Sunday, August 20, 2017

គ្រប់ជីវិតសុទ្ធតែប្រាថ្នាចង់ទៅកាន់ទីល្អទីភ្លឺ



មនុស្សយើងគ្រប់គ្នាគួរណាស់ តាំងសំនួរសួរខ្លួនឯងថា ចូលចិត្តនាំខ្លួនទៅកាន់ទីល្អ ឬទៅកាន់ទីអាក្រក់ ទៅកាន់ងងឹត ឬទៅកាន់ទីភ្លឺ ចម្លើយស្រេចលើសាមីខ្លួនឯងម្នាក់ៗថា គ្រប់គ្នាចូលចិត្តដឹកនាំខ្លួនមួយនេះទៅកាន់ទីល្អ ទីភ្លឺ ពុំមែននាំខ្លួនទៅកាន់ទីអាក្រក់ ឬទៅកាន់ទីងងឹតឡើយ។

កាលបើដឹងចម្លើយនៃចំណោទបញ្ហានេះហើយ ក៏ត្រូវដឹងតទៅទៀតថា អ្នកដឹកនាំ គឺខ្លួនឯងនោះ នឹងត្រូវដឹងផ្លូវទៅកាន់ទីល្អ ទីភ្លឺឲ្យបានច្បាស់លាស់ត្រឹមត្រូវ ពុំដូច្នោះទេ នឹងដឹកនាំខ្លួនទៅកាន់ផ្លូវមិនត្រឹមត្រូវសមដូចក្ដីប៉ងប្រាថ្នា នោះគឺត្រូវដឹងថា តើធ្វើយ៉ាងណាទើបនឹងអាចទៅកាន់ទីល្អ ទីភ្លឺ មិនវង្វេងទៅកាន់ទីអាក្រក់ ទីងងឹតបាន?

យើងជាពុទ្ធសាសនិក មានឱកាសដ៏ល្អប្រសើរក្រៃលែង មានឱកាសល្អជាងបុគ្គលដទៃ ព្រោះព្រះពុទ្ធសាសនាបានសំដែងអំពីមាគ៌ាផ្លូវល្អ ផ្លូវដ៏ភ្លឺស្វាងទុកយ៉ាងច្បាស់លាស់យ៉ាងលំអិត ល្អតិចល្អច្រើន ភ្លឺខ្សោយភ្លឺខ្លាំង មានសំដែងទុកយ៉ាងច្បាស់លាស់ក្នុងព្រះពុទ្ធសាសនាហើយ។

ព្រះពុទ្ធជាម្ចាស់ទ្រង់ត្រាស់ដឹងហើយក្នុងលោក ទ្រង់មើលឃើញយ៉ាងច្បាស់នូវអ្វីគ្រប់យ៉ាងបាន ទ្រង់មានព្រះមហាករុណាសំដែងទុក ដើម្បីឲ្យពុទ្ធសាសនិកនឹងដំណើរការតាមគន្លងស្នាមព្រះបាទបានត្រឹមត្រូវ បានទៅកាន់ទីល្អទីភ្លឺ ដោយមិនចាំបាច់ទ្រុសត្រាយដោយខ្លួនឯងឲ្យលំបាក សំខាន់ដែលថា ពុទ្ធសាសនិកនឹងត្រូវសិក្សាព្រះធម៌ ជាពាក្យដែលព្រះពុទ្ធអង្គទ្រង់បង្រៀនអប់រំទូន្មាន និងត្រូវប្រតិបត្តិខ្លួនតាមដំណើរនោះ។

អំណោយចេញពីសន្ដានចិត្ត ដ៏គាប់ប្រសើរ ការឲ្យនូវធម៌ ឈ្នះការឲ្យទាំងឡាយទាំងពួង។

អប់រំដោយ
ព្រះញាណសំវរ  

No comments:

Post a Comment