ការធ្វើសមាធិត្រូវប្រកបដោយឥទ្ធិបាទ៤
១) ឆន្ទៈ
ពេញចិត្តស្រឡាញ់ក្នុងខ្យល់ដង្ហើមរបស់ខ្លួន តាមមើលថា ពេលដែលខ្លួនដកដង្ហើម
តើខ្លួនបានដកដង្ហើមយកអ្វីចូលចេញខ្លះ? បើសិនដកដង្ហើមចូលទៅ វាមិនចេញវិញ
ខ្លួនក៏ត្រូវស្លាប់ ដកដង្ហើមចេញ តែដកដង្ហើមចូលមិនចូល ខ្លួនក៏ត្រូវស្លាប់ដូចគ្នា
ឲ្យតាមដានពិនិត្យមើលវាយ៉ាងនេះ មិនឲ្យយកចិត្តទៅចាប់រឿងដទៃ គិតរឿងដទៃឡើយ ។
២) វិរិយៈ ជាអ្នកមានសេចក្ដីព្យាយាមក្នុងកិច្ចការដកដង្ហើមរបស់ខ្លួន ត្រូវធ្វើដោយការតាំងចិត្តថា ខ្លួននឹងជាអ្នកដកដង្ហើមចូល ខ្លួននឹងជាអ្នកដកដង្ហើមចេញ ខ្លួននឹងដកដង្ហើមវែង និងខ្លួនជាអ្នកដកដង្ហើមខ្លី ខ្លួនមានខ្យល់ដង្ហើមស្រាល ខ្លួនមានខ្យល់ដង្ហើមធ្ងន់ ខ្លួននឹងត្រជាក់ ខ្លួននឹងក្ដៅ និងខ្លួនជាម្ចាស់ការលើខ្យល់ដង្ហើមរបស់ខ្លួនឯង។
៣) ចិត្តៈ
យកចិត្តផ្ចិតផ្ចង់ជាមួយនឹងខ្យល់ដង្ហើម
ពិនិត្យមើលខ្យល់ខាងក្រៅដែលវាចូលទៅប្រទាក់ជាមួយខ្យល់ខាងក្នុង ខ្យល់មានសភាពខ្ពស់
មានសភាពកណ្ដាល និងមានសភាពទាប ខ្យល់ត្រង់ដើមទ្រូង មានក្នុងសួត ក្នុងបេះដូង
គ្រោងឆ្អឹង ឆ្អឹងខ្នង ខ្យល់ក្នុងផ្ទៃពោះ មានក្នុងក្រពះអាហារ ពោះវៀនតូច
ពោះវៀនធំ ខ្យល់ចេញតាមចុងម្រាមដៃ ចុងម្រាមជើង សព្វទាំងរណ្ដៅរោមទាំងឡាយ។
៤) វិមង្សា ត្រិះរិះគិតពិចារណា
ត្រួតពិនិត្យរកមើលថា តើខ្យល់ដែលចូលទៅចិញ្ចឹមរាងកាយខ្លួននោះ ពេញឬក៏មិនពេញ
លំបាកឬក៏ស្រួល មានចំណែករាំងស្ទះដែលគួរដល់ការកែសម្រួលអ្វីខ្លះ មើលពីលក្ខណអាការៈញាប់ញ័ររបស់ខ្យល់ខាងក្រៅ
ដែលចូលទៅប៉ះផ្ទប់ជាមួយខ្យល់ខាងក្នុង ថាវារញ្ជួយញ័រដល់គ្នាឬមួយក៏អត់
ខ្យល់ដែលចូលទៅចិញ្ចឹមធាតុដី ទឹក ភ្លើងនោះ មានលក្ខណៈកើតឡើង ស្ថិតនៅ
និងរសាយចេញទៅយ៉ាងម៉េចខ្លះ?
ទាំងអស់ខាងលើនេះ ចាត់ចូលក្នុងរូបកម្មដ្ឋាន
និងជាតួអង្គសតិប្បដ្ឋានផង ចិត្តដែលប្រកបដោយឥទ្ធិបាទ៤ ពេញបរិបូណ៌ហើយប្រកបព្រមដោយសតិសម្បជញ្ញៈ
នឹងកើតសេចក្ដីសម្រេចក្នុងផ្លូវចិត្ត ឲ្យផលដល់លោកកុត្តរៈ បានជាសោតា សកទា អនាគា
និងអរហន្ត ជាដើម និងសម្រេចតាមផ្លូវកាយឲ្យផលក្នុងការរម្ងាប់វេទនា ៕
អប់រំដោយ
លោកឪ លី ធម្មធរោ
ប្រភពៈ ធម្មព្រះត្រៃរតន៍
ប្រែ.ចាន់/គោលគំនិតល្អដើម្បីជីវិត
No comments:
Post a Comment