Saturday, September 2, 2017

អង្គប្រកបនៃក្ដីស្រឡាញ់


អង្គប្រកបនៃក្ដីស្រឡាញ់

ត្រឹមតែពាក្យថា ស្រឡាញ់ប្រហែលជាមិនទាន់មានន័យគ្រប់គ្រាន់ដែលអាចទប់ស្កាត់អ្នកណាមួយ ឲ្យនៅរស់រួមជាមួយគ្នាបានអស់មួយជីវិតឡើយ ព្រោះថា បើមនុស្សម្នាក់ៗមិនមានអង្គប្រកបនៃក្ដីស្រឡាញ់នោះទេ ពិតណាស់ហើយថា អ្វីៗក៏ត្រូវមានលក្ខខណ្ឌ ច្រើនប្រការរបស់វាដែរ ។ 


លក្ខខណ្ឌនេះហើយ ដែលជារឿងអាចជួយអបស្ទប់ គាំពារទ្រទ្រង់សម្ព័ន្ធភាពរវាងគ្នានិងគ្នាឲ្យឈានជើងឆ្លងផុតដល់ត្រើយនៃសុភមង្គលរបស់ខ្លួនបាន និងជួបតែភាពផ្អែមល្ហែមល្អូកល្អើនដាក់គ្នានៃការមានជីវិតគូ ដោយម្នាក់ៗត្រូវមានអង្គប្រកបផ្សេងៗ ដែលជាការចាំបាច់សម្រាប់មនុស្សក្នុងដំណើរការជីវិតគូមួយនេះ ។

ជាការពិតណាស់ មនុស្សគ្រប់រូប មិនថាចាស់ មិនថាក្មេងទេ សុទ្ធតែធ្លាប់បានឆ្លងកាត់ និងនឹងកំពុងឆ្លងកាត់ពាក្យមួយថា ស្រឡាញ់នេះទាំងអស់ ។ ហើយប្រិយមិត្តអ្នកអាន ដែលកំពុងស្ថិតនៅក្នុងដំណាក់កាលនៃការមានក្ដីស្រឡាញ់នេះ និងបម្រុងឈានទៅចាប់យកអ្នកណាម្នាក់ មកធ្វើជាគូអនាគតរបស់ខ្លួនក្នុងថ្ងៃអនាគត ពិតជាចង់ដឹងថា អង្គប្រកបនៃក្ដីស្រឡាញ់នេះមានអ្វីខ្លះ ដែលខ្លួនត្រូវមាន សម្រាប់សាងសុភមង្គលជីវិត ក៏ដូចជាអ្នកកំពុងមានបំណងចង់បានជីវិតគូមួយហ្នឹងគេដែរ ។

អង្គប្រកបនេះ គោលគំនិតល្អដើម្បីជីវិត ធ្លាប់បានសរសេរគោលសង្ខេបខ្លីរួចមកហើយ ប្រហែលជាប្រិយមិត្តរបស់ផេកគោលគំនិតល្អដើម្បីជីវិតធ្លាប់បានអានរួចមកហើយដែរ ។ តែឥឡូវនេះ គេហទំព័រគោលគំនិតល្អដើម្បីជីវិត មានបំណងចង់លើកយកលក្ខខណ្ឌ ឬអង្គប្រកបនេះមកសរសេរម្ដងទៀត ដើម្បីទុកជាប្រយោជន៍ដល់អ្នកអាន ដែលមានបំណងចង់ឈ្វេងយល់បន្ថែម ទៅលើការបកស្រាយពន្យល់លើការយល់របស់ខ្លួនថែមទៀតនុ៎ះ ។ អង្គប្រកបនៃក្ដីស្រឡាញ់ តើមានអ្វីខ្លះ? ប្រិយមិត្តអ្នកអាន អាចនាំគ្នាអានកំសាន្តលេង កំសាន្តចិត្ត និងកំសាន្តអារម្មណ៍ ដូចតទៅ៖

១) ពេលវេលា
ការផ្ដល់ពេលវេលាដល់មនុស្សជាទីស្រឡាញ់របស់ខ្លួន គឺជារឿងសំខាន់ណាស់ក្នុងជីវិតគូ ដើម្បីឲ្យចំណងស្នេហ៍នៅឋិតថេរបានយូរអង្វែង បើសិនអ្នកម្ខាងទៀត មានពេលវេលាពេញលេញសម្រាប់ឲ្យភាគីដៃគូខ្លួនបាននោះជារឿងល្អ ។ បើផ្ទុយទៅវិញ បើសិនអ្នកម្ខាងទៀត មិនមានពេលគ្រប់គ្រាន់ អាចឈានទៅរកភាពមិនចុះសម្រុងនឹងគ្នា រហូតដល់មានចិត្តនឿយណាយ ធុញថប់ ដូចពាក្យមួយថា កាយកាន់តែឃ្លាត ចិត្តកាន់តែឆ្ងាយ ។ ការមានលុយកាក់ ទ្រព្យសម្បត្តិហូរហៀរប៉ុនណា ក៏មើលទៅជីវិតគូដូចជាខ្វះរសអ្វីម្យ៉ាង ។ បើអ្នកស្រឡាញ់ អាណិតមនុស្សដែលខ្លួនស្រឡាញ់ អ្នកគួរលៃលករកពេលណាមួយសម្រាប់ពួកគេ ដើម្បីនៅជួបជុំគ្នា ។

២)  អ្នកជិតខាង
យើងមិនអាចច្រាលចោលបានជាដាច់ខាត់ ចំពោះអ្នកជិតខាងមួយនេះ ។ ព្រោះថា អ្នកជិតខាងយើងក៏មានការរួមចំណែកក្នុងការស្ថាបនាសម្ព័ន្ធភាពដូចគ្នា បើសិនគ្មានអ្នកនៅក្បែរខ្លួនយើងទេ ជាពិសេសមនុស្សសំខាន់ៗ ដូចជា គ្រូសារ ឬមិត្តភក្ដិ ។ បើពួកគេមើលឃើញយល់ស្របគ្នាថាល្អហើយ វាក៏អាចធ្វើឲ្យយើងមានសេចក្ដីសុខ ក្នុងការចងទំនាក់ទំនង និងរក្សាចំណងមួយនេះបានបន្តទៅមុខទៀត ។

៣) ការផ្ដល់កិត្តិយស 
មូលដ្ឋានចម្បងនៃការបានកើតមកជាមនុស្សគឺ ការផ្ដល់កិត្តិយសឲ្យគ្នាទៅវិញទៅមក ។ គ្មានអ្នកណាម្នាក់មិនថា មិនចង់បាននូវតម្លៃនៃកិត្តិយសទាំងនេះទេ ព្រោះវាជារឿងមួយ ដែលអាចជួយបន្ថែមតម្លៃឲ្យដល់ជីវិតខ្លួនឯងបាន ។ ជាពិសេសបំផុតនោះ ការទទួលបានកិត្តិយសពីបុគ្គលខ្លួនដែលស្រឡាញ់ ជាចំណែកមួយក្នុងការញ៉ាំងអារម្មណ៍ល្អៗឲ្យកើតឡើងបន្ថែមទៀត ។

៤) ការយល់ចិត្ត
ប្រហែលជាគ្មានអ្នកណាមួយ ចង់ប្រើជីវិតបែបមិនយល់ចិត្តគ្នាច្រើនប៉ុន្មានទេមើល៍ទៅ ព្រោះថា ការប្រើជីវិតបែបមិនយល់ចិត្តគ្នា មិនអាចឋិតថេរបានយូរអង្វែងឡើយ ។ ជាទូទៅ មនុស្សណាដែលចង់រួមរស់នៅជាមួយគ្នា ដោយមិនបានយល់ចិត្តគ្នានោះ គឺជាមូលហេតុនៃការបិទឆាក ឬបញ្ចប់សម្ព័ន្ធភាព ហើយមូលហេតុនៃការមិនបានយល់ចិត្តគ្នានេះឯង ជាចំណុចចាប់ផ្ដើមឈ្លោះវិវាទទាស់ទែងគ្នា ដែលឈានទៅរកចំណុចបញ្ចប់នៅទីបំផុត ។ ក្ដីស្រឡាញ់ដែលល្អរីកស្រស់បំព្រង ទើបពោរពេញទៅដោយការយល់ចិត្តគ្នា ដែលបានឲ្យគ្នាទៅវិញទៅមក ។

៥) ការទុកចិត្ត
ការមានជំហរលើសម្ព័ន្ធភាពដែលពោរពេញទៅដោយ ការសង្ស័យមិនជារឿងមួយ ដែលមើលទៅល្អប៉ុន្មានទេ ព្រោះអាចជាមូលហេតុដែលធ្វើឲ្យកើតមានបញ្ហាមិនចេះចប់ កើតឡើងតាមក្រោយមកជាប់គ្នារដឹក ។ ហើយក្នុងលោកនេះ ក៏មានប្រភេទដៃគូជីវិត មិត្តភត្តិ អ្នកជំនួញ អ្នកនយោបាយមិនទុកចិត្តគ្នា មិនជឿចិត្តគ្នាច្រើនណាស់ ដែលជាការបាត់បង់ឱកាសនូវអារម្មណ៍ល្អៗរបស់ខ្លួន ក្រៅពីមិនមានការទុកចិត្តគ្នា ដែលជាការមួយ ធ្វើមនុស្សឲ្យខុសអស់ ។

៦) ភាពសមរម្យ
អង្គប្រកបនៃក្ដីស្រឡាញ់មួយប្រភេទនេះ ជួនកាល អាចកើតឡើងត្រង់មូលដ្ឋាននៃ ភាពសមរម្យទាំងក្នុងជីវភាព ក្នុងឋានៈតួនាទីការងារ និងបែបបទក្នុងការទ្រទ្រង់ដំណើរការជីវិត រួមទាំងឧបនិស្ស័យចិត្តគំនិតផងដែរ ។ ភាពសមរម្យនេះ ជាឧបករណ៍វាស់ស្ទង់ ដែលអាចចង្អុលប្រាប់បានថា តើសម្ព័ន្ធភាពរបស់បុគ្គលទាំងពីរហ្នឹង អាចប្រព្រឹត្តទៅព្រមគ្នាបានស្រួលបួលឬអត់?

៧) ខន្តីអំណត់
ជាមួយរឿងរ៉ាងខ្លះ ចាំបាច់ត្រូវប្រើពាក្យថា ខន្តីអំណត់ ក្នុងការចំណាយពេលយ៉ាងយូរ ក្នុងការរៀនដឹង ឬក្នុងការឈ្វេងយល់បាតុភូតិផ្សេងៗ រួមទាំងរឿងរ៉ាវសម្ព័ន្ធភាពនេះផងដែរ ។ ភាពអំណត់ ជាចំណែកមួយ ដែលធ្វើឲ្យមនុស្សគ្រប់គ្នា អាចឈានជើងឆ្លងផុតរាល់ឧបសគ្គទាំងឡាយ ដែលបានជួបប្រទះដោយការយល់ និងមានហេតុផលជាមួយវាកាន់តែច្រើនឡើង ហើយរឿងដែលសំខាន់ខ្លាំងជាងនេះទៅទៀត ដែលតម្រូវឲ្យដៃគូគ្រប់គ្នាមានវាច្រើនបំផុតទុកក្នុងចិត្ត ។ ក៏ប៉ុន្តែ អ្វីដែលមិនអាចខ្វះបាននោះ ត្រូវមានសតិបញ្ញាក្នុងការអត់ធ្មត់ឲ្យត្រូវរឿង មិនមែនចេះតែអត់ធ្មត់សង្កត់ចិត្តទៅគ្រប់រឿងទាំងអស់នោះទេ ។

៨) ការចងសម្ព័ន្ធ
បើសិនផ្ដោតអារម្មណ៍ទៅលើកពាក្យថា ស្រឡាញ់”  តែមិនបានសម្ផស្សៈប៉ះពាល់ត្រូវជាមួយនឹងពាក្យថា ការចងសម្ព័ន្ធទេ វាតែងតែគ្មានន័យអ្វីទាំងអស់ជាមួយបេះដូងឡើយ ព្រោះការចងសម្ព័ន្ធនេះឯង  ដែលជារឿងសំខាន់ក្នុងការទប់ស្កាត់ ឬជារនាំងរបងការពារអ្នកទាំងពីរ មិនឲ្យរបូតដាច់ចេញពីគ្នាបាន ។

៩) ភាពត្រឹមត្រូវ
ព្រោះពាក្យថា ស្រឡាញ់ នេះ ចាំបាច់ត្រូវមានដំណើរការលើវិថីមួយនៃភាពត្រឹមត្រូវ ដែលមិនបង្កឲ្យកើតអារម្មណ៍ខុសលើអ្នកណាម្នាក់ បើសិនជាដឹងច្បាស់ខ្លួនឯងថា ខ្លួនកំពុងដើរលើគន្លងខុស នោះគេមិនអាចហៅថា ក្ដីស្រឡាញ់ដ៏ប្រពៃមួយបានទេ ។

សរុបរួមមកវិញ ដើម្បីឲ្យក្ដីស្រឡាញ់មួយនេះ ទទួលបានសម្ព័ន្ធភាពមួយល្អ រក្សាបានយូរអង្វែងទៅមុខជាបន្ត ។ ដៃគូជីវិត ក៏ដូចជាមនុស្សដែលមានដៃគូជីវិតរួចហើយ ត្រូវឈ្វេងយល់បន្ថែមនូវអង្គប្រកប ឬធាតុផ្សំនៃក្ដីស្រឡាញ់នេះឲ្យបានច្រើនតាមដែលអាចទៅរួច ។

ជាទីបញ្ចប់នេះ ប្រិយមិត្តអាចទៅឈ្វេងយល់អានបន្ថែមលើសុខដុមគ្រួសារ ដែលដៃគូជីវិតត្រូវមានឲ្យគ្នាទៅវិញទៅមក មានប្រាំចំណុច និងការសម្រេចដល់ការសង្រ្គោះគ្នាមាន៤យ៉ាង និងគោលការណ៍ធ្វើឲ្យដៃគូជីវិតមិនចេះបែកគ្នាគ្រប់ភពគ្រប់ជាតិ មាន៤ចំណុចទៀត។ ទ្រឹស្ដីគោលការណ៍ទាំងនេះ សុទ្ធតែនៅក្នុងព្រះពុទ្ធសាសនាទាំងអស់ ៕


ចាន់/គោលគំនិតល្អដើម្បីជីវិត

No comments:

Post a Comment