Wednesday, August 30, 2017

ដរាបណា អ្នកជឿជាក់លើខ្លួនឯង អ្នកនឹងដឹងអំពីវិធីក្នុងការរស់នៅ


ដរាបណា អ្នកជឿជាក់លើខ្លួនឯង អ្នកនឹងដឹងអំពីវិធីក្នុងការរស់នៅ ។ រឿងល្អៗទាំងនេះនឹងកើតឡើង នៅពេលអ្នកមានការជឿជាក់លើខ្លួនឯង!

មុននឹងចាប់ផ្ដើមធ្វើរឿងអ្វីក៏ដោយ ត្រូវមានជំនឿជាក់លើខ្លួនឯងជាមុនសិន ព្រោះបើមិនដូច្នោះទេ អ្នកនឹងមិនងាយនឹងសម្រេចនោះឡើយ។ មនុស្សដែលខ្វះជំនឿចិត្តលើខ្លួនឯង គឺប្រៀបបាននឹងរាងកាយ ដែលគ្មានវិញ្ញាណអ៊ីចឹង។ ដូច្នេះហើយ ទោះបីជាមានបញ្ហាអ្វីក៏ដោយ ត្រូវតែសាងទំនុកចិត្តលើខ្លួនឯងឲ្យបាន។

ខាងក្រោមនេះ គឺជារឿងល្អៗដែលនឹងកើតឡើង នៅពេលអ្នកមានភាពជឿជាក់លើខ្លួនឯង៖


១) ជម្នះភាពភ័យខ្លាច៖ រាល់ពេលដែលអ្នកគ្មានភាពជឿជាក់លើខ្លួនឯង មានន័យថា អ្នកកំពុងមានការបារម្ភ និងមានការភ័យខ្លាចខ្លាំងក្នុងការធ្វើអ្វីផ្សេងៗ ជាហេតុនាំឲ្យធ្វើអ្វីក៏មិនកើត និងមិនងាយបានសម្រេចឡើយ។ ដូច្នេះបើអ្នកជឿជាក់លើខ្លួនឯងហើយ នោះទោះបីជាមានការលំបាកប៉ុណ្ណាក៏ដោយ ក៏អ្នកមិនអនុញ្ញាតឲ្យភាពភ័យខ្លាចបំផ្លាញក្ដីស្រមៃរបស់អ្នកបានដែរ។

២) មិនខ្លាចការរិះគន់របស់អ្នកដទៃ៖ ជាធម្មតា មនុស្សតែងតែមានគំនិតផ្សេងពីគ្នា ដូច្នេះហើយនៅពេលអ្នកធ្វើអ្វីមួយ មនុស្សមួយចំនួនក៏ចាប់ផ្ដើមរិះគន់។ ក្នុងស្ថានភាពនេះ បើអ្នកគ្មានជំនឿជាក់លើខ្លួនឯងទេ នោះអ្នកនឹងឈប់ធ្វើអ្វីដែលអ្នកចង់ ហើយបែរជាទៅធ្វើតាមគំនិតរបស់អ្នកទាំងនោះវិញ  ដែលប្រការនេះធ្វើឲ្យអ្នកគ្មានផ្លូវសម្រេចជោគជ័យបានឡើយ។ ប៉ុន្តែបើអ្នកជឿជាក់លើខ្លួនឯងវិញ ទោះបីជាមានគេនិយាយ ឬគិតបែបណាក៏ដោយ អ្នកនៅតែអាចដើរឆ្ពោះទៅកាន់អ្វីដែលចង់បាន ហើយនៅទីបំផុតជ័យជំនះនឹងធ្លាក់ទៅលើអ្នក។

៣) មានពេលគ្រប់គ្រាន់ក្នុងការធ្វើកិច្ចការអ្វីមួយ៖ បើអ្នកជឿជាក់លើខ្លួនឯងហើយ នោះអ្នកនឹងដើរសំដៅទៅការងារនោះតែម្ដង ដោយមិនខ្ជះខ្ជាយពេលវេលាស្ដាប់ការរិះគន់ ឬមតិមិនល្អរបស់អ្នកដទៃនោះឡើយ ។ ពេលវេលាគឺមានតម្លៃខ្លាំងណាស់ ដូច្នេះហើយនៅពេលយើងចេះក្ដោបក្ដាប់ពេលវេលា នោះឱកាសសម្រេចជោគជ័យក៏មានច្រើនដែរ។

៤) ក្លាយជាបុគ្គលលេចធ្លោ៖ មនុស្សដែលមានជំនឿជាក់លើខ្លួនឯង តែងតែទទួលបានការចាប់អារម្មណ៍ពីមនុស្សជុំវិញខ្លួនជានិច្ច ព្រោះអ្វីដែលពួកគេធ្វើគឺធ្វើជាមួយនឹងទំនុកចិត្តដែលអ្នកដទៃងាយនឹងមើលដឹង។

នេះជារឿងពិតដើម្បីលើកទឹកចិត្តអ្នក ក្នុងការសម្រេចចិត្តធ្វើអ្វីមួយ! ឧទាហរណ៍ លោកខូណរ កីឡាប្រដាល់ច្របាប់ក្នុងទ្រុង កាលពីមុនជាមនុស្សដែលរកតែផ្ទះជ្រកមិនបានផង តែឥឡូវនេះសូមអានដំណើរជីវិតសង្ខេបខ្លីរបស់គាត់ ដូចខាងក្រោម៖

យ៉ាងតិចណាស់ ១០ ឆ្នាំមុន Conor McGregor ជាមនុស្សគ្មានផ្ទះសម្បែងរស់នៅដូចមនុស្សដទៃទេ។ ខណៈពេលដែលគាត់ជួបជីវភាពក្រីក្រគ្មានផ្ទះសម្បែងរស់នៅដូចគេ គាត់បានជួបនារីម្នាក់ឈ្មោះថា Dee Devlin ។ នាងក៏បានយកគាត់ចេញពីជីវិតរស់នៅតាមចិញ្ចើមផ្លូវ ដោយឲ្យគាត់ស្នាក់នៅក្នុងបន្ទប់អាផាតមេនតូចរបស់នាង ហើយនាងបានផ្តល់ចំណីអាហារឲ្យគាត់ញ៉ាំជារៀងរាល់ថ្ងៃ។

នាងប្រាប់គាត់ថា នាងមិនចង់បានអ្វីពីគាត់ទេ គ្រាន់តែចង់ឲ្យគាត់ខិតខំប្រឹងប្រែងហ្វឹកហាត់ ហើយជឿជាក់លើខ្លួនឯងប៉ុណ្ណោះ។ ជួនកាលពេលខ្លះ នាងក៏ជួបផលលំបាកក្នុងការខំប្រឹងប្រែងសម្រិតសម្រាំងទិញចំណីអាហារល្អៗ ដែលមានតម្លៃថ្លៃៗ មានជីវជាតិគ្រប់គ្រាន់សម្រាប់ប៉ូវបំប៉នសុខភាពឲ្យ ខូណរ ដើម្បីឲ្យគាត់អាចផ្តោតអារម្មណ៍ ទៅលើការហ្វឹកហាត់របស់គាត់តែម្យ៉ាង ។

កាលពី ៦ ឆ្នាំមុននេះ លោក ខូណរ គ្រាន់តែជាអ្នកជួសជុល និងជាអ្នកដើរសាងសង់បង្គន់លូអនាម័យឲ្យគេប៉ុណ្ណោះ  លោករស់នៅក្នុងជីវភាពខ្វះខាត ប៉ុន្តែ នាង Dee នៅតែជឿជាក់ និងអាណិតស្រលាញ់មកលើរូបគាត់ដដែល។

កាលពីយប់ថ្ងៃសៅរ៍ថ្មីៗកន្លងទៅនេះ លោកស្រី Dee បានមកចូលរួមអង្គុយទស្សនាការប្រកួត ដើម្បីជួយលើកទឹកចិត្តដល់បុរសរបស់នាងម្តងទៀត ខណៈពេលដែលនាង និង ខូណរ រកបានចំណូលជាសាច់ប្រាក់ជាង ១០០ លានដុល្លាថ្មីបន្ថែមទៀត ពីលើជិវិតជោគជ័យរបស់ពួកគេ។

ដូចនេះ អ្នកគួរតែជឿជាក់លើខ្លួនអ្នក និងស្វែងរកមនុស្សជុំវិញខ្លួនអ្នក ដែលពួកគេជឿជាក់លើអ្នកផងដែរ។ ជីវិតពិតជាខ្លីណាស់ ប្រសិនជានៅជុំវិញខ្លួនអ្នក រុំព័ទ្ធដោយច្រើនមនុស្សអវិជ្ចមាន ដែលចង់តែមើលឃើញអ្នកបរាជ័យ។ កុំទុកឲ្យស្ថានភាពជីវភាពប្រចាំថ្ងៃរារាំងអ្នក ពីការសម្រេចភាពជោគជ័យណាមួយ ដែលអ្នកប្រាថ្នាចង់បាន៕

ប្រភព៖ ហ្វេសប៊ុក 
សំ.ចាន់


No comments:

Post a Comment