បើបានអានហើយ ប្រហែលជាអ្នកមិនអាចឲ្យឱកាសនេះកន្លងផុតទៅទេ
យើងដឹងច្បាស់ណាស់ មិនអាចប្រកែកបាន
នូវគុណូបការ ដែលលោកឪពុកអ្នកម្ដាយ បានបំពេញហើយ ។ ការបំពេញតួនាទី មានព្រហ្មវិហារ
សង្គហៈធម៌របស់លោកទាំងពីរនេះឯង ដែលញ៉ាំងជីវិតយើងឲ្យរីកធំលូតលាស់
បានមើលឃើញពិភពលោកមួយនេះ ព្រមទាំងបានសិក្សាឈ្វេងយល់អំពីដំណើរការវិវឌ្ឍរបស់ពិភពលោកមួយនេះ
បើគ្មានរូបលោកទាំងពីរនេះទេ រូបកាយយើងប្រហែលជាមិនបានប្រាកដឡើងក្នុងពេលនេះទេមើល៍ទៅ ។
ដូចពាក្យមួយលើកឡើងថា បើគ្មានលោកទាំងពីរក្នុងកាលនោះទេ យើងសមម្ល៉េះមិនមានរូបកាយក្នុងពេលនេះដែរ
។
ជួនកាលពេលខ្លះ យើងជាកូនមិនសូវបានគិតគូរ
យកចិត្តទុកដាក់ទៅលើការរស់នៅរបស់លោកទាំងពីរទេ ជាពិសេសកូនប្រុសស្រី
ដែលមានកិច្ចរវល់ក្នុងការសិក្សារកស៊ី ខិតខំមើលថែ ប្តីប្រពន្ធកូនចៅខ្លួន
រស់នៅតាមទីក្រុង ឬនៅស្រុកឆ្ងាយ សឹងតែភ្លេចអស់អ្នកមានគុណទាំងពីរ ដែលលោករស់នៅឯទីឆ្ងាយ
ដូចពាក្យមួយថា ឪពុកម្ដាយនឹកកូនដូចច្រវាប្រដេញ ឯកូននឹកឪម៉ែវិញ ដូចព្រះបែរខ្នង
។ ជួនកាលពេលដល់រដូវបុណ្យប្រណៃណីជាតិខ្មែរ
ទើបបានទៅជួបសួរសុខទុក្ខលោកទាំងពីរម្ដងៗ ជួនកាលពេលខ្លះ
ឆ្នាំខ្លះក៏មិនបានទៅទៀតក៏សឹងមាន ។ ដូចពុំនោលពោលឡើងថា ហូបបាយជាមួយម៉ែពុកមួយពេល
លើកទឹកជូនម៉ែពុកមួយកែវ សំពះបាទាពុកម៉ែមួយដង ស្ដាប់ពាក្យលោកទូន្មានមួយគ្រា
ពេលវេលាពិតជាលឿនណាស់ ប្រាក់គឺប្រាក់ រវល់តែរកប្រាក់ ចិត្តគឺចិត្ត តែប្រាក់ទិញទឹកចិត្តមិនបាន
ទោះជាមានប្រាក់ច្រើនប៉ុនណា ក៏ទិញលោកទាំងពីរឲ្យរស់ឡើងវិញមិនបានដែរ ឬដូចពុំនោលមួយថា
កាលនៅតូច ចង់ទិញនំចំណីជួនឪម៉ែពិសា តែគ្មានប្រាក់ ពេលធំឡើងមានការងារធ្វើមានទាំងប្រាក់
តែគ្មានពេល តែដល់មានទាំងប្រាក់ មានទាំងពេល តែបែរគ្មានរូបលោកទាំងពីរទៅវិញ។
កុំស្រឡាញ់ម៉ែ កុំងូតទឹកឲ្យម៉ែ
កុំជូនសំលៀកបំពាក់ដល់ម៉ែ នៅពេលដែលម៉ែចែកឋានទៅហើយ ចង់បំពេញសេចក្ដីល្អជាមួយលោក
ចូរធ្វើនៅពេលដែលលោកមានជីវិតរស់។ ពេលខ្លះ
កូនប្រុសស្រីនៅពេលឪពុកម្ដាយនៅរស់មិនសូវខ្វាយខ្វល់គិតគូរ មើលថែទាំលោកទេ ដល់លោកលាចាកលោកនេះទៅ
ទើបដឹងថា វត្ថុដែលខ្លួនធ្លាប់មាន ពិតជាមានតម្លៃកាត់ថ្លៃពុំបាន ។ កូនប្រុសស្រីត្រូវតែគិតគូរអំពីគុណរបស់លោក
ទោះបីលោកមិនទាមទារអ្វីពីយើងក៏ដោយ ប៉ុន្តែយើងជាកូនប្រុសស្រី ត្រូវមានតួនាទី
ជួយចិញ្ចឹមមើលថែទាំលោកវិញ ដូចជាលោកថែទាំយើងអ៊ីចឹងដែរ ។
ក្នុងលោកនេះ មានរឿងពីរយ៉ាង ដែលរង់ចាំមិនបាន
ទី១ ចូរសម្ដែងការដឹងគុណ និងការតបគុណ និងទី២ ការធ្វើអំពើល្អ។ ការដឹងគុណនេះ
យើងត្រូវដឹងថា ឪម៉ែមានគុណត្រង់គាត់បានផ្ដល់ កំណើតសាច់ស្រស់ឈាមស្រស់ដើម្បីយើង
ទោះជាពេលខ្លះលោកទាំងពីរមិនបានចិញ្ចឹមយើងក៏ដោយ ក៏លោកឪពុកមានគុណត្រង់ការផ្ដល់កំណើត
ម្ដាយមានគុណត្រង់លោកបានពរផ្ទៃអស់រយៈជាច្រើនខែ ជាអ្នកបង្កើតយើងឲ្យកើតឡើង ឲ្យយើងបានមើលឃើញពីភពលោកមួយនេះ
ហៅថា ឧបត្តិគុណ ។ ការដឹងគុណមួយទៀត គឺលោកបានបង្កើតយើងមានសាច់មានឈាម ពេញលក្ខណៈជាមនុស្សហើយ
លោកមិនបោះបង់យើងទុកដូចជាសត្វធាតុឯណា លោកទាំងពីរបានខិតខំថែទាំរក្សាការពារគ្រប់បែបយ៉ាង
មិនរាថយក្នុងការពុះពារឆ្លងកាត់ឧបសគ្គធំប៉ុនណា ការងាធ្ងន់ស្រាលប៉ុនណា លោកទាំងពីរស៊ូលះបង់សេចក្ដីសុខផ្ទាល់ខ្លួន
កម្លាំងកាយចិត្តខ្លួនឯង ដើម្បីខិតខំចិញ្ចឹមយើងឲ្យរស់នៅដូចជាមនុស្សទូទៅដែរ ។
ពេលខ្លះ ឪពុកម្ដាយខ្លះមិនបានផ្ដល់កំណើតឲ្យយើងទេ ប៉ុន្តែលោកបានជួយចិញ្ចឹមបីបាច់ថែទាំយើងឲ្យធំធាត់ឡើង
លោកក៏ឲ្យឈ្មោះថា មានឧបការគុណដែរ។ ត្រង់ចំណុចមួយទៀត ដែលកូនប្រុសស្រីត្រូវដឹងថា
ឪពុកម្ដាយមានគុណ ត្រង់គាត់បានបង្ហាត់បង្រៀនឥរិយាបថទាំង៤ អក្សរលេខ រហូតដល់បញ្ជូនយើងឲ្យចូលរៀនក្នុងកម្មវិធីសិក្សាជាតិ
រហូតដល់ចេះដឹងខ្ពង់ខ្ពស់ផ្នែកខាងលោកក្ដី ផ្លូវធម៌ក្ដី លោកមានគុណបំណាច់ណាស់ដែលកាត់ថ្លៃមិនបាន
ដែលលោកហៅថាវិសេសនគុណ ។ មិនតែប៉ុណ្ណោះសោត លោកទាំងពីរក៏ប្រកបព្រមដោយព្រហ្មវិហារធម៌ ៤
សង្គហធម៌៥ផងដែរ។ ដូចនេះហើយ បានជាអ្នកប្រាជ្ញទាំងឡាយ មានព្រះពុទ្ធជាដើម
បានឲ្យតម្លៃដល់ឪពុកម្ដាយខ្ពស់ណាស់ លោកឲ្យងារដល់ឪពុកម្ដាយថា ជាព្រះព្រហ្ម
ជាទេវតាដើម ជាគ្រូដើម ព្រះអរហន្តរបស់កូនប្រុសស្រី ហើយជាបុគ្គលគួរដល់នូវការទទួលបាននូវទេយ្យវត្ថុនានាអំពីកូនប្រុសស្រីទៀតផង
។
ចំណែកការតបគុណរបស់មាតាបិតានេះ កូនប្រុសស្រីអាចធ្វើក្នុងសង្គហធម៌៥
មានការចិញ្ចឹមថែទាំងលោក ដោយអាហារភោជន ការហូបចុក ចំណីចំណុកសព្វបែបយ៉ាង
គ្រឿងស្លៀកពាក់សំពត់ខោអាវ ទីជំរក និងថ្នាំដង្កូវគ្រប់បែបយ៉ាង។ ការចិញ្ចឹមនេះទៀតសោត
មិនចិញ្ចឹមត្រឹមតែរូបកាយប៉ុណ្ណោះទេ ត្រូវចិញ្ចឹមចិត្តលោកផង ។
ជួយខ្វល់ខ្វាយកិច្ចការងារទាំងឡាយរបស់គាត់ ដែលកំពុងធ្វើក្ដី ធ្វើមិនទាន់រួចក្ដី
យើងត្រូវជួយលោកបង្ហើយកិច្ចការទាំងនោះ។ ថែរក្សាវង្សត្រកូល
កុំឲ្យជននានាគេត្មះតិះទៀនថា ពូជអំបូរត្រកូលហ្នឹងមិនខ្មេះ មិនកើតការ ឥតប្រយោជន៍
អប់ឱនកិត្តិយសគ្រួសារ ដោយសារតែអំពើអបាយមុខរបស់យើង ។ ចូរធ្វើខ្លួនឲ្យសក្ដិសម
និងតម្លៃដែលលោកទាំងពីរទុកចិត្ត បានប្រគល់វត្ថុប្រចាំត្រកូលដល់ខ្លួន
ដើម្បីឲ្យកូនចៅចេះរក្សាឲ្យគង់វង់ ឬរីកចំរើនតទៅទៀត កុំធ្វើឲ្យកេរមរតករបស់លោក មករលាយសាបសូន្យក្នុងដៃរបស់យើងឡើយ
និងទីបញ្ចប់ ពេលលោកអស់បុណ្យ ស្លាប់ទៅ យើងជាកូនប្រុសស្រីត្រូវធ្វើបុណ្យកុសលឧទ្ទិសជូនទៅឲ្យលោកផង
ព្រោះថា កាលលោកនៅមានជីវិត គិតតែពីប្រឹងរកស៊ីចិញ្ចឹមជីវិតយើង
ភ្លេចអស់ពីបុណ្យកុសលសន្សំទុកសម្រាប់ខ្លួនឯង ដោយហេតុតែការស្រឡាញ់យើងនេះឯង។ គ្មានអ្នកណាហ៊ានលះបង់កម្លាំងកាយចិត្ត
ជីវិតរបស់ខ្លួនដើម្បីយើង ដូចជាឪពុកម្ដាយយើងនេះទេ ។
ការចិញ្ចឹមមាតាបិតាក្នុងសង្គហធម៌ទាំង៥ នេះ
ចាត់ទុកថាប្រពៃណាស់ហើយ ប៉ុន្តែកូនប្រុសស្រីត្រឹមតែបានឈ្មោះថា មានធម៌តបនៅឡើយ ។ លោកថា
កូនប្រុសស្រីត្រូវមានធម៌សងគុណលោក៤ ប្រការទៀត គឺ មានមាតាបិតាដែលមិនទាន់ជឿងបុណ្យបាប
កម្មផល លើគុណព្រះរតនត្រៃទេ គឺដឹកនាំឲ្យលោកមានសទ្ធាជឿកម្មផលថា ធ្វើល្អបានល្អ
ធ្វើអាក្រក់បានអាក្រក់ ធ្វើល្អបានក្ដីសុខ ធ្វើអាក្រក់គង់មានថ្ងៃរងទុក្ខ ជាដើម។
បើមាតាបិតា មិនទាន់ចេះឲ្យទាន យើងជាកូនចៅ នាំលោកឲ្យចេះធ្វើទាន យ៉ាងហោចណាស់
ក៏ឲ្យលោកចេះដាក់បាត្រព្រះសង្ឃ លោកទ្រង់និមន្តបិណ្ឌបាតរាល់ថ្ងៃដែរ
កុំចាំមានលុយកាក់ច្រើនធ្វើបុណ្យជូនលោក ព្រោះថាជីវិតនេះមិនទៀង ជីវិតនេះខ្លីណាស់ ជីវិតនេះមិនដឹងថាសេចក្ដីស្លាប់មកដល់មុនថ្ងៃស្អែកក៏មិនដឹង
។ ដូចនេះយើងត្រូវចាត់ចែងឲ្យបានរួសរាន់នៅពេលដែលលោកនៅមានកម្លាំងធ្វើកើត នៅមានជីវិតរស់
។ បើមាតាបិតា មិនទាន់បានរៀបចំកាយវាចា ត្រឹមត្រូវតាមមាគ៌ាសីលធម៌ ឬសីល៥ ទេ
ត្រូវនែណាំឲ្យលោកបានរក្សាសីល វៀរចាកអំពីអាក្រក់តាមផ្លូវកាយ
មានកាប់សម្លាប់មនុស្សសត្វ កាន់យកទ្រព្យសម្បត្តិរបស់ជននានា ដែលគេមិនបានឲ្យដោយកាយ
ឬវាចា មិនប្រព្រឹត្តអំពើបាបលាមកលើប្រពន្ធកូនម្ដីរបស់អ្នកដទៃ។ល។
បើលោកមិនទាន់មានបញ្ញាទេ កូនប្រុសស្រីត្រូវដឹកនាំលោកឲ្យចេះចម្រើនភាវនា ។
ការចម្រើនភាវនា រមែងកើតមានបញ្ញា ។ បញ្ញាកើតឡើង រមែងដឹងច្បាស់ថា
អត្ដានេះគ្រាន់តែប្រជុំចុះដោយធាតុ៤ ខន្ធ៥ មានការបែកធ្លាយទៅជាធម្មតា
ជារបស់មិនទៀងទាត់ មិនមែនជារបស់អមតៈ ជារបស់ទ្រាំធន់បានដោយកម្រ
និងមិនស្ថិតក្រោមការស្ដាប់បង្គាប់របស់អ្នកណាមួយ ។ អត្តានេះ គ្រាន់តែវត្ថុសន្មតឡើង
បញ្ញត្តិឡើង មិនមែនគេ មិនមែយើង មិនមែសត្វ មិនមែនបុគ្គលណាឡើយ គ្រាន់តែជាធាតុទឹក ដី
ភ្លើង ខ្យល់ប៉ុណ្ណោះ ។
បើកូនប្រុសស្រីណា
យកគោលការណ៍ធម៌ទាំងបួនប្រការនេះ ទៅធ្វើចំពោះលោកអ្នកដ៏មានគុណរបស់ខ្លួន ឈ្មោះថា
បានសងគុណលោកហើយ ។ តែទោះជាយ៉ាងនេះក្ដី ក្នុងសេចក្ដីពន្យល់នេះ
មិនអាចថាគុណមាតាបិតាមានប៉ុណ្ណោះប៉ុណ្ណោះបានទេ លោកអ្នកប្រាជ្ញទាំងឡាយ
មានព្រះពុទ្ធជាដើម ទ្រង់សំដែងថា គុណមាតាបិតានេះ មានច្រើនជាអនេកគុណ អានន្តគុណឯណោះ ។
ប្រការទី ការធ្វើអំពើល្អនេះ
យើងមិនអាចរង់ចាំបានដែរ ព្រោះអ្វី? ពីព្រោះថា ជីវិតយើងមិនទៀង មិនឋិតថេរឡើយ ។
យើងគ្រប់គ្នា សង្ឃឹមថា ដល់ខ្លួនចាស់ទៅបានស្លាប់ តែសេចក្ដីពិតមិនមែនជាដូច្នោះទេ
ក្មេងៗស្លាប់ទៅមុនដល់ខ្លួនចាស់រាប់មិនអស់ ។ ជីវិតនេះផួយស្រួយណាស់ មិនដឹងថ្ងៃណា
ពេលណា មួយត្រូវបែកធ្លាយឡើយ ។ ជីវិតនេះ មិនដឹងជាបានឃើញថ្ងៃស្អែកទៀតឬក៏អត់ ។
ពេលដែលយើងបានឮ និងបានស្ដាប់ពាក្យរបស់ព្រះពុទ្ធមួយឃ្លាថា
ការបានកើតមកជាមនុស្សជាការក្រ ការបានតាំងនៅជាមនុស្សក៏ជាការក្រ ។
បានកើតមកជាមនុស្សនេះ មិនមែនជាអ្នកបុណ្យកុសលល្មះល្មមទេ
គឺត្រូវមានបុណ្យកុសលច្រើនណាស់ ។ ដូចនេះហើយ បើយើងចង់បានកើតជាមនុស្សនេះទៀត ទាល់តែយើងត្រូវកសាងសន្សំបុណ្យកុសលនេះទុកឲ្យបានច្រើន។
ព្រោះថា ការសន្សំបុណ្យ រមែងនាំសេចក្ដីសុខមកឲ្យទាំងលោកនេះ និងលោកខាងមុខ ។ ព្រោះថា
បុណ្យរមែងជាទីពឹងពំនាក់របស់ខ្លួនក្នុងជាតិខាងមុខទៀត ។
ការបានកើតជាមនុស្សនេះ និងបានរស់មកដល់ពេលនេះ
ពិតជាមហាសំណាង មហាលាភដ៏ធំណាស់សម្រាប់ជីវិតយើង ។ ដូចនេះ
ការធំធាត់របស់មនុស្សកុំធ្វើឲ្យតម្លៃជាមនុស្សនេះ ត្រូវបាត់បង់ទៅវិញ
ត្រូវរកទីពឹងដ៏ពិតប្រាកដមួយសម្រាប់ខ្លួនឯង ។ ទ្រព្យសម្បត្តិ ប្រពន្ធ ប្តី កូន
ម្ដាយ ឪពុក បង ប្អូន សាច់ញាតិ មិនមែនរបស់ជាទីពឹងពិតប្រាកដទេ ។ ពួកគេ
អាចពឹងបានក្នុងជីវិតដែលខ្លួននៅរស់ ប៉ុន្តែពេលដែលខ្លួនស្លាប់ទៅនោះ
ពួកគេលែងទីពឹងបានទៀតហើយ ។ អ្វីដែលជាទីពឹងរបស់យើង មានតែបុណ្យ បាប ដែលធ្វើដំណើររួមទៅជាមួយយើង
ទៅគ្រប់ទីកន្លែង គ្រប់ភពជាន់ថ្នាក់ មានឋាននិព្វានជាទីអាវសាន ។
ជាទីបញ្ចប់ នៃការបរិយាយរបស់ស្មេរ មានតែពាក្យពោលឡើងថា
ពេលដល់ម៉ែពុកស្លាប់ទៅ កុំមកយំឱបខ្លួនប្រាណម៉ែពុក ព្រោះម៉ែពុកគ្មានអារម្មណ៍
កុំយកវត្ថុដែលម៉ែពុកចូលចិត្តមកជូន ព្រោះម៉ែពុកប្រើលែងបាន កុំឆ្លើយនូវសំណួរដែលម៉ែពុកចង់ដឹង
ព្រោះពុកម៉ែលែងស្ដាប់ឮ កុំនិយាយសុំទោសម៉ែពុក ព្រោះម៉ែពុកលែងភ្ញាក់ឡើងមកអភ័យទោសដល់កូនបានទៀតហើយ៕
និ.ចាន់/គោលគំនិតល្អដើម្បីជីវិត
No comments:
Post a Comment