាទីពឹងទៅក្នុងភពខាងនាយ ព្រោះថា បុណ្យទាំងឡាយ តែងជាទីពឹងពំនាក់របស់មនុស្សសត្វទាំងឡាយក្នុងបរលោក"៕

និ.ចាន់/ គោលគំនិតល្អដើម្បីជីវិត

No comments:

Post a Comment