Wednesday, August 2, 2017

អំណោយទានជីវិត


ជាការពិតណាស់ នៅក្នុងសង្គមមនុស្ស សឹងពោរពេញទៅដោយបញ្ហាទាំងឡាយ ដែលបានចាក់ស្រែះប្រទាក់ក្រឡាគ្នាជាបណ្ដាញ ពីរឿងមួយទៅរឿងមួយ ប្រៀបដូចជាកាំច្រវាក់យឹតយោងប្រតោងគ្នា ទៅតាមក្រសែនៃសញ្ជាតញាណ របស់មនុស្សគ្រប់ៗរូប តម្រូវការផ្នែកសេចក្ដីសុខ គេចវេះចេញពីសេចក្ដីទុក្ខហ្នឹងឯង ដែលជាបំណងប្រាថ្នាមួយដ៏ចម្បងបំផុត ក្នុងវិថីជីវិតមនុស្សគ្រប់រូប តែភាពប្រាថ្នាត្រូវការរបស់មនុស្សមួយចំនួន ក្នុងសង្គមសព្វថ្ងៃនេះ បានបោះជំហានទៅមុខទាំងភាពមហិច្ឆតា ក្រោមឥទ្ធិពលនៃថៅកែគ្មានក្ដីមេត្តាពោលគឺ តណ្ហា មិនព្រមងាកក្រោយ ដោយភ្លេចអស់រលីងសូន្យឈឹង នូវឧត្តមគតិ ឬបញ្ហាចម្បងរបស់ខ្លួនឯងដែលថា "តើជីវិតនេះ កើតមកដើម្បីអ្វី? គុណតម្លៃនៃជីវិតដ៏ពិតប្រាកដនោះ នៅត្រង់ណា? ជីវិតនេះ គប្បីដើរទៅតាមមាគ៌ាមួយណា ដើម្បីឲ្យប្រសព្វបាននូវផលសម្រេចដ៏ពិតប្រាកដ?"


បុព្វនិមិត្ត ឬអរុណោទ័យនៃជីវិត ដ៏មានគុណតម្លៃនោះ ក្នុងព្រះពុទ្ធសាសនាបានសម្ដែងទុកជាតឹកតាងបង្ហាត់បង្ហាញថាមាន ៧ យ៉ាង សូមស្រង់យកមកសរសេរដោយសង្ខេបដូចខាងក្រោម៖

១) ជីវិតល្អ ព្រោះមានឥទ្ធិពលពីបរិស្ថានខាងក្រៅ មានការសេពគប់ជាដើមល្អ ហៅថា មិត្តសម្បទា។
២) ជីវិតល្អ ព្រោះខ្លួនមានសីលាចារវត្តល្អ និងរស់នៅក្នុងសង្គម ដែលមានច្បាប់ទម្លាប់ល្អ ហៅថា សីលសម្បទា។
៣) ជីវិតល្អ ព្រោះមានឆន្ទមនសិការមុះមុតច្បាស់លាស់ ក្នុងការកសាងអភិវឌ្ឍន៍ក្នុងផ្នែកផ្សេងៗល្អ ហៅថា ឆន្ទសម្បទា។
៤) ជីវិតល្អ ព្រោះអភិវឌ្ឍខ្លួនឯង ឲ្យទៅជាមនុស្សមួយ ដែលមានសមត្ថភាព មានគុណភាពល្អ ហៅថា អត្តសម្បទា។
៥) ជីវិតល្អ ព្រោះមានឧត្តមគតិ មានវិចារណាញាណល្អ មានគោលការណ៍ល្អ ហៅថា ទិដ្ឋិសម្បទា។
៦) ជីវិតល្អ ព្រោះមានសតិសម្បជញ្ញៈខ្ជាប់ខ្ជួន គ្រប់គ្រងខ្លួនបានល្អ ហៅថា អប្បមាទសម្បទា។
៧) ជីវិតល្អ ព្រោះមានមនសិការ មានបញ្ញា មានហេតុផលល្អ ហោថា យោនិសោមនសិការសម្បទា។

កត្តាសំខាន់បំផុត ដែលជម្រុញឲ្យគុណភាពជីវិតធ្លាក់ចុះនោះ គឺភាពល្ងង់ខ្លៅ ដែលក្នុងទ្រឹស្ដីនៃព្រះពុទ្ធសាសនា លោកហៅថា អវិជ្ជា ពោលគឺជាស្បៃអន្ធការម្យ៉ាង ដែលគ្របដណ្ដប់ផ្ទាំងជីវិតនៃមនុស្សគ្រប់គ្នា ឲ្យដើរខុសភ្លាត់ចេញពីសច្ចភាព។
---------------------------------------------------------
ស្រ.អំណោយទានជីវិតភាគ១ភាគ២ គ្នានលេខទំព័រ គ្មានទីកន្លែងបោះពុម្ព និងឆ្នាំបោះពុម្ព
រូបភាព ហ្វេសប៊ូកផេក


No comments:

Post a Comment