Tuesday, August 8, 2017

៩វិធីសន្សំពិន្ទុដើម្បីទៅនិព្វាន


កាលណាបើមើលឃើញពាក្យថា និព្វានក៏កាត់នឹកស្មានថា មានមនុស្សជាច្រើនគង់នឹងគេចមុខចេញ ឬអូសមើលរំលងហើយ ព្រោះដោយមានគំនិតថា ជារឿងដែលនៅឆ្ងាយពីខ្លួន ឆ្ងាយពីចិត្ត រហូតដល់មនុស្សសាមញ្ញធម្មតា ដូចជាពួកយើងទាំងអស់គ្នា មិនងាយបានយល់ ហើយកម្រនឹងចូលទៅដល់បាន។

ប៉ុន្តែគេហទំព័រ ស៊ីគ្រេតបែរជាសម្លឹងមើលឃើញថា ទោះបីជាយើងមិនសង្ឃឹមបានព្រះនិព្វានក្នុងជាតិនេះក៏ដោយ តែយ៉ាងហោចណាស់ ក៏គួរធ្វើមនសិការៈទុកក្នុងចិត្តខ្លះ ក្នុងនាមជាអ្នករាប់អានព្រះពុទ្ធសាសនា ដែលជាអ្នកមានបំណងឆ្លងឲ្យផុតនូវអន្លងកាម អន្លងភព  ភាពល្ងិតល្ងង់ ការយល់ភាន់ច្រឡំ ដែលញ៉ាំងជីវិតយើងឲ្យវិលវល់កើត ចាស់ ឈឺ ស្លាប់ក្នុងសង្សារវដ្ដនេះ រកប្រភពមិនឃើញ រកទីបញ្ចប់គ្មាន។

ការសន្សំពិន្ទុនេះ ពិតជាអាចឲ្យយើងមានទម្លាប់ ជាប់ជានិស្ស័យ បានជាវាសនា បន្តទៅមុខទៀត។ នៅពេលណាមួយឧបនិស្ស័យរបស់យើងចាស់ក្លា នឹងបានសម្រេចនូវធម៌ឧត្តម ធម៌ល្អិតសុខុម ទៅដល់ឋានបរមសុខ ដែលជាសុខដ៏ក្រៃលែងមានតែមួយគ្មានពីរ ជាមិនខាន។ គោលគំនិតល្អដើម្បីជីវិត សូមលើកយកចំណុចខ្លះៗ ដែលជាការងាយក្នុងការសន្សំពិន្ទុដើម្បីទៅកាន់ព្រះនិព្វាន មានប្រាំបួនប្រការ ដូចខាងក្រោម៖

១) ពេលភ្ញាក់ពីដំណេក ឲ្យហាត់ធ្វើសមាធិយ៉ាងតិចពី ៥ នាទីទៅដល់មួយម៉ោង ហើយធ្វើបន្ថែមឡើងឲ្យបានរឿយៗ ដោយឥរិយាបថណាមួយ ឬប្រើពាក្យបរិកម្មណាមួយក៏បាន តាមទម្លាប់ខ្លួនបានរៀន បានស្ដាប់ ឬបានធ្វើ។

២) ឲ្យដឹងខ្លួនគ្រប់ពេល ធ្វើកិច្ចការផ្ទាល់ខ្លួន និងការងារផ្សេងៗ ដូចជាងូតទឹក ទទួលទានអាហារ ចូលបន្ទប់អនាម័យ និយាយលេងជាមួយមិត្តភក្ដិ ចៅហ្វាយនាយ ឬកូនចៅ។ល។ ឲ្យមានសតិរលឹកដឹងនៅជាប់ជាមួយកិច្ចការ ឬការចរចានោះៗ ពេលណាធ្វេសប្រហែស មិនមានសតិ ឲ្យប្រញាប់ទាញសតិឲ្យត្រឡប់មកវិញ ឲ្យសតិឋិតនៅជាមួយនឹងបច្ចុប្បន្ន។

៣) សីលប្រាំកុំឲ្យដាច់ ហើយព្យាយាមវៀរចាកនូវអបាយមុខគ្រប់ប្រភេទអស់មួយជីវិត បើសិនសីលណាមួយមានការធ្លុះធ្លាយ ពពាលពព្រុះ ឬដាច់ដាច ត្រូវសមាទានសីលនោះឡើងវិញភ្លាម។

៤) បើសិនកើតនូវអារម្មណ៍ណា ជាអាទិ៍ ស្អប់ខ្ពើម ឲ្យបែរត្រឡប់មកសម្លឹងអារម្មណ៍នោះ រហូតដល់ស្ងប់អារម្មណ៍នោះ។

៥) សម្លឹងមើលពិភពលោកក្នុងផ្លូវវិជ្ជមាន ដោយមានចិត្តគិតមិនល្អជាមួយអ្នកណាម្នាក់ បើនឹងគិត និយាយ ធ្វើ ក៏ឲ្យប្រព្រឹត្តទៅក្នុងផ្លូវល្អប៉ុណ្ណោះ។

៦) សាកល្បងសង្កេតពិនិត្យខ្លួនឯងថា មានភាពស្រាលសប្បាយកើតឡើង ឬមិនមានទេ បើសិនមិនមានភាពរីកចម្រើនទេ ឲ្យសុំពាក្យប្រឹក្សាយោបល់ពីធម្មាចារ្យ អ្នកចេះដឹង ឬកល្យាណមិត្តជាដើម។

៧) ធ្វើល្អជារឿយៗ ធ្វើឲ្យច្រើនឡើងៗ ឲ្យក្លាយទៅជារឿងទម្លាប់ ជាប់ជានិស្ស័យប្រចាំខ្លួន កុំគប្បីមានក្ដីខ្ជិលច្រអូសឡើយ។

៨) ព្យាយាមធ្វើខ្លួនឲ្យធ្ងន់ដូចជាផែនដី និងទឹក ដែលអាចទទួលរ៉ាប់រងបាននូវអ្វីៗគ្រប់យ៉ាង ទាំងវត្ថុអាក្រក់ស្មោកគ្រោក ទាំងវត្ថុល្អស្អាត។

៩) ពិចារណាសេចក្ដីសុខ-ទុក្ខ ដែលបានចូលមក ការមិនទៀងទៅនៃរបស់គ្រប់យ៉ាងដែលនៅជុំវិញខ្លួន ហើយនឹកដល់សេចក្ដីស្លាប់ជាប់ជានិច្ច ដើម្បីអាចឲ្យខ្លួនទម្លាក់ចុះពីការប្រកាន់តួខ្លួន និងវត្ថុទាំងអស់ដែលនៅជុំវិញខ្លួនយើងបាន។

ព្រះពុទ្ធសាសនា មិនបានអប់រំឲ្យជឿ ដោយខ្វះហេតុផល ឬដោយខ្វះបញ្ញាទេ ដូចនោះ បើចង់ដឹងថា និព្វានជាអ្វី? ល្អពិត ឬមិនពិតនោះ មានតែអស់លោកសាកល្បងពិសោធដោយខ្លួនឯង ដូចក្នុងបាលីបទថា សន្ទិដ្ឋិកោ ប្រែថា ជាធម៌គឺព្រះអរិយបុគ្គលទាំងពួងដឹងពិត ឃើញពិត ដោយបច្ចវេក្ខណញ្ញាណ គឺថា នឹងបានដឹងដោយស្ដាប់ ដោយជឿងបុគ្គលដទៃនោះៗក៏ទេ គឺឃើញច្បាស់ដោយខ្លួនឯង។

No comments:

Post a Comment