Tuesday, August 29, 2017

កម្មជាគ្រឿងតាំងនៅ


ការតាំងនៅរបស់មនុស្សសព្វថ្ងៃនេះ បើយើងមិនបានគិតឲ្យបានស៊ីជម្រៅទេ យើងទាំងអស់គ្នាប្រាកដជាលើកឡើងថា ដោយការខិតខំប្រឹងប្រែងរកស៊ី ធ្វើការងារចិញ្ចឹម ដោយសារកម្លាំងញើសឈាមរបស់ខ្លួនហើយ ឬអាចនិយាយបានថា ការអាស្រ័យពឹងពាក់របស់អាណាព្យាបាលជួយចិញ្ចឹមខ្លួន បង្កើតខ្លួនឡើងមកប៉ុណ្ណោះ ។ អ្វីដែលយើងកំពុងគិតនេះ គ្រាន់តែជាការសំដែងខាងក្រៅឆាក ឬពីមុខឆាកប៉ុណ្ណោះឯង ។ តែអ្វីដែលជាមានជម្រៅ និងមានទំងន់ធ្ងន់ជាងហ្នឹងនោះ គឺកម្ម ។


សត្វលោកតាំងនៅបាន អាស្រ័យព្រោះកម្ម ។ កម្ម ជាវិធីការ អ្នករៀបចំឲ្យជីវិតយើងមើលទៅល្អ ឬអាក្រក់វាអាស្រ័យលើថ្វីដៃរបស់អ្នកវិធីការនេះទាំងអស់ ។ បើវិធីការអន់ (កម្មខ្សោយ ឬកម្មអាក្រក់) ការតុបតែងរបស់គេក៏វាអន់ទៅតាមអ្នកតុបតែងទៅ តុមតែងក្នុងឋានៈអ្នកតូចទាប អ្នកក្រខ្សត់ កើតមកមិនគ្រប់លក្ខណៈ មិនគ្រប់អវយវៈ អាចនិយាយម្យ៉ាងទៀតបានថា តាក់តែងក្នុងភពអន់ៗ កន្លែងកំណើតអន់ៗ ថោកទាប ដូចជា តាក់តែងឲ្យកើតក្នុងឋាននរក ប្រេត តិរច្ឆាន និងអសុរកាយជាដើម ។
វិធីការល្អ ដែលមានថ្វីដៃល្អ មានផ្កាល្អ មានតម្លៃថ្លៃ (កម្មល្អ) ការតុបតែងរបស់គេក៏ល្អ ទៅតាមកម្លាំងថ្លៃជួលរបស់ម្ចាស់កម្មវិធីហ៊ានជួលគេ ឲ្យមកតុបតែងលំអដែរ ។ បើវិធីការ ដែលមានថ្វីដៃល្អធ្វើហើយ ម្ចាស់ដើមការពិតជាមិនខកចិត្ត ខុសបំណងឡើយ ។ យ៉ាងណាមិញ អំពើល្អរបស់យើង ដែលបានខិតខំប្រព្រឹត្តធ្វើសព្វថ្ងៃនេះ ទុកដូចជាកំពុងស្វែងរកវិធីការ ដែលមានថ្វីដៃល្អឯក ទុកឲ្យមកតុបតែងលំអជីវិតនៅពេលខាងមុខអ៊ីចឹងដែរ ។

ពេលយើងមានវិធីការល្អ ក្នុងការមកជួយតុបតែងឲ្យជីវិតយើងហើយ យើងដែលជាម្ចាស់ដើមការ មិនចាំបាច់ព្រួយបារម្ភថា ការតុបតែរបស់គេ នឹងធ្វើឲ្យយើងខូចចិត្ត ខកបំណងឡើយ ។ សឹងតែអាចនិយាយបានថា ពេញចិត្តពេញថ្លើមតែម្ដង ។ វិធីការល្អ គេនឹងជ្រើសរើសប្រភេទផ្កាល្អ របស់ល្អ ដែលមានគុណ គុណសម្បត្តិគ្រប់យ៉ាង សម្រាប់តុបតែងឲ្យយើង ពេញថ្លៃសក្ដិសមកិត្តិនឹងយស ដែលយើងខិតខំសន្សំទុកមក។ វិធីការល្អនេះ ទុកដូចជាអំពើល្អ គ្រប់យ៉ាង ដែលយើងខិតខំប្រព្រឹត្តធ្វើ សន្សំទុកនូវសេចក្ដីល្អ តាមរយៈកាយវាចា និងចិត្តរបស់យើងរាល់ថ្ងៃនេះ គ្រប់ពេលវេលា។ អំពើល្អចាត់ចែងរៀបចំកន្លែងណាមួយ ដែលមានតម្លៃសក្ដិសម ឬសមគួរដល់អ្វីដែលយើងបានធ្វើមកនោះ ។ បុណ្យនៃសេចក្ដីល្អនេះ នឹងឲ្យយើងកើតក្នុងឋានៈមួយដ៏សមគួរ បានកើតមកជាមនុស្សគ្រប់លក្ខណៈ មានអវយវៈគ្រប់គ្រាន់ ក្នុងគ្រួសារតាមកម្លាំងបុណ្យរបស់យើងម្នាក់ៗ អាចកើតក្នុងត្រកូលអ្នកមាន សេដ្ឋី ឧកញ្ញា គហបតី ស្ដេច ឬនឹងកើតក្នុងឋានទេវលោក មានទេវតា ៦ជាន់ ព្រហ្ម ១៦ អរូបព្រហ្ម៤ជាន់ ជាពិសេសឋានដ៏ថ្លៃថ្លាកាត់ថ្លៃពុំបាននោះ គឺព្រះនិព្វាន។

អ្វីដែលយើងបានទាំងអស់នេះ វាអាស្រ័យលើកម្ម ។ កម្មជាអំពើដែលមនុស្សលោកគ្រប់គ្នា បានប្រព្រឹត្តធ្វើសព្វថ្ងៃនេះ តាមរយៈកាយ តាមរយៈវាចា និងតាមរយៈចិត្ត ។ កម្មទុកដូចជាទីជម្រក ទុកដូចជាចំណីអាហារ ទុកដូចជាគ្រឿងអបស្ទបជីវិតិន្រ្ទីយ៍ ឲ្យតាំងនៅបាន ។ ជីវិតមាន ឬក្រ ជីវិតថោក ឬថ្លៃថ្លា  មានជីវិតខ្លី ឬវែង វាអាស្រ័យលើកម្មដែលខ្លួនឯងបានធ្វើ បានសន្សំទុកមកនុ៎ះឯង។  

ជាទីបញ្ចប់ សូមលើកយកចំណុចមួយថា​​ ក្នុងឋានៈដែលបានកើតមកជាមនុស្ស ដែលមានលក្ខណៈពេញលេញ មានរចនាបទជាមនុស្សស្រី មនុស្សប្រុស មានអវយវៈគ្រប់គ្រាន់ទាំងអស់ ហើយហៅថា គ្រប់លក្ខណៈ ។ ប៉ុន្តែក៏មានមនុស្សខ្លះទៀត មិនមានលក្ខណៈគ្រប់គ្រាន់ដូចគេដូចឯងក៏មាន ប៉ុន្តែអាចថាមិនមានច្រើនដែរ ។ បញ្ហាទាំងអស់នេះ វាអាស្រ័យលើកម្ម គឺទង្វើរបស់មនុស្សគ្រប់គ្នា ដែលបានប្រព្រឹត្តធ្វើទុក សន្សំទុកមក មិនអាចរាប់ថាប៉ុណ្ណេះជាតិ ប៉ុណ្ណោះជាតិបានឡើយ គឺរាប់អនេកជាតិមកហើយ ។

បើនិយាយតាមគោលការណ៍ធម៌ លោកហៅថា សាងកម្មនេះ ដែលយើងទាំងអស់គ្នាកំពុងធ្វើរាល់ថ្ងៃ គ្រប់ពេលវេលា ធ្វើតាមរយៈផ្លូវកាយ វាចា និងចិត្ត ។ អ្វីទាំងឡាយដែលមានមកនេះ ដោយច្រើន មនុស្សយើងអាស្រ័យលើកម្ម ជាអាហារ ជាគ្រឿងតាំងនៅ ។  ប៉ុន្តែបើជាកម្មល្អវិញនោះ មិនសូវគិតខំធ្វើប៉ុន្មានទេ ដោយច្រើន វានឹងគិតធ្ងន់ទៅរកផ្នែកខាងកម្មអាក្រក់វិញ ។

ដូចយើងបានដឹងឮទាំងអស់គ្នាស្រាប់ ពត៌មានជុំវិញពិភពលោក មនុស្សច្រណែនឈ្នានីស អាឃាតព្យាបាទ កាប់សម្លាប់ បំផ្លិចបំផ្លាញគ្នា ដណ្ដើមឆក់ប្លន់ ឆបោកគ្រប់រូបភាព ឈានដល់ការកាប់សម្លាប់ម្ចាស់យកទ្រព្យច្រើនកន្លែង បៀតបៀនជីវិតនេះ ជីវិតនោះ បៀតបៀនដណ្ដើមរឹបអួស កេងប្រវញ្ចយកទ្រព្យសម្បត្តិរបស់ជននានា ដែលវាខុសពីគោលការណ៍សីល៥ ដែលព្រះពុទ្ធអង្គ លោកទ្រង់សំដែងទុក អប់រំមនុស្សឲ្យនាំគ្នាគិត ឲ្យនាំគ្នាប្រព្រឹត្ត ឲ្យនាំគ្នាហ៊ានកាន់យក វៀរចាកអំពីបាបអកុសលទាំងនេះចេញ ..."៕


និ.ចាន់/គោលគំនិតល្អដើម្បីជីវិត

No comments:

Post a Comment