Friday, September 1, 2017

កុំព្រមឲ្យអំណាចអាក្រក់ បង្គាប់ការក្នុងពេលធ្វើល្អ



អំពើល្អក្ដី អំពើអាក្រក់ក្ដី ជារឿងដែលយើងគ្រប់គ្នា អាចធ្វើវាបានគ្រប់ពេលវេលា ប៉ុន្តែយើងទាំងអស់គ្នា មិនអាចធ្វើវាព្រមគ្នាទាំងពីរបានទេ ត្រូវធ្វើវាបានម្ដងមួយៗ ទើបយើងមានពេលសម្រេចចិត្តជ្រើសរើសយកអំពើមួយណា នឹងធ្វើយ៉ាងម៉េចជាមួយវា តើយើងទាំងអស់គ្នាដែលបានកើតមកជាមនុស្ស ដែលអ្នកប្រាជ្ញលោកលើកតម្កើងឲ្យជាសត្វវិសេស មានឧត្តមគតិ មានបញ្ញា មានការចេះកែច្នៃប្រឌិតប្រសើរថ្លៃថ្លាជាងសត្វពួកផ្សេងៗ គួរធ្វើល្អ ឬធ្វើអាក្រក់សម្រាប់បច្ចុប្បន្នភាព ឬអនាគតភាពរបស់ខ្លួន?

កុំមានចិត្តអល់ឯករារែក ស្ទាក់ស្ទើរចិត្ត ក្នុងការសម្រេចចិត្តក្នុងការធ្វើអំពីមួយនេះ ព្រោះយើងទាំងអស់គ្នាដឹងស្រាប់ហើយថា ព្រះពុទ្ធបរមគ្រូជាម្ចាស់នៃយើង ព្រះអង្គទ្រង់សំដែងហើយថា បុគ្គលធ្វើល្អ បានក្ដីសុខ បុគ្គលធ្វើអាក្រក់បានក្ដីទុក្ខមកដាក់ខ្លួន ។ ម្យ៉ាងវិញទៀត កាលណាយើងពន្យាពេលក្នុងការសម្រេចចិត្តនេះ ក៏ជាមូលហេតុមួយធ្វើឲ្យយើងចាលចាញ់អំណាចអំពើអាក្រក់ ហើយយើងក៏បានទុកឱកាសឲ្យអំពើអាក្រក់មានអំណាចដណ្ដើមយកពេលវេលា ដែលយើងគួរបានធ្វើអំពើល្អទៅអស់ ហើយវាក៏មិនសមគួរដែរ ដែលយើងទាំងអស់គ្នា ដែលមានជីវិតកើតមកជាមនុស្សនេះ ទៅស្វែងរកអំពើអាក្រក់មកដាក់ឲ្យខ្លួន គ្រួសារ សង្គម និងប្រទេសជាតិខ្លួនមួយនេះ ៕

ចាន់/គោលគំនិតល្អដើម្បីជីវិត


No comments:

Post a Comment