Sunday, August 20, 2017

វិធីកំចាត់បង់សេចក្ដីលោភ ៣កម្រិត


តួកិលេសជាធំលើសអ្វីៗ ដែលអាចគ្របសង្កត់ចិត្តរបស់ប្រជាពលលោកបាន ដែលអ្នកកាន់ព្រះពុទ្ធសាសនាធ្លាប់បានស្ដាប់ បានឮ បានរៀនស្រាប់មកហើយ គឺសេចក្ដីលោភ សេចក្ដីក្រោធ និងសេចក្ដីវង្វេង ដែលលោកហៅថាឫសគល់នៃអកុសលទាំងពួង ជាប្រធាន ជាដើមចម ជាដើមហេតុឲ្យអកុសលដទៃ កិលេសដទៃកើតឡើងបាន។ សេចក្ដីលោភនេះ គ្មានមនុស្សណាមួយអត់មានរូបវាទេ សឹងថាមនុស្សគ្រប់គ្នាមានសេចក្ដីលោភនេះដុសឡើងនៅក្នុងចិត្តទាំងអស់។ សេចក្ដីលោភនេះ លោកបែងចែកជាបីប្រភេទគឺ សេចក្ដីលោភគ្រោតគ្រាត បែបមធ្យម និងបែបល្អិត។ តើសេចក្ដីលោភទាំងបីមានសេចក្ដីយ៉ាងណានោះ? គោលគំនិតល្អដើម្បីជីវិត សូមពាំនាំនូវសេចក្ដីពន្យល់បកស្រាយដូចខាងក្រោម


សេចក្ដីលោភបែបគ្រោតគ្រាត ជារឿងមួយគួរឲ្យស្អប់ខ្ពើមរអើមខ្លាំងណាស់ វាគួរឲ្យខ្លាច និងជាគ្រោះភ័យហានីភ័យចំពោះសង្គម។ ប្រព្រឹត្តិកម្មរបស់បុគ្គល ដែលមានសេចក្ដីលោភបែបគ្រោតគ្រាតនេះគឺ បើសិនខ្លួនត្រូវការអ្វីមួយមកជារបស់ខ្លួនហើយ មិនថារកតាមវិធីសាស្រ្តណាទេ ខុសច្បាប់ក្ដី ខុសសីលធម៌ក្ដី បំផ្លិចបំផ្លាញអ្នកដទៃក្ដី ឬបៀតបៀនព្យាបាទអ្នកដទៃក្ដី ខ្លួនអាចធ្វើបានទាំងអស់ ដូចជា ពួកចោរប្លន់ទ្រព្យសម្បត្តិ ជូនកាលមានថ្នាក់ដល់ធ្វើបាប ឬបាញ់ កាប់សម្លាប់ម្ចាស់ទ្រព្យក៏មានច្រើនករណី ក្រៅពីនេះមានការលួចឆក់ដណ្ដើមទ្រព្យសម្បត្តិជននានា ក៏ជាពួកដែលមានសេចក្ដីលោភគ្រោតគ្រាតដូចគ្នា។

ពួកលក់ដូរគ្រឿងញៀនឲ្យទោស លក់ថ្នាំឆ្កួត(យ៉ាបា ឬយ៉ាម៉ា) លក់ទំនិញគេចព័ន្ធ លក់របស់ខុសច្បាប់កុហកឆបោកយកទ្រព្យសម្បត្តិរបស់ជននានា លក់ទំនិញក្លែងក្លាយ ធ្វើជំនួសខុសច្បាប់ ប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ ស៊ីសំណុកសុកប៉ានមានថ្លៃទឹកតែ រួមដល់ពួកគយព័ន្ធដារ ក៏ចាត់ចូលនៅក្នុងពួកមានសេចក្ដីលោភយ៉ាងគ្រោតគ្រាតដែរ។

ពោលដោយសរុបគឺពួកដែលធ្វើការងារទុច្ចរិត ខុសច្បាប់ ខុសសីលធម៌ គ្រាន់តែដើម្បីឲ្យបានទ្រព្យសម្បត្តិមកធ្វើជារបស់ខ្លួន ដែលបានមកដោយសារការបៀតបៀនអ្នកដទៃ ចាត់ទុកថា ជាបុគ្គលមានសេចក្ដីលោភយ៉ាងគ្រោតគ្រាត។ ផលនៃទង្វើដូចបានពោល បើត្រូវចាប់បាន នឹងត្រូវទទួលទោសតាមច្បាប់ បើសិនមិនត្រូវច្បាប់ដាក់ទោសទេ ក៏ជាទីស្អប់ខ្ពើម ត្រូវសង្គមស្អីបន្ទោសនិន្ទាទិះទៀន កាលដែលខ្លួនរស់នៅនាពេលបច្ចុប្បន្ននេះ។

តើសេចក្ដីលោភថ្នាក់កណ្ដាល ដូចម្ដេចដែរ? មនុស្សភាគច្រើនមិនសូវនឹកឃើញដល់សេចក្ដីលោភថ្នាក់កណ្ដាលនេះទេ ព្រោះអ្វី? ព្រោះមិនយល់ថា ធនធានរបស់ពិភពលោក ជាសម្បត្តិផ្នែកមធ្យមដែលក្រុមមនុស្សគួរមានឱកាសប្រើប្រាស់ ដើម្បីទ្រទ្រង់ជីវិតឲ្យរស់បាន។

ក្នុងសង្គមសេដ្ឋកិច្ច ប្រព័ន្ធមូលធុននិយម បានបើកឱកាសឲ្យមានការប្រកួតប្រជែងគ្នាម៉ាសេរី បុគ្គលដែលមានសក្ដានុពលផ្នែកទ្រព្យសម្បត្តិ ឬអ្នកគ្រប់គ្រងអំណាចផ្នែកនយោបាយ ផ្នែកសេដ្ឋកិច្ច រមែងមានផ្លូវគ្រប់គ្រងសម្បត្តិធនធានរបស់ពិភពលោកនេះបានច្រើនជាងបុគ្គលដែលមានអំណាចតិចតួច ឬបុគ្គលតូចតាច។

កាលបើមានហេតុដូចនេះ អ្នកមានកម្លាំងអំណាចដូចបានពោល ទើបរឹបអូសទាញយកជាសម្បត្តិធនធានរបស់ពិភពលោកទៅបរិភោគ(ប្រើប្រាស់)ហួសពីតម្រូវការចាំបាច់។ ជួនកាលអ្នកមានខ្ពស់កប់ពពក មានទ្រព្យសម្បត្តិមហាសាល មានតម្លៃរាប់ពាន់លានដុល្លា រាប់សែនដុល្លា និងរាប់ម៉ឺនដុល្លា មានច្រើនដល់ថ្នាក់នេះក៏ដោយ ក៏មិនទាន់គ្រប់ នៅស្វះស្វែងរកមកទុកគ្រប់គ្រងឲ្យបានកាន់តែច្រើនឡើងជាងនេះទៀត រកទីបំផុតគ្មាន។

ចំណុចសំខាន់ជាងនេះទៅទៀត សេចក្ដីកំណាញ់ស្វិត (រិះអាចម៍ក្ដាប់) មិនចេះបរិច្ចាគជួយសង្រ្គោះអ្នកដទៃ ឬបើសិនជាបានបរិច្ចាគ ក៏បរិច្ចាគក្នុងលក្ខណៈទំនាក់ទំនងក្នុងការសាងនិមិត្តរូបឲ្យខ្លួនឯង ឬអង្គភាពកិច្ចការងាររបស់ខ្លួន ច្រើនជាងការបរិចាគដោយចេតនាបំណងសង្រ្គោះចំពោះអ្នកដទៃ ដែលមានជីវភាពក្រីក្រទុគ៌ត គ្មានឱកាស។ យ៉ាងណាក៏ដោយ ក៏មានមហាសេដ្ឋីរបស់ពិភពលោកខ្លះ បានបរិច្ចាគទ្រព្យសម្បត្តិច្រើនណាស់ ឲ្យដល់អង្គការមនុស្សធម៌ ដូចជា សាសនា ការអប់រំ និងជនក្រីក្រ ក៏រាប់បានថា ជាអ្នកមានចិត្តមេត្តាសន្ដោសប្រោះប្រណីចំពោះជនដទៃដែរ។

ទោះជាសេដ្ឋីដែលបានទ្រព្យសម្បត្តិទាំងនេះមក ក្នុងផ្លូវស្របច្បាប់ក៏ដោយ ប៉ុន្តែចាត់ទុកថា ជាការបរិភោគ (ប្រើប្រាស់)ចំណែកហួសតម្រូវការរបស់ជីវិត ប្រើអំណាចផ្នែកសេដ្ឋកិច្ច ឬផ្នែកនយោបាយ រឹបអូសទាញយកធនធានរបស់ពិភពលោកទៅគ្រប់គ្រង ជាការដកហូត ឬត្បិតត្បៀតឱកាសនៃបុគ្គលដែលលំបាកលំបិន មិនឲ្យចូលដល់សម្បត្តិធនធានរបស់ពិភពលោក។ សេដ្ឋីដូចពោលខាងដើមនេះចាត់ទុកថាជាបុគ្គលដែលមានសេចក្ដីលោភយ៉ាងល្មះល្មម ជាមធ្យមប៉ុណ្ណោះ។

មនុស្សខ្លះយកពេលទៅញ៉ាំអាហារប៉ូហ្វេ ដួសយកអាហារមកយ៉ាងច្រើន ហើយទទួលទានមិនអស់ ធ្វើឲ្យអាហារមិនគ្រប់សម្រាប់មនុស្សម្នាដែលមកចូលរួមកម្មវិធី ដូចគ្នានឹងកម្មង់អាហារមកទទួលទានច្រើនប្រភេទ ទាល់តែទទួលទានមិនអស់ ឬបុគ្គលដទៃទិញសម្លៀកបំពាក់ កាបូប ស្រោមជើង រហូតដល់គ្រឿងប្រើប្រាស់បោសច្រាស់ប្រចាំផ្ទះច្រើនគគោក ហើយរក្សាទុកមិនសូវបានយកមកប្រើប្រាស់ បុគ្គលដូចបានពោលមកនេះ ចាត់ទុកថា ជាបុគ្គលមានសេចក្ដីលោភយ៉ាងកណ្ដាល ព្រោះតែប្រើប្រាស់សម្បត្តិធនធានរបស់ពិភពលោកនេះយ៉ាងខ្ជះខ្ជាយហួសពីតម្រូវការចាំបាច់របស់ជីវិត។

សេចក្ដីលោភយ៉ាងល្អិត ជាសេចក្ដីលោភមួយ ដែលមនុស្សទូទៅមិនបាននឹកភ្នក់ដល់ ដែលមនុស្សគ្រប់រូបស្ទើរពិបាកលះបង់បានសេចក្ដីលោភមួយនេះណាស់។ សេចក្ដីលោភប្រភេទនេះបានដល់ ការប្រកាន់មាំជាប់ជាមួយនឹងទ្រព្យសម្បត្តិជាទីស្រឡាញ់របស់ខ្លួនយ៉ាងស្អិតរមួត ដោយកម្លាំងរបស់តណ្ហា ជាហេតុធ្វើឲ្យមានការហួងហែងឱបក្រសោមទ្រព្យសម្បត្តិទាំងអស់នោះទុក។ ជួនកាលវត្ថុទាំងនោះចាស់គ្រាំគ្រាពុកផុយ ឬព្រាត់ប្រាសបែកធ្លាយទៅ ក៏កើតមានសេចក្ដីទុក្ខទោមនស្សទៅ។

ព្រះពុទ្ធក្នុងសាសនាមានព្រះធម៌ ដែលជួយដោះស្រាយសេចក្ដីលោភប្រភេទផ្សេងៗដូចខាងក្រោមនេះ

ការដោះស្រាយសេចក្ដីលោភយ៉ាងគ្រោតគ្រាត លោកឲ្យរក្សាសីល ជាពិសេសសីលក្នុងប្រការទី២ បើសិនវៀរចាកបានពីការលួចទ្រព្យរបស់អ្នកដទៃហើយ ក៏មិនគិតទៅបៀតបៀនគេញប្រវញ្ចយកទ្រព្យសម្បត្តិរបស់ជនដទៃមកគ្រប់គ្រង ដែលធ្វើឲ្យម្ចាស់ទ្រព្យសម្បត្តិបានទទួលនូវភាពក្ដៅក្រហាយ សម្រាប់ការប្រកបអាជីវកម្មខុសច្បាប់នោះ ដោះស្រាយបានដោយការប្រកាន់យកនូវមាគ៌ាសម្មាអាជីវៈ ដែលលោកចាត់នៅក្នុងសីលនៃអង្គមគ្គដូចគ្នា។

ការដោះស្រាយសេចក្ដីលោភយ៉ាងមធ្យម ឲ្យមានចិត្តមេត្តាចំពោះអ្នកដទៃ ដោយយល់ឃើញថា ទ្រព្យសម្បត្តិទាំងឡាយជាធនធានរបស់ពិភពលោក ដែលមនុស្សរួមពិភពលោកគួរមានឱកាសបានប្រើ ដើម្បីជាការទ្រទ្រង់ជីវិត យ៉ាងហោចទៅឲ្យរស់រានមានជីវិតបានដូចគេឯង។ បុគ្គលដែលមានច្រើន ទើបគួរលះបង់ចែករំលែក ឬឲ្យទាន ដល់បុគ្គលដែលមានជីវភាពក្រីក្រតោយ៉ាក ដើម្បីឲ្យគេរួចផុតពីទុក្ខ ឬបរិច្ចាគឲ្យបុគ្គលដ៏សមគួរ ដល់ការជួយសង្គ្រោះ ដើម្បីឲ្យគេអភិវឌ្ឍកិច្ចកម្មដែលធ្វើឲ្យខ្ពស់បំផុតឡើង ជាពិសេសកិច្ចការងារដែលមានអត្ថប្រយោជន៍ចំពោះមនុស្សជាតិ ដូចជា កិច្ចការមនុស្សធម៌ ជាដើម។

ការដោះស្រាយសេចក្ដីលោភយ៉ាងល្អិត ត្រូវចម្រើនភាវនាប្រើបញ្ញាយល់ច្បាស់ពីត្រៃលក្ខណ៍ ឃើញពីសភាវអនត្តាថា វត្ថុទាំងឡាយមិនមែនជារបស់ខ្លួន មានត្រឹមតែធាតុ៤ ដែលមាននៅក្នុងលោក និងជាសម្បត្តិរបស់លោកនេះប៉ុណ្ណោះ។ យើងម្នាក់ៗនាំគ្នាមកអាស្រ័យលោកមួយនេះ មកប្រើធាតុ៤ របស់លោកនេះបណ្ដោះអាសន្ន។ ពេលស្លាប់ទៅ ក៏ត្រូវសងសម្បត្តិផ្សេងៗ ទុកក្នុងលោកនេះ មិនមានអ្នកណាអាចយកទ្រព្យសម្បត្តិរបស់លោកនេះទៅបានទេ។

ក្រៅពីនេះ ធម្មជាតិរបស់ធាតុ៤ នៅផ្លាស់ប្ដូរទៅកាន់ភាពចាស់ មានសភាពគ្រាំគ្រា និងពុកផុយទៅតាមហេតុបញ្ច័យ (អនិច្ចំ) មិនអាចទ្រាំធន់នៅក្នុងសភាពដើមបាន (ជាទុក្ខំ) និងមិនមែនជារបស់កម្មសិទ្ធិនរណាមួយពិតប្រាកដ (ជាអនត្តា) ទើបមិនគួរតោងប្រកាន់មាំផ្ដល់ភាពសំខាន់ថា ជារបស់យើង។ យើងគ្រាន់តែរកមកដើម្បីប្រើក្នុងការញ៉ាំងជីវិតនិងប្រកបកិច្ចការ មានតួនាទីមើលថែរក្សាតាមហេតុបច្ច័យ ត្រូវព្រមដាក់ចុះ(ទំនេរ) ពីវាបានគ្រប់ពេល។

ព្រោះបើសិនសេចក្ដីស្លាប់មកដល់ ចិត្តនៅតោងប្រកាន់មាំចងកួចដោយសេចក្ដីហួងហែង សភាវចិត្តដែលសៅហ្មងដូចនេះ នឹងដឹកនាំជីវិតថ្មីទៅកើតក្នុងអបាយភូមិ។ ព្រះសោតាប័ន លោកបានលះបង់សេចក្ដីលោភទាំង ៣ប្រភេទនេះបាន សម្រាប់មនុស្សបុថុជ្ជនគួរលះបង់សេចក្ដីលោភយ៉ាងគ្រោតគ្រាតឲ្យបាន និងបើសិនលះសេចក្ដីលោភយ៉ាងកណ្ដាលបានក៏កាន់តែប្រសើរ។ ចំណែកសេចក្ដីលោភយ៉ាងល្អិតត្រូវបដិបត្តិវិបស្សនាកម្មដ្ឋាន ទើបនឹងលះបាន។


អត្ថបទពី
ព្រះគ្រូ អធិបញ្ញោ
ប្រែ.ចាន់
ថ្ងៃទី២០ ខែស្រាពណ៍ ព.២៥៦១ គ.២០១៧           

No comments:

Post a Comment