Sunday, September 10, 2017

ការសុំទោស និងការលើកលែងទោស


ការសុំទោស និងការលើកលែងទោស

ជាផ្នែកមួយនៃការចេះសុំទោសនោះ ជាចរិយាមារយាទដ៏ល្អប្រពៃសម្រាប់បុគ្គលធ្វើខ្លួនឯង និងជាការជួយរម្ងាប់ ឬការជួយដោះស្រាយទោសចិត្តរបស់បុគ្គល ដែលមានការទទួលរងការប៉ះទង្គិច មានការថ្នាំងថ្នាក់អាក់អន់ចិត្ត ឲ្យបានរៀបរយល្អប្រសើរឡើងវិញ ឬអាចនិយាយបានថា ការសុំទោស ឬការព្យាយាមការពារមិនឲ្យរឿងថ្នាំងថ្នាក់ការប៉ះទង្គិចឈានដល់ថ្នាក់ចងកម្មចងពៀរគ្នាតទៅទៀត ។ ព្រោះពេលបុគ្គលណាម្នាក់ធ្វើខុសឆ្គាំឆ្គង ហើយបុគ្គលម្ខាងទៀតកើតមានទោសចិត្ត ដោយសារការប្រកាន់នោះជ្រុលហួសហេតុពេក ដែលមានការប៉ះពាល់ដល់ខ្លួន បើមិនអាចដោះស្រាយកំហឹងទាំងនោះបានទេ ក៏ឈានទៅដល់ការចងកម្មចងពៀរគ្នា រមែងកើតមានឡើងចៀសមិនផុតគេចមិនរួចឡើយ។ បើភាគីដោះស្រាយរឿងទោសចិត្តនោះបាន ស្មើនឹងដោះស្រាយការចងកម្មចងពៀរគ្នានោះបាន ទុកដូចជាខ្លួនបានធ្វើបុណ្យអភ័យទានមួយជំនួសការចងកម្មពៀររបស់ខ្លួនអ៊ីចឹងដែរ។

អភ័យទាន គឺជាការលើកលែងទោស ។ អភ័យទានក្នុងន័យថា មិនប្រកាន់ទោសអួសដំណើរយកទោសពៃ ដែលបុគ្គលដទៃបានធ្វើជ្រុលមកលើខ្លួនដោយចេតនាចិត្តក្លែងថាជាទោស ។ អភ័យទាននេះ បុគ្គលអ្នកឲ្យប្រសើរជាងអ្នកទទួល ដូចគ្នានឹងទានទាំងឡាយ គឺអភ័យទាន ឬការឲ្យអភ័យនេះ កាលណាកើតឡើងក្នុងចិត្តរបស់បុគ្គលណាហើយ រមែងញ៉ាំងចិត្តរបស់បុគ្គលនោះឲ្យថ្លាស្អាត ផុតពីភាពតប់ប្រមល់មួមៅរបស់ទោសចិត្ត ។ ចិត្តដែលថ្លាស្អាត ជាមួយចិត្តមួហ្មង មិនចាំបាច់លើកមកធ្វើការពន្យល់ ក៏ប្រិយមិត្តអ្នកអានគ្រប់គ្នា គួរនឹងយល់ជ្រោតជ្រាបពីន័យនេះហើយថា ចិត្តបែបណានឹងមានសេចក្ដីសុខស្ងប់ ឲ្យកើតឡើងដល់ខ្លូន ចិត្តបែបណាដែលនាំទៅរកសេចក្ដីទុក្ខឲ្យកើតឡើង និងចិត្តបែបណាដែលជាតម្រូវការ ហើយនឹងចិត្តបែបណា ដែលមិនជាទីតម្រូវការរបស់ខ្លួននោះ ។

តាមការពិតនោះ យើងគ្រប់គ្នាដែលមានចំណាប់អារម្មណ៍ក្នុងការគ្រប់គ្រងចិត្ត នឹងត្រូវចាប់អារម្មណ៍អប់រំចិត្តឲ្យចេះឲ្យអភ័យក្នុងកំហុសឆ្គងទាំងឡាយ មិនថាបុគ្គលណា ដែលបានអ្វីធ្វើដាក់ខ្លួន ទោះបីជាការឲ្យអភ័យ ជាការងារមួយដ៏លំបាកសម្រាប់មនុស្សមួយចំនួន ដែលមិនធ្លាប់បានអប់រំមកពីមុន តែក៏អាចនឹងធ្វើបាន ដោយការអប់រំទៅសន្សឹមៗ ដោយការចាប់ផ្ដើមសន្សឹមៗមិនត្រូវបង្ខំចិត្តធ្វើខ្លាំងក្លាពេកទេ ក្នុងពេលដំណើរការដំបូង ។ ឧទាហរណ៍ ដូចជា ពេលឡើងឡានក្រុង ដែលមានអ្នកធ្វើដំណើរកក់កុញរង់ចាំឡើងឡាន បើសិនមានអ្នកមកប្រជ្រៀតខ្លួនឡើងមុន ថែមទាំងត្រូវឈខាងក្រោយខ្លួន បើសិនកើតមានសេចក្ដីក្រោធឡើង មិនថាតិចឬខ្លាំង ក៏ប្រកាន់ជាឱកាសខ្លួនបានអប់រំចិត្ត ចេះឲ្យអភ័យដល់អ្នកដទៃ ព្រោះរឿងដូច្នេះមិនសំបើនឹងកើតមានកំហឹងសេចក្ដីក្រោធខឹងគ្នាខ្លាំងទេ ជារឿងតូចតាចណាស់ គួរចេះអត់ឱន ចេះឲ្យអភ័យគ្នាបាន ប៉ុន្តែពេលខ្លះ បើមិនបានតាំងចិត្ត គិតបម្រុងទុកជាមុនទេ មិនទាន់ឲ្យអភ័យ ក៏នឹងមានត្រឹមតែក្រោធ ហើយវានឹងរលាយបាត់សេចក្ដីក្រោធនេះទៅវិញឯកឯឯ។

ការក្រោធហើយបាត់ទៅវិញឯកឯងនេះ ជាមួយការក្រោធហើយបាត់ក្រោធនោះ ព្រោះការចេះឲ្យអភ័យ វាមិនដូចគ្នាទេ ក្រោធហើយបាត់ក្រោធទៅវិញឯកឯង ជារឿងធម្មតា គ្រប់យ៉ាងពេលកើតឡើងហើយត្រូវរលត់ មិនមានការគ្រប់គ្រងចិត្តយ៉ាងណាមួយ តែសេចក្ដីក្រោធហើយបាត់ក្រោធនេះឯង ព្រោះគិតឲ្យអភ័យជាការគ្រប់គ្រងចិត្តដោយត្រង់ នឹងជាការលើកលំដាប់របស់ចិត្តឲ្យខ្ពស់ឡើង ល្អឡើង មានគុណតម្លៃឡើង ។ បុគ្គលដែលបានមើលឃើញពីសារៈសំខាន់របស់ចិត្ត ទើបគួរមានសតិធ្វើសេចក្ដីព្យាយាមអប់រំចិត្ត ឲ្យស៊ាំឲ្យថ្នឹកក្នុងការឲ្យអភ័យទុកជានិច្ច ពេលកើតទោសចិត្តក្នុងបុគ្គលណា ព្រោះការប្រតិបត្តិជ្រុលជ្រោះលើសលុបប៉ុនណាក៏ដោយ ក៏ព្យាយាមមានសតិពិចារណា រកផ្លូវឲ្យមានការលើកលែងទោស ឲ្យកើតមានក្នុងចិត្តសន្តានខ្លួនឲ្យបាន មុនពេលដែលសេចក្ដីក្រោធនឹងរលត់ទៅមុន ។

បើធ្វើចិត្តបានដូច្នេះ នឹងជាគុណដល់ខ្លួនឯងយ៉ាងមហាសាល មិនត្រឹមតែនឹងធ្វើឲ្យមានទោសចិត្តថយចុះទ្រោមចុះប៉ុណ្ណោះទេ និងកាលបើបណ្ណោយឲ្យសេចក្ដីក្រោធរលត់ទៅ ច្រើនតែរលត់ទៅអស់មិនសេសសល់ឡើយ ភ្លើងទោសចិត្តនេះគឺជាការចងក្រោធដែលនៅសល់ ហើយអាចនឹងបន្ថែមសេចក្ដីក្រោធឡើងថែមទៀតក្នុងចិត្តបានក្នុងឱកាសជាបន្ត ។ បុគ្គលដែលបានអប់រំចិត្តឲ្យស៊ាំជាមួយនឹងការឲ្យអភ័យហើយ ទោះបីជាមិនបានទទួលការសុំទោស ក៏រមែងលើកលែងទោសឲ្យគេបាន ។ ផ្ទុយមកវិញ បុគ្គលណាមិនធ្លាប់បានការអប់រំចិត្តឲ្យថ្នឹក ជាមួយការឲ្យអភ័យទោសនេះទេ មានសេចក្ដីក្រោធកើតមានហើយ ក៏ឲ្យរលាយបាត់សេចក្ដីក្រោធទៅវិញឯកឯង ទោះបីបានទទួលការសុំទោសក៏ដោយ ក៏មិនអាចអភ័យឲ្យបានឡើយ ហើយជារឿងនៃការហ្វឹកហ្វឺនចិត្តឲ្យបានថ្នឹកក្នុងកិច្ចនេះ។

ចិត្តនេះអាចបង្វឹកបាន មិនមែនថាបង្វឹកវាមិនបានទេ បង្វឹកបានយ៉ាង វាក៏បានយ៉ាងនោះ បង្វឹកវាបានល្អវាក៏បានល្អទៅ បង្វឹកវាអាក្រក់ក៏អាក្រក់ទៅតាមនោះដែរទៅ ។ សត្វព្រៃកាចសាហាវនៅអាចយកវាមកបង្វឹកបាន ទៅតាមតម្រូវរបស់អ្នកបង្វឹក ដូចជា សត្វដំរី នៅអាចយកវាមកបង្វឹកបាន ឲ្យអូសទាញឈើហុបបាន សត្វខ្លា ខ្លាំឃុំ តោ ក្រពើ ក៏មនុស្សអាចយកពួកវាមកបង្វឹកបាន ឲ្យពួកវាសំដែងសៀក សំដែងល្ខោនឲ្យមើលបាន មិនចាំបាច់និយាយទៅថ្វីសត្វចិញ្ចឹម ដូចជាសត្វឆ្កែ ដែលគេបង្វឹកឲ្យមើលថែក្មេងបាន ជួយចាប់ចោរកម្មបាន និងនាំផ្លូវជនពិការបាន នឹងឃើញមនុស្សបង្វឹកឲ្យធ្វើច្រើនយ៉ាងទៀត តាមតម្រូវការរបស់អ្នកចិញ្ចឹមវា ។ តាមពិតទៅ ចុះហេតុអ្វីចិត្តរបស់មនុស្សយើង វាមានភាពប្រសើរខ្ពស់ជាងសត្វទាំងអស់ហ្នឹង នឹងបង្វឹកឲ្យប្រព្រឹត្តទៅតាមតម្រូវការរបស់យើងមិនបានឬ? ការបង្វឹកសត្វទាំងឡាយដូចបានសរសេរខាងលើស្រាប់ហើយ អ្នកបង្វឹកត្រូវប្រើភាពមានះព្យាយាមមុតមាំណាស់ ទម្រាំនឹងបានទទួលបានផលសម្រេចជាសាច់ការ។ ការហ្វឹកហាត់ចិត្តក៏ត្រូវប្រើភាពមានះព្យាយាមខ្លាំងក្លាក្រៃដូចគ្នា ទើបនឹងប្រាកដផលប្រត្យក្សដល់ចិត្តខ្លួនឯង ជាលំដាប់ ជាថ្នាក់ឡើងទៅ៕

ពុទ្ធវិធីគ្រប់គ្រងការគិត
អប់រំដោយ ព្រះញាណសំវរ
ប្រែ.ចាន់/គោលគំនិតល្អដើម្បីជីវិត


No comments:

Post a Comment