Wednesday, August 23, 2017

ហេតុដែលនាំឲ្យមានមន្ទិលក្នុងចិត្ត៧ប្រការក្នុងការបំពេញបុណ្យ


ហេតុដែលនាំឲ្យមានមន្ទិលក្នុងចិត្ត៧ប្រការក្នុងការបំពេញបុណ្យ
                                                                                                       
មនុស្សជាច្រើនបានសាកសួរអ្វីដែលមានការពាក់ព័ន្ធ ជាមួយការបំពេញបុណ្យកុសលនានា មិនដឹងថា តើធ្វើបុណ្យកុសលបែបណាឲ្យសក្ដិសម ឬមិនសក្ដិសមទេ ក្នុងបញ្ហាកម្មនេះ គេហៈទំព័រ Secret បានប្រមូលសរសេរនូវសំនួរ និងចម្លើយពីព្រះគ្រូជាច្រើនអង្គនាក់មកចុះផ្សាយក្នុងទំព័ររបស់ខ្លួន ក្នុងការចែករំលែកនេះ។ ដូចនេះ គេហៈទំព័រគោលគំនិតល្អដើម្បីជីវិត ក៏សូមសរសេរស្រង់និងប្រែសំនួរចម្លើយទាំងនេះ មកចុះផ្សាយក្នុងគេហៈទំព័ររបស់ខ្លួនដែរ ដើម្បីជាការមានប្រយោជន៍សម្រាប់ជនានុជន ពិសេសសម្រាប់ពុទ្ធសាសនិកជន ដែលមានមន្ទិលសង្ស័យក្នុងបញ្ហាកម្មដូចពោលខាងលើ ទុកជាគតិក្នុងការថ្លឹងថ្លែងរកតថភាពសម្រាប់ដំណោះស្រាយរបស់ខ្លួន ក៏បានជាទឡ្ហីករណ៍មួយសម្រាប់ការឆ្លុះបញ្ចាំងអំពីការប្រព្រឹត្តរបស់ពុទ្ធសាសនិកជន ក្នុងវិស័យពុទ្ធសាសនា។ តើការចោទសួរ និងឆ្លើយតបលើបញ្ហាកម្មទាំង៧ប្រការនោះ មានអ្វីខ្លះ?   


១) តើធ្វើបុណ្យដោយការប្រគេនប្រាក់(លុយ) ក្នុងកិច្ចថាបវរណាជាបច្ច័យ៤ ដល់ព្រះភិក្ខុសង្ឃសក្ដិសមដែរទេ?

ក្នុងសំណួរនេះ ព្រះតេជគុណផៃសាល វិសាលោ លោកមានថេរដីការថា សម័យពីមុន អ្នកស្រុកគេមិនប្រគេនលុយដល់ព្រះភិក្ខុសង្ឃអង្គសាមណេរទេ មិនថាក្នុងកម្មវិធីបុណ្យអ្វីក៏ដោយ ព្រោះថាក្នុងព្រះវិន័យមិនអនុញាតឲ្យព្រះភិក្ខុសង្ឃទទួល និងកាន់ប្រាក់(លុយ)ទេ។ សម័យមុន ប្រាក់មិនមែនជាវត្ថុចាំបាច់សម្រាប់ព្រះភិក្ខុសង្ឃឡើយ ប៉ុន្តែក្រឡេកមកមើលតថភាពក្នុងពេលបច្ចុប្បន្ននេះ ប្រាក់(លុយ)មានសារៈសំខាន់ណាស់សម្រាប់ទ្រទ្រង់ជីវិតរបស់មនុស្សលោកយ៉ាងច្រើន សូម្បីតែព្រះភិក្ខុសង្ឃមានចំនួនច្រើន ក៏មានជីវិតការសិក្សា និងកិច្ចការដ៏ពិបាកខ្វះប្រាក់នេះសឹងតែមិនអាចទៅរួច។ ញោមញាតិទើបប្រគេនលុយកាក់ដល់ព្រះភិក្ខុសង្ឃ។ មួយចំណែកទៀត ព្រោះមានបំណងយល់ឃើញថា មានលុយកាក់ នឹងមានសេរី មានក្ដីសុខនៅពេលអនាគតដែរ។ សម្រាប់មនុស្សម្នា ដែលបានយល់ក្នុងកិច្ចវិន័យ របស់ព្រះភិក្ខុសង្ឃ និងជួយឧបត្ថម្ភក្នុងចំណែកនេះ  អាចជួយចិញ្ចឹមលោកដោយមិនចាំបាច់ប្រគេនលុយក៏បាន ដោយប្រគេនជាទេយ្យវត្ថុប្រើប្រាស់ របស់បរិភោគឧបភោគដល់លោក ស្បង់ស្បែត្រៃចីវរ ថ្នាំដង្កូវព្យាបាលជំងឺដង្កាត់ផ្សេងៗ ចំណែកឯលុយកាក់នោះ បើចង់ប្រគេន ក៏ប្រគេនដល់វត្តដោយចំពោះ ឬប្រគល់ដល់ញោមជិតស្និតដើម្បីចាត់ចែងទិញរបស់របរប្រគេនលោក តាមដែលលោកប្រាថ្នាចង់បាន និងសមគួរដល់ភេទជាសមណសក្យបុត្តក្នុងព្រះសាសនានេះ។

២) គេនិយាយថាធ្វើបុណ្យជាតិនេះ ជាតិមុខនឹងកើតមកជាគូនឹងគ្នា ចុះបើមានសង្សារជាតិសាសន៍ខុសគ្នា តើនឹងធ្វើយ៉ាងម៉េច?

បើមានដូច្នេះពិតមែន ក៏អាចធ្វើបុណ្យរួមគ្នាបាន។ ការធ្វើបុណ្យចាត់ទុកជាអំពើល្អ និងមានជាសាកល ដែលអាចធ្វើបានច្រើនរូបភាព មិនចាំបាច់ចូលវត្តចូលវ៉ាជានិច្ចកាល។ ការធ្វើសេចក្ដីល្អ ឬធ្វើបុណ្យមិនមែនការបែងចែកជាតិសាសន៍ ធ្វើល្អនឹងបានល្អ បានកើតមកជាគូនឹងគ្នា។

៣) តើធ្វើបុណ្យបានតាមវិធីណាខ្លះ?

ព្រះតេជគុណ វិសាលោ លោកមានថេរដីការថា ក្នុងព្រះពុទ្ធសាសនា បុណ្យអាចធ្វើបាន៣លំដាប់។ លំដាប់ទីមួយ ហៅថាទានជារឿងនៃការជួយសង្គ្រោះទំនុកបំរុងអ្នកដទៃ បើនឹងជួយដល់អ្នកណាហើយ ប្រកាន់ថា ជាការឲ្យនូវទាន បានទាំងអស់ មិនចាំបាច់ជួយដោយការឲ្យលុយកាក់ យើងអាចជួយដោយការលះបង់ពេលវេលា ដោយការលះបង់កម្លាំងកាយចិត្ត ក៏ជាបុណ្យហើយ។ ជួនកាលមនុស្សទៅយល់ថា ទាននេះ ត្រូវឲ្យដល់មនុស្សសុំទាន ឬទាននេះ ត្រូវសំដៅដល់សង្ឃទានប៉ុណ្ណោះ ទើបជាបុណ្យកុសល ពុំមែនដូច្នោះទេ ការជួយសង្រ្គោះដល់អ្នកដទៃ រហូតដល់មានការតបស្នងសងគុណ ដូចជា មាតាបិតា ឬថាការបូជាគុណគ្រូបាចារ្យ ឬក៏ថា ការជួយឧបត្ថម្ភគាំទ្រចំពោះព្រះសង្ឃដែលទទួលបានការប្រតិបត្តិល្អ ប្រតិបត្តិត្រូវ ដូចនេះគេហៅថា ជាទាន ជាបុណ្យក្នុងចំណែកដំបូង គឺការជួយសង្រ្គោះអ្នកទទៃ។

លំដាប់ទីពីរ គឺការប្រព្រឹត្តប្រតិបត្តិហៅថា សីល គឺមានសុចរិតភាព ការធ្វើការងារ ការងារនោះត្រូវតែសុចរិត ប៉ុន្តែជួនកាល ធ្វើកិច្ចការងារដោយសុចរិតភាពហើយ បុណ្យក៏មិនទាន់សព្វគ្រប់ ព្រោះដើរទៅបៀតបៀនព្យាបាទអ្នកដទៃ ដោយមានគំនិតអាក្រក់ ឬថា បញ្ចេញអារម្មណ៍ដាក់អ្នកដទៃ នេះឯងជាការបៀតបៀន ដែលធ្វើឲ្យសីលមិនគត់មត់ ព្រោះតែអ៊ីចឹងហើយ ក្រៅពីបានបំពេញការងារដោយសុចរិតភាពហើយ យើងមិនត្រូវគិតក្នុងការបៀតបៀន ឬមិនធ្វើកិច្ចការណា ដែលនាំទៅដល់ការបៀតបៀនអ្នកដទៃ សូម្បីតែតាមរយៈពាក្យសម្ដី។ ត្រង់នេះជួនកាលអ្នកខ្លះទៀត ធ្វើការងារប្រកបដោយសុចរិតភាពហើយមិនបៀតបៀនអ្នកដទៃតាមពាក្យសម្ដី មិនបញ្ចេញមុខយក្ខដាក់អ្នកដទៃ ដោយធ្វើជាម្ចាស់ការលើអារម្មណ៍ខ្លួនហើយ ប៉ុន្តែអាចនៅប្រឡូកប្រឡាក់ពពាក់ពពួនជាមួយការលេងល្បែងអបាយមុខផ្សេងៗ មានការចូលចិត្តដើរលេងក្នុងយប់ជ្រៅ ចូលចិត្តលែងល្បែងស៊ីសង ចូលចិត្តលេងឆ្នោត ចាក់កន្ទុយលេខ ត្រង់នោះនៅជាបុណ្យសព្វគ្រប់មិនបាន ត្រូវគ្រប់ទាំង៣ប្រការ គឺធ្វើការប្រកបដោយសុចរិតភាព មិនពុករលួយកេងប្រវ័ញ្ច មិនគិតយកប្រៀបលើអ្នកដទៃ ដោយហោចទៅសូម្បីតែសម្ដីវាចាមិនត្រូវពោលអាក្រក់ ហើយដំណើរជីវិតដោយមិនវង្វេង ស្រវឹងឈ្លក់ងប់ក្នុងល្បែងអបាយមុខ ដូចនេះទើបចាត់ទុកជាការបុណ្យមានទាំងព្រមក្នុងថ្នាក់សីល។ បើសីលយើងធ្វើទាំង៣ចំណុចនេះបាន នឹងច្រើន ឬតិចស្រេចលើលទ្ធភាព គ្រាន់តែឲ្យដឹងថា នេះជាបុណ្យ។

លំដាប់ទី៣ គឺការចូលទៅខាងក្នុង ពោលគឺចិត្តរបស់ខ្លួនឯង ឲ្យកើតមានសេចក្ដីស្ងប់ ឲ្យមានបញ្ញា ពេលធ្វើកិច្ចការប្រកបដោយសតិ ធ្វើហើយឲ្យកើតមានសមាធិ មានសេចក្ដីព្យាយាម នេះក៏ជាការហ្វឹកហ្វឺនចិត្ត ខាងព្រះពុទ្ធសាសនា ហៅគោលការណ៍នេះថា ភាវនា ក៏ជាបុណ្យមួយដែរ។ បើសិនយើងមានឧបាយក្នុងការធ្វើចិត្តមិនឲ្យខឹងច្រឡោត ពេលបានបះផ្ទប់ជាមួយវត្ថុដែលមិនជាទីពេញចិត្ត គាប់ចិត្ត ដូចជា មានមនុស្សមកជេរស្ដីដាក់ ឬក៏ជួបប្រទះក្នុងការបែកបាក់ព្រាត់ប្រាស ការបាត់បង់ ការខូចខាត់ប្រយោជន៍ ទាំងនេះត្រូវស្ងួនគ្រងចិត្តឲ្យស្ថិតនៅក្នុងភាពប្រក្រតី មិនសោកសៅខូចចិត្ត ចេះដាក់ចុះ ទម្លាក់ចោល ចេះមើលលោកនេះក្នុងផ្លូវវិជ្ជមាន។ វត្ថុទាំងអស់នេះ មានអត្ថប្រយោជន៍ ជួយហ្វឹកហ្វឺនឲ្យយើងមានភាពស្វាហាប់ រឹងប៉ឹង ធ្វើឲ្យយើងកើតមានបញ្ញា នេះហៅថា ជាភាវនាបានដូចគ្នា ចាត់ទុកថា ជាបុណ្យចំណែកមួយ។

៤) ការដែលយើងផ្សាយចំណែកបុណ្យកុសលនេះ ទៅដល់អ្នកចងកម្មចងពៀរ និងសម្ភវេសីទាំងឡាយ តើនឹងធ្វើឲ្យបុណ្យដែលយើងបានសន្សំមកនោះធ្លាក់ចុះខ្សោយដែរឬទេ?

ព្រះតេជគុណ ពង្សសក្ដិ ញាណវំសោ មានថេរដីការថា ការដែលផ្សាយចំណែកបុណ្យកុសល វាមិនបានធ្វើឲ្យបុណ្យកុសលដែលយើងសន្សំនោះធ្លាក់ចុះខ្សោយទេ រឹងរឹតតែធ្វើឲ្យយើងបានបុណ្យបានកុសលទ្វេឡើង ព្រោះការឧទ្ទិសផ្សាយចំណែកបុណ្យ ជាការបញ្ជូន ឬប្រគល់ឲ្យនូវសេចក្ដីសុខ ក្ដីមេត្តា ការមានចេតនាល្អចំពោះសព្វសត្វលោកទាំងមូល ទាំងមានជីវិតរស់ក្ដី ទាំងបាត់បង់អាយុជីវិតទៅហើយក្ដី វាមិនអាចទៅរួចទេថា ដែលធ្វើឲ្យបុណ្យកុសលយើងធ្លាក់ចុះខ្សោយនោះ។

៥) តើយើងមានវិធីធ្វើបុណ្យឲ្យខ្លួនឯងបានយ៉ាងដូចម្ដេច?

ព្រះគ្រូផៃសាល វិសាលោ មានថេរដីការក្នុងបញ្ហាកម្មនេះថា ធ្វើបុណ្យចំពោះខ្លួនឯង ក៏ដូចជាថា មិនទៅប្រឡាក់ប្រឡូកខ្លួនឯងដោយការប្រើប្រាស់ថ្នាំញៀន មិនប្រឡាក់ប្រឡូកខ្លួនឯងដោយអបាយមុខ។ ឥឡូវនេះយើងកំពុងប្រឡាក់ប្រឡូកខ្លួនឯងដោយវត្ថុទាំងអស់នេះច្រើនពេកហើយ មិនថាការលេងល្បែងស៊ីសង ការប្រើថ្នាំញៀន ថ្នាំឆ្កួត លេងចាក់កន្ទុយលេខ ឬក៏ថា លេងល្បែងកំសាន្តដែលធ្វើឲ្យឈ្លក់វង្វេង នេះឯងដែលជាការប្រឡាក់ប្រឡូក។ ពេលនេះមនុស្សយ៉ាងច្រើនកំពុងធ្លាក់ខ្លួនយ៉ាងជ្រៅក្នុងអបាយមុខ រហូតដល់ស្រុកមួយនេះ សង្គមមួយនេះ ប្រទេសមួយនេះក្លាយទៅជាស្រុក សង្គម ប្រទេសអបាយមុខ នេះឯងសរបញ្ជាក់ឲ្យឃើញថា យើងមិនទាន់ចេះធ្វើបុណ្យឲ្យខ្លួនឯងនៅឡើយទេ។

ការធ្វើបុណ្យឲ្យខ្លួនឯង យើងអាចមើលឃើញច្រើនប្រការ ច្រើនយ៉ាងណាស់ដែរ ក្រៅពីមិនយកខ្លួនទៅប្រឡាក់ប្រឡូក ក្នុងអបាយមុខ យើងម្នាក់ៗ អាចស្វះស្វែងរកវត្ថុល្អៗ រឿងល្អៗមកឲ្យចិត្តបាន ដូចជា ស្ដាប់ព្រះធម៌ អានសៀវភៅធម៌ ឬថា សម្លឹងរកមើលរឿងផ្សេងៗ ក្នុងផ្លូវល្អ ចេះដឹងវិធីរំងាប់សេចក្ដីក្រោធ ធ្វើចិត្តឲ្យមានសភាពប្រក្រតី ឲ្យមានសេចក្ដីសុខស្ងប់ត្រជាក់។ ការប្រើជីវិតយ៉ាងងាយៗ មិនឲ្យជីវិតធ្លាក់ចូលទៅក្នុងក្រឡាជាប់ជំពាក់ស្មុគស្មាញ រកផ្លូវដោះចេញមិនឃើញឡើយ។ ពេលនេះ មនុស្សមួយចំនួនធំ បានកំពុងប្រើជីវិតឲ្យលំបាក ច្របូកច្របល់ ធ្វើខ្លួនឯងឲ្យរវល់ខ្លាំងណាស់ រហូតដល់រកពេលឲ្យដល់ខ្លួនឯង ឬគ្រួសារមិនបាន។ យើងបានយករបស់អ្វីក៏មិនដឹង មកបញ្ចុកច្រកដាក់មាត់ដាក់ពោះរបស់ខ្លួន បែរជាយកចិត្តទុកដាក់រឿងរបស់យើង ទាំងដែលវាមិនមានប្រយោជន៍អ្វីឲ្យជាដុំកំភួន សូម្បីតែសេចក្ដីក្រោធ សេចក្ដីស្អប់ យើងក៏យកមកដាក់ក្នុងចិត្តដែរ និងដកចេញបោះចោលមិនបាន។ យើងត្រូវចេះដកខ្លួនចេញដោយការចំរើនភាវនា។

៦) តើធ្វើបុណ្យបែបណា ទើបបានបុណ្យច្រើន?

ក្នុងព្រះត្រៃបិដក បានសរសេរទុកថា បុណ្យត្រូវបានបែងចែកជាបីកម្រិត ថ្នាក់បឋម សម្រេចដោយការឲ្យទានដល់មនុស្សមានសីល។ ការឲ្យទានដល់មនុស្សដែលមិនមានសីល មិនមានធម៌ ឲ្យទានដល់សត្វតិរច្ឆាន ។ បុណ្យថ្នាក់កណ្ដាល សម្រេចដោយការឲ្យធម្មទាន ការឲ្យអភ័យទាន ការប្រគេនវិហារទាន ប្រគេនសង្ឃទាន ដែលមានព្រះពុទ្ធជាអម្ចាស់ជាប្រធាន ប្រគេនដល់ព្រះអរហន្ត ដល់អនាគាមី ដល់សកទាគាមី ដល់ព្រះសោតាបន្ន ដល់សម្មតិសង្ឃ ដល់សាមណេរ។ល។ ចំណែកបុណ្យខ្ពស់ បានដល់ការចម្រើនវិបស្សនា ធ្វើសមាធិ និងការរក្សាសីល និងមានចិត្តជ្រះថ្លាក្នុងគុណព្រះរតនត្រៃ ជាដើម។

បើតាមទស្សនៈរបស់ តេជគុណ វជិរមេធី លោកមានថេរដីការថា ការធ្វើបុណ្យបានបុណ្យច្រើនបំផុត គឺការបំពេញចិត្តចម្រើនភាវនា ដើម្បីឲ្យកើតមានបញ្ញា ហើយបញ្ញានោះ មិនមែនដើម្បីបញ្ញានោះទេ តែជាបញ្ញាដែលនាំទៅរកឥស្សរភាព ឬព្រះនិព្វានដែលជាបរមសុខមែនតែមួយគ្មានពីរ ជាសុខមិនចេះប្រែប្រួល សុខជានិច្ចលក្ខណៈ។ ទិសដៅរបស់បុណ្យកុសលនៅត្រង់ចំណុចនេះ ត្រង់ទីមិនចាំបាច់ តិចលោលែងខ្វល់ខ្វាយរឿងធ្វើបុណ្យតទៅទៀត ពោលក្នុងន័យមួយថា ធ្វើបុណ្យដើម្បីចោលបុណ្យនៅទីបំផុត។

៧) តើពិតមែនទេថា ធ្វើបុណ្យអ្វី នឹងបានផលនោះវិលត្រឡប់មកវិញ ដូចជា ធ្វើកុដិសាលាព្រះវិហារ ដាំដើមឈើ ជីកស្រះ ជីកអណ្ដូង ធ្វើសួនច្បារជាដើម ជីវិតនឹងមានតែភាពត្រជាក់ត្រជំ ដោះបំណុលឲ្យសង្ឃ និងផុតពីការជាប់បំណុលគេ?

ព្រះគ្រូសុរសក្ដិ ចរណធម្មោ នៃមជ្ឈមណ្ឌលអភិវឌ្ឍន៍ចិត្ត ក្នុងវត្តផាណិតារាម បានមានថេរដីការថា គ្រប់ករណីដែលសាកសួរមកនេះជាការចម្រើនបុណ្យកុសលក្នុងថ្នាក់ទានមយៈ ទុកណាមានវត្ថុបំណងប្រាថ្នាប្រយោជន៍របស់អ្នកដទៃ បើសិនត្រូវការវត្ថុតបស្នងតាំងពីគិតនឹងឲ្យ ប្រហែលពុំមែនជាដើម្បីប្រយោជន៍ដល់អ្នកដទៃបាត់ទៅហើយ។ បើសិនការលះបង់ប្រព្រឹត្តទៅដើម្បីប្រយោជន៍ដល់អ្នកដទៃកើតឡើងពិតមែន ទុកថាជាការចម្រើនបុណ្យកុសលដោយភាពយល់ត្រូវ ហៅថា មានបញ្ញាក្នុងការយល់ត្រូវធ្វើឲ្យផុតពីការជាប់បុលបាន ដោយការមិនបានជាភារៈជាប់ជំពាក់ក្នុងរបស់ដែលប្រគល់ និងភាពស្ងប់ត្រជាក់ ក៏នឹងកើតឡើងក្នុងចិត្ត ដោយផលនៃកុសលនោះ។ រឿងទាំងអស់នេះ បើសិនធ្វើដោយការយល់ឃើញត្រូវ មានផលកើតឡើងផ្ទុយពីវត្ថុដែលធ្វើទៅដោយមិនចាំបាច់ទាមទេររកឡើយ៕

ប្រែ.ចាន់


ប្រិយមិត្តអ្នកអាន អាចបញ្ចេញមតិយោបល់ក្នុងអត្ថបទដែលចុះផ្សាយនេះបាន បើមានត្រង់ចំនុចណាមួយមិនសមស្រប មិនសូវទំនង មិនសូវស៊ីសេចក្ដី ឬខុសឆ្គាំឆ្គង ឃ្លោងឃ្លា ល្បះប្រយោគណាមួយនោះ ស្មេរសូមទទួលយកការរិះគន់ កែលំអរនេះ ដោយក្ដីរីករាយបំផុត។ 

No comments:

Post a Comment