Tuesday, August 8, 2017

កាលមុនមិនធ្លាប់ដឹងសោះអំពីអត្ថន័យក្នុងកម្មវិធីបុណ្យសពមួយចំនួន


មុននឹងចុចអាននូវខ្លឹមសារថា កាលមុនមិនធ្លាប់ដឹងសោះអំពីអត្ថន័យក្នុងកម្មវិធីបុណ្យសពមួយចំនួន។គេហទំព័រ គោលគំនិតល្អដើម្បីជីវិត បានចុះផ្សាយទស្សនន័យក្នុងវិធីបុណ្យសពមួយចំនួនដែរ។ ក្នុងកាលនោះ ដាក់ចំណងជើងថា ន័យក្នុងការស្លាប់ក្នុងសាសនាទាំងបីរួចមកហើយ តែឥឡូវនេះ សូមលើកយកចំណុចមួយចំនួនក្នុងកម្មវិធីបុណ្យសព ដែលចាស់បុរាណតែងតែនាំធ្វើតៗគ្នាមកគ្រប់ទីកន្លែង ទាំងក្នុង និងក្រៅប្រទេស ដែលបានបង្កប់នូវអត្ថន័យធម៌យ៉ាងជ្រាលជ្រៅ ក្នុងការអប់រំមនុស្ស ដែលមានជីវិតរស់ កុំឲ្យមានក្ដីប្រមាទ។


១) ចំណងបីប្រការ គឺចំណងក មានន័យថាចំណងចងគឺបុត្រ
ចំណងដៃ មានន័យថា ចំណងស្នេហាគឺស្វាមី_ភរិយា
ចំណងត្រង់កជើង មានន័យថា ចំណងចងគឺទ្រព្យសម្បត្តិ
ជាប់ក្នុងចំណងបីប្រការនេះឈានជើងទៅនិព្វានមិនរួចឡើយ។
ត្រូវវិលវល់កើតស្លាប់នៅក្នុងសង្សារវដ្ដនេះ មិនចេះចប់មិនចេះហើយ។

២) គោះម្ឈូសទទួលសីល មិនមែនឲ្យមនុស្សស្លាប់មកទទួលសីល
តែដើម្បីជាការប្រាប់ដាស់តឿនដល់មនុស្សដែលមកចូលរួមបុណ្យសពឲ្យដឹងថា
កុំគិតរវល់តែប្រមាទដាច់សីល មិនចាប់អារម្មណ៍ក្នុងគោលធម៌អប់រំ
ពេលស្លាប់ទៅ អស់ឱកាសធ្វើអំពើល្អ 
នឹងគោះរហូតដល់ម្ឈូសបែកក៏ក្រោកឡើងមកទទួលសីលមិនបានដែរ។

៣) សូធ្យធម៌ព្រះអភិធម្ម ច្រើនតែសូធ្យជាភាសាបាលី មនុស្សរស់ស្តាប់មិនដឹងរឿង
ទើបនឹកភ្នកថា លោកសូធ្យឲ្យមនុស្សស្លាប់ស្ដាប់ តែតាមការពិត ជាការសូធ្យ
ដើម្បីអប់រំមនុស្សដែលនៅមានជីវិតរស់ដើម្បីនឹងបាននាំយកគោលធម៌
ទៅប្រតិបត្តិឲ្យកើតផលល្អក្នុងជីវិតប្រចាំថ្ងៃ
ដូចនោះ ទោះបីនឹងស្តាប់មិនយល់ តែដើម្បីឲ្យការស្តាប់សូធ្យធម៌ព្រះអភិធម្មកើតផល
គួរសង្រួមបញ្ជូនក្រសៃចិត្តទៅនៅជាមួយនឹងសំឡេងលោកសូធ្យ
ឲ្យចិត្តស្ងប់នៅជាមួយនឹងសំឡេងសូធ្យនោះ ក៏នឹងកើតសមាធិបាន។

៤) បួសមុខភ្លើង ច្រើនតែយល់តាមគ្នាថា ជាការបួសដឹកនាំបុគ្គលដែលស្លាប់នោះទៅឡើងស្ថានសួគ៌សច្ចភាពនោះ មិនមែនទៅកើតឋានសួគ៌ ព្រោះការបួសមុខភ្លើងនេះទេ
ជាការប្លុងធម៌សង្វេគចំពោះការកើត ចាស់ ឈឺ ស្លាប់ក្នុងទីបំផុត
មនុស្សក៏មានប៉ុណ្ណោះ ធ្វើឲ្យកើតការធុញទ្រាន់ចំពោះជីវិតក្នុងលោកិយវិស័យ
គ្មានបំណងនឹងនៅក្នុងភេទជាឃរាវាស ហើយពេញចិត្តក្នុងសមណៈភេទ
គោលបំណងប្រតិបត្តិធម៌ ដើម្បីជាការរួចផុត ចូលកាន់មគ្គផលនិព្វាន។

៥) ការនិមន្តព្រះសង្ឃនាំមុខសព ឬហៅព្រះសង្ឃមាតិកា
ដើម្បីនឹងអប់រំមនុស្ស ដែលនៅរស់ឲ្យបាននឹកឃើញថា ពេលដែលនៅរស់
ត្រូវដើរតាមគោលការណ៍របស់ព្រះពុទ្ធ មានន័យថា ឲ្យទ្រទ្រង់ជីវិតតាមព្រះធម៌
ដែលជាពាក្យអប់រំព្រះពុទ្ធជាម្ចាស់នោះឯង ទើបនឹងនៅបានល្អ បានសុខ
មានសេចក្ដីចំរើនលូតលាស់។

៦) ការប្រទក្សិណ(ដើរវិលធ្វេង) ៣ជុំ មានន័យថា ការវិលស្លាប់វិលកើតនៅក្នុងភពទាំងបី មានកាមភព រូបភព អរូភព ដោយអំណាចកិលេសតណ្ហាឧបាទាន
ក៏នឹងកើតទុក្ខមិនចេះចប់ ដូចនោះត្រូវបញ្ច្រាសក្រសែកិលេស ជាការអប់រំធម៌ថ្នាក់ខ្ពស់
ទើបបាននាំសពដើរប្រទក្សិណ៣ជុំ។

៧) ការប្រើទឹកដូងលាងឆ្អឹងសព(ធាតុខ្មោច) ដើម្បីចង្អុលបង្ហាញឲ្យឃើញថា នាំទឹកដូងជាទឹកស្អាត ទឹកបរិសុទ្ធ
បុគ្គលចូលដល់មគ្គផលនិព្វាន
ត្រូវជំរះចិត្តឲ្យស្អាតដោយទឹកទិព្វ ពោលគឺព្រះធម៌។

៨) ការប្រែរូប ក្រោយពីដុតសពហើយ មានការរើសធាតុ
និងមានការឆ្កឹះផេះគូសរូបបុគ្គលស្លាប់ឲ្យជារូបរាងដើមវិញ ដើម្បីនឹងប្រាប់ឲ្យដឹងថា បានត្រឡប់
ជាតិថ្មីហើយ តាមវិបាករបស់កម្មបន្ត។
..................
 រវល់តែវង្វេង លាភ យស សរសើរ
វង្វេងតំណែងតួនាទី ឲ្យមើលន័យក្នុងវិធីបុណ្យសពនេះ ទុកជាការដាស់តឿនចិត្ត
សម្រាប់ការរស់នៅរបស់យើងម្នាក់ៗ។

No comments:

Post a Comment