Thursday, September 7, 2017

សច្ចវាចា


សច្ចវាចា

សច្ចវាចានេះ ជាពាក្យមួយដែលមនុស្សភាគច្រើន ជាពិសេសមនុស្សក្នុងសម័យបច្ចុប្បន្ននេះ ពិបាកនឹងធ្វើបានណាស់ ។ ហើយអ្វីដែលជាពិសេសជាងនេះទៅទៀតនោះ អ្នកធ្វើការរកស៊ីតូចក្ដី ធំក្ដី ច្រើនស្ថិតនៅក្នុងចំណុចនេះទាំងអស់ គ្មានពាក្យសម្ដីណាមួយស្មោះត្រង់ជាមួយអតិថិជនរបស់ខ្លួនឡើយ ។ហេតុអ្វីហ៊ានថាដូចនោះ ព្រោះស្មេរបានជួបអ្នករកស៊ីជាច្រើន បាននិយាយប្រាប់ស្មេរថា បើមិនអួតអាងពីគុណភាពល្អរបស់ផលិតផលខ្លះទេ ធ្វើម៉េចអតិថិជនគេនឹងទិញជៀវផលិតផលយើងយកទៅប្រើ ដើម្បីឲ្យផលិតផលយើងលក់ដាច់បានច្រើន យើងត្រូវប្រូម៉ូសិន ថាមានគុណភាពល្អ ប្រើប្រាស់ធន់ជាប់បានយូរ។ល។… ត្រង់ចំណុចនេះ មែនទែនទៅបុគ្គលផ្ទាល់ខ្លួនឯង ក៏ចេះកុហកខ្លួនឯង សឹងតែគ្រប់ពេលវេលាទៅហើយ មិនចាំបាច់និយាយទៅថ្វី ដល់ថ្នាក់កុហកអ្នកដទៃនោះ ។

ចំណុចមួយទៀត សច្ចវាចានេះ ក៏ជាចំណុចពិសេស ដែលធ្លាប់បានឮអ្នកកាន់សីល៥មួយចំនួនក្នុងព្រះពុទ្ធសាសនា តែងតែដំណាលប្រាប់ពីការកាន់សីលរបស់ខ្លួន ប្រការដែលខ្លួនពិបាករក្សាជាងគេគឺ ការវៀរចាកពាក្យកុហក ។ ប្រការនេះហើយ ធ្វើឲ្យយើងអាចសន្និដ្ឋានបានថា ជាសីលដែលងាយដាច់ ងាយធ្លុះធ្លាយជាងគេ មុនគេគឺវៀរចាកពាក្យកុហកនេះឯង ។ ដើម្បីរក្សាពាក្យសច្ចវាចានេះឲ្យបានល្អ គោលគំនិតល្អដើម្បីជីវិត សូមលើកយកពាក្យមួយឃ្លាមកសរសេរទុកជាទស្សនាទាន ទុកជាចំណីខួរក្បាល បង្កើនសតិបញ្ញា ដូចមានសេចក្ដីខាងក្រោម៖

ពាក្យសម្ដីដែលនិយាយចេញទៅហើយ ក្រោយពីបានគិតត្រិះរិះពិចារណាវែងឆ្ងាយ និងល្អិតល្អន់ហើយ រមែងចាត់ទុកថាជា សច្ចវាចា ដែលបានសម្ដែងបញ្ជាក់ដល់ភាពតាំងចិត្តផ្គងចេតនាស្មោះត្រង់ចំពោះខ្លួន និងអ្នកដទៃ ។ អ្នកនិយាយ ទើបត្រូវចងភ្ជាប់ក្នុងការបង្គាប់បញ្ជាខ្លួនឯងឲ្យមាំមួន នៅក្រោមសច្ចវាចានេះ ។ អ្វីដែលខ្លួនត្រូវនិយាយថាធ្វើ ឬវៀរបង់ត្រូវធ្វើឲ្យបានដោយល្អិតល្អន់ម៉ត់ចត់ និងគ្រប់ជ្រុងជ្រោយ ។

ជាទីបញ្ចប់នេះ ការរក្សាសច្ចវាចា មិនងាយបុគ្គលណាអាចរក្សាបានយូរក៏ដោយ ប៉ុន្តែយើងម្នាក់ៗ ត្រូវតែប្រកាន់ភ្ជាប់នូវពាក្យសច្ចវាចានេះឲ្យបាន ទើបជាការគួរ ដែលបានកើតមកជាមនុស្សនេះ។ អ្នកប្រាជ្ញទាំងឡាយ មានព្រះពុទ្ធបរមគ្រូជាម្ចាស់ ទ្រង់បានសំដែងទុករួចមកហើយថា បុគ្គលណា​ប្រកាន់ភ្ជាប់នូវសច្ចវាចានេះ ជាបុគ្គលមិនស្លាប់ ឬសច្ចវាចា ជាពាក្យមិនស្លាប់ ៕

និ.ចាន់/គោលគំនិតល្អដើម្បីជីវិត
នៅថ្ងៃទី២រោច ខែភទ្របទ ឆ្នាំរកា នព្វស័កព.២៥៦១


No comments:

Post a Comment