Tuesday, August 22, 2017

សុខស្ងប់ខាងក្នុង


សេចក្ដីសុខពីវត្ថុប្រលោមចិត្ត ចូលមកដាស់ភ្ញោចធ្វើឲ្យជីវិត ត្រូវក្រាញននៀលស្វះស្វែងរកមិនឲ្យឈប់សម្រាក់ ពេលបានមកហើយ ក៏ពេញចិត្តបានត្រឹមតែមួយរយៈពេល មិនយូរមិនឆាប់ក៏ចាប់ផ្ដើមចង់បានមកទៀត ហើយចង់បានច្រើនឡើងជាងដើមលើសមុន ទើបត្រូវក្រាញននៀលស្វះស្វែងរកមកទៀតឲ្យបាន។ សេដ្ឋី អ្នកមានលុយកាក់ពាន់លានសែនម៉ឺនដុល្លា មិនធ្លាប់ចេះគ្រប់ ឆ្អែតល្មមចិត្តជាមួយនឹងសាច់ប្រាក់ទាំងអស់នេះទេ ទាំងប្រើមួយជីវិតឬមួយជាតិនេះ ក៏ចាយវាយមិនអស់ដែរ ប៉ុន្តែសេដ្ឋីទាំងនោះមិនទាន់បានជួបសេចក្ដីសុខមួយប្រភេទ ដែលមនុស្សផងទាំងឡាយមិនធ្លាប់បានស្គាល់ ពោលគឺសេចក្ដីសុខដែលកើតចេញពីសេចក្ដីស្ងប់ពីខាងក្នុងចិត្តនេះឯង។


ក្នុងសេចក្ដីសុខប្រភេទនេះ ដំបូងត្រូវការរំភើបរំជួលចិត្ត សេចក្ដីសុខប្រភេទទីពីរនេះត្រឡប់បែរជាផ្ទុយទៅវិញ រឹតតែមានវត្ថុមកប្រលោមចិត្តតិចខ្លាំងប៉ុនណា ចិត្តរឹតតែស្ងប់ឡើងខ្លាំងប៉ុណ្ណោះ ហើយប៉ះត្រូវសម្ផស្សៈជាមួយសេចក្ដីសុខដ៏ខ្លាំងបំផុតមួយ ក្នុងពេលភ្ញៀវពន្លឺកំពុងយកសំឡេងតូតន្ត្រីកំដរអារម្មណ៍ជំនួស  ការសន្ទនាមានសំឡេងអ៊ូរអរ សាកល្បងងាកខ្លួនចេញទៅរកទីស្ងប់ស្ងាត់ ទំនេរពីការនឹកគិតគ្រប់បែបយ៉ាងក្នុងរឿងរ៉ាវផ្សេងមួយរយៈសិននុ៎ះ រួចបើកចិត្តសម្ផស្សៈប៉ះត្រូវធម្មជាតិដ៏ស្ងប់ស្ងាត់ ឬក៏សំឡឹងងើយមើលលើមេឃ ដែលមានវូងតារាកំពុងបញ្ចេញពន្លឺរស្មីព្រិចៗ មិនយូរទេ សេចក្ដីសុខប្រភេទមួយនេះ នឹងកើតឡើងក្នុងចិត្ត សុខព្រោះចិត្តចាប់ផ្ដើមស្ងប់ហ្នឹងឯង។

ភាពស្ងប់ស្ងាត់ជ្រងំនៃធម្មជាតិ អាចជួយប្រលោមចិត្ត ឲ្យស្ងប់ទៅបានងាយ ទោះបីភាពតក់ក្រហល់ក្រហាយកើតឡើងថ្មីថ្មោង នៅតែអន្ទងស្វែងរកវត្ថុមកប្រលោមចិត្តក៏ដោយ ប៉ុន្តែពេលចិត្តចាប់ផ្ដើមសម្របខ្លួនបានហើយ ក៏នឹងបានសម្ផស្សៈប៉ះពាល់ត្រូវដល់សេចក្ដីសុខដ៏ប្រណិតមួយនេះ។

សេចក្ដីសុខប្រភេទមួយនេះ ទោះបីជា នឹងត្រូវសម្ផស្សៈប៉ះត្រូវបានក្នុងចំណោមកណ្ដាលធម្មជាតិដ៏ស្ងប់ស្ងាត់ តែក៏មិនចាំបាច់និយាយថា យើងត្រូវគេចមុខចេញពីមនុស្សទាំងឡាយ ក៏អាចស្វែងរកសេចក្ដីសុខដូចពោលខាងលើបាន។ សេចក្ដីស្ងប់ដ៏ពិតប្រាកដនោះស្ថិតនៅត្រង់ចិត្ត ពុំមែនស្ថិតនៅក្នុងបរិស្ថានដទៃៗទេ ក្នុងផ្ទះរបស់យើង ក៏អាចសម្ផស្សៈប៉ះពាល់ត្រូវជាមួយសេចក្ដីស្ងប់ចិត្តនេះបាន បើសិនចេះធ្វើសមាធិចម្រើនភាវនាកម្មដ្ឋាន ដោយការប្លុងចុះនូវសេចក្ដីនឹកគិតផ្សេងៗចោលបាន ដូចជា ដើរ ឈរ អង្គុយ ដេក មិនថាកាយនៅក្នុងណា ក៏ឲ្យចិត្តនៅក្នុងទីនោះ។

ចិត្តដែលស្ងប់នឹងកើតឡើងបានពីការធ្វើដ៏ត្រឹមត្រូវ ល្អស្អាតបរិសុទ្ធ ចាប់ផ្ដើមពីការមិនបៀតបៀនព្យាបាទ ឫស្យាច្រណែនឈ្នានីស ឬយកប្រៀបលើបុគ្គលណា ដែលនាំមកនូវសេចក្ដីក្ដៅហល់ក្រហាយរោលរាលចិត្ត ដុតកំឡោចឲ្យឆេះឆួលចិត្ត អន្ទះអន្ទែង ឆ្លេឆ្លាជ្រួលច្រាលរកសេចក្ដីស្ងប់មិនបាន។ ក្រៅពីនេះ បែរមុខ ឈានជើងទៅជួយស្រោចស្រង់ មានទឹកចិត្តក្ដីមេត្តាសន្ដោសប្រោះប្រណីដល់ជនដទៃ រមែងញ៉ាំងឲ្យយើងមានសេចក្ដីសុខទៅជាមួយផងដែរ។

នៅទីបំផុតទៅ សេចក្ដីសុខរបស់យើងក៏ស្ថិតនៅត្រង់ចិត្តជាសំខាន់។ បើសិនចិត្តរបស់យើងតប់ប្រមល់ខ្វល់ខ្វាយ ទទួលទានអ្វីមិនចូល ចំរៀងពីរោះប៉ុនណាក៏ស្ដាប់មិនចូល  បន្ទប់ស្អាតមានគ្រែល្អកម្រិតណា ក៏ដេកមិនស្រួល ដូចនេះ ជីវិតដែលមានសេចក្ដីសុខនោះ ពុំមែនស្ថិតនៅលើមានលុយកាក់មាសប្រាក់ទ្រព្យសម្បត្តិហូរហៀរនោះទេ ព្រោះយ៉ាងណា ក៏ត្រូវប្រឈមមុខជាមួយនឹងសេចក្ដីព្រាត់ប្រាស ចាកនិរាស រលំរលាយអសារឥតការ ភាពខកចិត្ត ភាពចាស់ជរា ភាពឈឺចាប់ខ្លោចផ្សា និងសេចក្ដីស្លាប់នៅមានដដែលមិនបានបាត់ចេញទៅណាឡើយ។ មនុស្សផងទាំងឡាយពិបាកចិត្ត ក្រៀមក្រំចិត្ត តូចចិត្តតូចថ្លើម ចង្អៀតចង្អល់ចិត្ត មួហ្មងល្អក់កករ ក៏ព្រោះតែវត្ថុទាំងអស់នេះ ប៉ុន្តែសច្ចភាពនោះ មិនចាំបាច់ទៅកើតទុក្ខ ក្រៀមក្រំចិត្តធ្វើអ្វីឡើយក៏បាន បើសិនយើងម្នាក់ៗគិតអំពីសច្ចធម៌មួយនេះដែលថា ជីវិតនេះមិនឋិតថេរ មានការប្រែប្រួលផ្លាស់ប្ដូរ ទៅជារឿងធម្មតាហើយ។

ចិត្តដែលចេះលែងចោល ចិត្តចេះដាក់ចុះ ចិត្តចេះទំនេរ មិនថាត្រូវប្រឈមមុខជាមួយសេចក្ដីព្រាត់ប្រាស បាត់បង់ បែកបាក់ រំលំរលាយ វិនាសសាបសូន្យចាកសត្វនិងសង្ខារ ភាពចាស់ទ្រុឌទ្រុមគ្រាំគ្រា ក្ដៅរងាឈឺចុកចាប់ ពើតចុកផ្សា ឬពាក្យស្ដីបន្ទោសនិន្ទារិះគន់ ដៀមដាមដាក់ផ្លែដាក់ផ្កាឌឺដងបញ្ចើចបញ្ចើ ក៏អាចនៅស្ងប់សុខបានដែរ។ ទាំងនេះកើតឡើងបាន ដោយសារតែខ្លួនបានយល់ច្បាស់ពីសច្ចភាពរបស់ជីវិត និងលោកនេះ ដែលត្រូវមានលោកធម៌ទាំង៨។ បញ្ញាដែលយល់ចូលដល់សច្ចធម៌ ដូចបានពោលមកនេះ រមែងធ្វើឲ្យចិត្តកើតភាពស្ងប់ស្ងាត់យ៉ាងពិតប្រាកដ។

សេចក្ដីសុខដែលមានភាពប្រសើរថ្លៃថ្លាបំផុតនោះ ពុំមានសេចក្ដីសុខណា ស្មើនឹងសេចក្ដីស្ងប់ឡើយ”  ពុទ្ធសុភាសិតមួយឃ្លានេះ នៅតែរក្សាតម្លៃបានគ្រប់យុគសម័យកាល គ្មានពេលណាមួយហួសសម័យឡើយ ដរាបណាមានមនុស្សរស់នៅក្នុងលោកិយមួយនេះ។ បើសិនគ្មានសេចក្ដីស្ងប់ក្នុងចិត្តទៅហើយនុ៎ះ យើងក៏រមែងមិនអាចស្វែងរកសេចក្ដីសុខដ៏ពិតប្រាកដមួយនេះ ជួបបានឡើយ៕

ប្រភពអត្ថបទពី
ព្រះផៃសាល វិសាលោ
ប្រែ.ចាន់


No comments:

Post a Comment