ការស្ដាប់លោកទេសន៍
ក្នុងថ្ងៃទី២នៃវិធីកាន់បិណ្ឌ ដែលជាបវេណីជាតិខ្មែររបស់យើង
ដែលមានញាតិញោមប្រុសស្រីដែលជាមន្ត្រីរាជការ លោកឧកញ្ញ៉ា លោកជំទាវ លោក លោកស្រី
ឯកឧត្តម លោកយាយ លោកតា ក្មេងចាស់ ជាដើម ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា
ដែលជាអ្នករាប់អានកាន់ព្រះពុទ្ធសាសនា តែងនាំគ្នាដាក់វេន ប្រារព្ធវិធីកាន់បិណ្ឌភ្ជុំបិណ្ឌតាមវត្តអារាមទូទាំប្រទេស
និងក្រៅប្រទេស ដែលជាអ្នកបង្អោនចិត្តទទួលយកការអប់រំរបស់ព្រះពុទ្ធសាសនា
មកទុកក្នុងចិត្តក្នុងជីវិតរបស់ខ្លួន ។
ក្នុងវិធីកាន់បិណ្ឌរបស់ញាតិញោមពុទ្ធបរិស័ទនេះដែរ
យើងតែងតែឃើញមានវារៈជាច្រើនត្រូវធ្វើ មានការជួបជុំគ្នាក្នុងវត្តអារាម តាមកាលពេលវេលាដែលបានកំណត់ទុក
ធ្វើបទនមស្ការថ្វាយបង្គំគុណព្រះរតនត្រៃ សមាទានសីល អារធនាលោកសូត្រមន្ដ និងសំដែងព្រះធម៌ទេសនា។ល។ជាដើម។
ក្នុងទីនេះ គោលគំនិតល្អដើម្បីជីវិត មានចិត្តសោមនស្សរីករាយ ចូលរួមជ្រើសរើសយកអត្ថបទខ្លះមកសរសេរបកស្រាយពន្យល់ទុកបានជាគតិ។
ថ្ងៃនេះ សូមលើកយកប្រធានបទមួយ ដែលមានចំណងជើងថា “ការស្ដាប់ព្រះធម៌ទេសនា”
តើការស្តាប់ព្រះធម៌ទេសនារបស់ញាតិញោមពុទ្ធបរិស័ទ បានប្រយោជន៍អ្វីខ្លះ
សម្រាប់ជីវិតរបស់ខ្លួន? បើតាមថេរដីការបស់លោកឪ ចន្ទសារោ លោកមានថេរដីកាថា ដូចមានសេចក្ដីខាងក្រោមនេះ៖
ក្នុងការស្តាប់លោកទេសន៍ ជារឿងសំខាន់បំផុត
ដែលជាមូលហេតុនាំឲ្យពុទ្ធបរិស័ទចេះធ្វើទាន ចេះរក្សាសីល និងចេះចំរើនភាវនា
មានចិត្តមេត្តាស្រឡាញ់ អាណិតអាសូរ ដឹងគុណូបការមាតាបិតា និងគ្រូឧបជ្ឈាយាចារ្យជាដើម។ល។និងឲ្យស្គាល់ពីសភាវពិតរបស់សព្វសត្វទាំងឡាយក្នុងលោកនេះ
សុទ្ធតែស្ថិតនៅក្រោមអំណាចត្រៃលក្ខណ៍ទាំងអស់ ហើយអាចយករួចខ្លួនចេញពីវដ្ដនេះ
តាមមធ្យោបាយអដ្ឋង្គិមគ្គទាំង៨ រួមសេចក្ដីឲ្យខ្លីមានសីល សមាធិ បញ្ញា ។
ហើយការស្ដាប់ធម្មវិសេសទេសនានេះទៀតសោត ក៏ជារឿងសំខាន់ណាស់ដែរ
សូម្បីតែអង្គព្រះអរហំសម្មាសម្ពុទ្ធជាអម្ចាស់ កាលទ្រង់ព្រះធរមានគង់នៅឡើយនោះ
ពុទ្ធបរិស័ទមានការគោរពកោតក្រែងខ្លាំងណាស់ កំឡុងពេលដែលអង្គសម្ដេចជាអម្ចាស់
ទ្រង់យាងនិមន្តទៅដល់ទីត្រង់កន្លែងណាមួយហើយ គឺមានសភាពស្ងប់ស្ងាត់ ស្ងាត់ជ្រិប
ស្ងាត់ជ្រងំ គ្មានឮសូសៀងសំនៀងអ្វីឡើយ ។ ដោយហេតុនោះហើយ
អង្គសម្ដេចព្រះមានព្រះភាគជាអម្ចាស់មកុដ្ឋលើលោកា ទ្រង់ត្រាស់សំដែងទុកថា កាយវិវេក។
កាយវិវេកនេះឯង កុំឲ្យអង្គុយជិតគ្នា កុំចាក់ចុចឆ្កឹះឆ្កៀល កុំដើរប្រសេចប្រសាច
កុំឲ្យទាក់ទងប្រាស្រ័យឡើយ ។ កាយវិវេក ក្នុងទីនេះ តាមការសន្និដ្ឋានរបស់យើងថា
យើងនៅក្នុងលោកនេះតែម្នាក់ឯង។ កើត ចាស់ ឈឺ ស្លាប់ តែម្នាក់ឯង។ បើសិនថា
ការសន្និដ្ឋានមានដូច្នេះមែន កាយនឹងមានកម្លាំងច្រើន នេះជាប្រការមួយ
នៅក្នុងសេចក្ដីនេះ ។
មួយប្រការទៀតគឺ វចីវិវេក
កំឡុងពេលមានលោកសំដែងព្រះធម៌ទេសនានោះ ហាមនិយាយជជែកគ្នា ខ្សឹបខ្សៀវគ្នាពីនេះពីនោះ
បែរមុខបែរក្រោយនាំឲ្យរំខានដល់អ្នកដទៃ ដែលគេប្រាថ្នាចង់ស្ដាប់ និងធ្វើឲ្យឡប់បល់ដល់លោកអ្នកសំដែងធម៌នោះទៅទៀត
នេះឯង គេហៅថា អង្គុយឲ្យចិត្តអាឡែតអណ្ដូង រសាត់ទៅនេះទៅនោះ
តែបើស្ថិតនៅក្នុងសភាពបែបនេះយូរទៅ ក៏ចុករោយរមេះស្រពន់ ប្រែជើងចុះឡើងៗ តើខ្លួននឹងបានអ្វីទៅអំពីការស្ដាប់
ក្នុងពេលនេះ?
ប្រការចុងក្រោយគេនេះគឺ មនោវិវេកក្នុងទីនេះ
ចិត្តរសាត់អណ្ដែតអណ្ដូង ទៅលិចទៅកើត ម្ដងធ្វេង ម្ដងស្ដាំ
ចិត្តដែលមានសភាពមិននឹងថឹងបែបនេះ តើជំរះនូវនីវរណធម៌ចេញពីចិត្តបានឬ? តើជំរះចិត្តអពមង្គលអ្វីឲ្យអស់ចេញពីដួងចិត្តមួយនេះបានឬ?
តើឲ្យចិត្តបរិសុទ្ធទៅដូចម្ដេចកើត? បើសិនចិត្តបានបរិសុទ្ធហើយ
បានជាឱកាសហើយ ឱបនយិកោ ជាធម៌គឺព្រះអរិយបុគ្គលគប្បីបង្អោនចូលមកទុកក្នុងខ្លួន
ដោយអំណាចភាវនា ឬយើងគប្បីបង្អោនយកធម៌នោះមកដាក់ទុកក្នុងចិត្តរបស់ខ្លួន
ដោយអំណាចចិត្តវិវេកនេះឯង។
សរុបរួមមកវិញ ការស្ដាប់ដោយល្អនេះ
រមែងញ៉ាំងកាយ វាចា និងចិត្តរបស់អ្នកស្ដាប់ឲ្យស្ងប់ មិនរវើរវាយ អណ្ដែតអណ្ដូង
រសាត់អណ្ដែតទៅកាន់ទីដទៃក្រៅពីកន្លែងស្ដាប់នោះ មិនដើរទៅដើរមក មិនងាកមុខងាកក្រោយ
មិននិយាយឆ្លើយឆ្លងគ្នាក្នុងពេលដែលខ្លួនកំពុងស្ដាប់ព្រះធម៌នោះ។ ការស្ដាប់ដោយល្អនេះ
កើតនូវកាយវិវេក ស្ងប់កាយ វចីវិវេក ស្ងប់វាចា និងចិត្តវិវេក ស្ងប់ចិត្តជាដើម។
ដូចគាថាមួយដែលព្រះពុទ្ធអង្គទ្រង់សំដែងថា សុស្សូសំ លភតិ បញ្ញំ ការស្ដាប់ដោយល្អ
រមែងកើតមានបញ្ញា។ ការស្តាប់ដោយការយកចិត្តទុកដាក់នេះ ធ្វើឲ្យអ្នកស្ដាប់កើតនូវបញ្ញា អាចជម្រះភាពមន្ទិលសង្ស័យ
គ្រប់ប្រការបានដោយប្រត្យក្ស ។ ដូចយើងបានយល់ឃ្លាខាងលើហើយថា កាលណាស្តាប់ធម៌ដោយល្អ
រមែងកាត់ផ្ដាច់នូវនីវរណធម៌ទាំង៥ប្រការបាន៕
អប់រំដោយ
លោកឪលុយ ចន្ទសារោ
ប្រែ.ចាន់/គោលគំនិតល្អដើម្បីជីវិត
នៅថ្ងៃទី២រោច ខែភទ្របទ ឆ្នាំរកា នព្វស័កព.២៥៦១
No comments:
Post a Comment