Sunday, August 6, 2017

រឿងនិទានលោកសេដ្ឋីនិងពណ៌ប៉ៃតង អប់រំចិត្ត

សម័យកាលមួយដ៏យូរលង់ណាស់មកហើយ មានសេដ្ឋីម្នាក់ មានទ្រព្យសម្បត្តិស្តុកស្ដម្ភ ប៉ុន្តែគាត់ជាមនុស្សមានអារម្មណ៍ឆេវឆាវ ហើយច្រើនជាមនុស្សឈឺក្បាលជាប្រចាំ។


 ថ្ងៃមួយ គាត់បានប្រកាសថា នឹងផ្ដល់រង្វាន់ជាទ្រព្យសម្បត្តិដែលគាត់មានពាក់កណ្ដាល ឲ្យដល់បុគ្គលណាដែលមានសមត្ថភាពព្យាបាលអាការៈឈឺក្បាលរបស់គាត់ឲ្យជាបាន។
មនុស្សផងទាំងឡាយមានការរំភើបចិត្តយ៉ាងខ្លាំង បើសិនអាចព្យាបាលលោកសេដ្ឋីឲ្យជាសះស្បើយបានមែននុ៎ះ ពួកគេនឹងទទួលបានទ្រព្យសម្បត្តិពាក់កណ្ដាលរបស់លោកសេដ្ឋី។ ពេលនោះ មានមនុស្សច្រើនកុះករ រួមទាំងពេទ្យជំនាញៗ ម្នាក់ៗមកសុំព្យាបាល និងរកវិធីរក្សាព្យាបាលរោគឈឺក្បាលរបស់លោកសេដ្ឋីម្នាក់នេះ មានទាំងរក្សាតាមបែបឱសថបុរាណផ្សេងៗ ថ្នាំបិទបំពោកផ្សេងៗ យកមកជូនលោកសេដ្ឋី ប៉ុន្តែគ្មានអ្នកណា ឬថ្នាំណាអាចធ្វើឲ្យអាការៈឈឺក្បាលរបស់លោកសេដ្ឋីបានធូរស្រាលគ្រាន់បើឡើយ។
រហូតដល់ថ្ងៃមួយ មានតាបសឥសីម្នាក់ មកលេងនឹងលោកសេដ្ខី។ លោកសេដ្ឋីបានរាបរាប់ប្រាប់ពីអាការៈឈឺក្បាលរបស់ខ្លួន ឲ្យតាបសឥសីជ្រាប។
តាបសទើបប្រាប់ដល់លោកសេដ្ខីថា



"ឱ អនិច្ចាអើយ! វិធីរក្សាអាការៈឈឺក្បាលរបស់លោកសេដ្ឋី គឺវាងាយបំផុត នោះគ្រាន់តែលោកសេដ្ឋីមើលអ្វីគ្រប់យ៉ាងឲ្យមានពណ៌ប៉ៃតងគ្រប់ពេល រួចអាការៈរោគរបស់លោកសេដ្ឋីក៏នឹងបានជាសះស្បើយជាមិនខាន។
លោកសេដ្ឋីមានការត្រេកអរសប្បាយរីករាយយ៉ាងខ្លាំង និងគិតថា រឿងដែលតាបសណែនាំគាត់នោះ ជារឿងដែលធ្វើបានយ៉ាងងាយបំផុត។ ព្រឹកឡើងអារុណទ័យបញ្ចេញពន្លឺរស្មីភ្លាម លោកសេដ្ឋីទើបជួលជាងលាបពណ៌ច្រើនរយនាក់ ឲ្យមកជួយគ្នាលាបពណ៌នៃភូមិឲ្យជាពណ៌ប៉ៃតងទាំងអស់ ក្រៅពីនេះ ដោយភាពស្តុកស្ដម្ភរបស់លោកសេដ្ឋី ថែមទាំងបានទិញសម្លៀកបំពាក់ឲ្យអ្នកភូមិគ្រប់គ្នានៅក្នុងភូមិស្លៀកពាក់ទៀតផង។


ក្នុងពេលនោះ មិនថាលោកសេដ្ឋីសម្លឹងមើលទៅទិសណាទេ គឺឃើញសុទ្ធតែពណ៌ប៉ៃតងទាំងអស់ និងគ្រប់ពេល។ ការដែលធ្វើតាមពាក្យណែនាំរបស់តាបស អាការៈឈឺក្បាលរបស់លោកសេដ្ឋី ក៏ចាប់ផ្ដើមល្អប្រសើរឡើងរឿយៗ គាត់ចាប់ផ្ដើមមានអារម្មណ៍ស្រស់ស្រាយ រីករាយ ញញឹមញញែម និងមានសេចក្ដីសុខខ្លាំងណាស់។
ក្រោយពីបានពីរ បីខែកន្លងផុតទៅ តាបសឥសីបានត្រឡប់មកលេងនឹងលោកសេដ្ឋីម្ដងទៀត ប៉ុន្តែត្រូវពើបពះជាមួយពួកជាងលាបពណ៌ម្នាក់ ដែលស្រែកខ្លាំងៗថា


"ឈប់! ឈប់សិន! លោកចូលមកក្នុងភូមិនេះទាំងសម្លៀកបំពាក់បែបនេះមិនបានទេ ចាំតិចខ្ញុំនឹងលាបពណ៌លោកឲ្យជាពណ៌ប៉ៃតងសិន"។
តាបសឥសីក៏ប្រញាប់រត់គេចចូលទៅក្នុងផ្ទះរបស់លោកសេដ្ឋីបាត់ទៅ។ តាបសឥសីបានជួបនឹងលោកសេដ្ឋីក្នុងផ្ទះ ហើយបានស្តីបន្ទោសលោកសេដ្ឋីថា    


"តើហេតុអ្វី បានជាលោកសេដ្ឋីចំណាយទ្រព្យ និងពេលវេលាច្រើនម្ល៉េះ គ្រាន់ត្រឹមតែផ្លាស់ប្តូរវត្ថុផ្សេងៗ​ដែលនៅជុំវិញខ្លួនលោកសេដ្ឋី? អាត្មាមិនបានប្រាប់ឲ្យលោកសេដ្ឋីទៅលាបពណ៌អ្វីគ្រប់យ៉ាងឲ្យប្រែជាពណ៌ប៉ៃតងទេ"។

"លោកសេដ្ឋីគ្រាន់តែពាក់វែនតាពណ៌ប៉ៃតងប៉ុណ្ណោះ លោកសេដ្ឋីអាចមើលឃើញអ្វីសព្វយ៉ាងដែលនៅជុំវិញខ្លួន ជាពណ៌ប៉ៃតងបានទាំងអស់"។
និទានរឿងនេះ មានតម្លៃអប់រំថា "បើយើងត្រូវការផ្លាស់ប្តូររឿងនៅជុំវិញខ្លួន យើងមិនចាំបាច់ត្រូវផ្លាស់ប្តូរមនុស្ស ឬអ្វីៗគ្រប់យ៉ាងដែលនៅជុំវិញខ្លួនយើងឡើយ យើងគ្រាន់តែផ្លាស់ប្តូរខ្លួនរបស់យើងជាមុន រួចហើយយើងនឹងបានឃើញអ្វីគ្រប់យ៉ាងដែលនៅជុំវិញខ្លួនយើង វាមានការផ្លាស់ប្តូរទៅជាមួយយើងផងដែរ។

 ប្រភព៖ http://www.fwdder.com/topic/8180


1 comment: